គ្រូបង្រៀនត្រូវគេចោទថាបានសម្រាតសិស្សស្រីនៅក្នុងថ្នាក់រៀន

ទីន សុខាវុធ No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – លោក ដួង សាណេត គ្រូបង្រៀនថ្នាក់ទីពីរ នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ក្នុងក្រុងស្វាយរៀង ត្រូវបានចោទប្រកាន់ថាបានសម្រាតសំពត់សិស្សស្រីម្នាក់នៅក្នុងថ្នាក់រៀន។

តុលាការខេត្តស្វាយរៀងបានចេញដីកាកោះហៅលោកគ្រូ សាណេត ដើម្បីស៊ើបសួរ នៅថ្ងៃទី៥ ខែវិច្ឆិកា ពាក់ព័ន្ធនឹងបណ្តឹងរបស់លោកយាយ រ័ត្ន សារ៉ន ដែលត្រូវជាជីដូនរបស់ជនរងគ្រោះ។

លោកយាយ សារ៉ន បានប្រាប់កាសែតខ្មែរថាមស៍ថា កាលពីខែឧសភា លោកគ្រូ សាណេត បានដាក់ពិន័យលើចៅស្រីរបស់ខ្លួន ដោយប្រាប់ឲ្យកុមារីនោះឈរនៅលើកៅអីគ្រូ បន្ទាប់មកឲ្យកុមារាម្នាក់ សម្រាតសំពត់កុមារីនោះនៅចំពោះមុខសិស្សដទៃទៀត។ 

លោកយាយ សារ៉ន បានថ្លែងថា “លោកគ្រូឆ្កួតនោះបាននិយាយថា ការដាក់ពិន័យនោះគឺ ដោយសារចៅស្រីរបស់ខ្ញុំ ខ្ជិលរៀនអាន។ ប៉ុន្តែចំពោះខ្ញុំ វាគឺជាការធ្វើបាបមួយយ៉ាងព្រៃផ្សៃ មកលើចៅស្រីអាយុ១១ឆ្នាំរបស់ខ្ញុំ ដែលខ្ញុំបានចិញ្ចឹមតាំងពីនាងកើតមក។”

ដោយមានការជួយពីអង្គការលីកាដូ លោកយាយ សារ៉ន បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋាន។ លោកយាយនិយាយថា លោកគ្រូម្នាក់នោះចង់ធ្វើការសម្របសម្រួល ដើម្បីបញ្ចប់រឿងក្តី។

លោកយាយបាននិយាយទៀតថា នៅពេលនោះ ខ្ញុំទាមទារសំណងពីគាត់ត្រឹម៥០០ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែគាត់បានឆ្លើយថា គាត់សងត្រឹម៣០០ដុល្លារប៉ុណ្ណោះ ហើយគាត់ប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំមិនទទួលយក៣០០ដុល្លារនោះ គាត់មិនខ្វល់ទេ ទោះបីជាមានរឿងអ្វីកើតឡើងនៅពេលក្រោយទៀតក៏ដោយ។ 

ដោយសារការសម្របសម្រួលនៅថ្នាក់មូលដ្ឋានមិនទទួលបានលទ្ធផល លោកយាយ សារ៉ន បានប្រាប់ឪពុកម្តាយរបស់កុមារីនោះឲ្យដាក់ពាក្យបណ្តឹងទៅតុលាការខេត្តស្វាយរៀង។ 

លោកយាយ សារ៉ន ថ្លែងថា “ពាក្យបណ្តឹងថ្មីត្រូវបានធ្វើឡើងដោយមានការជួយពីមេធាវីប្រចាំអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ។”

បើតាមមេធាវីដើមចោទ លោក ឡាំ សុគន្ធារ៉ា ដែលជាមេធាវីរបស់អង្គការនេះ ពាក្យបណ្តឹងថ្មី នេះចោទប្រកាន់លោកគ្រូ សាណេត ពីការប្រព្រឹត្តអំពើអាសលើអនីតិជន ក្រោមអាយុ១៥ឆ្នាំ ដូចមានចែងក្នុងមាត្រា៤៣នៃច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស។ 

ជនប្រព្រឹត្តអំពើអាស ត្រូវផ្ទន្ទាទោសឲ្យជាប់ពន្ធនាគារពី១ឆ្នាំដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលដល់៦លានរៀល។

ឆ្លើយតបទៅនឹងអំពើអាសនេះ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានថ្លែងថា ក្រសួងបានស្តីបន្ទោសលោកគ្រូ សាណេត តាមរយៈលិខិតមួយច្បាប់ដែលបានផ្ញើជូនលោកគ្រូ។ 

ក្រសួងក៏បានដកលោកគ្រូ សាណេត ពីតួនាទីជាគ្រូបង្រៀនហើយបានឲ្យលោកធ្វើការងារជា ស្មៀននៅក្នុងមន្ទីរអប់រំ យុវជន និងកីឡា ក្នុងស្រុករំដួល ខេត្តស្វាយរៀងវិញ។ 

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរ ក្រសួងបានបន្ថែមទៀតថា នេះ គឺជាចំណាត់ការដែល ក្រសួងអាចធ្វើទៅបានសម្រាប់ការដាក់ទណ្ឌកម្មលើលោកសាណេត ដោយផ្អែកលើមាត្រា៤០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលកម្ពុជា។ ចំពោះបទល្មើសផ្សេងទៀត ក្រសួងទុកភារកិច្ចជូនតុលាការវិញ។ 

លោក នុត បូពិណារ័ត្ន មន្ត្រីសម្របសម្រួលរបស់អង្គការ លីកាដូ ប្រចាំខេត្តស្វាយរៀង បានប្រាប់កាសែតខ្មែរថាមស៍ថា ចាប់តាំងពីខែឧសភារហូតមកដល់បច្ចុប្បន្ននេះ វាមានរយៈពេល ជិត៦ខែហើយ ដែលតុលាការខេត្តបានដំណើរការរឿងក្តីមួយនេះ។ 

លោក បូពិណារ័ត្ន ថ្លែងថា “ជីដូនរបស់ជនរងគ្រោះបានប្រាប់ខ្ញុំថា លោក សាណេត មានមិត្ត ភ័ក្រ្តធ្វើការនៅតុលាការខេត្ត ដូច្នេះហើយបានជាដំណើរការរឿងក្តីនេះអាចអូសបន្លាយពេលបានយូរ។ វាហាក់បីដូចជាតុលាការមិនចង់ដំណើរការរឿងក្តីនេះទាល់តែសោះ។” 

Share and Like this post

Related Posts

Previous Article

ក្រុមហ៊ុន Ascott បានសម្លឹងមើលកម្ពុជា

Next Article

សុខ ណាលីស ៖ នាដកាប្រកបដោយទេពកោសល្យ