សេវាធានារ៉ាប់រងថ្មីផ្តល់អត្ថប្រយោជន៍ដល់កសិករ

ដោយ ម៉ៃ គុនមករា No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – យ៉ាងហោចណាស់ក៏មានប្រជាកសិករចំនួន៦០គ្រួសារ ដែលទទួលរងនូវគ្រោះរាំងស្ងួត នៅក្នុងស្រុកចំនួនពីរនៃខេត្តបាត់ដំបង ទទួលបាននូវសំណងធានារ៉ាប់រងលើដំណាំពីក្រុមហ៊ុនធានារ៉ាប់រង ហ្វតេ។

លោក ស៊ុំ សុត ដែលមានអាយុ៤៨ឆ្នាំ រស់នៅភូមិស្នឹងស្រុកបាណន់ បានប្រាប់កាសែតខ្មែរថាមស៍ថា លោកបានទិញធានារ៉ាប់រងពីក្រុមហ៊ុន ហ្វតេ កាលពីខែកក្កដា បន្ទាប់ពីអ្នកតំណាងម្នាក់របស់ក្រុមហ៊ុន បានចុះមកផ្សព្វ-ផ្សាយផលិតផលនៅក្នុងភូមិ។ លោកនិយាយថា រយៈពេលពីរខែក្រោយមក សំណាបនៅក្នុងស្រែរបស់លោកបានទទួលរងនូវការបំផ្លិចបំផ្លាញដោយគ្រោះរាំងស្ងួតស្ទើរតែទាំងអស់។ 

លោក សុត បានពន្យល់ថា “ខ្ញុំបានទិញធានារ៉ាប់រងនេះកាលពីខែកក្កដាពីក្រុមហ៊ុន ពីព្រោះវាមានតម្លៃសមរម្យ ហើយវាអាចការពារដំណាំស្រូវរបស់ខ្ញុំ។ នៅពេលស្រែរបស់ខ្ញុំពុំមានទឹក គ្រប់គ្រាន់ ក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់សំណងជូនខ្ញុំ។”

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតេ បានដាក់ឲ្យដំណើរការនូវគម្រោងសាកល្បងនេះកាលពីខែកក្កដា ហើយវាគឺជាលើកទីមួយ ដែលប្រទេសកម្ពុជាមានការធានារ៉ាប់រងប្រភេទនេះ។  អ្នកអង្កេត ក្នុងវិស័យនេះ រពឹងថា ការធានារ៉ាប់រងប្រភេទនេះ នឹងមានកំណើន ហើយនិយាយថា វានឹង ជួយបន្ធូរបន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដែលគេរំពឹងថានឹងកើតមានចំពោះប្រជាកសិករខ្មែរ ដោយសារតែមូលហេតុថាពួកគេ ពុំមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់។ ដូច្នេះ ពួកគេពឹងផ្អែកស្ទើរតែទាំងស្រុងលើរដូវដែលមិនទៀងទាត់។ 

ជំហានដំបូង

លោក យុគ ចំរើនរិទ្ធិ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតេ បានប្រាប់កាសែតខ្មែរថាមស៍ថា នេះគឺជាលើកទីមួយហើយ ដែលក្រុមហ៊ុន ហ្វតេ បានផ្តល់សេវាធានារ៉ាប់រងលើដំណាំស្រូវ។ ក្រុមហ៊ុនបានផ្តល់ការធានារ៉ាប់រងលើកសិផល ដូចជា កៅស៊ូ ពោត និងដំឡូង កាលពីដើមឆ្នាំនេះ មុននឹងឈានដល់ការធានារ៉ាប់រងលើដំណាំស្រូវ ក្នុងខែកក្កដានេះ។ 

