វិស័យធនាគារនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចថ្មី

ដោយ ម៉ៃ គុណមករា No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ខណៈប្រទេសក្នុងសកលលោក កំពុងជួបប្រទះភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច មេដឹកនាំក្នុងតំបន់បានអំពាវនាវឲ្យមានសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរជាមុន ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺជាមេដឹកនាំម្នាក់ក្នុងចំណោមនោះដែលបានជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យកាន់តែមានភាពប្រសើរឡើង។ 

នៅក្នុងវេទិកាធុរកិច្ចមួយនៅឯទីក្រុងប៉េកាំងកាលពីពាក់កណ្តាលខែមុន លោកបានអំពាវនាវឲ្យមានកិច្ចសហការ និងការធ្វើសមាហរណកម្មលើទីផ្សារហិរញ្ញវត្ថុក្នុងតំបន់។

លោក ហ៊ុន សែន កត់សម្គាល់ថា ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច។ លោកមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍន៍កំពុងប្រឈមមុខនឹងការថយចុះនៃតម្រូវការ ចំណែកឯប្រទេសកំពុងអភិវឌ្ឍន៍កំពុងជួបប្រទះនូវការធ្លាក់ចុះនៃការនាំចេញ និងការវិនិយោគ។ 

លោកបានគូសបញ្ជាក់ថា “នៅក្នុងបរិបទនៃស្ថានភាពតំបន់ និងសកលលោកបែបនេះ ខ្ញុំគិតថា វាគឺជាការចាំបាច់ដែលយើងត្រូវតែជំរុញការធ្វើសមាហរណកម្ម។”

បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងមានប្រៀបក្នុងការទទួលបានផលចំណេញពី សមាហរណកម្មនេះ។ នេះគឺជាសមិទ្ធិផលមួយដ៏ប្រសើរ ប្រសិនបើយើងគិតពីសង្រ្គាមសីុវិលដ៏រ៉ាំរ៉ៃ ដែលប្រទេសយើងបានឆ្លងកាត់។ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ យើងទទួល បានប្រយោជន៍ជាច្រើនពីសន្តិភាព។ ក្នុងនោះ កំណើនសេដ្ឋកិច្ចប្រហែល៧ភាគរយក្នុងមួយឆ្នាំ គឺជាសមិទ្ធិផលមួយរបស់យើង។ មានប្រទេសតិចតួចបំផុតក្នុងពិភពលោកដែលមានអត្រាកំណើនដូចនេះ។ 

ដោយផ្អែកលើវិស័យកាត់ដេរ កសិកម្ម ទេសចរណ៍ សំណង់ និងវិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងមានកំណើន៧ភាគរយម្តងទៀតក្នុងឆ្នាំនេះ។

វិស័យហិរញ្ញវត្ថុ គឺជាផ្នែកមួយយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច។ ធនាគារ និងស្ថាប័នមីក្រូហិរ ញ្ញវត្ថុបានផ្តល់ដើមទុនជូនក្រុមហ៊ុន និងប្រជាពលរដ្ឋសម្រាប់ដំណើរការ ឬពង្រីកអាជីវកម្ម។ វិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ក៏ដូចជាកាត់ បន្ថយភាពក្រីក្រក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។ 

គិតត្រឹមចុងឆ្នាំមុន ប្រទេសកម្ពុជាមានធនាគារពាណិជ្ជជាង៣០ ធនាគារឯកទេស១១ និង ការិយាល័យតំណាងធនាគារបរទេស៦ ព្រមទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុជិត៤០។ នេះបើតាមការឲ្យដឹងពីធនាគារជាតិកម្ពុជា។ ទ្រព្យសកម្មក្នុងវិស័យធនាគារកើនឡើងប្រហែល២៨ភាគរយ ចំណែកឯប្រាក់បញ្ញើ និងកម្ចីឥណទានកើនឡើងប្រហែល៣១ភាគរយ។ វិស័យមីក្រូហិរញ្ញវត្ថុ ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ មានទ្រព្យសកម្មសរុបកើនឡើងចំនួន៦០ភាគរយ។ ប្រាក់កម្ចីរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុបានកើនឡើង៥០ភាគរយ ហើយប្រាក់បញ្ញើរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន៧បានកើនឡើងទ្វេដង។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា បានថ្លែងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយថា វិស័យធនាគារបន្តអភិវឌ្ឍ និងរីកចម្រើន តាមរយៈការផ្តល់នូវសេវាកម្មថ្មីៗ ដើម្បី សម្របតាមដំណើរវិវឌ្ឍន៍យ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ច។

