យ៉ែម ប៉ុចឆិមា៖ ការរួមចំណែកក្នុងសង្គមគឺជាតួនាទីរបស់ពលរដ្ឋ

ដោយ សុខ សុភ័ក្ត្របញ្ញា No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ដោយមានទឹកចិត្តស្រលាញ់ជាតិ យ៉ែម ប៉ុចឆិមា បានសម្រេចចិត្តបម្រើការងារស្ម័គ្រចិត្តក្នុងសង្គម។ នាងគិតថា នាងអាចចូលរួមអភិវឌ្ឍសង្គមតាមរយៈការងារស្ម័គ្រចិត្តនេះ។ 

ក្នុងវ័យ១៩ឆ្នាំ និស្សិតឆ្នាំទីពីរផ្នែកសង្គមវិទ្យានៃសាកលវិទ្យាល័យភ្នំពេញរូបនេះជឿជាក់ថា និស្សិតម្នាក់ៗ គួរតែចូលរួមក្នុងការងារសង្គម ប្រសិនបើពួកគេអាចឆ្លៀតពេលបាន។ នាងគិតថា ពលរដ្ឋទាំងអស់មានតួនាទីរួមចំណែកក្នុងការងារសង្គម។ កញ្ញា ប៉ុចឆិមា ថ្លែងថា “វាមិនពិតទេដែលថា យុវជនមិនត្រូវចូលរួមក្នុងសកម្មភាពនយោបាយ ប៉ុន្តែយុវជនមានសិទ្ធិបញ្ចេញមតិចំពោះអ្វី ដែលពួកគេចូលចិត្ត និងមិនចូលចិត្ត។ ដូច្នេះហើយបានជាខ្ញុំចូលចិត្តចូលរួមក្នុងការងារសង្គម។”

ចំពោះហេតុផលដែលនាងសម្រេចចិត្តចូលរួមក្នុងសកម្មភាពនយោបាយ និងសង្គម នាងបាននិយាយថា “ដំបូង ខ្ញុំបានស្ម័គ្រចិត្តចូលរួមកម្មវិធីដែលពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗដែលកើត មានក្នុងសង្គម។ បន្ទាប់មក ដោយសារខ្ញុំគឺជានិស្សិតផ្នែកសង្គមវិទ្យា ខ្ញុំត្រូវមានគំនិតច្រើនអំពីប្រទេសរបស់យើង។ ខ្ញុំក៏ចូលចិត្តអានព័ត៌មានស្ទើររៀងរាល់ថ្ងៃផងដែរ។”

នៅពេលកញ្ញា ប៉ុចឆិមា បានបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ២០១៤ នាងបានចាប់ផ្តើមធ្វើការជាមួយកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដែលជាអង្គការលើកស្ទួយយុវជនមួយ។ នៅពេលនោះអង្គការបានបង្រៀននាងអំពីតួនាទី និងសិទ្ធិរបស់យុវជននៅក្នុងសង្គម។ 

កញ្ញា ប៉ុចឆិមា និយាយថា “ពួកគេក៏បានផ្តល់ឱកាសសម្រាប់យើងក្នុងការត្រិះរិះពិចារណាលើបញ្ហានៅក្នុងសង្គមរបស់យើងផងដែរ។”

ក្រោយមក នាងបានចាប់ផ្តើមចូលរួមសកម្មភាពសង្គមផ្សេងទៀត ដូចជាការបណ្តុះបណ្តាល គ្រូបង្គោលស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហម ការប្រលងតែងសេចក្តីសម្រាប់យុវជន និងយុទ្ធ-នាការ ផ្សេងទៀត។ តាមរយៈសិក្ខាសាលា និងកម្មវិធីទាំងនេះ នាងមានឱកាសចូលរួមកាន់តែច្រើន ក្នុងសកម្មភាពនយោបាយ។ 

កញ្ញា ប៉ុចឆិមា ថ្លែងថា “ពួកគេមើលឃើញចំណាប់អារម្មណ៍ និងសមត្ថភាពរបស់ខ្ញុំតាមរយៈការងារស្ម័គ្រចិត្តរបស់ខ្ញុំ។ ខ្ញុំមានការព្រួយបារម្ភចំពោះសង្គមជាតិ។ ពួកគេបានជ្រើសរើសយុវជន ដែលបានមានចំណេះដឹងច្រើនអំពីសង្គម  ដូច្នេះពួកគេបានសម្រេចចិត្តជ្រើសរើស យកខ្ញុំ។”

