កំពង់ផែស្វយ័តក្រុងភ្នំពេញចុះបញ្ជីក្នុងផ្សារមូលបត្រ

ដោយ ម៉ៃ គុនមករា No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ចាប់តាំងពីទីផ្សារមូលបត្រកម្ពុជាមានដំណើរការកាលពីខែមេសាឆ្នាំ២០១២មក មានតែក្រុមហ៊ុនចំនួនពីរប៉ុណ្ណោះ ដែលបានចុះបញ្ជី។កាលពីសប្តាហ៍មុនដោយមានការគាំទ្រពីយាន់តាស៊ីឃ្យូរឹធីដែលជាក្រុមហ៊ុនធានាទិញមូលបត្រមួយ  កំពង់ផែស្វយ័តភ្នំពេញទទួលបានការចាប់អារម្មណ៍ ចំពោះការបោះផ្សាយលក់មូលបត្រលើកដំបូងជាសាធារណៈរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូខាងមុខនេះ។
 
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុនយាន់តាបានផ្តល់បទសម្ភាសជូនកាសែតខ្មែរថាមស៍ ស្តីពីវិស័យមូលបត្រ និងដំណើរវិវឌ្ឍន៍នៃការបោះផ្សាយមូលបត្រលក់លើកដំបូងជាសាធារណៈរបស់កំពង់ផែស្វយ័តភ្នំពេញ។

ខ្មែរថាមស៍: តើទីផ្សារមូលបត្រមានដំណើរការយ៉ាងណាដែរ? តើកត្តាអ្វីដែលអាចធ្វើឲ្យកំពង់ផែស្វយ័តភ្នំពេញទទួលការចាប់អារម្មណ៍កាន់តែខ្លាំងពីសាធារណជន?

Mr.Han: ទីផ្សារមូលបត្រកម្ពុជា ទើបតែចាប់ផ្តើមមានដំណើរការប៉ុណ្ណោះ។ បច្ចុប្បន្នវាមានអាយុកាលត្រឹមពីរឆ្នាំកន្លះប៉ុណ្ណោះហើយវាគឺជាទីផ្សារមូលបត្រមួយដ៏ក្មេងខ្ចីបំផុតនៅក្នុងពិភពលោក។

បច្ចុប្បន្នយើងមានក្រុមហ៊ុនចំនួនពីរ នៅក្នុងទីផ្សារនេះ ហើយទំហំនៃការជួញដូរពុំសូវមានកំណើនខ្លាំងទេ។ ប៉ុន្តែខ្ញុំគិតថាការបោះផ្សាយមូលបត្រលក់ជាសាធារណៈលើកទីបី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូខាងមុខនេះនឹងធ្វើឲ្យទីផ្សារមានសម្ទុះកើនឡើង។ ការបោះផ្សាយមូលបត្រលក់លើកនេះមិនដូចការបោះផ្សាយមូលបត្រលក់លើកទីមួយ របស់រដ្ឋាករទឹកស្វយ័តភ្នំពេញឡើយ។ ភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានតម្លៃសមរម្យហើយក្រុមហ៊ុននេះមានលទ្ធភាពច្រើនក្នុងការរកប្រាក់ចំណូល ដូច្នេះវានឹងមានដំណើរការទៅមុខយ៉ាងលឿន។ ម៉្យាងទៀត វាក៏មានសក្តា-នុពលច្រើនជាងក្រុមហ៊ុនដទៃទៀត នៅក្នុងទីផ្សារមូលបត្រផងដែរ។ ដូច្នេះខ្ញុំជឿជាក់ថាជាមួយនឹងការបោះផ្សាយមូលបត្រលក់ ជាសាធារណៈលើកទីបីនេះទីផ្សារមូលបត្រកម្ពុជានឹងកាន់តែមានភាពសកម្មជាងមុន។ 

ខ្មែរថាមស៍: ហេតុអ្វីបានជាលោកមានជំនឿចិត្តបែបនេះ?

Mr. Han: ដោយសារវាគឺជាសហគ្រាសរបស់រដ្ឋ ខ្ញុំសង្ឃឹម និងជឿជាក់ថាភាគហ៊ុននឹងមានតម្លៃកើនឡើង បន្ទាប់ពីក្រុមហ៊ុនចុះបញ្ជីជាផ្លូវការ។ ខ្ញុំមានការភ្ញាក់ផ្អើលដោយបានឃើញថា ភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញមានតម្លៃខ្ពស់។ នោះក៏ដោយសារវិនិយោគិនមានក្តីរំភើប និងភាពជឿជាក់លើការបោះផ្សាយមូលបត្រលក់ជាសាធារណៈលើកទីមួយផងដែរ។ រយៈពេលបីឆ្នាំក្រោយមកយើងឃើញថាភាគហ៊ុនរបស់វាក៏មានតម្លៃសមរម្យវិញ។ 

