cellcard cellcard

ករណីពុលស្រានៅខេត្តក្រចេះ បណ្តាលមកពីសារជាតិមេតាណុល

ដោយ មុំគន្ធា Share:

ភ្នំពេញ ខ្មែរថាមស៍ – ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ទទួលទានស្រាស ឬស្រាថ្នាំ ក៏ដូចជាសាច់សត្វដែលឈឺ ឬងាប់ជាដើម បន្ទាប់ពីមានប្រជាពលរដ្ឋចំនួន១៥០នាក់បានធ្លាក់ខ្លួនឈឺ និង១៦នាក់ផ្សេងទៀតបានស្លាប់ នៅក្នុងខេត្តក្រចេះចាប់តាំងពីខែមុនរហូតដល់ពេលនេះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញកាលពីម្សិលមិញថា “សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងបញ្ឈប់ជាបន្ទាន់នូវការបរិភោគសាច់សត្វដែលឈឺ ឬងាប់។ បើនៅតែបន្តហូបស្រាស និងសាច់សត្វឈឺ ឬងាប់ នឹងបណ្តាលឲ្យឈឺ ឬស្លាប់ជាពុំខាន។”

លោក ប៊ុនហេង បានជំរុញឲ្យប្រជាពលរដ្ឋប្រញាប់ទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតបំផុតក្នុងករណីពួកគេមានបញ្ហាសុខភាព។ 

លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា “ថ្មីៗនេះមានហេតុការណ៍កើតឡើង ដោយសង្ស័យថាពុលស្រា បានសម្រាកព្យាបាល និងមានករណីស្លាប់ជាបន្តបន្ទាប់ បានកើតឡើងនៅខេត្ត ក្រចេះ ដោយសារពួកគេបានពិសារស្រាស ឬស្រាថ្នាំ និងបរិភោគសាច់សត្វឈឺ ឬងាប់។ លទ្ធផលវិភាគ ដែលទទួលបានពីទីកន្លែងកើតហេតុបានឲ្យដឹងថា ស្រាស និងស្រាថ្នាំ ដែល ប្រជាពលរដ្ឋបានពិសារក្នុងតំបន់ដែលកើតហេតុនោះមានសារជាតិមេតាណុលកម្រិតខ្ពស់ដែលធ្វើឲ្យពុល។”

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានដដែលនោះបានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន១៥០នាក់ បានធ្លាក់ខ្លួនឈឺ និង១៦នាក់បានស្លាប់ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ហើយហេតុការណ៍ទាំងនេះបានកើតឡើងនៅក្នុងភូមិចំនួន២២ ក្នុងឃុំចំនួនបី ក្នុងនោះមាន ឃុំសំបូរ ឃុំស្នួល និងឃុំចិត្របូរី ខេត្តក្រចេះ។ 

សេចក្តីប្រកាសព័ត៌មាននោះបានបន្តទៀតថា សារជាតិមេតាណុលដែលបង្កឲ្យមានករណី ពុលនោះមានកម្រិតខ្ពស់ជាង កម្រិតធម្មតា (០,១៥%) ប៉ុន្តែលទ្ធផលទទួលបានពីមន្ទីរពិសោធន៍ជាតិនៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្រាស និងស្រាថ្នាំ ដែលអ្នកភូមិទទួលទានមានសារជាតិមេតាណុលពី១០,៥៧%ទៅ១២%។ 

មន្ត្រីក្រសួងសុខាភិបាល និងមន្ទីសុខាភិបាលខេត្ត បានចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅកន្លែងកើតហេតុ ហើយបានយកសំណាកស្រាមកធ្វើវិភាគ។ លើសពីនេះ ពួកគេក៏បានជួយសង្រេ្គាះ និងបញ្ជូនប្រជាពលរដ្ឋឈឺទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាព អប់រំប្រជាពលរដ្ឋនៅតាមភូមិឃុំឲ្យមានការប្រុងប្រយ័ត្ន និងឲ្យរក្សាអនាម័យចំណីអាហារឲ្យបានត្រឹមត្រូវ ហើយជាពិសេសឲ្យឈប់ទទួលទានស្រាសដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវ។ 

