ក្រុមហ៊ុន Ascott បានសម្លឹងមើលកម្ពុជា

ដោយ ស៊ុំ ម៉ាណេត No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ –  ក្រុមហ៊ុន The  Ascott  Limited (Ascott)  បានបង្ហាញចំណាប់អារម្មណ៍ចំ ពោះការអភិវឌ្ឍអគារស្នាក់នៅទីមួយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ 

គ្រោងនឹងចាប់ដំណើរការនៅក្នុងឆ្នាំ ២០១៨ Somerset Norodom Phnom Penh គឺជាផ្នែកមួយនៃអគារកម្ពស់២៨ជាន់ ស្ថិតនៅកែងមហាវិថីនរោត្តម និងមហាវិថីមុន្នីវង្ស ដែលជាមហាវិថីសំខាន់ពីរក្នុងរាជធានីភ្នំពេញ។ 

Somerset Norodom Phnom Penh មាន apartment ដែលបំពាក់ទៅដោយគ្រឿងសង្ហារឹម ព្រមទាំងមានទំហំផ្សេងៗគ្នា។ 

បរិក្ខារក្នុងអគាររួមមាន អាងហែលទឹក កន្លែងលេងទឹក និងបន្ទប់លេងសម្រាប់កុមារ កន្លែង ហាត់ប្រាណ បន្ទប់សូណា និងកន្លែងទទួលភ្ញៀវ។ 

Somerset Norodom Phnom Penh នឹងផ្តល់សេវា២៤ម៉ោង សម្រាប់ការទទួលភ្ញៀវ សន្តិ-សុខ ការថែទាំគេហដ្ឋាន និងការបោកអ៊ុតសម្លៀកបំពាក់ជាដើម។

លោក Lee Chee Koon នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ascott បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅលើគេហទំព័ររបស់ក្រុមហ៊ុនថា “យើងមានការជឿជាក់លើសក្តានុពលរបស់ទីផ្សារក្នុងតំបន់អាស៊ាន។ ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងពេលប៉ុន្មានខែខាងមុខនេះ គឺជារឿងមួយដ៏ប្រសើរសម្រាប់ក្រុមហ៊ុន Ascott ដោយសារវានឹងជំរុញការប្រកួតប្រជែង និងការតភ្ជាប់ក្នុងតំបន់ឲ្យមានដំណើរការទៅមុខថែមទៀត ព្រមទាំងបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ពីបរទេសនៅក្នុងទីផ្សារ។ បច្ចុប្បន្ន ក្រុមហ៊ុន Ascott មានវត្តមានក្នុងប្រទេសចំនួន៩នៃតំបន់អាស៊ាន ដែលធ្វើឲ្យយើងមានមូលដ្ឋានរឹងមាំនៅក្នុងតំបន់នេះ។”

ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រសើរ ខណៈស្ថានភាពនយោបាយកាន់តែមានស្ថិរភាព។ យើងរំពឹងថានឹងមានតម្រូវការច្រើនចំពោះអគារស្នាក់នៅ ដោយសារកំណើនសេដ្ឋកិច្ចល្អ និងអវត្តមាននៃអគារស្នាក់នៅដែលមានស្តង់ដារអន្តរជាតិនៅក្នុងប្រទេស។ ក្នុងនាមជាប្រតិបត្តិករអគារស្នាក់នៅអន្តរជាតិទីមួយនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Ascott នឹងមានប្រៀបក្នុងការចាប់យកចំណែកទីផ្សារប្រភេទនេះ។

លោក Lee ថ្លែងទៀតថា “ក្រុមហ៊ុន Ascott បាន និងកំពុងពង្រីកសកម្មភាពរបស់ខ្លួនយ៉ាងខ្លាំងក្លានៅក្នុងទីក្រុងទាំងឡាយ ដែលយើងកំពុងមានវត្តមាន ហើយទន្ទឹមនឹងនោះដែរ យើងក៏បានស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងពិភពលោក។ ជាមួយនឹង អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា យើងបានបន្ថែមគម្រោងអភិវឌ្ឍអចលនទ្រព្យក្នុងទីក្រុងចំនួន៩ទៀតក្នុងឆ្នាំនេះ។ យើងបានវិនិយោគនៅ Cebu ក្នុងប្រទេសហ្វីលីពីន Istanbul ក្នុងប្រទេសតួគី Kota Kinabalu និង Miri ក្នុងប្រទេសម៉ាឡេស៊ី Pattaya ក្នុងប្រទេសថៃ Yogyakarta ក្នុងប្រទេសឥណ្ឌូនេស៊ី Nantong ក្នុងប្រទេសចិន ហើយក៏បានពង្រីកការវិនិយោគទៅកាន់សហរដ្ឋអាមេរិក តាមរយៈការទិញអចលនទ្រព្យមួយកន្លែង ក្នុងទីក្រុងញូវយ៉កផងដែរ។ យើងនឹងបន្តស្វែងរកឱកាសពង្រឹងមូលដ្ឋានរបស់ក្រុមហ៊ុន Ascott ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍអគារស្នាក់នៅនាំមុខគេមួយក្នុងពិភពលោក។”

