cellcard cellcard

សហគមន៍​េសដ្ឋ​កិច្ច​អា​ស៊ាន​នឹង​ ជំរុញ​ឲ្យមាន​កំ​ែណ​ទ​្រមង់​ថ្មី

ម៉ៃ គុណមករា Share:

សហគមន៍សេដ្ឋកិច្ចអាស៊ានបានចូលជាធរមានកាលពីសប្តាហ៍មុនដែលនឹងបង្កើតឲ្យមានទីផ្សារតែមួយសម្រាប់ប្រទេសសមាជិកទាំង១០ដែលមានប្រជាជនរស់នៅជាង៦០០ លាននាក់។ ប៉ុន្តែអាស៊ានត្រូវពង្រឹងក្របខណ្ឌដែលមានស្រាប់របស់ខ្លួន ហើយសមាជិកអាស៊ាននីមួយៗក៏ត្រូវធ្វើសេរីភាវូបនីយកម្មលើសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត មុននឹងតំបន់ពាណិជ្ជកម្មសេរីមួយចូលជាធរមាន។ 
នៅក្នុងបទសម្ភាសន៍ពិសេសមួយជាមួយកាសែតខ្មែរថាមស៍ លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយស្នើសុំឲ្យប្រទេសកម្ពុជាចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក បានពិភាក្សាអំពីការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រមទាំងឱកាស និងបញ្ហាប្រឈមនៃសហគមន៍នេះសម្រាប់រដ្ឋាភិបាល និងវិស័យឯកជន។ 

ខ្មែរថាមស៍៖ តើប្រទេសកម្ពុជានឹងទទួលបានអ្វីខ្លះពីការបើកទីផ្សារថ្មីនេះ?
 
សុក ស៊ីផាន់ណា៖ខណៈការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានជាផ្លូវការនៅចុងឆ្នាំ២០១៥នេះ គឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់អាស៊ានដើម្បីសម្រេចគោលដៅក្នុងការបង្កើតតំបន់សេដ្ឋកិច្ចរួម ការអនុវត្តវិធានការរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ពុំមានន័យថា អាស៊ាននឹងក្លាយជាតំបន់សេដ្ឋកិច្ចតែមួយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ឡើយប៉ុន្តែវាបង្ហាញឲ្យឃើញថាវិធានការវិជ្ជមាននានាត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យតំបន់នេះក្លាយទៅជាតំបន់សេដ្ឋកិច្ចមួយដែលកាន់តែមានលក្ខណៈបើកចំហ។យើងគួរតែគិតថានេះគឺជា«ដំណើរការមួយកំពុងវិវត្ត»។ក្រោយឆ្នាំ២០១៥ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងបន្តដំណើរការទៅមុខថែមទៀត។ 

ប្រទេសកម្ពុជាមិនដូចប្រទេសសមាជិកអាស៊ានដទៃទៀតទេ ដោយសារកត្តាផ្ទៃដីប្រជាជនភូមិសាស្ត្រគោលនយោបាយអភិវឌ្ឍន៍និងលក្ខខណ្ឌសេដ្ឋកិច្ច។ការចូលជាសមាជិកអាស៊ាន ក្នុងឆ្នាំ១៩៩៩ គឺជាការចាប់ផ្តើមមួយដ៏ប្រសើរមុននឹងកម្ពុជាក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៤។ប៉ុន្តែរយៈពេលជាង១០ឆ្នាំបន្ទាប់ពីការចូលជាសមាជិកនៃអង្គការពាណិជ្ជ-កម្មពិភពលោកភាពរំជើបរំជួលក៏ចាប់ផ្តើមថមថយមកវិញ។សម្រាប់រូបខ្ញុំសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងជំរុញឲ្យមានកំណែទម្រង់នៅក្នុងប្រទេសកម្ពុជាដើម្បីទទួលបានផលចំណេញពីសមាហរណកម្មអាស៊ាន។ 
ខ្មែរថាមស៍៖ សមាជិកអាស៊ាននាំចេញផលិតផលដូចគ្នាទៅកាន់ទីផ្សារតែមួយ។ តើសហគមន៍សេដ្ឋកិច្ចអាស៊ានអាចជួយប្រទេសកម្ពុជាធ្វើពិពិតកម្មទីផ្សារនាំចេញរបស់ខ្លួនតាមមធ្យោបាយណា?
 