លោក ចំរើនរិទ្ធិ បានពន្យល់ថា “យើងទើបតែដាក់ឲ្យដំណើរការនូវគម្រោងសាកល្បងមួយនេះនៅក្នុងស្រុកចំនួនពីរនៃខេត្តបាត់ដំបង គឺស្រុកបវិល និងស្រុកបាណន់ ដើម្បីស្ទាប់ស្ទង់តម្រូវការចំពោះសេវាកម្មប្រភេទនេះ។” លោកលើកឡើងថា ក្រុមហ៊ុនមានគម្រោងផ្តល់សេវាធានារ៉ាប់រងដល់ប្រជាកសិករចំនួនមួយពាន់គ្រួសារ ប៉ុន្តែ ដោយសារការធានារ៉ាប់រងនេះទើបតែដំណើរការ ដូច្នេះហើយបានជាមានប្រជាកសិករតិចតួចប៉ុណ្ណោះ ដែលមានការចាប់អារម្មណ៍។ លោក ចំរើនរិទ្ធិ ថ្លែងថា “ពួកគេមានភាពស្ទាក់ស្ទើរក្នុងការទិញសេវាកម្មនេះ ពីព្រោះពួកគេមិនសូវស្គាល់វា។” 

ទោះបីជាយ៉ាងណាក៏ដោយ មានកសិករចំនួន៦០នាក់រួចទៅហើយ ដែលបានទិញធានារ៉ាប់រងនេះ។ លោក ចំរើនរិទ្ធិ និយាយថា ពួកគេបានទិញធានារ៉ាប់រងលើស្រែមួយហិកតាក្នុងតម្លៃ ១៧ដុល្លារ។ លោកបន្ថែមទៀតថា ការផ្តល់សំណងលើកទីមួយ ចំពោះការខូចខាតដែលបណ្តាលមកពីគ្រោះរាំងស្ងួត ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៩ ខែ កញ្ញា។ 

លោក ចំរើនរិទ្ធិ បានលើកឡើងថា ការផ្តល់សំណងនេះគឺជាជំហានដំបូងក្នុងអំឡុងពេលធានា រ៉ាប់រងសម្រាប់រដូវបង្កបង្កើនផល ដែលនឹងបញ្ចប់នៅពាក់កណ្តាលខែធ្នូ។ លោកបានលើកឡើងទៀតថា ប្រសិនបើដំណាំស្រូវរបស់កសិករបន្តរងការខូចខាត ដោយគ្រោះរាំងស្ងួតកសិករដែលមានការធានារ៉ាប់រង នឹងទទួលបានប្រាក់កាន់តែច្រើន។ 

ការទទួលយកសំណង

លោក សុត និយាយថា លោកមានស្រែបួនហិកតា ប៉ុន្តែក្នុងនោះមានតែមួយហិកតាប៉ុណ្ណោះ ដែលមានការធានារ៉ាបរង ដូចអ្វីដែលបានចែងនៅក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុន ហ្វតេ។ កសិកររូបនេះបានពន្យល់ថា “ក្រុមហ៊ុនមិនអនុញ្ញាតឲ្យយើងទិញធានារ៉ាប់រងលើសពីមួយ ហិកតាទេ ពីព្រោះពួកគេគ្រាន់តែចង់ឲ្យយើងសាកល្បងប្រើប្រាស់សេវាកម្មនេះប៉ុណ្ណោះ។”

លោក តែ ទៀង ដែលជាកសិករអាយុ៦៤ឆ្នាំម្នាក់នៅភូមិភ្នំសំពៅស្រុកបាណន់ បាននិយាយ ថា លោកទទួលបានសំណងធានារ៉ាប់រងលើដំណាំរបស់ខ្លួន កាលពីខែមុន។ 

អ្នកវាយតម្លៃមកពីក្រុមហ៊ុន ហ្វតេ បានចុះទៅស្រែរបស់លោកហើយបានកំណត់ថា ស្រែមួយហិកតា ដែលមានការធានារ៉ាប់រងនេះ បានទទួលរងការខូចខាតដោយសារគ្រោះរាំងស្ងួត។ 

លោកបានប្រាប់កាសែតខ្មែរថាមស៍ តាមទូរស័ព្ទកាលពីសប្តាហ៍មុនថា “យើងទទួលបានសំណងប្រហែល ១៧ដុល្លារ ពីពួកគេ។” លោក ទៀង និយាយថា សំណងនោះស្មើនឹងទឹកប្រាក់ ដែលលោកបានបង់ដើម្បីធានារ៉ាប់រងលើដំណាំ ហើយលោកបានបន្ទោសថា កង្វះភ្លៀងគឺជា មូលហេតុ ដែលបង្កឲ្យសំណាបរបស់ខ្លួនទទួលរងការខូចខាតស្ទើរទាំងស្រុង។ 