លោក ចាន់តូ មានប្រសាសន៍ថា “នៅពេលសេដ្ឋកិច្ចមានកំណើន ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុកាន់តែមានសារៈសំខាន់ថែមទៀត។ ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុបន្តរីកដុះដាលពាសពេញទូទាំងប្រទេសរហូតដល់ទីជនបទ ដែលពីមុនទីនោះពុំធ្លាប់មានសេវាកម្មហិរញ្ញវត្ថុឡើយ។ តាមពិត ចំនួនប្រជាជនដែលបានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ បានកើនឡើងទ្វេដងពី១៩ភាគរយដល់៤២ភាគរយនៅក្នុងឆ្នាំ២០១៤ ហើយទ្រព្យសកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុបានកើនឡើង៦០ភាគយ។” 

លោកថ្លែងថា ធនាគារជាតិគឺជាអាជ្ញាធរត្រួតពិនិត្យ និងជានិយ័តករមានប្រសិទ្ធិភាពក្នុងវិស័យ ធនាគារ។ ដោយសារមានការត្រួតពិនិត្យរបស់ធនាគារជាតិ វិស័យធនាគារបានក្លាយជាវិស័យមួយ ប្រកបដោយស្ថិរភាព និងភាពប្រកួតប្រជែង នៅក្នុងសេដ្ឋកិច្ចតំបន់ និងសកលលោក។ 

លោក ចាន់តូ បានពន្យល់ថា “ដោយសារវិស័យធនាគារបន្តរីកដុះដាល ធនាគារ និងសេវាកម្មហិរញ្ញវត្ថុកាន់តែច្រើនឡើង បានជ្រកនៅក្រោមឆ័ត្ររបស់ធនាគារជាតិ។ ដើម្បីរៀបចំ និងកាត់បន្ថយហានិភ័យឲ្យកាន់តែប្រសើរឡើង ធនាគារជាតិបានពង្រឹងវិធីសាស្ត្រត្រួតពិនិត្យរបស់ខ្លួន ហើយបានចុះត្រួតពិនិត្យដល់ទីកន្លែងជាប្រចាំ។”

លោក ែហនថ៍ ណាក់លី អគ្គនាយកធនាគារ ANZ Royal បានទទួលស្គាល់ថា ដំណើរការ វិវឌ្ឍន៍នៃវិស័យធនាគារនៅកម្ពុជាបានប្រព្រឹត្តគួរឲ្យកត់សម្គាល់។ 

លោក ណាក់លី និយាយថា  “សេវាធនាគារមានការវិវឌ្ឍយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា។” លោកក៏បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះវិធានការនានារបស់ធនាគារជាតិក្នុងការជំរុញឲ្យមានការវិវឌ្ឍបែបនេះ។ 

លោក ស្តេហ្វិន ហ៊ីហ្គីន អគ្គនាយកក្រុមហ៊ុនស្រាវជ្រាវ Mekong Strategic Partners បានធ្វើការកត់សម្គាល់ថា វិស័យហិរញ្ញវត្ថុនៅកម្ពុជាត្រូវបានគ្របដណ្តប់ដោយធនាគារក្នុងស្រុកធំៗមួយចំនួន និងធនាគារអន្តរជាតិធំៗ។ លោកនិយាយថា ប្រទេសកម្ពុជាមានវិស័យមីក្រូហិរញ្ញវត្ថុ ដែលមានដំណើរការល្អបំផុតមួយនៅក្នុងពិភពលោក។

លោក ហ៊ីហ្គីន ថ្លែងថា “វិស័យហិរញ្ញវត្ថុមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយវាមានដំណើរការប្រសើរជាងប្រទេសឡាវ និងភូមា។ ប៉ុន្តែ វានៅមានការវិវឌ្ឍយឺតជាងប្រទេសវៀតណាមនៅឡើយ។”

លោកថ្លែងទៀតថា “ប្រទេសកម្ពុជាមានធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុច្រើនជ្រុល។ ប្រសិនបើធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុមួយមានចំណែកទីផ្សារតិចជាងមួយភាគរយ យើង ពិតជាមានចម្ងល់ចំពោះតម្លៃរបស់វា នៅក្នុងវិស័យហិរញ្ញវត្ថុ។ ធនាគារជាតិកម្ពុជាគួរតែបង្កើនកម្រិតដើមទុនអប្បបរមា យ៉ាងហោចណាស់ត្រឹម៧៥លានដុល្លារ ដែលនឹងជំរុញឲ្យធនាគារតូចៗបង្កើនដើមទុនរបស់ខ្លួន បើមិនដូច្នោះទេពួកគេនឹងត្រូវចាកចេញពីទីផ្សារ។”

ប៉ុន្តែលោក ណាក់លី និយាយថា ការប្រុងប្រយ័ត្ន និងការទប់ស្កាត់ហានិភ័យ ព្រមទាំងការអនុវត្តច្បាប់គួរតែធ្វើឡើងឲ្យបានត្រឹមត្រូវដើម្បីបន្តលើកស្ទួយវិស័យនេះ និងដើម្បីរក្សា កំណើនសេដ្ឋកិច្ចឲ្យបានខ្លាំងសម្រាប់សមាហរណកម្មទាំងក្នុងតំបន់ និងសកលលោក។ 