សុក ស៊ីផាន់ណា៖ ពិពិតកម្មមានពីរទម្រង់៖ ទីមួយ យើងត្រូវនាំចេញឲ្យកាន់តែច្រើនទៅកាន់ទីផ្សារ ដូចជា សហភាពអឺរ៉ុប សហរដ្ឋ-អាមេរិក និងប្រទេសដទៃទៀត។ ទីពីរ ងត្រូវបង្កើតផលិតផលថ្មីដើម្បីនាំចេញទៅកាន់ទីផ្សារដែលមានស្រាប់ ឬទីផ្សារថ្មី។ ខ្ញុំជឿជាក់ថា យើងកំពុងធ្វើកិច្ចការទាំងពីរនេះ។ 
 
ខ្មែរថាមស៍៖ តើរដ្ឋាភិបាលបាននិងកំពុងអនុ-វត្តវិធានការអ្វីខ្លះក្នុងការជំរុញឲ្យមជ្ឈដ្ឋានពាណិជ្ជកម្មក្នុងស្រុកមានភាពប្រសើរឡើងដើម្បីឲ្យវាអាចក្លាយជាមូលដ្ឋានផលិតកម្មមួយ? តើលោកគិតថា យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយលំហូរទំនិញដោយសេរីនៅក្នុងតំបន់ដែរឬទេ?
 
សុក ស៊ីផាន់ណា៖ ទីផ្សារ និងមូលដ្ឋានផលិត-កម្មតែមួយ តម្រូវឲ្យមានក្របខណ្ឌគ្រប់គ្រងដែលមានលក្ខណៈប្រកួតប្រជែងនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ថ្វីត្បិតតែសហគមន៍សេដ្ឋកិច្ចអាស៊ានគឺជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ ប៉ុន្តែការអនុវត្តនៅថ្នាក់ជាតិគឺនៅតែមានសារៈសំខាន់។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មដើម្បីជួយជំរុញឲ្យសហគ្រាសធុនតូចនិងមធ្យមចូលរួមក្នុងសង្វាក់ផ្គត់ផ្គង់តាមវិស័យ។បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើសេចក្តីព្រាងច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស។ យើងកំពុងជំរុញឲ្យមានការតភ្ជាប់គ្នារវាងក្រុមហ៊ុននិងភាពជាដៃគូជាយុទ្ធសាស្ត្ររវាងអ្នកផ្គត់ផ្គង់តួយ៉ាងដូចជាជាមួយក្រុមហ៊ុនរថយន្តជប៉ុន។យើងកំពុងស្ថាបនា និងកែលម្អបណ្តាញផ្លូវក្នុងតំបន់អាស៊ាន។ ស្ពានត្សឹបាសាថ្មីនៅអ្នកលឿងគឺជាឧទាហរណ៍ដ៏ល្អមួយនៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សង្វាក់ផលិតកម្មពីទីក្រុងហូជីមិញទៅកាន់ទីក្រុងបាងកកតាមរយៈប្រទេសកម្ពុជា។ តំបន់ពាណិជ្ជកម្មសេរីនិងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកំពុងត្រូវបានបង្កើតឡើងនៅតាមច្រករបៀងសេដ្ឋកិច្ច។ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួន ប៉ុណ្ណោះ។ 
 
ខ្មែរថាមស៍៖ជារឿយៗក្រុមហ៊ុនក្នុងស្រុកសម្តែងការព្រួយបារម្ភថាពួកគេនឹងបាត់បង់ចំណែកទីផ្សារដោយសារការហូរចូលទំនិញមកកម្ពុជា។តើលោកគិតយ៉ាងណាចំពោះបញ្ហានេះ?
 
