cellcard cellcard

លីកាដូបានសម្រេចផ្អាកការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅពន្ធនាគារ

ដោយ ម៉ៃ ទិត្យថារ៉ា Share:

ភ្នំពេញ ខ្មែរថាមស៍ – ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ អង្គការលីកាដូបានលុបចោលកម្មវិធីដែលគ្រោងនឹងរៀបចំឡើងនៅក្នុងពន្ធនាគារចំនួនពីរដងរួចមកហើយ  ដោយសារលក្ខខណ្ឌហាមឃាត់ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធនាគារ។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការលីកាដូចេញថ្ងៃទី១៦ ខែធ្នូ  បានឲ្យដឹងថា ក្នុង រយៈពេល២០ឆ្នាំកន្លងមកនេះ សម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិ អង្គការលីកាដូតែងតែផ្តល់ចំណីរអាហារបន្តិចបន្តួចជូនអ្នកជាប់ពន្ធនាគារ ព្រមទាំងរៀបចំឲ្យមានកម្មវិធីកម្សាន្តផ្សេងៗ ដូចជាការលេងល្បែង និងការសម្តែងរបាំប្រពៃណី ក៏ដូចជាការថ្លែងសុន្ទរកថាស្តីពីសារៈសំខាន់នៃសិទ្ធិមនុស្សជាមូលដ្ឋាន ។

សេចក្តីប្រកាសព័ត៌មាននោះនិយាយថា “នៅក្នុងឆ្នាំនេះ ដោយមានការហាមឃាត់ពីអគ្គនាយកដ្ឋានពន្ធនាគារ អង្គការលីកាដូមិនអាចរៀបចំកម្មវិធីសម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងពន្ធនាគារបានឡើយ។ ”

ស្ថិតក្រោមការហាមឃាត់បែបនេះ គេពុំអាចធានាថា ជនជាប់ឃុំមានពេលចេញពីបន្ទប់ឃុំឃាំងឲ្យបានគ្រប់គ្រាន់នោះទេ ដែលជាពេលវេលាដ៏មានតំលៃសំរាប់ពួកគេ។ លើសពីនោះទៀត ការមិនអនុញាតិអោយអង្គការលីកាដូចែកសម្ភារៈដោយផ្ទាល់ ធ្វើឲ្យអង្គការលីកាដូមិនអាចធានាថា ជនជាប់ឃុំទាំងនោះទទួលបានកញ្ចប់សម្ភារៈគ្រប់ៗគ្នាឬយ៉ាងណាទេ។ គេមិនដឹងពីមូលហេតុដែលនាំឲ្យមានការហាមឃាត់នេះទេ។

អ្នកនាង ណាលី ពីឡូក នាយិការអង្គការលីកាដូ បាននិយាយថា “ការរិតត្បិតនេះគឺជារឿងមួយគួរឲ្យសោកស្តាយសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន”។ អ្នកនាង បាននិយាយទៀតថា “ក្នុងរយៈពេល២០ឆ្នាំ ដែលអង្គការលីកាដូធ្លាប់តែផ្តល់ឱកាសដល់ជនជាប់ឃុំឲ្យបានចូលរួមក្នុងពិធីបុណ្យសិទ្ធិមនុស្សអន្តរជាតិ ដែលក្នុងចំណោមអ្នកទាំងនោះនៅមានជនជាប់ឃុំជាច្រើនកំពុងរង់ចាំការសវនាការ បច្ចុប្បន្នត្រូវបានរឹតត្បិត ហើយតើការរឹតត្បិតនេះធ្វើឡើងដើម្បីអ្វី?”