ជំហានបន្ទាប់

អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ស្រី ចន្ធី បានសម្តែងនូវការស្វាគមន៍ចំពោះ របាយការណ៍ស្តីពី សេវាកម្មធានារ៉ាប់រងលើដំណាំស្រូវនេះ ដោយបានលើកឡើងថា វាអាចរួមចំណែកដល់ការអភិវឌ្ឍកសិឧស្សាហកម្ម។ លោកថ្លែងថា “ខ្ញុំមានក្តីរីករាយណាស់ដោយបានឮថា បច្ចុប្បន្នវាកំពុងមានដំណើរការនៅក្នុងប្រទេសកម្ពុជា។ វាគឺជាការប្រសើរមួយ។”

លោកនិយាយថា “វាត្រូវបានអនុវត្តដោយជោគជ័យរួចទៅហើយ នៅក្នុងប្រទេសដទៃទាំងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍ។ វានឹងជួយកសិករ ដោយការផ្ទេរហានិភ័យទៅឲ្យក្រុមហ៊ុនធានារ៉ាប់រង។ ប៉ុន្តែ នេះគ្រាន់តែជាហានិភ័យមួយប៉ុណ្ណោះ (បម្រែបម្រួលអាកាសធាតុ)។” លោកនិយាយទៀតថា កសិករក៏ប្រឈមមុខនឹងហានិភ័យផ្សេងទៀតផងដែរ ដូចជា តម្លៃទីផ្សារគ្មានស្ថិរភាព កង្វះបច្ចេកវិទ្យា និងមធ្យោបាយដឹកជញ្ជូនជាដើម។ 

លោក ចន្ធី ថ្លែងថា ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ អន្តរាគមន៍របស់រដ្ឋាភិបាលគឺមានភាពចាំបាច់ ហើយនៅក្នុងប្រទេសដែលមានឧស្សាហកម្មជឿនលឿន កសិករទទួលបានការឧបត្ថម្ភទុនយ៉ាងច្រើនពីរដ្ឋាភិបាល។ លោកថ្លែងទៀតថា “អន្តរាគមន៍របស់រដ្ឋាភិ-បាល ត្រូវធ្វើ ឡើងតាមមធ្យោបាយ និងធនធានដែលខ្លួនមាន។”

បើផ្អែកតាមក្រសួងកសិកម្ម ដីស្រែប្រហែល ២៣៤,៦៩៥ ហិកតា ក្នុងខេត្តចំនួន១៦ បានទទួលរងនូវការខូចខាតដោយគ្រោះរាំងស្ងួត គិតត្រឹមសប្តាហ៍ទីមួយក្នុងខែនេះ។ 

លោក ចំរើនរិទ្ធិ និយាយថា ក្រុមហ៊ុន ហ្វតេ នឹងបន្តផ្តល់សំណងជូន កសិករពេញមួយរដូវ ប្រសិនបើដំណាំដែលមានការធានារ៉ាប់រងរបស់ពួកគេ ទទួលរងនូវការខូចខាត។ លោកបន្ថែមទៀតថា “ខ្ញុំគិតថា សេវាកម្មនេះគឺជាការជួយសង្គ្រោះមួយដ៏ប្រសើរ នៅពេលពួកគេទទួលរងឥទ្ធិពលអាក្រក់ ដោយសារបម្រែបម្រួលអាកាសធាតុក្នុងរដូវបង្កបង្កើនផល។”

លោកក៏បានកត់សម្គាល់ផងដែរថា ទីផ្សារសម្រាប់សេវាកម្មប្រភេទនេះ គឺមានភាពធំទូលាយ ពីព្រោះប្រជាជនកម្ពុជា៦៥ភាគរយប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកលើវិស័យកសិកម្ម។ 