ក ស៊ីផាន់ណា៖ សហគ្រាសធុនតូច និងមធ្យមកម្ពុជាព្រួយបារម្ភថាពួកគេនឹងជួបប្រទះការប្រកួតប្រជែង កាន់តែខ្លាំងឡើងហើយក្រុមហ៊ុនមួយចំនួនអាចនឹងលែងមានវត្តមានដែលបង្កឲ្យមានការបាត់បង់ការងារ។ជាក់ស្តែងរហូតមកទល់បច្ចុប្បន្ននេះយើងពុំឃើញមានក្រុមហ៊ុនក្នុងស្រុកជាច្រើន ដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានឡើយ។ទំនិញបរទេសបានហូរចូលមកប្រទេសកម្ពុជាដោយសារការបើកចំហរសេដ្ឋកិច្ចរបស់យើង។នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ការហូរចូលទំនិញពីបរទេសនឹងពុំមានច្រើនជាងពេលបច្ចុប្បន្នឡើយ អតិថិជនខ្មែរភាគច្រើនគឺជាអ្នកទទួលបានផលចំណេញ ពីព្រោះពួកគេមានឱកាសទិញទំនិញនិងសេវាជាច្រើនក្នុងតម្លៃថោក។ 
តាមពិត តាមរយៈសហគមន៍សេដ្ឋកិច្ចអាស៊ាន សហគ្រាសធុនតូច និងមធ្យមកម្ពុជានឹងទទួលបានផលចំណេញពីឱកាសទីផ្សារធំជាងមុននិងតម្លៃដែលមានកម្រិតទាបជាងមុន ដោយសារការលុបបំបាត់ពន្ធលើទំនិញ ការបង្កើនគុណភាពនៃសេវាកម្ម ការសម្រួលពាណិជ្ជកម្ម ព្រមទាំងការកែសម្រួលវិធានស្តីពីប្រភពដើមនៃទំនិញ ផលិតផល និងស្តង់ដារបច្ចេកទេស។ ផលចំណេញផ្សេងទៀតសម្រាប់ពួកគេគឺមានដូចជា ដើមទុន ការវិនិយោគ បច្ចេកវិជ្ជា ជំនួយបច្ចេកទេស បទពិសោធន៍ និងឯកទេសវិជ្ជាជីវៈ។
 
ខ្មែរថាមស៍៖ តើវិស័យឯកជននៅកម្ពុជានឹងជួបប្រទះបញ្ហាប្រឈមអ្វីខ្លះក្នុងការបង្កើនភាពប្រកួតប្រជែងរបស់ខ្លួន?
 
សុក ស៊ីផាន់ណា៖ភាគច្រើនគេគិតថាបញ្ហាប្រឈមសំខាន់ៗសម្រាប់វិស័យឯកជនរួមមានកង្វះសមត្ថភាពផ្នែកបច្ចេកទេសនិងផ្នែកគ្រប់គ្រងកង្វះឱកាសទីផ្សារ កង្វះហិរញ្ញវត្ថុ កង្វះ កម្មករជំនាញ ព្រមទាំងកង្វះព័ត៌មាន និងបណ្តាញទាក់ទង។ 

ខ្ញុំជឿថាវិស័យឯកជនរបស់យើងជាពិសេសសហគ្រាសធុនតូចនិងមធ្យមរបស់យើងគឺនៅតូចនិងក្មេងខ្ចីនៅឡើយដូច្នេះយើងមិនគួរគិតអំពីការប្រកួតប្រជែងជាមួយប្រទេសជិតខាងធំៗក្នុងតំបន់អាស៊ានឡើយ។ផ្ទុយទៅវិញខ្ញុំចង់លើកទឹកចិត្តពួកគេឲ្យគិតអំពីការសហការគ្នាជាមួយដៃគូវិនិយោគក្នុងតំបន់អាស៊ាន។ ពួកគេគួរតែស្វែងរកឱកាស ដើម្បីចូលរួមក្នុងបណ្តាញផលិតកម្មដ៏ធំមួយតាមរយៈការតភ្ជាប់សង្វាក់ផ្គត់ផ្គង់រវាងក្រុមហ៊ុនក្នុងតំបន់អាស៊ាន។ ការភ្ជាប់បណ្តាញដៃគូពាណិជ្ជកម្ម   ការចែកចាយទំនិញ  ការទិញយីហោពីបរទេស ក្រុមហ៊ុនសហកម្ម-សិទ្ធិ ការវិនិយោគរួមគ្នា គឺជាមធ្យោបាយដ៏ឆាប់រហ័សក្នុងការប្រកបអាជីវកម្ម។ 