កំពង់ផែស្វយ័តភ្នំពេញមានការបែងចែកភាគលាភចំនួន៥ភាគរយធានាជូនដល់វិនិយោគិនសាធារណៈក្នុងរយៈពេលប្រាំឆ្នាំ។ ក្នុងនាមជាម្ចាស់ភាគហ៊ុនមួយ  រដ្ឋាភិបាលបានផ្តល់នូវការលើកទឹកចិត្តចំពោះវិនិយោគិន។

ដូច្នេះវិនិយោគិនអាចរង់ចាំហើយនៅពេលក្រុមហ៊ុនមានដំណើរការល្អ តម្លៃភាគហ៊ុននឹងកើនឡើង។ ប្រសិនបើតម្លៃភាគហ៊ុនធ្លាក់ចុះ វិនិយោ-គិននឹងមានលទ្ធភាពទិញភាគហ៊ុន ក្នុងតម្លៃទាប ដែលធ្វើឲ្យភាគលាភរបស់ពួកគេកើនពី៥ភាគរយ ទៅ៥.៥ ឬ៦ភាគរយ។ ដូច្នេះវិនិយោគិនទទួលបានការលើកទឹកចិត្តក្នុងការទិញភាគហ៊ុនកាន់តែច្រើនឡើង។ ភាគលាភដែលមានការធានាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជំរុញឲ្យមានសកម្មភាពក្នុងទីផ្សារផងដែរពីព្រោះនៅពេលតម្លៃភាគហ៊ុនកើនឡើង វិនិយោ-គិននឹងធ្វើការជួញដូរដើម្បីរកប្រាក់ចំណេញ។ ដូច្នេះខ្ញុំគិតថា ភាគលាភដែលមានការធានានឹងជំរុញឲ្យមានដំណើរការល្អសម្រាប់ទីផ្សារកម្ពុជា។ ខ្ញុំសង្ឃឹមថាវាគឺជាគំរូល្អមួយសម្រាប់ការបោះផ្សាយមូលបត្រលក់លើកដំបូង ជាសាធារណៈដទៃទៀត ហើយយើងនឹងអាចទាក់ទាញវិនិយោគិនកាន់តែច្រើន ទាំងជនជាតិខ្មែរ និងបរទេស។ 

ខ្មែរថាមស៍: តើលោកទទួលបានគំនិតនេះមកពីណា?

Mr.Han:នេះគឺជាបទពិសោធដែលយើងបានរៀនពីការបោះផ្សាយមូលបត្រមុនៗ។ ក្នុងនាមជាក្រុមហ៊ុនធានាទិញមូលបត្រមួយ យើងត្រូវតែប្រកួតប្រជែងយកទីផ្សារជាមួយធនាគារពាណិជ្ជ។ ហើយយើងក៏ត្រូវប្រកួតប្រជែងជាមួយទីផ្សារដទៃទៀតនៅក្នុងតំបន់ផងដែរ។ 

ដូច្នេះយើងក៏បង្កើតគំនិតនេះឡើង ហើយបន្ទាប់មកយើងពិភាក្សាជាមួយក្រុមហ៊ុនធានារ៉ាប់រង និងអាជ្ញាធររដ្ឋាភិបាល ហើយយើងទទួលបានការគាំទ្រពីពួកគេ។ បន្ទាប់មកយើងយកគំនិតនេះបង្ហាញជូនក្រុមហ៊ុនបោះផ្សាយហើយពួកគេក៏បានឯកភាពផងដែរ។ ពួកគេបានយល់ និងឯកភាពរួចហើយ ប៉ុន្តែយើងកំពុងធ្វើការសិក្សា និងបែងចែកភាគហ៊ុនជាពីរប្រភេទ ដែលក្នុងនោះមានមួយប្រភេទពុំមានការធានាឡើយគឺ មូលបត្រដែលគ្រប់គ្រងដោយរដ្ឋ តែចំពោះមូលបត្ររបស់វិនិយោគិនសាធារណៈវិញគឺនឹងទទួលបានការធានាភាគលាភនេះ។ 

ខ្មែរថាមស៍: តើលោកនឹងអនុវត្តវិធានការនេះចំពោះការបោះផ្សាយមូលបត្រ លក់លើកដំបូងជាសាធារណៈដទៃទៀតដែរឬទេ?

