ការរីកចម្រើននៃឧស្សាហកម្មរថយន្តនៅកម្ពុជា

ដោយ សុខ ចាន់ No Comments Share:

ក្វាងចូវ ខ្មែរថាមស៍ – ក្រុមហ៊ុន Guangzhou Automobile Group Co., Ltd (GAC Group) ដែលជា ក្រុមហ៊ុនផលិតរថយន្ត និងគ្រឿងបន្លាស់ និងជាសហគ្រាសរបស់រដ្ឋដ៏ធំមួយ នៅក្នុងប្រទេសចិន កំពុងរង់ចាំសេចក្តីសម្រេចពី
រដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមដំណើរការផលិត និងលក់រថយន្ត និងគ្រឿងបន្លាស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងពីមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនកាលពីសប្តាហ៍មុន។ 

លោក ចឺរី លាវ ប្រធានផ្នែកធុរកិច្ចអន្តរជាតិរបស់ក្រុមហ៊ុន GAC Group ថ្លែងថា ចាប់តាំងពីក្រុមហ៊ុន GAC Group បានបើកសម្ពោធអគារតាំងបង្ហាញផលិតផលរបស់ខ្លួនកាលពីឆ្នាំ២០១៤ នៅក្នុងប្រទេសកម្ពុជាមក ក្រុមហ៊ុនបានមើលឃើញការវិវឌ្ឍដ៏វិជ្ជមានសម្រាប់ការលក់រថយន្តនៅក្នុងប្រទេសកម្ពុជា។ លោក ចឺរី លាវ ថ្លែងទៀតថា “សម្រាប់ឆ្នាំទីមួយ យើងបាននាំរថយន្តចំនួន២០គ្រឿងមកកម្ពុជា ហើយបានបន្ថែមរថយន្តចំនួន១៣គ្រឿងទៀតសម្រាប់រយៈពេល១០ខែដំបូងក្នុងឆ្នាំ២០១៥នេះ។”

លោក ចឺរី និយាយថា ប្រទេសកម្ពុជាស្ថិតនៅចំណុចកណ្តាលក្នុងតំបន់អាស៊ាន។ដូច្នេះ កម្ពុជា គឺជាទីតាំងមួយដ៏ល្អសម្រាប់ផលិតរថយន្ត ដើម្បីនាំចេញទៅកាន់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ លោក ចឺរី លើកឡើងថា “សម្រាប់រយៈពេលមួយឆ្នាំដែលយើងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា យើងលក់បានរថយន្តចំនួន២២គ្រឿង ហើយយើងនឹងនាំចូល២០ទៅ ៣០គ្រឿងទៀតក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។”

អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ស្រី ចន្ធី បានប្រាប់កាសែតខ្មែរថាមស៍ថា នេះគឺដំណឹងល្អមួយសម្រាប់ប្រជាជនកម្ពុជា។ លោកបន្ថែមទៀតថាវានឹងបង្កើតការងារសម្រាប់ប្រជាជន ធ្វើឲ្យឧស្សាហកម្ម និងសេវាកម្មដទៃទៀតមានការរីកចម្រើន បង្កើនតម្លៃលើវត្ថុធាតុដើមដែល ប្រទេសកម្ពុជាមានសម្រាប់ឧស្សាហកម្មរថយន្ត ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។ 

លោក ចន្ធី ថ្លែងថា “សហគមន៍សេដ្ឋកិច្ចអាស៊ានកំពុងខិតចូលមកឆាប់ៗនាពេលខាងមុខនេះ ហើយប្រទេសកម្ពុជាគឺទីកន្លែងដ៏ល្អសម្រាប់ការវិនិយោគ។ យើងមានគោលនយោ-បាយ អភិវឌ្ឍន៍ឧស្សាហកម្ម ហើយវិនិយោគិននឹងមានលទ្ធភាពចូលទីផ្សារអាស៊ានបាន។ ប្រទេសកម្ពុជា ស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ានហើយកម្ពុជាមិនមែនជាប្រទេសដែលងាយ រងគ្រោះថ្នាក់ធម្មជាតិដូចជារញ្ជួយផែនដី បន្ទុះភ្នំភ្លើង និងខ្យល់ព្យុះឡើយ លើកលែងតែទឹកជំនន់ និងគ្រោះរាំងស្ងួតប៉ុណ្ណោះ។”

ប្រធានផ្នែកធុរកិច្ចអន្តរជាតិរបស់ក្រុមហ៊ុន GAC Group ថ្លែងទៅកាន់ក្រុមអ្នកកាសែតកម្ពុជាថា កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានទីផ្សារប្រកបដោយសក្តានុពល។លោកថ្លែងបន្តទៀតថា តាមរយៈការវិនិយោគក្នុងទីផ្សាររថយន្តនៃប្រទេសកម្ពុជា ក្រុមហ៊ុន GAC Group នឹងលក់ ព្រមទាំងចែកចាយផលិតផលរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ 

