cellcard cellcard

ធនាគារ​ជាតិ​នឹង​​ដាក់​ឲ្យ​ដំ​េណីរ​ការ​ទូ​ទាត់​រវាង​អន្តរ​ធនាគារ​

ម៉ៃ គុណមករា Share:

ភ្នំពេញ៖ (ខ្មែរថាមស៍) អគ្គនាយក​នៃ​ធនាគារ​កណ្តាល​បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៏​បាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​ធនាគារ​ជាតិ​នៃ​កម្ពុជា​កំពុង​រៀប​ចំដាក់​ឲ្យ​ដំណើការ​នូវ​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អន្តរ​ធនាគារ​ក្នុង​ពេល​ដ៏​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​សម្រួល​ប្រតិបត្តិការ​អន្តរ​ធនាគារ​។

លោក​ស្រី​​ ជា​ សិរី​ អគ្គនា​យក​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​និយាយ​ថា​ប្រព័ន្ធ​ថ្មី​នេះ​គឺ​ជា​ជំហាន​មួយ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​នៃ​វិស័យ​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​ជាតិ​និង​ស្រប​ទៅ​តាម​បច្ចេក​វិទ្យា​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត​។លោក​ស្រី​បាន​និយាយ​ថា​៖«​ឆាប់ៗ​នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា​នឹង​ដាក់​ឲ្យ​ដំណើ​ការ​នៃ​ការ​ផ្ទេរ​ប្រាក់​អន្តរ​ធនាគារ​ដ៏​ឆាប់​រហ័ស​មួយ​សម្រាប់​អតិថិ​ជន​របស់​យើង​ដែល​ជា​ធនាគារ​តាម​រយៈ​ការ​ប្រើ​ប្រព័ន្ធ​ដ៏​ឆាប់​រហ័ស​របស់​យើង​។ ក្នុង​ឆ្នាំ​ ២០១៦​នេះ​ អ្នក​នឹង​បាន​ឃើញ​នូវ​ការ​ប្រែប្រួល​មួយ​ដ៏​ធំ​របស់​យើង​។​ ដោយ​យើង​នឹង​ធ្វើឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ ក្នុង​ការ​បង់​ប្រាក់​ និង​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​ពាណិជ្ជ​កម្ម​ ការ​ប្រើប្រាស់​ និង​សេដ្ឋកិច្ច​ផង​ដែរ​ ។

លោក​អិុន​ ចាន់​នី​ ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ី​លីដា ដែលជា​ធនាគារ​មួយ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​អប​អរ​សាទរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​នេះ​ថា៖ ​«ការចាប់​ផ្តើម​ប្រព័ន្ធ​ថ្មី​នេះ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​និយ័តក​របស់​យើង​វា​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ល្អ​មួយ​ព្រោះ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​ផ្ទេរ​ប្រាក់​ពី​គណនី​របស់​ធនាគារ​មួយ​ទៅ​មួយ​ផ្សេង​ទៀត​»។

លោក​បាន​បន្ថែម​ទៀត​ថា​៖​«យើង​នឹង​មិន​ត្រូវ​ការ​យក​សែក​កាន់​ទៅ​នាយកដ្ឋាន​ផាត់​ទាត់​របស់​ធនាគារ​ជាតិ​ទៀត​ឡើយ​» ។​លោក​ចាន់​នី​បាន​ពន្យល់​ថា​បើ​គ្មាន​ប្រព័ន្ធ​នេះទេ​ ធនាគារ​របស់​លោក​ចង់​ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ផ្សេង​ទៀត​ បុគ្គលិក​នឹង​ត្រូវ​ការ​យក​សែក​ទៅ​កាន់​នា​យកដ្ឋាន​ផាត់​ទាត់​នៅ​ធនាគារ​ជាតិ​។​វា​គឺ​ត្រូវ​ការ​ប្រើ​ប្រាស់​ពេល​វេលា​។

លោក​ថា៖ «​នៅ​ពេល​ដែល​យើង​មាន​ប្រព័ន្ធ​នេះ​យើង​មិន​ត្រូវការ​ទៅ​ទីនោះ​ទៀត​ឡើយ​។​ យើង​គ្រាន់​តែ​ធ្វើ​វា​តាម​ប្រព័ន្ធ​អុីន​ធឺណែត​ពី​គណនី​របស់​យើង​ដោយ​ផ្ទាល់​ទៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​គណនី​ធនាគារ​ផ្សេង​ទៀត​។ វា​មាន​ការ​ងាយ​ស្រួល​ច្រើន​សម្រាប់​ពួក​យើង​   វា​លឿន​ជាង​មុន​និង​មិន​ខ្ជះ​ខ្ជាយ​ពេល​វេលា​ទៀត​ឡើយ​»។

បើ​យោង​តាម​លោក​ អិុន​ ចាន់​នី​ធនាគារ​អេ​ស៊ី​លី​ដា​បាន​យក​ប្រាក់​ជាង​ ៤០០ពាន់​លាន​រៀល ​និង​១,៥ ​ពាន់​លាន​ដុល្លារ​ដើម្បី​យក​ទៅ​នាយកដ្ឋាន​ទូទាត់​នៃ​ធនាគារ​ជាតិ​ក្នុង​មួយ​ខែៗ​។​លោក​ថា​ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចាប់​ផ្តើម​ធ្វើ​តេស្ត​ប្រព័ន្ធ​ថ្មី​នេះ​ជា​មួយ​នឹង​ធនាគារ​ពាណិជ្ជកម្ម​ពី​ឆ្នាំ​មុន​ហើយ​វា​នឹង​ត្រូវ​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ធនាគារ​ទាំង​អស់​ឆាប់ៗ​នេះ​ ។

