ការជួយជ្រោមជ្រែងពីគ្រួសារ៖ រឿងរ៉ាវជីវិតរបស់អ្នកញៀនថ្នាំ

ដោយ​ វ៉ា សុនីកា No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ប៊ុនធឿន បានព្យាយាមយ៉ាងខ្លាំង ដើម្បីទទួលបានការជឿជាក់ពីគ្រួសារ ជាថ្មីម្តងទៀតបន្ទាប់ពីបានញៀនថ្នាំមួយរយៈកន្លងមក។ 

យុវជនអាយុ២៤ឆ្នាំរូបនេះ បាននិយាយថា សមាជិកគ្រួសាររបស់លោកមួយចំនួននៅមិនទាន់ចង់រាប់អានលោកឡើយ ទោះបីជាលោកបានឈប់ប្រើប្រាស់ថ្នាំញៀនហើយក៏ដោយ។

លោក ប៊ុនធឿន ថ្លែងថា “ខ្ញុំដឹងថា វាមានការលំបាកក្នុងការជឿជាក់លើមនុស្សដែលធ្លាប់ប្រព្រឹត្តអំពើអបាយមុខដូចខ្ញុំនេះ។ ដូច្នេះខ្ញុំតែងតែមានការអត់ធ្មត់។”

នៅពេលលោកមានអាយុ១៤ឆ្នាំ ឪពុករបស់លោកបានលាចាកលោក ហើយលោកក៏ចាប់ផ្តើមសាកល្បងប្រើប្រាស់ថ្នាំញៀន ជាមួយមិត្តភក្តិនៅឯសាលារៀន។ មរណភាពរបស់ឪពុកលោកបានបង្កទុក្ខលំបាកសម្រាប់គ្រួសារ ហើយលោក និងគ្រួសារបានរស់នៅដោយពុំមានអ្នកទំនុកបម្រុងឡើយ។

លោកលើកឡើងថា ស្ថានភាពនៅពេលនោះបានធ្វើឲ្យម្តាយរបស់លោកមិនសប្បាយចិត្តឡើយ ហើយជារឿយៗ គាត់បានបញ្ចេញកំហឹងមកលើរូបលោក។ 

លោកនិយាយថា “គាត់ថាខ្ញុំជាមនុស្សឥតប្រយោជន៍។ អ្វីដែលគាត់បាននិយាយបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តទេ។”

លោក ប៊ុនធឿន បានចាកចេញពីផ្ទះ ហើយមិនបានវិលត្រឡប់មកវិញទេ។ លោកបានក្លាយ ជាមនុស្សអនាថាហើយលោកបានចាប់ផ្តើមហិតកាវ។ ក្រោយមកលោកក៏បានប្រើថ្នាំញៀនតែម្តង។ 

លោកថ្លែងថា “ខ្ញុំតែងតែដើរលេង និងប្រើថ្នាំញៀន។ ខ្ញុំគិតថា វាមិនមានបញ្ហាអ្វីទេ ហើយខ្ញុំក៏បានប្រើថ្នាំញៀនម្តងហើយម្តងទៀតរហូតដល់ខ្ញុំញៀនដោយមិនដឹងខ្លួន។”

ការប្រើថ្នាំញៀនមិនបានជួយឲ្យលោកបំភ្លេចគ្រួសារឬការបាត់បង់ឪពុករបស់លោកឡើយ ហើយលោកបានយកប្រាក់ដែលទទួលបានពីសាច់ញាតិដើម្បីទិញថ្នាំញៀនសម្រាប់ប្រើ។ 

លោកនិយាយថា “ខ្ញុំបានធ្វើអំពើដែលសង្គមស្អប់ខ្ពើម។ ខ្ញុំបានលួចប្រាក់របស់ម្តាយខ្ញុំ និងទ្រព្យរបស់សាច់ញាតិខ្ញុំ ដើម្បីយកទៅទិញថ្នាំញៀន។ ខ្ញុំមិនចាំទេថាតើខ្ញុំបានចំណាយប្រាក់ ចំនួនប៉ុន្មានលើថ្នាំញៀន ប៉ុន្តែនៅពេលខ្ញុំមានប្រាក់ប៉ុណ្ណា ខ្ញុំចំណាយប៉ុណ្ណោះ។”