បច្ចុប្បន្នសហគ្រាសធុនតូចនិងមធ្យមត្រូវស្វែងយល់អំពីបញ្ហាសេដ្ឋកិច្ចគោលនយោបាយរដ្ឋាភិបាលលក្ខណៈពិសេសនៃទីផ្សារប្រព័ន្ធពន្ធនិងមិនមែនពន្ធ ស្ថានភាពអាជីវកម្ម ក្រមសីលធម៌ការងារ ។ល។ ពួកគេគួរតែត្រៀមខ្លួនដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ។ ពួកគេគួតែពិចារ-ណាអំពីអភិបាលកិច្ចល្អសម្រាប់សាជីវកម្ម។ ពួកគេគួរតែបង់ពន្ធឲ្យបានត្រឹមត្រូវ។ពួកគេគួរតែរៀនភាសាអង់គ្លេសឲ្យបានច្រើន ពីព្រោះវាគឺជាភាសាផ្លូវការរបស់អាស៊ាន។ កិច្ចការទាំងនេះនឹងធ្វើឲ្យពួកគេក្លាយជាដៃគូដ៏ល្អរបស់វិនិយោគិនបរទេស។ 
 
ខ្មែរថាមស៍៖ សមាជិកអាស៊ានជាច្រើនកំពុងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែកជាមួយបស្ចិមប្រទេសដូចជាប្រទេសវៀតណាមជាដើម កំពុងពិភាក្សាជាមួយសហភាពអឺរ៉ុបចំណែកឯសមាជិកអាស៊ានចំនួន៥ផ្សេងទៀតគឺជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកដែលស្ថិតក្រោមការដឹកនាំរបស់សហរដ្ឋ-អាមេក។ តើបញ្ហានេះប៉ះពាល់ដល់ប្រទេសកម្ពុជាដែរឬយ៉ាងណា? តើរដ្ឋាភិបាលមានវិធានការអ្វីខ្លះដើម្បីរក្សាកំណើននៃការនាំចេញឬដើម្បីបង្កើនទីផ្សារនាំចេញរបស់យើង? តើលោកគិតថាយើងគួរតែចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកដែរឬទេ?
 
សុក ស៊ីផាន់ណា៖ អាស៊ានបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូខាងក្រៅ តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្នើឡើងដោយអាស៊ាន និងដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង៦របស់អាស៊ានគ្រោងនឹងចុះហត្ថលេខា នៅពាក់កណ្តាលឆ្នាំ២០១៦។ កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើប្រជាជន៤៥ភាគរយក្នុងពិភពលោក និងរួមចំណែកដល់កំណើន GDP ក្នុងពិភពលោកចំនួនមួយភាគបី។ ប្រទេសកម្ពុជាគួរតែទទួលបានផលចំណេញពីពាណិជ្ជកម្មសេរីនេះ។ 
 
ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកវិញ វាគ្មានហេតុផលអ្វីដែលយើងមិនគួរចូលរួមនោះទេ ប៉ុន្តែយើងត្រូវរង់ចាំពេលវេលាមួយដែលសក្តិសម។ សូមកុំភ្លេចថា ពេលឆាប់ៗ ខាងមុខនេះ យើងក៏នឹងអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងអាស៊ាន និងសហភាពអឺរ៉ុបផងដែរ។ 
 
ខ្មែរថាមស៍៖ តើលោកមានទស្សនៈយ៉ាងណាចំពោះការនាំចេញសម្រាប់ឆ្នាំ២០១៦ បន្ទាប់ពីការចាប់ផ្តើមដំណើរការនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន?
 
សុក ស៊ីផាន់ណា៖ ជារួម កម្ពុជាគឺជាប្រទេសដែលត្រៀមខ្លួនបានល្អជាងគេសម្រាប់សមាហរណកម្មនេះ ដោយសារយើងមានសេដ្ឋកិច្ចដែលមានលក្ខណៈសេរីនិងបើកចំហរ។ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាននឹងផ្តល់នូវអត្ថប្រយោជន៍ចំពោះពាណិជ្ជកម្មនិងការវិនិយោគដោយផ្ទាល់ពីបរទេស ដោយជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា។សម្រាប់ការនាំចេញក្នុងឆ្នាំ២០១៦ខ្ញុំគិតថាវានឹងមានភាពវិជ្ជមាន៕ 

Previous Article

អ្នកជំនាញ៖ ⁣អ្នកចិត្តវិទ្យានៅមានចំនួនតិច

Next Article

ចំបក់់​់​​​ រមណីយដ្ឋានអេកូទេសចរណ៍សហគមន៍