​លោក​​ថា​ធនាគារ​អេស៊ីលីដា​ បាន​ស្នើ​សុំ​ដើម្បី​ប្រើ​ប្រព័ន្ធ​ថ្មី​នេះ​ហើយ​ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​យល់​ព្រម​នោះ​ទេ​។លោក​ស្រី​ ជា សិរី​ បាន​ថ្លែង​ថា​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ទទួល​ឯក​សារ​ជា​ច្រើន​ពី​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​ថ្មី​នេះ​។ បច្ចុប្បន្ន​នេះ​យើង​មាន​ធនាគារ​ចំនួន​១៤​ និង​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូ​ហិរញ្ញវត្ថុ​ដែល​បាន​ចូល​រួម​។ លោក​ស្រី​បាន​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា​បច្ចេកវិទ្យា​នឹង​ដើរ​តួនា​ទី​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋា​ភិបាល​នៅ​ក្នុង​អាណត្តិ​នេះ​»។

សប្តាហ៍​មុន​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​បាន​ផ្ញើ​សេចក្តី​ប្រកាស​មួយ​ទៅ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​ជូន​ដំណឹង​ថាវា​អាច​ប្រើ​ប្រព័ន្ធ​ធនាគារ​របស់​ខ្លួន​តាម​អន​ឡាញ​ដែល​ត្រូវ​បាន​បើក​អោយ​ប្រើ​នៅ​ថ្ងៃ​ទី​៦​ ខែ​មករា​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទូទាត់​។
លោកស្រី​ ជា​ សិរី​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដំឡើង​ប្រព័ន្ធ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវា​ សម្រាប់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​តាម​អនឡាញ​ ​ហើយថា​នៅ​ពេល​ធនាគារ​ចង់​ផ្ទេរ​មូល​និធិ​ឬ​ធ្វើ​ប្រតិបតិ្តការ​ណា​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សេវា​របស់​ពូកគេ​ គឺពួក​គេ​អាច​ធ្វើ​ដូច្នេះ​បាន​តាម​អន​ឡាញ​ហើយ​ធ្វើ​ឲ្យពួក​គេ​ជៀស​វាង​បញ្ហា​ជា​មួយ​នឹង​ការ​មក​ដោយ​​ផ្ទាល់​ដល់​បញ្ជរ​ធនាគារ​ជាតិ​។
លោក​ស្រី​បាន​បន្ថែម​ថា​៖ ​«វា​មាន​ភាព​ងាយ​ស្រួល​ និង​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន​សម្រាប់​អតិថិជន​របស់​យើង»។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា​៖«គោល​បំណង​របស់​យើង​គឺ​ដើម្បី​អនុញ្ញាត​ឲ្យអតិថិជន​របស់​យើង​​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ដោយ​ផ្តល់​ឲ្យពួក​គេ​ចូល​មើល​គណនី​និង​កំណត់​ហេតុ​របស់​ពួក​គេ​នៅ​ក្នុង​ពេល​វេលា​ជាក់​លាក់​ផង​ដែរ​ ក៏​ដូច​ជា​អនុញ្ញាត​ឲ្យ​ពួក​គេធ្វើការ​ផ្ទេរ​សាច់​ប្រាក់​ ដូច​ជា​ប្រាក់ខែ​ ពី​ការិយា​ល័យ​របស់​ពួ​កគេ​។ បច្ចុប្បន្ន​នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា​កំពុង​ធ្វើការ​ជាមួយ​ រតនាគារ​ដើម្បី​ភ្ជាប់​ពួក​គេ​ទៅ​កាន់​ប្រព័ន្ធ​អនឡាញ​បាន​ផង​ដែរ​»។

គិត​ត្រឹម​ដំណាច់​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​មុន​កម្ពុជា​មាន​ធនាគារ​ពាណិជ្ជកម្ម​ចំនួន៣៦​ធនាគារ​ឯក​ទេស​ចំនួន​១១ការិយា​ល័យ​តំណាង​របស់​ធនាគារ​៨ មី​ក្រូហិរញ្ញវត្ថុ​៤៩ ប្រតិបត្តិករ​ឥណទាន​ជនបទ​ចំនួន​៤២ និង​ក្រុម​ហ៊ុនភតិសន្យា​ហិរញ្ញ​វត្ថុ​​ចំនួន៨។​​បើ​យោង​តាម​ទិន្នន័យ​ជា​លក្ខណះ​ផ្លូវ​ការ​របស់​ធនា​គារ​ជាតិ​ឲ្យ​ដឹង​ថា ប្រាក់​បញ្ញើ​សរុប​ក្នុង​ប្រព័ន្ឋ​ធនាគារ​បាន​កើន​ឡើង​ប្រហែល​ ៣០​ ភាគ​រយ​ស្មើ​នឹង​ជាង​១,២​ ពាន់​លាន​ ដុល្លារ​ខណៈ​ពេល​ដែល​ការ​ផ្តល់​ឥណ​ទាន​បាន​កើន​ឡើង​៣៣.៤​ ភាគរយ​ស្មើ​នឹង​ជាង​១,៣ពាន់​លាន​ដុល្លារ៕ 
 

Previous Article

ឥណ្ឌា​កំពុង​ត​្រមង់​ទៅ​រក​សមាហរណកម្ម​​ជាមួយCLMV

Next Article

អ្នកជំនាញ៖ ⁣អ្នកចិត្តវិទ្យានៅមានចំនួនតិច