កាលពីដំបូង ដែលនាងនិយាយអំពីបញ្ហានយោបាយជាសាធារណៈ នាងមានការព្រួយបារម្ភ។ នាងនិយាយថា “ប្រសិនបើយើងនិយាយអ្វីមួយចំពោះអ្នកនយោបាយ យើងត្រូវតែមានស្ថិតិ និងភស្តុតាងត្រឹមត្រូវ។ ប្រសិនបើមិនអញ្ចឹងទេ នៅពេលសម្តីរបស់យើងត្រូវបានផ្សព្វផ្សាយដោយអ្នកកាសែត យើងនឹងមានបញ្ហា។ ដូច្នេះយើងត្រូវធ្វើការស្រាវជ្រាវឲ្យបានល្អិតល្អន់។”

ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏កញ្ញា ប៉ុចឆិមា នៅតែញញឹម នៅពេលនាងនិយាយអំពីការងាររបស់នាងក្នុងនាមជាអ្នកតំណាងយុវជនម្នាក់។ 

ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើនពីការចូលរួមក្នុងការងារយុវជន នាងថ្លែងថា នាង កាន់តែមានភាពជឿជាក់លើខ្លួនឯងច្រើនជាងមុន។ នាងក៏ទទួលបានបទពិសោធន៍ជាច្រើនផងដែរ ពីការរៀបចំកម្មវិធីជាមួយអ្នកស្ម័គ្រចិត្តផ្សេងទៀតហើយមានឱកាសស្គាល់មនុស្សជាច្រើន ដែលជួយឲ្យនាងមានចំណេះដឹងកាន់តែទូលំទូលាយ។ 

កញ្ញា ប៉ុចឆិមា ថ្លែងថា “ឪពុកម្តាយខ្ញុំតែងតែមានការព្រួយបារម្ភ នៅពេលខ្ញុំបានចូលរួមក្នុងសកម្មភាពនយោបាយ។ ប៉ុន្តែ ខ្ញុំបានពិភាក្សាជាមួយពួកគាត់។ ក្រោយមក ឪពុកម្តាយរបស់ខ្ញុំចាប់ផ្តើមគិតថា យុវជនមានសិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយ និងបញ្ចេញមតិរបស់ខ្លួន។”

មិត្តភក្តិរបស់នាង បានចាប់ផ្តើមធ្វើតាមនាង ដោយសារឥឡូវពួកគេគិតថា យុវជនអាចចូលរួមបញ្ចេញមតិរបស់ខ្លួនចំពោះបញ្ហាសង្គម។ 

ដោយមានការកោតសរសើរចំពោះស្ត្រីខ្មែរឆ្នើមម្នាក់គឺ លោកស្រី ពុង ឈីវហ្គេច កញ្ញា ប៉ុចឆិមា មានបំណងបង្កើតអង្គការមួយ ដើម្បីរៀបចំគោលនយោបាយសង្គម និងជួយដោះស្រាយបញ្ហាសង្គមបន្ទាប់ពីនាងបញ្ចប់ការសិក្សា។

នាងបានប្រាប់កាសែតខ្មែរថាមស៍ថា “ខ្ញុំស្រលាញ់ប្រទេសខ្ញុំ។ ខ្ញុំស្រលាញ់ប្រជាជនកម្ពុជា។ ខ្ញុំចង់ឲ្យប្រទេសខ្ញុំរីកចម្រើន។ ខ្ញុំចង់ឲ្យពលរដ្ឋក្នុងប្រទេសរបស់ខ្ញុំទទួលបានសិទ្ធិ និងយុត្តិធម៌ដូចគ្នា។ គ្មាននរណាម្នាក់គួរមានអំណាចជាងនរណាម្នាក់ទៀតឡើយ។”

Share and Like this post

Related Posts

Previous Article

ស្រ្តីខ្មែរបានក្លាយជាបវរកញ្ញាប្រចាំរដ្ឋកាលីហ្វូញ៉ា

Next Article

ការជួយជ្រោមជ្រែងពីគ្រួសារ៖ រឿងរ៉ាវជីវិតរបស់អ្នកញៀនថ្នាំ