ជាមួយនឹងអចលនទ្រព្យនេះ ក្រុមហ៊ុននឹងមាន apartment ចំនួន១០៥យូនីតទៀត សម្រាប់ គម្រោងរបស់ខ្លួនក្នុងតំបន់អាស៊ាន ដែលធ្វើឲ្យចំនួន apartment សរុបរបស់ក្រុមហ៊ុនកើនដល់ ១៣,០០០ យូនីត ក្នុងចំណោមអចលនទ្រព្យចំនួន៧៤ ស្ថិតក្នុងប្រទេសទាំង៩។ ការពង្រីកនេះបានប្រព្រឹត្តទៅដោយសារក្រុមហ៊ុនបានទិញអចលនទ្រព្យចំនួនប្រាំនៅ Cebu ក្នុងប្រទេសហ្វ៊ីលីពីន និង Pattaya ក្នុងប្រទេសថៃកាលពីដើមខែនេះ។ 

លោក ប៉ោ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Asia Real Estate Cambodia ថ្លែងថា ប្រទេសកម្ពុជានឹង មានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យកាន់តែច្រើនឡើង ដូច្នេះអ្នកទិញអាចជ្រើសរើសក្រុមហ៊ុនមួយណាដែលល្អសម្រាប់ខ្លួន។ 

លោក អ៊ាវគង់ លើកឡើងថា “ខ្ញុំដឹងថា ក្រុមហ៊ុន Ascott គ្រោងនឹងមកប្រទេសកម្ពុជាកាលពីប្រាំឆ្នាំមុន ប៉ុន្តែនៅពេលនោះ ប្រហែលជាពួកគេគិតថា វាមិនទាន់ដល់ពេលដែលពួកគេត្រូវចូលទីផ្សារអចលនទ្រព្យរបស់យើងឡើយ។” លោកបានលើកឡើងទៀតថា ក្រុមហ៊ុន Ascott មានបទពិសោធច្រើន ក្នុងសេវាគ្រប់គ្រងអចលនទ្រព្យ ហើយពួកគេបានសិក្សាទីផ្សាររបស់យើងរួចទៅហើយ មុននឹងពួកគេចូលទីផ្សារអចលនទ្រព្យរបស់យើង។ 

លោក អ៊ាវគង់ គូសបញ្ជាក់ថា “វត្តមានរបស់ក្រុមហ៊ុន Ascott នឹងប៉ះពាល់ដល់ក្រុមហ៊ុនគ្រប់ គ្រងអចលនទ្រព្យក្នុងស្រុក ពីព្រោះក្រុមហ៊ុនមានបទពិសោធច្រើនជាងក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែក្រុមហ៊ុនក្នុងស្រុកក៏នៅមានឱកាសផងដែរ ពីព្រោះក្រុមហ៊ុនបរទេសចាប់អារម្មណ៍តែលើវិនិយោគិនធំៗប៉ុណ្ណោះ ហើយពួកគេមិនចាប់អារម្មណ៍លើគម្រោងអភិវឌ្ឍទ្រង់ទ្រាយតូចឡើយ។ ខ្ញុំគិតថា យើងត្រូវតែពង្រឹងធនធានមនុស្សរបស់យើង ហើយត្រូវសិក្សាអំពីការគ្រប់គ្រងអចលនទ្រព្យ បន្ថែមទៀត ដើម្បីទទួលបានបទសោធនកាន់តែច្រើន ទើបយើងអាចប្រកូតប្រជែងជាមួយជនបរទេសបាន។” 

Share and Like this post

Related Posts

Previous Article

ការប្រកួតប្រជែងអង្ករហាក់បីដូចជាលឿនពេក សម្រាប់កម្ពុជាក្នុងឆ្នាំនេះ

Next Article

ក្រសួងបរិស្ថានបញ្ចប់ការវាយតម្លៃដីសម្បទានសេដ្ឋកិច្ច