កាលពីលោកនៅជាអ្នកញៀនថ្នាំ លោកត្រូវបានវាយដោយនគរបាល និងត្រូវបានចាប់ខ្លួនចំនួនពីរលើក។ លើកទីមួយ លោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ប៉ុន្តែលើកទីពីរ លោកត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលឱកាសខ្ញុំ។ 

លោកនិយាយថា “នៅពេលខ្ញុំទៅដល់ទីនោះលើកដំបូង សន្តិសុខបានស្វាគមន៍ខ្ញុំដោយការវាយយ៉ាងចាស់ដៃ។” លោកមានការភ័យខ្លាចនៅឯមជ្ឈមណ្ឌលនោះ ពីព្រោះវាពោរពេញទៅដោយអ្នកញៀនថ្នាំ ជនល្មើស និងពួកបងធំ។ ប៉ុន្តែនៅពេលលោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញ លោកក៏បានប្រើថ្នាំញៀនម្តងទៀត។

លោកថ្លែងថា “ខ្ញុំមិនមានអារម្មណ៍ធូរស្រាលឡើយ នៅពេលខ្ញុំស្នាក់នៅឯមជ្ឈមណ្ឌលនោះ ហើយបន្ទាប់ពីខ្ញុំបានចាកចេញពីទីនោះ ខ្ញុំបានប្រើថ្នាំញៀនកាន់តែខ្លាំងជាងមុនទៀត។”

ការប្រើថ្នាំញៀនបានចាប់ផ្តើមបំផ្លាញរូបលោក ហើយនៅពេលលោកប្រើកាន់តែច្រើន លោក កាន់តែមានការឈឺចាប់។ លោកគិតចង់ធ្វើអត្តឃាតជាច្រើនលើក នៅពេលលោកបានចាក់ថ្នាំញៀនទៅក្នុងដៃ។ 

លោកនិយាយថា “ដោយសារពិបាកពេក ជួនកាលខ្ញុំចង់យកកាំបិតសម្លាប់ខ្លួនឯង។”

គ្រួសាររបស់លោកមិនបានព្រងើយកណ្តើយចំពោះលោកឡើយ។ ម្តាយរបស់លោកបាននាំលោកវិលត្រឡប់មកផ្ទះវិញ។ លោកត្រូវប្រឈមមុខនឹងការលំបាកជាច្រើន ដើម្បីជំនះការញៀនថ្នាំនេះ។ 

នៅទីបញ្ចប់ គ្រួសាររបស់លោកបានបញ្ជូនលោកទៅកាន់អង្គការកសាងក្នុងឆ្នាំ២០១០ហើយអង្គការនេះបានបញ្ជូនលោកទៅព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។ បន្ទាប់ពីបានផ្តាច់ថ្នាំញៀនមក លោក ប៊ុនធឿន បានក្លាយជាមិត្តអប់រំមិត្ត នៅក្នុងអង្គការ កសាង ហើយបច្ចុប្បន្នបានបម្រើការងារសង្គមជាមួយអង្គការនេះ។

អង្គការពុំមានថវិកាគ្រប់គ្រាន់សម្រាប់លោកទៀតឡើយ ប៉ុន្តែជួនកាលលោកនៅតែធ្វើការស្ម័គ្រចិត្តនៅទីនោះ។ លោក ប៊ុនធឿន មិនទាន់មានការងារនៅឡើយទេ ប៉ុន្តេលោកបានជួយម្តាយលក់ចំណីរអាហារនៅតាមផ្លូវ។ 

លោកបាននិយាយថា “ប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងធ្វើការងារ ឬប្រកបអាជីវកម្ម។”

ដើម្បីបិទបាំងអត្តសញ្ញាណរបស់លោកយើងហៅលោកថា “ប៊ុនធឿន” ដែលនេះមិនមែនជាឈ្មោះពិតរបស់លោកឡើយ។ 

Share and Like this post

Related Posts

Previous Article

ការប្រកួតប្រជែងអង្ករហាក់បីដូចជាលឿនពេក សម្រាប់កម្ពុជាក្នុងឆ្នាំនេះ

Next Article

ការព្រមព្រៀងជាឯកច្ឆន្ទលើ “ផ្លូវសូត្រ”