នាយករដ្ឋមន្ត្រីតែងតាំងកូនប្រុសឲ្យកាន់តំណែងយោធាជាន់ខ្ពស់

ដោយ Jonathan Greig និង វ៉ែន រដ្ឋាវង្ស No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដំឡើងឋានន្តរសក្តិដល់កូនប្រុស ទីពីរ លោក ហ៊ុន ម៉ានិត ទៅជាប្រធានចារកម្មយោធានៃក្រសួងការពារជាតិ តាមរយៈអនុក្រឹត្យមួយដែលបានចេញកាលពីខែមុន។ 

លោក ម៉ានិត គឺជាកូនប្រុសទីពីររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានតែងតាំង ឲ្យកាន់តំណែងជាន់ខ្ពស់មួយនៅក្នុងស្ថាប័នយោធា។ កូនប្រុសច្បងរបស់លោក គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាប្រធាននាយកដ្ឋានប្រឆាំងអំពើភេរវកម្ម។

លោក ម៉ានិត នឹងជំនួសតំណែងរបស់លោកនាយឧត្តមសេនីយ៍ ជា តារា ដែលបច្ចុប្បន្នគឺជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ លោកនាយឧត្តមសេនីយ៍ ជា តារា នឹងបន្តកាន់ តំណែងរបស់ខ្លួនជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។

អ្នករិះគន់បានហៅទង្វើនេះថាជាទង្វើបក្សពួកនិយម ហើយថាវាគឺជាការព្យាយាមមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងអំណាចរបស់គ្រួសារខ្លួននៅក្នុងជួររដ្ឋាភិបាល និងយោធា។ 

លោក មាស នី អ្នកវិភាគនយោបាយ បាននិយាយថា លោក ហ៊ុន សែន បារម្ភខ្លាចបាត់បង់ អំណាចគ្រប់គ្រងយោធា ប្រសិនបើគណបក្សប្រជាជនទទួលបរាជ័យក្នុងការបោះឆ្នោតលើក ក្រោយ។ លោកនាយករដ្ឋមន្ត្រីបានព្រមានរួចហើយថា ប្រទេសកម្ពុជានឹងមានចលាចលក្នុងសង្គម ប្រសិនបើគណបក្សសង្រ្គោះជាតិទទួលបានជ័យជំនះ នៅក្នុងការបោះឆ្នោតលើកក្រោយ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៨។
 
លោក នី បានថ្លែងថា “តួនាទីផ្នែកចារកម្មគឺមានសារៈសំខាន់ណាស់។” លោកថ្លែងទៀតថា ការតែងតាំងនេះមិនមែនគ្រាន់តែជាផែនការមួយក្នុងការបន្តុបអ្នកស្នងតំណែង សម្រាប់លោក ហ៊ុន សែន ឡើយ។ លោក នី ពន្យល់ថា មន្ត្រីជាន់ខ្ពស់ម្នាក់ដែលគ្រប់គ្រងរាល់ព័ត៌មានទាំងអស់របស់យោធា គឺជាបុគ្គលដែលមានឥទ្ធិពលលើស្ថិរភាពរបស់រដ្ឋាភិបាល។

លោក នី និយាយទៀតថា លោក ហ៊ុន សែន កំពុងរៀបចំគ្រួសាររបស់លោក ដើម្បីត្រៀម ក្នុងករណីគណបក្សប្រជាជនបាត់បង់អំណាច។ លោក នី ថ្លែងថាដោយសារនាយករដ្ឋមន្ត្រីមិន អាចជ្រើសរើសអ្នកស្នងតំណែងរបស់ខ្លួន លោកត្រូវធ្វើឲ្យប្រាកដថា ទោះបីជានរណាជាអ្នកកាន់អំណាចក៏ដោយ លោកនឹងនៅតែជាអ្នកគ្រប់គ្រងលើយោធាដដែល។  

នៅក្នុងបទសម្ភាសន៍មួយកាលពីដើមសប្តាហ៍នេះនៅក្នុងប្រទេសអូស្ត្រាលី លោក ម៉ាណែត ត្រូវបានសួរថាតើលោកចង់ជំនួសតំណែងឪពុករបស់ខ្លួនដែរឬទេ។ លោកបានឆ្លើយថា វាអាស្រ័យលើប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកជ្រើសរើសមេដឹកនាំរបស់ខ្លួន។ 

ពាក្យចចាមអារ៉ាម ដែលថាកូនប្រុសម្នាក់របស់លោកនាយករដ្ឋមន្ត្រី គ្រោងនឹងជំនួសតំណែង របស់លោក បានរីករាលដាលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ។

Share and Like this post

Related Posts

Previous Article

BarCamp Phnom Penh ២០១៥៖ មិនមែនត្រឹមជាព្រឹត្តិការណ៍បច្ចេកវិជ្ជាតែប៉ុណ្ណោះទេ

Next Article

គ្រូបង្រៀនត្រូវគេចោទថាបានសម្រាតសិស្សស្រីនៅក្នុងថ្នាក់រៀន