cellcard cellcard

ធនាគារ​កណ្តាល​េផ្តីម​រឹត​បន្តឹង​ការ​រក្សា​សាច់​ប្រាក់​ងាយ​ស្រួល

ម៉ៃ គុណមករា Share:

ភ្នំពេញ (ខ្មែរថាមស៍) – ធនាគារជាតិនៃកម្ពុជាបានចាប់ផ្ដើមពង្រឹងអនុបាតដែលគេហៅថាអនុបាតក្របខ័ណ្ឌសន្ទនីយភាពចំពោះវិស័យហិរញ្ញវត្ថុដើម្បីធ្វើឲ្យវិស័យនេះរីកចម្រើនប្រកបដោយចីរភាពជាពិសេសជៀសវាងពីវិបត្តិក្នុងវិស័យនេះ។

មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF កាលដើមខែវិច្ឆិកាឆ្នាំមុនបានព្រមានថាការកើនឡើងនូវឥណទានថ្មីៗនេះនឹងបង្កឲ្យមានការកើនឡើងនូវគ្រោះថ្នាក់ដល់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា។ស្ថាប័ននេះបានបង្ហាញថាឥណទានរបស់វិស័យឯកជនបានកើនឡើងរហូតទៅដល់ជិត៣០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំជាមធ្យមនៅក្នុងបីឆ្នាំកន្លងមកកើនឡើងរហូតទៅដល់ជិត៣៣ភាគរយបើគិតត្រឹមត្រីមាសទីពីរក្នុងឆ្នាំ២០១៥។ឥណទានសម្រាប់សមាមាត្រផលិតផលក្នុងស្រុកសរុបកើនឡើងទ្វេដងនៅក្នុងរយៈពេលនោះដោយបានកើនឡើងរហូតដល់៥០ភាគរយនិងសមាមាត្រប្រាក់កម្ចីសម្រាប់ការដកប្រាក់បានឈានទៅដល់១០០ភាគរយនៅក្នុងដើមឆ្នាំ២០១៥កន្លងទៅ។

យោងទៅតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាដែលចេញនៅថ្ងៃទី២៣ខែធ្នូដែលមានគោលបំណងដើម្បីកំណត់លក្ខណៈវិនិច្ឆ័យក្នុងការគណនានិងកំណត់កម្រិតអប្បបរមានៃអនុបាតក្របខណ្ឌសន្ទនីយភាពចំពោះគ្រឹះស្ថានធនាគារនិងស្ថាប័នហិរញ្ញវត្ថុជាច្រើនទៀតដែលទទួលប្រាក់បញ្ញើពីប្រជាជន។

បើយោងតាមសេចក្ដីប្រកាសនេះបានឲ្យដឹងថា៖«ប្រកាសនេះមានគោលបំណងដើម្បីលើកកម្ពស់ភាពធន់រយៈពេលខ្លីចំពោះហានិភ័យសន្ទនីយភាពរបស់គ្រឹះស្ថាននីមួយៗដើម្បីធានាថារាល់គ្រប់ស្ថាប័នទាំងអស់មានភាគហ៊ុនគ្រប់គ្រាន់មិនជាប់កាតព្វកិច្ចដែលអាចបំលែងជាសាច់ប្រាក់មិនខាតបង់សូម្បីតែបន្តិចនៅក្នុងទីផ្សារ»។

លោកស្រី ជា សិរី អគ្គនាយិកានៃធនាគារជាតិនៃកម្ពុជា បានប្រាប់កាសែត ខ្មែរថាមស៍ថាការអនុវត្តនៃអនុបាតក្របខ័ណ្ឌសន្ទនីយភាពថ្មីនេះគឺស្របពេលដែលប្រទេសក្នុងតំបន់កំពុងតែអនុវត្តវា។វាក៏ស្របទៅនឹងគោលការណ៍ Basel ទី៣ផងដែរ។

លោកស្រី សិរី បានបញ្ជាក់ថា៖ «បទពិសោធន៍ដែលទទួលបានពីវិបត្តិហិរញ្ញវត្ថុសកលក្នុងឆ្នាំ២០០៨បានបង្ហាញថាអ្វីដែលត្រូវបានគេគិតថាជាសន្ទនីយភាព(សាច់ប្រាក់ងាយស្រួល)អាចកា្លយទៅជាមិនមែនសន្ទ-នីយភាពវិញក្នុងអំឡុងពេលមានវិបត្តិនោះ។ដូចនេះហើយវាគឺជាមូលហេតុដែលអនុបាត្រក្របខ័ណ្ឌសន្ទនីយភាពត្រូវបានគេណែនាំដើម្បីពង្រឹងសាច់ប្រាក់ងាយស្រួលនៃស្ថាប័នហិរញ្ញវត្ថុ»។