Mr.Han:យើងមានគំនិតជាច្រើន។ គំនិតនេះមានលក្ខណៈប្រសើរសម្រាប់ កំពង់ផែស្វយ័តភ្នំពេញ។ យើងកំពុងរិះរកគំនិតថ្មីទៀតសម្រាប់ក្រុមហ៊ុនដទៃឬធនាគារជាដើម។ ឥឡូវយើងត្រូវស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យទីផ្សារមូលបត្រកម្ពុជាកាន់តែមានភាពទាក់ទាញ។ បើមិនដូច្នោះទេ វិនិយោគិនមិនចាប់អារម្មណ៍ចំពោះទីផ្សារមូលបត្រ និងការបោះផ្សាយមូលបត្រលក់លើកដំបូងជាសាធារណៈរបស់កម្ពុជាឡើយ។ ដូច្នេះយើងត្រូវសហការជាមួយអ្នកធានាទិញមូលបត្រនិងនិយ័តករ។ 

ខ្មែរថាមស៍: ថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញ បានរៀបចំប៊ុកបៀលឌីង (ធ្វើការផ្សព្វផ្សាយ)។ តើលោកអាចជម្រាបជូនអំពីចំណាប់អារម្មណ៍របស់វិនិ-យោគិនសាធារណៈដែរឬទេ? 

Mr.Han: បច្ចុប្បន្នវិនិយោគិនក្នុងស្រុកមានការយល់ដឹងច្រើនបើប្រៀបធៀបជាមួយការបោះផ្សាយមូលបត្រលក់ជាសាធារណៈលើកទីមួយ។

យើងទើបតែបញ្ចប់ការស្ទាបស្ទង់ថ្លៃមូលបត្រជាសាធារណៈកាលពីម្សិលមិញ (ថ្ងៃព្រហស្បតិ៍) ហើយយើងក៏ទទួលបានជោគជ័យផងដែរ។ យើងមានក្តីរីករាយជាខ្លាំងហើយយើងកាន់តែមានជំនឿចិត្តថាកំពង់ផែស្វយ័តភ្នំពេញនឹងទទួលបានជោគជ័យ ពីព្រោះអាជីវកម្មមានឱកាសទទួលបានប្រាក់ចំណេញច្រើន។ 

ខ្មែរថាមស៍: ខ្ញុំគិតថាកំពង់ផែស្វយ័តភ្នំពេញនៅពឹងផ្អែកលើកំពង់ផែ Cai Mep របស់ប្រទេសវៀតណាមនៅឡើយសម្រាប់ការនាំចេញ។ ចំពោះបញ្ហានេះ យើងឃើញថា កំពង់ផែក្រុងព្រះសីហនុមានសក្តានុពលច្រើនជាងកំពង់ផែស្វយ័តភ្នំពេញ។ តើលោករំពឹងថាក្រុមហ៊ុននឹងមានដំណើរវិវឌ្ឍន៍យ៉ាងដូចម្តេច? ហើយយើងត្រូវធ្វើយ៉ាងណាដើម្បីទាក់ទាញវិនិយោគិនឲ្យទិញភាគហ៊ុនរបស់ក្រុមហ៊ុន?

Mr.Han: ប្រសិនបើយើងមើលប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ វាមានកំណើនជាង២០ភាគរយ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ ដូច្នេះវាគឺជាក្រុមហ៊ុនមួយដ៏ល្អ។ 

ប្រសិនបើយើងប្រៀបធៀបជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំណែកទីផ្សាររបស់កំពង់ផែស្វយ័តភ្នំពេញបាន និងកំពុងកើនឡើងនៅក្នុងឧស្សាហកម្មដឹកជញ្ជូនទាំងមូល។ ខ្ញុំជឿជាក់ថាកំពង់ផែស្វយ័តភ្នំពេញបាននិងកំពុងបង្កើនចំណែកទីផ្សារ រីឯកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន និងកំពុងបាត់បង់ចំណែកទីផ្សាររបស់ខ្លួន។ 

ខ្ញុំគិតថា កំពង់ផែស្វយ័តភ្នំពេញគឺជាដៃគូមួយដ៏សំខាន់របស់កំពង់ផែអន្តរជាតិ នៃប្រទេសវៀតណាម។ ប្រសិនបើគ្មានកំពង់ផែស្វយ័តភ្នំពេញទេ កំពង់ផែអន្តរជាតិវៀតណាមនឹងមានការខាតបង់។ ដូច្នេះពួកគេពឹងផ្អែកលើគ្នាទៅវិញទៅមក ហើយពួកគេដឹងថាពួកគេគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ 

ទំនាក់ទំនងពាណិជ្ជកម្មនេះបានពង្រឹងអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ។ 

ចំពោះការលើកទឹកចិត្តសម្រាប់ការបោះផ្សាយមូលបត្រលក់លើកដំបូងជាសាធារណៈនេះ ខ្ញុំគិតថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននឹងមានភាពវិជ្ជមានបន្ទាប់ពីការចុះបញ្ជី ដោយសារយើងមានភាគលាភដែលមានការធានា។   

Share and Like this post

Related Posts

Previous Article

ការប្រកួតប្រជែងអង្ករហាក់បីដូចជាលឿនពេក សម្រាប់កម្ពុជាក្នុងឆ្នាំនេះ

Next Article

ការព្រមព្រៀងជាឯកច្ឆន្ទលើ “ផ្លូវសូត្រ”