cellcard cellcard

ក្តីស្រមៃចង់ក្លាយជាអ្នកវិទ្យាសាស្ត្រ

ដោយ សំ បញ្ញា Share:

ភ្នំពេញ ខ្មែរថាមស៍ – ហេតុអ្វីបានជាអ្នកមិនសិក្សាជំនាញគណនេយ្យ ឬភាសាបរទេស? តើមុខជំនាញជីវគីមីមានអ្វីល្អ? តើអ្នកចង់ធ្វើជាគ្រូបង្រៀននៅវិទ្យាល័យមែនឬ? តើអ្នកមិនចង់ក្លាយជាអ្នកមានទេឬ? ទាំងនេះគឺជាសំណួរដែលគេតែងតែសួរកញ្ញា ប្រសិដ្ឋិ វជិនា នៅពេលនាងប្រាប់គេអំពីមុខជំនាញ ដែលនាងសិក្សានៅសាកលវិទ្យាល័យ។ 

ក្នុងវ័យ២០ឆ្នាំ កញ្ញា វជិនា គឺជានិស្សិតឆ្នាំទីបួនជំនាញជីវិគីមី នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ទោះបីជាអ្នកដទៃមិនយល់តម្លៃនៃមុខជំនាញនេះក៏ដោយ ក៏នាងគិតថាវាគឺជាមុខវិជ្ជា ដែលនាងចូលចិត្ត ហើយថ្ងៃណាមួយ នាងចង់ក្លាយជាអ្នកវិទ្យាសាស្ត្រមួយរូប។

កញ្ញា វជិនា បានរំឭកថា “ខ្ញុំនៅចាំបាននូវអ្វីដែលអ្នកដទៃបាននិយាយ។ ពួកគេបានសួរខ្ញុំថាតើ ខ្ញុំចង់ក្លាយជាគ្រូបង្រៀននៅវិទ្យាល័យមែនឬ? ហើយពួកគេអស់សំណើច ដោយគិតថាខ្ញុំចង់ក្លាយជាគ្រូបង្រៀនម្នាក់។”

ពីដំបូង ម្តាយ និងជីដូនរបស់កញ្ញា វជិនា មិនសូវពេញចិត្តចំពោះមុខជំនាញ ដែលនាងបានជ្រើសរើសនេះទេ។ ដោយមើលឃើញជំនាញខាងភាសាបរទេសរបស់នាង ពួកគាត់បានណែនាំឲ្យនាងបន្តការសិក្សានៅឯវិទ្យាស្ថានភាសាបរទេស។

ប៉ុន្តែទីបញ្ចប់ ពួកគាត់បានគាំទ្រចំពោះការសម្រេចចិត្តក្នុងការជ្រើសរើសជំនាញជីវគីមីរបស់នាង ដោយពួកគាត់យល់ថា នាងគឺជាអ្នកដែលត្រូវសម្រេចលើជោគវាសនារបស់ខ្លួន។

កញ្ញា វជិនា ថ្លែងថា “ម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់គ្រាន់តែគិតថាអ្វីដែលខ្ញុំគួរសិក្សាប៉ុណ្ណោះ ប្រសិនបើខ្ញុំមិនចូលចិត្តវា ខ្ញុំមិនចាំបាច់សិក្សាទេ។ គាត់ប្រាប់ខ្ញុំឲ្យធ្វើអ្វីដែលខ្ញុំចូលចិត្ត ពីព្រោះខ្ញុំគឺជាអ្នកសម្រេចលើអនាគតរបស់ខ្លួន។”

កញ្ញា វជិនា ថ្លែងទៀតថា “ពេលខ្ញុំឭដូច្នោះ ខ្ញុំដឹងថា គាត់មានការជឿជាក់លើខ្ញុំ។” នាងក៏បានលើកឡើងផងដែរថា ពាក្យសម្តីរបស់ម្តាយនាងបានផ្តល់ជាកម្លាំងចិត្តសម្រាប់នាងក្នុងការបន្តក្តីស្រមៃរបស់ខ្លួន។