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា “អាជ្ញាធរមូលដ្ឋានបានបិទកន្លែងផលិតស្រា ដែលពាក់ព័ន្ធនឹងករណីពុលទាំងនោះ ព្រមទាំងតាមដាន និងអប់រំប្រជាពលរដ្ឋអំពីអនាម័យចំណីអាហារ ដើម្បីជៀសវាងកុំឲ្យមានករណីពុលស្រាកើតឡើង។”

ក្រសួងសុខាភិបាលក៏បានណែនាំមនុស្សពេញវ័យទាំងអស់ឲ្យពិសារគ្រឿងស្រវឹងក្នុងកម្រិត តិចតួច និងហាមពិសារគ្រឿងស្រវឹងក្នុងពេលបើកបរ។ 

សេចក្តីប្រកាសព័តមាននោះបានឲ្យដឹងទៀតថា “ក្រសួងសុខាភិបាលបាន និងកំពុងសហការ ជាមួយដៃគូអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោក ស្តីពីការបង្ការ និងការត្រួតពិនិត្យ វិធានការសុវត្ថិភាពចំណីអាហារ ពីព្រោះបញ្ហាសុខភាពអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព សាធារណៈ និងសេដ្ឋកិច្ច។”

លោក ហឿ ស៊ីយ៉ែម អភិបាលរងខេត្តក្រចេះ បានបញ្ជាឲ្យបិទ កន្លែងផលិតស្រាសទាំងអស់នៅទូទាំងខេត្ត បន្ទាប់ពីមានអ្នកភូមិចំនួនបីនាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ ដោយសារហេតុការណ៍ពុលស្រាសដែលបានកើតឡើងកាលពីថ្ងៃសៅរ៍។ 

លោក ហឿ ស៊ីយ៉ែម មានប្រសាសន៍ថា “យើងឃើញមានអ្នកភូមិជាច្រើននៅក្នុងឃុំមួយចំនួន បានឈឺស្លាប់ជាបន្តបន្ទាប់ ដោយសារករណីពុលស្រាស ដូច្នេះខ្ញុំណែនាំឲ្យមន្ត្រីស្រុកឃុំទាំងអស់ចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយបញ្ឈប់ជាបន្ទាន់នូវការផលិតស្រាស នៅតាមភូមិឃុំ ដោយសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធមុននឹងអនុញ្ញាតឲ្យពួកគេប្រកប អាជីវកម្មឡើងវិញ។”

លោក ស៊ីយ៉ែម ថ្លែងថា អ្នកលក់ស្រា-ស ដែលបង្កឲ្យមានការប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

លោក ហឿ ស៊ីយ៉ែម ថ្លែងទៀតថា “អភិបាលស្រុកត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការផលិត និងលក់ស្រាសនៅក្នុងសហគមន៍របស់ខ្លួនហើយត្រូវទទួលខុសត្រូវប្រកបដោយ ប្រសិទ្ធភាព។”

មន្ត្រីនគរបាលឃុំចិត្របូរីបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីមូលដ្ឋានបានប្រាប់អ្នកផលិតស្រាសឲ្យផ្អាកអាជីវកម្មរបស់ខ្លួនមួយរយៈសិន។ ប៉ុន្តែពួកគេមិនដឹងថាមានអ្នកផលិតស្រាចំនួនប៉ុន្មានទេ។
 

Previous Article

ចំបក់់​់​​​ រមណីយដ្ឋានអេកូទេសចរណ៍សហគមន៍

Next Article

ការសើរើឡើងវិញនូវរឿងរ៉ាវពាក់ព័ន្ធនឹង “ជំរំ៣២”