ការព្រមព្រៀងជាឯកច្ឆន្ទលើ “ផ្លូវសូត្រ”

ដោយ ប៉ាវ ស៊ុយ No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – កាលពីថ្ងៃទី១៦ ខែតុលា  នៅឯសន្និសីទពិសេសរបស់គណបក្សនយោ-បាយអាស៊ីស្តីពីផ្លូវសូត្រ ដែលបានប្រព្រឹត្តទៅក្នុងទីក្រុងប៉េកាំង មេដឹកនាំ និងអ្នកតំណាងគណបក្សនយោបាយជាង៦០ មកពីប្រទេសជាង៣០ក្នុងទ្វីបទាំងបួន បានសម្តែងនូវការគាំទ្រជាឯកច្ឆន្ទចំពោះ “ផ្លូវសូត្រ” ដែលប្រទេសចិននិយមហៅវាថា “ក្រវាត់មួយ ផ្លូវមួយ” ។ 

ពួកគេទាំងអស់បានអនុម័តលើ “គំនិតផ្តួចផ្តើមទីក្រុងប៉េកាំង” ដែលជាការបង្ហាញនូវការប្តេជ្ញា ចិត្តរួមគ្នាដើម្បីអនុវត្តគម្រោងផ្លូវសូត្រ ដែលត្រូវបានបង្ហាញដោយ លោកប្រធានាធិបតី ស៊ី ជិនភីង ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ក្នុង ឆ្នាំ២០១៣។ 

បន្ទាប់ពីការអនុម័តលើ គំនិតផ្តួចផ្តើមទីក្រុងប៉េកាំងនេះ លោក Mushahid Hussain Sayed អ្នករាយការណ៍ពិសេស សន្និសីទអន្តរជាតិរបស់គណបក្សនយោបាយអាស៊ី បានថ្លែងថា “វាគឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលមេ-ដឹកនាំនយោបាយទាំងអស់មកពីប្រទេសជាង៣០ បានមកជួបជុំគ្នា ហើយបានព្រមព្រៀងគ្នាជាឯកច្ឆន្ទមួយ។”

អ្នកតំណាង និងមេដឹកនាំទាំងអស់មកពីបណ្តាប្រទេសដែលស្ថិតនៅតាមផ្លូវសូត្របានរួមគ្នា ប្រកាសអំពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះគំនិតផ្តួចផ្តើមទីក្រុងប៉េកាំង ដែលត្រូវបានអនុម័ត នៅថ្ងៃទី១៦ ខែតុលា។ 

ប្រទេសទាំងនោះបានប្រកាសថា “យើងស្វាគមន៍ និងគាំទ្រយ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើម ក្រវាត់ និងផ្លូវ ដែលបានស្នើឡើងដោយប្រទេសចិន។ យើងជឿជាក់ថា គំនិតផ្តួចផ្តើមនេះ នឹងផ្តល់នូវឱកាសថ្មីមួយសម្រាប់បណ្តាប្រទេសដែលស្ថិតនៅតាមផ្លូវសូត្រ រួមមានបណ្តាប្រទេសក្នុងទ្វីបអាស៊ីផងដែរ ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍមួយ ដោយផ្អែកលើផលប្រយោជន៍រួម និងនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ប្រទេសនានាក្នុងគោលដៅជំនះបញ្ហាលំបាក ផ្សេងៗ ព្រមទាំងសម្រេចនូវក្តីប្រាថ្នារបស់ខ្លួន ហើយវាក៏ជាគំនិតផ្តួចផ្តើមថ្មីមួយ សម្រាប់ប្រទេសរបស់យើង ក្នុងការធ្វើឲ្យផ្លូវសូត្រនេះមានដំណើរការឡើងវិញផងដែរ។”

ប្រទេសកម្ពុជា ដែលត្រូវបានតំណាងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំគណ-បក្សប្រជាជន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀត ដែលបានធ្វើសេចក្តីថ្លែង ការណ៍គាំទ្រ ព្រមទាំងសន្យាថានឹងអនុវត្តគំនិតផ្តួចផ្តើមផ្លូវសូត្រនេះ តាមរយៈគំនិតផ្តួចផ្តើម ទីក្រុងប៉េកាំង។

លោកនាយករដ្ឋមន្ត្រីបានថ្លែងនៅឯសន្និសីទនោះកាលពីថ្ងៃទី១៤ ខែតុលាថា “ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ដែលបានប្រកាសឡើងដោយលោកប្រធានាធិបតី ស៊ីជិនភីង ក្នុងឆ្នាំ២០១៣ ដើម្បីធ្វើឲ្យផ្លូវសូត្របុរាណនេះមានដំណើរការឡើងវិញ តាមរយៈគោលគំនិតនៃផ្លូវសូត្រក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។”

លោក Guo Yezhou អនុរដ្ឋមន្ត្រីនាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ-និស្តចិន បានមានប្រសាសន៍ថាតាមលក្ខណៈភូមិសាស្ត្រ គំនិតផ្តួចផ្តើមនេះអនុវត្តតែចំពោះ ប្រទេសដែលស្ថិតនៅតាមផ្លូវសូត្រប៉ុណ្ណោះ។ ប៉ុន្តែ ប្រទេសទាំងអស់ត្រូវបានស្វាគមន៍ឲ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះដរាបណាពួកគេទទួលយក និងបង្ហាញការប្តេជ្ញាចិត្តក្នុងការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងប៉េកាំង។ 

លោកថ្លែងថា “ក្រវាត់មួយ ផ្លូវមួយ គឺជាគំនិតផ្តួចផ្តើមមួយ។ ដរាបណាអ្នកទទួលយកគំនិតផ្តួចផ្តើមនេះ ទោះបីជាប្រទេសមួយស្ថិតនៅទីណាក៏ដោយ វាត្រូវបានចាត់ទុកថាជាសមាជិកមួយ នៃគំនិតផ្តួចផ្តើមនេះ។  វាក៏ជាការអញ្ជើញមួយឲ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះផងដែរ ដរាបណាអ្នកទទួលយកស្មារតីនៃគំនិតផ្តួចផ្តើម និងតម្លៃនៃផ្លូវសូត្រនេះ ដូច្នេះអ្នកគឺជាផ្នែកមួយនៃផ្លូវសូត្រនេះ។”

គំនិតផ្តួចផ្តើមនេះ នឹងផ្សារភ្ជាប់ប្រទេសចិនជាមួយទ្វីបអាស៊ី អឺរ៉ុប តំបន់មជ្ឈិមបូព៌ា ព្រមទាំងទ្វីបអាមេរិកឡាទីន។ វានឹងមានវិសាលភាពលាតសន្ធឹងលើប្រទេសជាង៦០ ដែលមានប្រជាជនរស់នៅ ៤.៤ប៊ីលាននាក់ និងមានកម្លាំងសេដ្ឋកិច្ច ដែលមានតម្លៃ២១ទ្រីលានដុល្លារ។ គំនិតផ្តួចផ្តើមនេះ ផ្តោតជាសំខាន់លើ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ពាណិជ្ជកម្មសេរី ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសដែលជាភាគីនៃគំនិតផ្តួចផ្តើមនេះ។ 

Share and Like this post

Related Posts

Previous Article

កំពង់ផែស្វយ័តក្រុងភ្នំពេញចុះបញ្ជីក្នុងផ្សារមូលបត្រ

Next Article

សុខ ណាលីស ៖ នាដកាប្រកបដោយទេពកោសល្យ