ផ្អែកតាមសេចក្តីប្រកាសព័ត៌មាននោះ ប្រព័ន្ធពន្ធនាគារនៅកម្ពុជាមានបញ្ហាជាច្រើន ដូចជា ការធ្វើទុក្ខបុកម្នេញ ការរើសអើង ការកេងប្រវ័ញ្ច និងអំពើពុករលួយជាប្រព័ន្ធ។ សម្រាប់អ្នកជាប់ឃុំភាគច្រើន ពួកគេត្រូវតម្រូវអោយបង់ប្រាក់ដើម្បីទទួលបានលក្ខខណ្ឌឃុំខ្លួនប្រសើរជាងមុន ការព្យាបាលជំងឺ ការជួបសួរសុខទុក្ខ និងតម្រូវការចាំបាច់មួយចំនួនទៀតដូចជាអាហារ ទឹកស្អាត ពន្លឺថ្ងៃ និងខ្យល់អាកាសបរិសុទ្ធ។ចំនួនជនជាប់ឃុំបណ្តោះអាសន្នរង់ចាំសវនាការនៅមានកម្រិតខ្ពស់នៅឡើយ ជាពិសេសក្នុងចំណោមស្រ្តី និងអនីតិជន ហើយមានករណីជាច្រើនពាក់ព័ន្ធនឹងការឃុំខ្លួនខុសនីតិវិធី និងការរង់ចាំសវនាការនៅសាលាឧទ្ធរណ៍យ៉ាងយូរ។

លោក សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងថា ក្រសួងមិនបានហាម ឃាត់ពួកគេក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្នុងពន្ធនាគារនោះទេ ប៉ុន្តែពួកគេ បានលុបចោលការប្រារព្ធទិវានេះដោយខ្លួនឯង បន្ទាប់ពីនាយកដ្ឋានរបស់លោកបានដាក់លក្ខខណ្ឌសន្តិសុខមួយចំនួន ដូចជាការលេងល្បែង និងការសម្តែងរបាំប្រពៃណី ព្រមទាំងការថ្លែងសុន្ទរកថា ជាដើម។ លោកថ្លែងទៀតថា “យើងអនុញ្ញាតឲ្យពួកគេផ្តល់កញ្ចប់ចំណីអាហារជូនអ្នកជាប់ឃុំ ប៉ុន្តែយើងមិនដឹងថា ហេតុអ្វីបានជាពួកគេលុបចោលវិញ។ យើងគ្រាន់តែហាមឃាត់ពួកគេមិនឲ្យលេងល្បែងប្រពៃណីនៅក្នុងពន្ធនាគារប៉ុណ្ណោះ។”

លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការ លីកាដូ បានសម្តែងការសោកស្តាយចំពោះការហាមឃាត់របស់អាជ្ញាធរ ដោយលោកនិយាយថា ទិវានេះគឺជាទិវាដ៏សំខាន់សម្រាប់ពួកគេ ពីព្រោះពួកគេមានឱកាសចេញពីបន្ទប់ឃុំឃាំង ដើម្បីស្រូបយកខ្យល់បរិសុទ្ធ និងលេងល្បែងប្រពៃណី។ លោកនិយាយ ទៀតថា “យើងចង់និយាយទៅកាន់អ្នកជាប់ឃុំថា ទោះបីជាពួកគេនៅក្នុងពន្ធនាគារក៏ដោយ ក៏យើងនៅតែគិតគូរអំពីពួកគេ។”

លោក សំអាត លើកឡើងថា “ពួកគេអនុញ្ញាតឲ្យយើងប្រារព្ធទិវានេះនៅក្នុងពន្ធនាគារ ប៉ុន្តែពួកគេមិនអនុញ្ញាតឲ្យយើងនិយាយជាមួយអ្នកជាប់ឃុំឡើយ ហើយអ្នកជាប់ឃុំមិនត្រូវបានគេអនុញ្ញាតឲ្យនិយាយ និងធ្វើសកម្មភាពដូចឆ្នាំមុនឡើយ។ បុគ្គលិករបស់គេក៏មិនអាចចូលរួមបានដែរ ដូច្នេះយើងអាចប្រារព្ធទិវានេះតាមរបៀបណា?”

លោកថ្លែងថា នេះគឺជាលើកទីពីរហើយ ចំណែកលើកទីមួយវាបានកើតឡើងក្នុងខែមីនា ដោយអង្គការរបស់លោកបានលុបចោលកម្មវិធីនៅក្នុងពន្ធនាគារ នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ដោយសារមានការហាមឃាត់។ លោកបន្ថែមថា “ខ្ញុំគិតថា មូលហេតុមកពីពួកគេមានការខឹងសម្បាចំពោះរបាយការណ៍ស្តីពីពន្ធនាគារលើកមុនរបស់យើង។” 

Previous Article

អ្នកលេងព្យាណូវ័យក្មេងមានអនាគតភ្លឺស្វាង

Next Article

ការលេងកីឡាដោយស្មើភាពគ្នា