cellcard cellcard

រថយន្តដឹក​កម្មករ​េបីក​ប្រ​ជែង​គ្នា​ស្លាប់

មុំ គន្ធា Share:

ភ្នំពេញ (ខ្មែរថាមស៍) -កម្មការិនី៥នាក់បានស្លាប់បាត់បង់ជីវិត និង ៩២ នាក់ទៀតនៃរោងចក្រនូវខប (Now Corp)បានរងរបួសធ្ងន់ស្រាលកាលពីព្រឹកថ្ងៃអង្គារម្សិលមិញក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺរវាងរថយន្តដឹកកម្មករដូចគ្នាដែលបានបើកវ៉ាគ្នាក្នុងទិសដៅស្របគ្នាខណះកំពុងដឹកកម្មករទៅកាន់កន្លែងធ្វើការ។

លោក ឃឹម សុផាន់រ៉ា អធិការស្រុកគងពិសីបានប្រាប់ ខ្មែរថាមស៍ កាលពីថ្ងៃអង្គារថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកកម្មករដូចគ្នាបានបង្កឲ្យកម្មការិនី៥នាក់បានស្លាប់និង៩២នាក់ផ្សេងទៀតបានរងរបួសដែលក្នុងនោះមាន២០នាក់បានរងរបួសធ្ងន់។ លោកថា៖«សមត្ថកិច្ចកំពុងតាមចាប់ខ្លួនតៃកុងឡានដែលបានបង្កគ្រោះថ្នាក់នេះដែលបានរត់គេចខ្លួនបន្ទាប់ពីកើតហេតុ»។

លោកអធិការបន្តថាលោកបានស្គាល់អត្តសញ្ញាណរបស់តៃកុងឡាននោះហើយតែលោកមិនអាចជំរាបជូនអ្នកសារព័ត៌មានបានទេដោយអាចធ្វើឲ្យប៉ះពាល់ដល់ការសុីបអង្កេតរបស់សមត្ថកិច្ច។
លោកបានបន្ថែមថា៖«ឡានរបស់កម្មករមួយៗដឹកកម្មករប្រមាណពី៥០ទៅ៦០នាក់ហើយឡានទាំងពីរនោះបានដឹកមករក្សាទុកនៅស្នង-ការដ្ឋាននគរបាលដើម្បីដោះស្រាយតាមនីតិវិធីច្បាប់»។

តែបើតាមលោក ជាវ ប៊ុនរិទ្ធប្រធានការិយាល័យគោលនយោបាយនៃបេឡាជាតិរបបសន្តិសុខសង្គមបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យកម្មករចំនួន៩២នាក់រងបួសធ្ងន់-ស្រាលនិងស្លាប់ចំនួន៤នាក់។លោកបានបញ្ជាក់ថា៖«អ្នករងរបួសធ្ងន់២០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រអ្នកដែលរងរបួសស្រាល១២នាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកកំពង់ស្ពឺនិង៦០នាក់ផ្សេងទៀតបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី»។

បើយោងតាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គមបានឲ្យដឹងដែរថាគ្រោះថ្នាក់បានកើតឡើងខណៈពេលដែលឡានដឹកកម្មករមួយគ្រឿងបើកបរដោយឈ្មោះម៉នបានបើកវ៉ាប្រជែងគ្នាជាមួយនឹងរថយន្តដឹកកម្មករមួយគ្រឿងផ្សេងទៀតដែលបើកបរដោយឈ្មោះ មុកមួយទី អាយុ ២៣ ឆ្នាំ។រថយន្តដែលបើកខាងក្រោយបានព្យាយាមវ៉ាជែងរថយន្តដឹកកម្មករនៅពីមុខប៉ុន្តែដោយមានរថយន្តផ្សេងមកពីមុខរថយន្តដឹកកម្មករនោះបានថយក្រោយនិងងាកមកបុកគូទរថយន្តដឹកកម្មករបណ្តាលឲ្យក្រឡាប់តែម្តង។របាយការណ៍បន្ថែមថា៖«ប.ស.ស បានសហការជាមួយរដ្ឋបាលរោងចក្រសមត្ថកិច្ចនិងអាជ្ញាធរដែនដីបញ្ជូនជនរងគ្រោះទាំង៩២នាក់ទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកនិងព្យាបាល។ចំណែកជនរងគ្រោះដែលស្លាប់ត្រូវបានដឹកយកទៅលំនៅស្ថានដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំពោះថ្លៃសេវាដឹកជញ្ជូននិងសេវាព្យាបាលជនរងគ្រោះរហូតដល់ជាសះស្បើយជាបន្ទុករបស់ ប.ស.ស »។

លោកសៀងសម្បត្តិប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករដែលបានចុះទៅមើលហេតុការណ៍នៅកន្លែងកើតហេតុនិងចុះមើលកម្មករនៅតាមមន្ទីរពេទ្យនានាកាលពីថ្ងៃម្សិលមិញបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍កើតមានច្រើនពិសេសមានចំពោះកម្មកររោងចក្រកាត់ដេរដែលទាំងនេះដោយសារតែតៃកុងឡានភាគច្រើនមិនបានចូលសាលាបើកបរ និងមិនដឹងច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវហើយហេតុការណ៍ព្រឹកម្សិល-មិញនេះគឺកើតឡើងដោយសារតៃកុងឡានបើកឌឺដងដាក់គ្នាដោយមិនបានខ្វល់ពីអាយុជីវិតរបស់អ្នកដែលជិះក្នុងឡាននោះឡើយ។

លោកបន្ថែមថាក្រសួងការងារនិងបេឡាជាតិរបបសន្តិសុខសង្គមព្រមទាំងរោងចក្រគួរតែធ្វើការពង្រឹងឲ្យបានតឹងរឹងលើអ្នកបើកបរឡានដឹកកម្មករនេះដោយមិនឲ្យដឹកកម្មករប្រសិនបើមិនមានការរៀនសូត្រពីច្បាប់ចរាចរណ៍នេះឲ្យបានត្រឹមត្រូវ។លោកថា៖«តាមខ្ញុំគិតប្រហែលជា២០ភាគរយនៃអ្នកបើកបរឡានដឹកកម្មករនេះបានចូលសាលាបើកបរដែលក្រៅពីនោះគឺចេះតាមគ្នាតែប៉ុណ្ណោះ»។

លោកបន្តថា៖«នេះហើយជាមូលហេតុនាំឲ្យមានគ្រោះថ្នាក់ច្រើនលើកម្មករទាក់ទងនឹងការជិះរថយន្តនេះហើយមួយទៀតដែរស្ថាប័នពាក់ព័ន្ធគួរពិនិត្យលើចំនួនកម្មករដែលជិះក្នុងរថយន្តនោះដែលឡានមួយគ្រឿងដឹកត្រឹមតែប្រមាណ៣០នាក់តែគាត់ដឹកដល់៥០ទៅ៦០នាក់ឯណោះ»៕ 
 

Previous Article

ធនាគារ​ជាតិ​នឹង​​ដាក់​ឲ្យ​ដំ​េណីរ​ការ​ទូ​ទាត់​រវាង​អន្តរ​ធនាគារ​

Next Article

សហគមន៍​េសដ្ឋ​កិច្ច​អា​ស៊ាន​នឹង​ ជំរុញ​ឲ្យមាន​កំ​ែណ​ទ​្រមង់​ថ្មី