ការស្លៀកពាក់ដែលឪពុកម្តាយពេញចិត្ត

ដោយ សុខ សុភ័ក្របញ្ញា No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – កាលពី ខៃ វឌ្ឍនាដានីត នៅជាក្មេងជំទង់ ឪពុករបស់នាងបានដុតសម្លៀកបំពាក់របស់នាងចោល ពីព្រោះលោកមិនពេញចិត្តការស្លៀកពាក់របស់នាង។ 

អ្វីដែលសំខាន់គឺ នារីមិនគួរស្លៀកពាក់លេចលើលេចក្រោមឡើយ។ ឪពុកម្តាយខ្មែរច្រើនតែស្តីបន្ទោសកូនស្រីពាក់ព័ន្ធការស្លៀកពាក់បែបនេះ។ 

មានអាយុ១៥ឆ្នាំ កញ្ញា ឃួន ចាន់ពិសី ដែលចូលចិត្តពាក់អាវយឺត និងខោជើងខ្លីបាននិយាយ នៅឯវិទ្យាល័យទួលទំពូងថា ឪពុកម្តាយរបស់នាងចង់ឲ្យនាងស្លៀកពាក់សម្លៀកបំពាក់វែងៗ តាំងពីនាងនៅជាកុមារី។ 

កញ្ញា ចាន់ពិសី ថ្លែងថា “ការស្លៀកពាក់សិចស៊ីមិនថ្វីទេសម្រាប់ខ្ញុំ។ ប្រសិនបើយើងមើល ជំនាន់មុនៗ ពួកគេក៏បញ្ចេញសាច់ដែរ។ ឧទាហរណ៍ នារីនៅសម័យលង្វែកបិទបាំងតែដើមទ្រូងប៉ុណ្ណោះ។”

តាមប្រពៃណីខ្មែរ ស្រ្តីមិនគួរបញ្ចេញផ្នែកណាមួយនៃដងខ្លួនរបស់ពួកគេឡើយ ទោះបីជាពួក គេនៅក្នុង ឬក្រៅផ្ទះក៏ដោយ។ ពួកគេគួរតែស្លៀកពាក់បិទបាំងសាច់របស់ខ្លួន។ 

លោកស្រី ញាណ លីមឆេង ដែលជាម្តាយរបស់កញ្ញា ចាន់ពិសី  មិនតឹងតែងចំពោះការស្លៀកពាក់របស់កូនស្រីគាត់ឡើយ ហើយគាត់បានឲ្យនាងស្លៀកពាក់ទៅតាមការចូលចិត្តរបស់នាង។ ប៉ុន្តែគាត់និយាយថា “នារីមិនគួរស្លៀកពាក់ បញ្ចេញសាច់របស់ខ្លួនឡើយ។ វាគឺជារឿងគួរឲ្យខ្មាសអៀនមួយ នៅពេលបុរសសម្លឹងមើលពួកគេ  ហើយវាមិនល្អសម្រាប់ពួកគេឡើយ។”

ដោយចូលចិត្តស្លៀកពាក់បែបបស្ចិមប្រទេស កញ្ញា ខៃ វឌ្ឍនាដានីត ដែលត្រូវបានគេ ស្គាល់ច្រើន នៅតាមបណ្តាញសារព័ត៌មានសង្គមចាប់តាំងពីឆ្នាំ២០០៨មក ដោយសារម៉ូតសម្លៀកបំពាក់របស់នាង  បាននិយាយថា ឪពុករបស់នាងធ្លាប់ដុតខោជើងខ្លីរបស់នាងទាំងអស់ចោល កាលពីនាងនៅវ័យជំទង់។ 

កញ្ញា ដានីត ថ្លែងថា “ឪពុកម្តាយរបស់ខ្ញុំតឹងតែង ហើយបានគ្រប់គ្រងលើការស្លៀកពាក់របស់ខ្ញុំកាលពីប្រាំឆ្នាំមុន ប៉ុន្តែអ្វីៗក៏បានផ្លាស់ប្តូរនៅពេលខ្ញុំមានការងារធ្វើ។”

នាងថ្លែងទៀតថា “ខ្ញុំចាប់ផ្តើមមានការយល់ដឹងកាន់តែច្រើននៅក្នុងជីវិត។ ខ្ញុំដឹងថាអ្វីដែល ត្រូវស្លៀកពាក់នៅពេលធ្វើការងារ នៅពេលជួបជាមួយមនុស្សចាស់  និងនៅពេលដើរលេង ជាមួយមិត្តភក្តិ។ ការស្លៀកពាក់របស់ខ្ញុំអាចមានភាពបត់បែន។ ដូច្នេះហើយបានជាពួកគាត់ លែងរវីរវល់ទៀត។”

កញ្ញា ដានីត មិនបានបន្ទោសឪពុកម្តាយរបស់នាង ដែលព្យាយាមគ្រប់គ្រងលើការស្លៀកពាក់របស់នាងឡើយ ប៉ុន្តែនាងជឿជាក់ថា បញ្ហានេះបានកើតឡើងដោយសារមានសម្ពាធពីសង្គម ដែលវាយតម្លៃមនុស្សតាមរយៈការស្លៀកពាក់។ 

នាងលើកឡើងថា ដើម្បីកុំឲ្យគេវាយតម្លៃ  យើងត្រូវស្លៀកពាក់ឲ្យបានសមរម្យ។

អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ថៃ នរក្សសត្យា មានប្រសាសន៍ថា ឪពុកម្តាយ និងកូនគួរតែ មានការឯកភាពគ្នាលើអ្វីដែលពួកគេបានធ្វើ។

ក្នុងនាមជាឪពុកម្នាក់ លោកក៏បានសង្កេតមើលផងដែរថា “អ្វីដែលមនុស្សចង់បានគឺជាសិទ្ធិ របស់ពួកគេ ដូច្នេះយើងមិនគួរបង្ខំឲ្យពួកគេធ្វើអ្វីដែលយើងចង់បានឡើយ។ យើងគួរតែគោរពតម្លៃ និងវប្បធម៌របស់ខ្លួន។ វាមិនមែនមានន័យថា យើងត្រូវតែស្លៀកសម្លៀកបំពាក់ ប្រពៃណីឡើយ ប៉ុន្តែយើងមិនគួរស្លៀកពាក់ឲ្យហួសហេតុពេកទេ។” 

ក្នុងវ័យ២៤ឆ្នាំ លោក ឈឿន វិច្ឆិកា ដែលចងសក់ទៅក្រោយចូលចិត្តការស្លៀកពាក់តាម បែបទាន់សម័យ។ 

លោក ថ្លែងថា “ខ្ញុំមិនខ្វល់ពីការវាយតម្លៃរបស់នរណាឡើយ ពីព្រោះវាគឺជាសេរីភាព ក្នុងការជ្រើសរើសរបៀបស្លៀកពាក់របស់ខ្ញុំ។” លោក វិច្ឆិកា សង្ឃឹមថា នៅថ្ងៃណាមួយ ឪពុកម្តាយនឹងឈប់ប្រាប់កូនអំពីរបៀបស្លៀកពាក់ ពីព្រោះមនុស្សមានលក្ខណៈខុសពីគ្នា។” 

Share and Like this post

Related Posts

Previous Article

ការប្រកួតប្រជែងអង្ករហាក់បីដូចជាលឿនពេក សម្រាប់កម្ពុជាក្នុងឆ្នាំនេះ

Next Article

ក្រសួងបរិស្ថានបញ្ចប់ការវាយតម្លៃដីសម្បទានសេដ្ឋកិច្ច