ផ្អែកតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគនៅកម្ពុជាពីខែមករាដល់ខែ មិថុនាឆ្នាំ២០១៥ គឺមានទឹកប្រាក់ប្រហែល៣.៣ប៊ីលានដុល្លារ។ វិនិយោគរបស់ចិនជាប់ចំណាត់ថ្នាក់ទីពីរគឺ៧.៦៥ភាគរយនៃចំណូលវិនិយោគសរុប។ 

លោក លី ឌុន ហៃ អគ្គនាយកក្រុមហ៊ុន Toyota (Cambodia) Co., Ltd បានប្រាប់កាសែតខ្មែរថាមស៍ថា វត្តមានរបស់ក្រុមហ៊ុនរថយន្តថ្មីៗនៅកម្ពុជាគឺជារឿងប្រសើរមួយសម្រាប់ប្រជា- ជនកម្ពុជា ពីព្រោះពួកគេមានជម្រើស និងជំនឿចិត្តលើក្រុមហ៊ុនដែលពួកគេពេញចិត្ត។ លោក ហៃ ថ្លែងថា “សម្រាប់ទីផ្សារសេរី ខ្ញុំពុំមានក្តីបារម្ភចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនថ្មីនៅកម្ពុជាឡើយ។ ការលក់របស់យើងក្នុងរយៈពេល១០ខែដំបូងក្នុងឆ្នាំនេះបានកើនឡើងប្រហែល២០ ភាគរយ ហើយការកើនឡើងនេះគឺផ្អែកលើកំណើនសេដ្ឋកិច្ចជាតិ។” លោកថ្លែងទៀតថា រថយន្តប្រភេទ pick-up គឺជារថយន្តដែលលក់ដាច់ជាងគេនៅក្នុងប្រទេសកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ លោក ចន្ធី គូសបញ្ជាក់ថា កង្វះកម្មករជំនាញ និងវិស្វករនៅក្នុងឧស្សាហកម្មរថយន្ត ប្រេងសាំងដែលមានតម្លៃខ្ពស់ ការប្រកួតប្រជែងក្នុងស្រុក និងតំបន់ កង្វះហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសប្រកួតប្រជែងអាជីវកម្មដែលនៅមានកម្រិត ទំនាក់ទំនងមិនសូវល្អរវាងនិយោជិត និងនិយោជក ព្រមទាំងប្រព័ន្ធតុលាការ និងមជ្ឈត្តកម្មដែលមិនអាចទុកចិត្តបាន គឺជាបញ្ហាប្រឈមសម្រាប់ឧស្សហកម្មរថយន្តនៅកម្ពុជា។ យោងតាមរបាយការណ៍ស្តីពីគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យឧស្សាហកម្ម គឺជាយុទ្ធសាស្ត្រអាទិភាពមួយ សម្រាប់ជំរុញពិពិតកម្មសេដ្ឋកិច្ច អនុវត្តកំណែទម្រង់ស៊ីជម្រៅ និងជំរុញបរិយាកាសប្រកួតប្រជែង។ 

ផ្អែកតាមរបាយការណ៍ដដែលនេះ ឧស្សាហកម្មគឺជាវិស័យមួយដ៏សំខាន់ក្នុងការផ្តល់ការងារ ជូនប្រជាពលរដ្ឋ។ នៅក្នុងឆ្នាំ១៩៩៣ ប្រជាជនប្រហែល៧២ភាគរយពឹងផ្អែកលើវិស័យកសិកម្ម បើប្រៀបធៀបនឹងវិស័យឧស្សាហកម្មគឺមានប្រហែល៥ភាគរយប៉ុណ្ណោះ។ ផ្អែកតាមជំរឿនឆ្នាំ២០០៨ ប្រជាជនបម្រើការងារក្នុងវិស័យឧស្សាហកម្មមានចំនួនជិត៦០០,០០០នាក់ ឬស្មើនឹង៨.៦ភាគរយនៃការងារសរុប។ ប៉ុន្តែ ផ្អែកតាមការស្ទង់មតិសេដ្ឋកិច្ចសង្គមឆ្នាំ២០១២ ចំនួននេះបានកើនដល់១.៤លានឬស្មើនឹង១៨.៦ភាគរយនៃការងារសរុប។  

Share and Like this post

Related Posts

Previous Article

ស្រ្តីខ្មែរបានក្លាយជាបវរកញ្ញាប្រចាំរដ្ឋកាលីហ្វូញ៉ា

Next Article

នាយករដ្ឋមន្ត្រីតែងតាំងកូនប្រុសឲ្យកាន់តំណែងយោធាជាន់ខ្ពស់