cellcard cellcard

រដ្ឋសភាអនុម័ត ផ្តល់លទ្ធភាពឲ្យ កម្ពុជាចូល​ទៅ ក្នុង AIIB

សុខ ចាន់ Share:

ភ្នំពេញ៖(ខ្មែរថាមស៍)សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី​(AIIB)​ត្រូវ​បាន​អនុម័ត​កាល​ពីថ្ងៃ​ម្សិលមិញ​ដោយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​វាជា​ទុន​ក្នុង​ការ​ត្រួស​ត្រាយ​ផ្លូវ​ក្នុង​ការ​ស្វែង​រក​ប្រភព​ប្រាក់​កម្ចី​ថ្មីៗ​ផ្សេង​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ ជៀម​ យៀប​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ ហិរញ្ញ​វត្ថុ​ធនាគា​និង​សវនកម្ម​នៃ​រដ្ឋសភា​មាន​ប្រសាសន៍​ថា​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី ​មាន​១១ ​ជំពូក​ និង​ ៦០​មាត្រា​ ហើយ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជំរុញ​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​មាន​និរន្តរ​ភាព​ជម្រុញ​នៃ​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធនានានិង​បង្កើន​ផលិត​ភាព​សេដ្ឋកិច្ច​ព្រម​ទាំង​លើក​កម្ពស់​នូវ​កិច្ច​សហ​ប្រតិបត្តិ​កា​អន្តរ​ជាតិ​ក្នុង​វិស័យ​ធនាគារ​ និង​ភាព​ជា​ដៃ​គូ​ក្នុង​តំបន់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​តាម​រយៈ​កិច្ច​សហ​ប្រ​តិបត្តិការ​ជា​មួយ​ស្ថាប័ន​អភិវឌ្ឍន៍​ពហុ​ភាគី ​និង​ដៃ​គូ​អភិវឌ្ឍន៍​ទ្វេ​ភាគី​ផ្សេងៗ​ទៀត​។​

លោក​ ជៀម​ យៀប​ មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ច្បាប់​នេះ​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ចំពោះ​ប្រជា​ជន​កម្ពុជា​និង​ជា​ពិសេស​ចំពោះ​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ស្វែង​រក​ប្រភព​ទុន​ផ្សេង​ទៀត​ដើម្បី​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សា​ធារណៈនិង​បង្កើន​ផលិត​ភាព​ ព្រម​ទាំង​ចូល​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​»។

លោក​ វង្សី ​វិស្សុត​ រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​មាន​ប្រសាសន៍​ថា​កម្ពុជា​មាន​តម្រូវ​ការ​ទុន​ច្រើន​ថែម​ទៀត​ដើម្បី​រក្សា​សេដ្ឋកិច្ច​ឲ្យ​មាន​ចីរភាព​ហើយ​ប្រភព​កម្ចី​ទុន​ផ្សេងៗ​ពិត​ជា​ចាំ​បាច់​សម្រាប់​កម្ពុជា​ខណៈ​ពេល​ដែល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នេះ​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អភិវឌ្ឍទី​ក្រុង​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រ​ជា​ជន​ជា​ចាំ​បាច់​។ 

​លោក​បន្ត​ថា​អត្ថ​ប្រយោជន៍​ពី​ការ​ចូល​ជា​សមាជិក​នៃ​ធនាគារ​កម្ពុជា​នឹង​ទទួល​បាន​នូវ​អត្រា​ការ​ប្រាក់​ទាប​សម្រាប់​កម្ចី​បន្ទាន់​មិន​តែ​ប៉ុណ្ណោះ​កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​បច្ចេក​ទេស​ព្រម​ទាំង​កម្ម​វិធី​ពិសេសៗ​ផ្សេង​ទៀត​ពី​សំណាក់​រដ្ឋា​ភិបាល​ចិន​តាម​រយៈ​ការ​អនុវត្ត​គម្រោង​របស់​ធនាគារ​AIIB​។​កម្ពុជា​នឹង​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ខ្ចី​ថវិកា​។​ 

លោក​វិស្សុត​លើក​ឡើង​ថា​៖«យើង​បាន​ទិញ​ភាគ​ហ៊ុន​ពី​ធនាគារ​AIIB​ត្រឹម​តែ​៦២៣​ហ៊ុន​ស្មើ​នឹង​០,០៦២៣​ ភាគ​រយ​ហើយ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​២០​ឆ្នាំ​ទៅ​មុខ​ទៀត​តាម​រយៈ​ការ​ចចារ​ជា​មួយ​ភាគី​ចិន​កម្ពុជា​នឹង​ទទួល​បាន​តំណែង​ជា​នាយក​ប្រតិ​បត្តិ​របស់​ធនាគារ​AIIB​ចំនួន​ម្តង​និង​ជា​នាយក​ប្រតិបត្តិ​រង​ចំនួន​៣ដង​»។​