លោកលើកឡើងថា “ខ្ញុំគិតថាវិស័យធនាគារនឹងជួបនឹងបញ្ហាប្រឈម នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយធនាគារជាតិនឹងក្លាយជាដៃគូមួយយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ”

លោក ហ៊ីហ្គីន ថ្លែងថា “វិស័យធនាគារនៅកម្ពុជា មានដំណើរការវិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែខ្ញុំជឿជាក់ថា យើងកំពុងឈានទៅរកសម័យកាលមួយដែលធនាគារនៅកម្ពុជាត្រូវតែមានយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីទទួលបានជោគជ័យ។”

ទន្ទឹមគ្នានោះដែរ លោកក៏បានរំឭកផងដែរថា បញ្ហាប្រឈមធំបំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខគឺវិបត្តិនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលវាតែងតែកើតឡើងនៅពេលមានការបោះឆ្នោត ដោយសារផលប៉ះពាល់នៃការដំឡើងកម្រិតដើមទុនអប្បបរមា និងការកាត់បន្ថយកម្រិតប្រាក់កម្ចី ដែលបច្ចុប្បន្នលោកគិតថាវាមានកម្រិតខ្ពស់ជ្រុល។ 

លោក ហ៊ីហ្គីន និយាយថា “ទោះបីជាប្រាក់កម្ចីថយចុះពាក់កណ្តាលក៏ដោយ ក៏វានឹងកើនដល់៣០ប៊ីលានដុល្លារដែរ នៅឆ្នាំ២០២០ ដែលនេះគឺជាតួលេខមួយដ៏ធំសម្បើមសម្រាប់ប្រទេសកម្ពុជា។”

លោក ចាន់តូ កត់សម្គាល់ថា ធនាគារជាតិបាន និងកំពុងឈានទៅមុខក្នុងការបង្កើតប្រព័ន្ធ ទូទាត់ប្រាក់ជាតិមួយ។ គោលដៅរបស់យើងគឺដើម្បីបង្កើតប្រព័ន្ធមួយ ដែលអាចសម្របតាមការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេស និងជួយឲ្យកម្ពុជាអាចធ្វើសមាហរណ-កម្ម បានយ៉ាងប្រសើរទៅក្នុងវិស័យហិរញ្ញវត្ថុនៃតំបន់អាស៊ាន។ 

ដោយហេតុនេះហើយ បានជាធនាគារជាតិបានបង្កើតនាយកដ្ឋានប្រព័ន្ធទូទាត់ប្រាក់ ដើម្បីពង្រឹងមធ្យោបាយទូទាត់ប្រាក់នៅកម្ពុជា និងកំពុងធ្វើឲ្យការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចកាន់តែប្រសើរឡើង។

ក្នុងឆ្នាំ២០១៤ ធនាគារជាតិបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ធនាគារកណ្តាល ស្ថាប័ន ហិរញ្ញវត្ថុ និងស្ថាប័នបណ្តុះបណ្តាលអន្តរជាតិដទៃទៀត ដើម្បីផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍។ 

លោក ចាន់តូ ពន្យល់ថា “នៅក្នុងកិច្ចសហប្រតិបត្តិការនេះ ធនាគារជាតិទទួលបានជំនួយ បច្ចេកទេស និងការបណ្តុះបណ្តាលដ៏មានតម្លៃ ដើម្បីកសាងសមត្ថភាពរបស់បុគ្គលិកខ្លួន។”

រដ្ឋាភិបាលទស្សន៍ទាយថា  ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមសម្រាប់មនុស្សម្នាក់ៗនឹងកើនដល់ ១,២២៥ដុល្លារនៅក្នុងឆ្នាំនេះ។ 

អត្រាភាពក្រីក្របានធ្លាក់ចុះដល់១៣.៥ភាគរយកាលពីឆ្នាំមុន គឺបានធ្លាក់ចុះពី៥៣.២ភាគរយ ដែលជាអត្រានៅក្នុងឆ្នាំ២០០៤។

កម្ពុជានឹងផ្លាស់ប្តូរពីប្រទេស ដែលមានប្រាក់ចំណូលទាបទៅជាប្រទេស ដែលមានប្រាក់ចំណូល មធ្យមកម្រិតទាបនៅដំណាច់ឆ្នាំនេះ ហើយត្រូវបានគេរំពឹងថានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០។ 

ប្រទេសកម្ពុជា កំពុងអភិវឌ្ឍដោយផ្អែកលើវិស័យហិរញ្ញវត្ថុមួយដែលត្រូវបានបង្កើតឡើងពីបាត ដៃទទេរក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។  

Share and Like this post

Related Posts

Previous Article

ស្រ្តីខ្មែរបានក្លាយជាបវរកញ្ញាប្រចាំរដ្ឋកាលីហ្វូញ៉ា

Next Article

នាយករដ្ឋមន្ត្រីតែងតាំងកូនប្រុសឲ្យកាន់តំណែងយោធាជាន់ខ្ពស់