ថ្វីត្បិតទទួលបានការគាំទ្រពីគ្រួសាររបស់ខ្លួនក្តី កញ្ញា វជិនា ក៏ត្រូវប្រឈមមុខនឹងបញ្ហាដទៃទៀតផងដែរ។ កញ្ញាបានរំឮកថា “ខ្ញុំស្ទើរតែបោះបង់ការសិក្សានៅពេលខ្ញុំរៀនឆ្នាំទីពីរ…នៅពេលនោះ ខ្ញុំមើលមិនឃើញអនាគតអ្វីទាល់តែសោះ…ខ្ញុំមានក្តីអស់សង្ឃឹម។ វាហាក់បីដូចជានិស្សិតទាំងអស់ចង់ក្លាយទៅជាគ្រូបង្រៀន ដោយគ្មាននរណាម្នាក់ចង់ក្លាយជាអ្នកវិទ្យាសាស្ត្រ ឡើយ។”

ក្នុងរយៈពេលពីរឆ្នាំដំបូង នាងមានក្តីបារម្ភច្រើន។ រហូតដល់ឆ្នាំទីបីទើបនាងចាប់ផ្តើមមានអារម្មណ៍ធូរស្រាលឡើងវិញ ដោយនាងមានក្តីស្រមៃចង់ក្លាយទៅជាអ្នកវិទ្យាសាស្ត្រម្នាក់។ 

នាងនិយាយថា “ក្តីស្រមៃនេះបានផ្តល់ជាកម្លាំងចិត្តដល់ខ្ញុំ។ ខ្ញុំចង់ក្លាយជាអ្នកវិទ្យាសាស្ត្រ តាំងពីខ្ញុំនៅក្មេងម្លេ៉ះ…ខ្ញុំចង់សាកល្បងក្នុងការបង្កើតអ្វីមួយថ្មីសម្រាប់មនុស្សជាតិ។” ដំបូងបំផុត នាងចាប់អារម្មណ៍លើសព៌ាង្គកាយរបស់មនុស្ស។ កាលពីនៅជាកុមារី នាងមានចម្ងល់ជាច្រើន ដូចជាហេតុអ្វីបានជាមនុស្សត្រូវការអាហារ? តើមនុស្សកើតចេញមកពីណា? តើអ្វីដែលធ្វើឲ្យមនុស្សឈឺ? ហេតុអ្វីបានមនុស្សមានមុខមាត់ខុសពីគ្នា? ឥឡូវ នាងអាចឆ្លើយសំណួរទាំងនេះដោយខ្លួនឯងបានតាមលក្ខណៈវិទ្យាសាស្ត្រ។ 

នាងថ្លែងថា “ចំពោះខ្ញុំ វិទ្យាសាស្ត្រគឺជាចម្ងល់។ ប្រសិនបើមនុស្សពុំមានចម្ងល់ទេ គេពុំអាចបង្កើតថ្នាំវ៉ាក់សាំង ឱសថ ឬទូរស័ព្ទអាយហ្វូនបានទេ។” បច្ចុប្បន្ន និស្សិតវ័យ២០ឆ្នាំរូបនេះ កំពុងទទួលបានលទ្ធផលល្អនៅក្នុងការសិក្សា ជំនាញជីវគីមីរបស់ខ្លួន ហើយនាងគិតថា ការសិក្សារបស់នាងនឹងនាំមកនូវអត្ថប្រយោជន៍ដល់សង្គម។ 

នាងបានចំណាយពេលវិស្សមកាលរបស់ខ្លួនចុះកម្មសិក្សាក្នុងនាមជាអ្នកបច្ចេកទេសក្នុងមន្ទីរពិសោធន៍នៅឯវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានផ្តល់នូវឱកាស ក្នុងការស្វែងយល់ពីការងារជាក់ស្តែង ក៏ដូចជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់នាងខណៈក្តីស្រមៃរបស់នាងជិតក្លាយជាការពិត។ 

Previous Article

អ្នកលេងព្យាណូវ័យក្មេងមានអនាគតភ្លឺស្វាង

Next Article

ការលេងកីឡាដោយស្មើភាពគ្នា