លោក​សុន​ឆ័យ​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​គណ-បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ចំពោះធនាគារ​ថ្មី​នេះ​ ប៉ុន្តែ​លោក​លើក​ឡើង​ថា​រដ្ឋាភិបាល​គួរ​តែ​​ពិចារ​ណា​ឲ្យ​បាន​ដិត​ដល់​ក្នុង​ការ​សង​ប្រាក់​កម្ចី​ត្រឡប់​ទៅវិ​ញ។ ​លោក​ថា​កាតព្វកិច្ច​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​គឺ​ជំរុញ​កម្ពុជា​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យ​មក​កម្រិត​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០៤០​ដូច្នេះ​ត្រូវ​តែ​បន្ត​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​។​

លោកថា​៖«យើង​ចង់​ឃើញ​រដ្ឋា​ភិបាល​ដំបូង​បង្កើត​នូវ​យន្តការ​ច្បាស់​លាស់​មួយ​ដើម្បី​បង្ហាញ​ដំណើរ​ការ​ពិត​ប្រាកដ​ក្នុង​ការ​ធានា​នូវ​ភាព​ចាំ​បាច់​ទៅ​លើ​ការ​ខ្ចី​ថវិកា​ពី​បរទេស​​ទីពីរ​ត្រូវ​បង្ហាញ​ជា​សា​ធារណៈ​នូវ​សមត្ថភាព​ដែល​រដ្ឋាភិបាល​និង​សង​ត្រឡប់​ទៅ​វិញ​នូវ​ប្រាក់​កម្ចី​ និង​ទីបី​យើង​ចង់​ឃើញ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ស្មើ​គ្នា​ដល់​ក្រុម​ហ៊ុន​នីមួយៗ​ក្នុង​ការ​ដេញ​ថ្លៃ​លើ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​អនុវត្ត​នូវ​គម្រោង​នានា​»។

លោក​បញ្ជាក់​ថា​កន្លង​មក​មាន​កម្ចី​មាន​លក្ខខណ្ឌ​ដែល​បង្ក​ឲ្យ​មាន​ភាព​អវិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​ដូច​ជា​ភាគី​ផ្តល់​កម្ចី​បាន​សុំ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ប្រទេស​ខ្លួន​មក​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ស្ពាន​ដោយ​មិន​មាន​ការ​ដេញ​ថ្លៃ​ដែល​សមិទ្ធិផល​ទាំង​អស់​នោះ​មិន​មាន​គុណភាព​និង​មាន​តម្លៃ​ថ្លៃ​។​

បើ​យោង​តាម​របាយ​ការណ៍​របស់​រដ្ឋាភិបាល​ក្នុង​​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ កម្ពុជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​កៀង​គរ​រក​ទុន​វិនិយោគ​សាធារណៈ​ដើម្បី​កសាង​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​ និង​ប្រព័ន្ធ​ឡូ​ជីស្ទីក​ដ៏​រស់​រវើក​ក្នុង​គោល​ដៅ​ធានា​ឲ្យ​មាន​ការ​ត​ភ្ជាប់​ផ្ទៃ​ក្នុង​ប្រទេស​និង​ការ​តភ្ជាប់​ជា​មួយ​ប្រទេស​ក្នុង​តំបន់​និង​ពិភព​លោក​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​រយៈ​ពេល​វែង​ហើយ​ក្នុង​គោល​ដៅ​នេះ​រដ្ឋាភិបាល​ពិនិត្យ​ឃើញ​ថា​កម្ពុជា​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​កង្វះ​ទុន​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈនិង​ផលិត​ភាព​សេដ្ឋកិច្ច​ហើយ​តាម​រយៈ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤​–​២០១៨​កម្ពុជា​មាន​តម្រូវ​ការ​ទុន​វិនិ​យោគ​សាធារណៈ​ជា​មធ្យម​ប្រមាណ​ជា​១,៥​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ហើយ​និង​ត្រូវ​ការ​ច្រើន​ជាង​នេះ​ចាប់​ពី​ឆ្នាំ​២០១៩​ទៅ​។
 
​លោក​នាយករដ្ឋ​មន្រ្តី​  ហ៊ុន​ សែន​មាន​ប្រសាសន៍​កាល​ពី​ខែ​មិនា​ឆ្នាំ​២០១៥​ ថា​ការ​បង្កើត​ធនាគារ ​AIIB​ និង​ផ្តល់​ឲ្យ​ពិភព​លោក​ជាមួយ​នឹង​ជម្រើស​សម្រាប់​ការ​អភិវឌ្ឍ​ជា​មួយ​នឹង​ធនាគារ​នេះ​ដែរ​  ជំនួយ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​គោល​នយោបាយ​វិថី​សូត្រ​របស់​ប្រទេស​ចិន​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​។​ លោក​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា​៖«ខ្ញុំ​គិត​ថា ​ធនាគារ​ AIIB​ និង​មិន​បង្កើត​ឡើង​ទៅ​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​មហា​អំណាច​ទេ​ ប៉ុន្តែ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទុន​ពី​បណ្តា​ប្រទេស​ជា​ច្រើន​សម្រាប់​យក​មក​អភិវឌ្ឍ​»៕ 

Previous Article

ឥណ្ឌា​កំពុង​ត​្រមង់​ទៅ​រក​សមាហរណកម្ម​​ជាមួយCLMV

Next Article

អ្នកជំនាញ៖ ⁣អ្នកចិត្តវិទ្យានៅមានចំនួនតិច