លោកស្រីបាននិយាយថាសេចក្ដីប្រកាសស្តីពីអនុបាតក្របខ័ណ្ឌសន្ទនីយភាពគឺត្រូវវាស់ស្ទង់ដោយធនាគារជាតិនៃកម្ពុជាដើម្បីពង្រឹងសាច់ប្រាក់ងាយស្រួលរបស់ធនាគារនិងជៀសវាងប្រភេទនៃវិបត្តិឆ្នាំ២០០៨ដែលស្ថាប័នហិរញ្ញវត្ថុមិនអាចរកសាច់ប្រាក់ងាយស្រួលបាននៅក្នុងពេលភាពតានតឹងកើតឡើង ឧទាហរណ៍ធនាគារ Lehman Brothersជាដើម។

លោកស្រីបានបន្ថែមទៀតថា៖«អនុបាតក្របខ័ណ្ឌសន្ទនីយភាពជួយស្ថាប័នហិរញ្ញវត្ថុដើម្បីបន្តដំណើការក្នុងរយៈពេលនៃភាពតឹងតែងសម្រាប់វិធានការកែប្រែដែលនឹងធ្វើឡើងដោយគណៈគ្រប់គ្រងរបស់ស្ថាប័នហិរញ្ញវត្ថុឬអ្នកគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុដើម្បីបានបិទវាទៅតាមលំដាប់លំដោយណាមួយឬសម្រាប់ធនាគារកណ្តាលដើម្បីចាត់វិធានការដ៏សមស្របមួយ»។

លោក Grant Knuckey នាយកប្រតិបត្តិនៃធនាគារ ANZ RoyalបាននិយាយថាLCRគឺជាដំណាក់កាលដ៏សំខាន់មួយដែលជួយធ្វើឲ្យវិស័យឧស្សាហកម្មកាន់តែមានស្ថិរភាពនិងមានភាពរឹងមាំ។

លោកថ្លែងថា៖ «LCR អាចជាការផ្លាស់ប្តូរផ្នែកបញ្ញត្តកម្មដ៏សំខាន់មួយសម្រាប់វិស័យនេះក្នុងរយៈពេលវែង។ខ្ញុំមានអារម្មណ៍ថាវាជាជំហានវិជ្ជមានមួយរបស់NBCដែលនឹងជួយលើកស្ទួយបណ្តាស្ថាប័នហិរញ្ញវត្ថុឲ្យរឹតតែរឹងមាំនិងប្រកបដោយភាពប្រុងប្រយ័ត្នក្នុងការផ្តល់កម្ចីទាំងឡាយ»។

លោកបន្តថា៖«វាកំពុងត្រូវបានគេយកមកប្រើជាលើកដំបូងក្នុងមួយដំណាក់កាលម្តងៗ។ដូចនេះវានឹងមិនបង្កឲ្យមានផលប៉ះពាល់យ៉ាងគំហុកទេ។តែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំជឿថាវានឹងបង្កើតឲ្យមានការផ្លាស់ប្តូរដ៏ឆាប់រហ័សនិងយ៉ាងច្បាស់លាស់មួយនៃផ្នត់គំនិតនៅក្នុងវិស័យធនាគារហើយវាគឺជាការផ្លាស់ប្តូរពីការកើនឡើងនៃកម្ចីគ្មានការត្រួតពិនិត្យទៅជាសាច់ប្រាក់និងនិរន្តរភាព។បញ្ហានេះខ្ញុំគិតថាវាគឺជារឿងដ៏ល្អកម្ររកបានមួយ»។

លោក Stephen Higgins នាយកគ្រប់គ្រងរបស់ Mekong StrategicPartnersដែលជាក្រុមហ៊ុនស្រាវជ្រាវមួយក៏បានបញ្ចេញការគាំទ្រចំពោះវិធានការទាំងនេះផងដែរ។

លោកបានថ្លែងថា៖«ប្រកាសថ្មីនេះប្រហែលជាអាចទប់ស្កាត់កំណើននៃការផ្តល់ប្រាក់កម្ចីរបស់ធនាគារមួយចំនួនតែសម្រាប់ធនាគារមួយចំនួនទៀតដូចជាANZRoyalជាដើមគឺនឹងជួបផលប៉ះពាល់កម្រិតទាបបំផុត»។លោកបន្តថា៖«ប្រកាសរបស់NBCនឹងបង្កើនសាច់ប្រាក់ងាយស្រួលសម្រាប់ធនាគារមួយចំនួនក្នុងកម្រិតដ៏គួរឲ្យកត់សម្គាល់មួយ»។

លោកបន្ថែមទៀតថា៖«ទោះជាយ៉ាងណាក៏ដោយក៏ជំហានផ្លាស់ប្តូរក្នុងរយៈពេលវែងមួយដែលវាមានរយៈពេលរហូតដល់ឆ្នាំ២០២០ហើយវានឹងជួយកាត់បន្ថយនូវផលប៉ះពាល់មិនល្អជាប្រព័ន្ធ»។

បើយោងតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជាគ្រប់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ត្រូវតែមានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់សម្រាប់សេចក្តីត្រូវការរបស់ខ្លួនក្នុងរយៈពេល៣០ថ្ងៃនៅពេលមានវិបត្តិសាច់ប្រាក់កើតឡើង។ស្ថាប័នទាំងឡាយនឹងត្រូវគណនាLCRដោយប្រើគំរូរបាយ-ការណ៍បែបថ្មីគិតចាប់ពីខែមករា២០១៦ឆ្លងតាមដំណាក់កាលជាដំណាក់ៗរហូតដល់បានពេញទាំងស្រុងនៅថ្ងៃទី១ខែមករាឆ្នាំ២០២០។

ប្រកាសនេះក៏បានបញ្ជាក់ផងដែរថាចាប់ពីថ្ងៃទី១ខែកញ្ញាក្នងឆ្នាំនេះទៅNBCតម្រូវឲ្យស្ថាប័នហិរញ្ញវត្ថុទាំងនោះត្រូវមានLCRជាអប្បបរិមាចំនួន៦០%នៃចំនួនសាច់ប្រាក់ដែលគេមាន។ចាប់ពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៧តម្រូវការសាច់ប្រាក់នឹងត្រូវជា៧០%។ចាប់ពីថ្ងៃ១ខែកញ្ញាឆ្នាំ២០១៨តម្រូវការសាច់ប្រាក់នឹងត្រូវជា៨០%។ចាប់ពីថ្ងៃ១កញ្ញាឆ្នាំ២០១៩តម្រូវការសាច់ប្រាក់នឹងត្រូវជា ៩០%។ចាប់ពីថ្ងៃ១ខែកញ្ញាឆ្នាំ២០២០តម្រូវការសាច់ប្រាក់នឹងត្រូវជា១០០%។

លោកស្រីជាសិរីក៏បានឲ្យដឹងទៀតថានៅពេលអនុវត្តBaselនឹងផ្តល់ជម្រើសឲ្យដល់ប្រទេសទាំងឡាយធ្វើការជ្រើសរើសថាតើនៅពេលណាដែលអាចអនុវត្តបាន១០០%នៃLCRគឺវាអាស្រ័យទៅលើស្ថានភាពខុសៗគ្នារបស់ប្រទេសនីមួយៗ។

លោកស្រីថា៖«មកពីហេតុនេះហើយដែលប្រទេសជាច្រើនសម្រេចយករបៀបបង្កើនបន្តិចម្តងៗនៅក្នុងការអនុវត្តLCR។»លោកស្រីជាសិរីបានបន្តទៀតថាLCRទាមទារឲ្យបណ្តាស្ថាប័នហិរញ្ញវត្ថុកាន់កាប់សាច់ប្រាក់ងាយស្រួលរបស់ខ្លួនឲ្យបានដល់ ៣០ ថ្ងៃនៅពេលដែលមានបញ្ហា។ 

បញ្ហានេះគឺសំខាន់ណាស់ដែលទាមទារឲ្យស្ថាប័នហិរញ្ញវត្ថុដែលត្រូវតម្កល់សាច់ប្រាក់ដែលខ្លួនមានក្នុងកម្រិតមួយយ៉ាងខ្ពស់។

ដើម្បីជៀសវាងកុំឲ្យមានបញ្ហាប៉ះពាល់ដល់សកម្មភាពផ្តល់ប្រាក់កម្ចីនិងផលចំណេញរបស់បណ្តាស្ថាប័នហិរញ្ញវត្ថុនៅពេលដែលពួកគេមានសាច់ប្រាក់ងាយស្រួលកាន់តែច្រើននិងដោយទៅតាមបរិបទស្រុកខ្មែរNBCកំពុងតែបែងចែកការអនុវត្តជាដំណាក់កាលក្នុងរយៈពេល៤ឆ្នាំ។នេះបើយោងតាមការលើកឡើងរបស់លោកស្រី ជា សិរី។

ទោះជាយ៉ាងណាក៏ដោយលោកស្រីបានថ្លែងឲ្យដឹងបន្តទៀតថា៖«ខ្ញុំយល់ឃើញថាLCR មានសម្ពាធយ៉ាងតិចតួចបំផុតទៅលើកំណើនរបស់បណ្តាស្ថាប័នហិរញ្ញវត្ថុពីព្រោះស្ថាប័នទាំងនោះមានពេលវេលាសម្រាប់តម្រូវទៅតាមវិធានការនេះ ហើយស្ថាប័នទាំងនោះមានសាច់ប្រាក់លើសពីសេចក្តីត្រូវការរួចជាស្រេចទៅហើយ»៕

Previous Article

ធនាគារ​ជាតិ​នឹង​​ដាក់​ឲ្យ​ដំ​េណីរ​ការ​ទូ​ទាត់​រវាង​អន្តរ​ធនាគារ​

Next Article

សហគមន៍​េសដ្ឋ​កិច្ច​អា​ស៊ាន​នឹង​ ជំរុញ​ឲ្យមាន​កំ​ែណ​ទ​្រមង់​ថ្មី