លោក ចំរើនរិទ្ធិ ថ្លែងថា “ក្នុងនាមជាក្រុមហ៊ុនឯកជនមួយយើងមិនគិតតែពីប្រាក់ចំណេញទេ ប៉ុន្តែយើងក៏ត្រូវគិតអំពីការទទួលខុសត្រូវក្នុងសង្គមផងដែរ ដូច្នេះយើងត្រូវស្វែងរកមធ្យោបាយដើម្បីជួយកសិករ។ យើងត្រូវជួយកសិករឲ្យទទួលបានស្ថិរភាព ក្នុងជីវភាព ប្រចាំថ្ងៃរបស់ពួកគេ ដែលនឹងជំរុញឲ្យពួកគេមានលទ្ធភាពវិនិយោគលើស្រែរបស់ខ្លួន។”

លោកបន្ថែមទៀតថា ក្រុមហ៊ុនគ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាល ដើម្បីពង្រីកគម្រោងសាកល្បងនេះពេញទូទាំងប្រទេស។ 

កំណើនយឺត និងបម្រែបម្រួលអាកាសធាតុ

ក្នុងឆ្នាំ២០១៣-២០១៤ កំណើនក្នុងវិស័យកសិឧស្សាហកម្មគឺតិចជាង២ភាគរយ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក។ 

របាយការណ៍នេះបាននិយាយថា កំណើនយ៉ាងហោចណាស់៥ភាគរយ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ទើបអាចធ្វើឲ្យប្រាក់ចំណូលរបស់គ្រួសារកសិករមានកំណើនល្អ។

ជាមួយនឹងកំណើន៥ភាគរយ ប្រាក់ចំណូលរបស់គ្រួសារកសិករអាចកើនឡើងបីដង គឺកើនពី១,២០០ដុល្លារ សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ ដល់៣,៧៦០ដុល្លារ នៅក្នុងឆ្នាំ២០៣០។ កំណើនប្រចាំឆ្នាំ៣ភាគរយនឹងធ្វើឲ្យប្រាក់ចំណូលកើនឡើងត្រឹម២,៥០០ដុល្លារប៉ុណ្ណោះនៅឆ្នាំ២០៣០ ។ 

ធនាគារពិភពលោកបានប្រកាសថា ខ្លួនអាចបង្កើនការផ្តល់ហិរញ្ញប្បទាន ៧ភាគរយក្នុងឆ្នាំនេះ ដើម្បីជួយសម្រួលបញ្ហាបម្រែបម្រួលអាកាសធាតុ។ ធនាគារនេះបានឲ្យដឹងថា ខ្លួនបានចំណាយថវិកាចំនួន១០.៣ប៊ីលានដុល្លារលើគម្រោង ពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយថវិកានេះនឹងកើនឡើងដល់១៦ប៊ីលានដុល្លារ។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានប្រកាសកាលពីខែមុនផងដែរថា ខ្លួននឹងបង្កើនការផ្តល់ហិរ-ញ្ញប្បទាន ដើម្បីជួយសម្រួលបញ្ហាបម្រែបម្រួលអាកាសធាតុនេះ។ ធនាគារនេះនិយាយថា ខ្លួន នឹងបង្កើនថវិកាប្រចាំឆ្នាំពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ ពី៣ប៊ីលានដុល្លារ ក្នុងមួយឆ្នាំដល់៦ប៊ីលានដុល្លារក្នុងមួយឆ្នាំ នៅឆ្នាំ២០២០ ហើយថា ការផ្តល់ហិរញ្ញប្បទានដើម្បី ជួយសម្រួល បញ្ហាបម្រែបម្រួលអាកាសធាតុនេះនឹងមានកំណើន៣០ភាគរយនៃការផ្តល់ហិរញ្ញ-ប្បទានសរុប។ 

Share and Like this post

Related Posts

Previous Article

កំពង់ផែស្វយ័តក្រុងភ្នំពេញចុះបញ្ជីក្នុងផ្សារមូលបត្រ

Next Article

សុខ ណាលីស ៖ នាដកាប្រកបដោយទេពកោសល្យ