មន្រ្តី៖ ស្ថានភាពគ្រោះថ្នាក់ធម្មជាតិនៅកម្ពុជានៅស្រាលជាងប្រទេសដទៃក្នុងតំបន់

ដោយ ជា វណ្ណៈ No Comments Share:

ចំនួនមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ធម្មជាតិនៅកម្ពុជា មានស្ថានភាពស្រាលឆ្ងាយណាស់បើប្រៀបធៀបនឹងប្រទសដទៃក្នុងតំបន់អាស៊ាន ស្របពេលដែលប្រទេសកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះទិវាអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៅចុងសប្តាហ៍នេះ។ នេះបើតាមការអះអាងរបស់លោក រស់ សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។

លោក សុវណ្ណ ដែលលោកក៏ជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ានសម្រាប់ឆ្នាំនេះ បាននិយាយថា មនុស្សជាង១០០នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ធម្មជាតិក្នុងមួយឆ្នាំៗនៅកម្ពុជា។

លោក សុវណ្ណ និយាយទៀតថា “អ្នកស្លាប់ដោយសារគ្រោះថ្នាក់ធម្មជាតិ ភាគច្រើនជាកុមារតូចៗ ដោយសារតែខ្វះការប្រុងប្រយ័ត្នរបស់ឪពុកម្តាយ ដែលជាប់រវល់ការងារផ្សេង”។

 លោក សុវណ្ណ ពន្យល់ថា “ប៉ុន្តែបើនិយាយពីផលប៉ះពាល់ដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារវិញ ប្រទេសកម្ពុជាមានស្ថានភាពធ្ងន់ធ្ងរជាងប្រទេសដទៃ ព្រោះតែកសិករយើងភាគច្រើន ពឹងផ្អែកទៅលើធម្មជាតិក្នុងការបង្កបង្កើនផល ហើយប្រព័ន្ធធារាសាស្ត្រទៀតសោតនៅមិនទាន់ល្អនៅឡើយ។”

លោក កែវ វី មន្រ្តីនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និយាយថា  មនុស្សយ៉ាងហោចណាស់៨៩នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ធម្មជាតិក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំនេះ។ លោកមានជំនឿថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ធម្មជាតិ គិតត្រឹមចុងឆ្នាំ២០១៥ នឹងមិនមានច្រើនឡើយ ព្រោះឆ្នាំនេះគ្រោះទឹកជំនន់មិនសូវធំ ដូចឆ្នាំកន្លងទៅ។

លោក កែវ វី បញ្ជាក់បន្ថែមថា មានតែពលរដ្ឋនៅខេត្តភាគខាងជើង និងភាគពាយ័ព្យប្រទេស ប៉ុណ្ណោះ ដែលប្រឈមមុខខ្លាំងជាងគេនឹងគ្រោះថ្នាក់ធម្មជាតិ រួមមានគ្រោះរន្ទះបាញ់ ខ្យល់កន្ត្រាក់ និងទឹកជំនន់ជាដើម។  

ទោះជាយ៉ាងណាក៏ដោយមន្ត្រីជំនាញនិយាយថា ដោយសារការខិតខំប្រឹងប្រែងផ្សព្វផ្សាយ ពីសំណាក់អាជ្ញាធរមូលដ្ឋាន រាជរដ្ឋាភិបាល អង្គការពាក់ព័ន្ធ ជាពិសេសបណ្តាញសារព័ត៌មាន ការយល់ដឹងពី គ្រោះថ្នាក់ធម្មជាតិរបស់ពលរដ្ឋខ្មែរ កាន់តែមានភាពប្រសើរឡើងគិតចាប់ពីប្រទេសកម្ពុជារងគ្រោះធ្ងន់ធ្ងរ ដោយខ្យល់ព្យុះ គេតសាណា (Ketsana) កាលពីឆ្នាំ២០០៩មក។ 

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រកន្លងទៅ លោក សុវណ្ណ និយាយថា គ្រោះថ្នាក់ធម្មជាតិនៅកម្ពុជា មានលក្ខណៈស្រាលជាងប្រទេសក្នុងតំបន់ ដូចជានៅហ្វីលីពីន និងឥណ្ឌូនេស៊ី ជាដើម ។

បើតាមរបាយការណ៍ហានិភ័យ ពិភពលោករបស់អង្គការសហប្រជាជាតិឆ្នាំ២០១៤ បង្ហាញថា ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសទីប្រាំបួន ដែលប្រឈមមុខនឹងគ្រោះធម្មជាតិខ្លាំងបំផុតក្នុងពិភពលោក ។

គិតតែក្នុងឆ្នាំ២០១៤ មនុស្សចំនួន ១៦៥.៥១៦ នាក់ ទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងនោះមានមនុស្ស៤៩នាក់បានស្លាប់។ នេះមិនទាន់រាប់បញ្ជូល ការបំផ្លាញទ្រព្យសម្បត្តិ និងដីកសិកម្មរាប់ពាន់ហិកតា ការស្លាប់បាត់បង់សត្វពាហនៈ ការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន ជាពិសេសពលរដ្ឋក្រីក្រ និងការប៉ះពាល់ដល់វិស័យកសិកម្ម សេដ្ឋកិច្ច សុខាភិបាល និងវិស័យអប់រំផងដែរ។

បើតាមក្រសួងបរិស្ថាន ការចំណាយទៅលើការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា សម្រាប់រយៈពេលប្រាំឆ្នាំ ពីឆ្នាំ២០១៤ ដល់២០១៨ មានចំនូនប្រមាណជា១,២ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ប្រទេសកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះទិវាអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងទិវាអន្តរជាតិស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ទី១០ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ទិវារយៈពេលពីរថ្ងៃនេះ នឹងមានការចូលរួមពីសិស្ស និសិ្សត កាយារិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងមន្រ្តីអង្គការនានា ជាងពីរពាន់នាក់។

លោក សុវណ្ណ និយាយថា ទិវានេះ នឹងក្លាយជាសារដ៏មានសារៈសំខាន់សម្រាប់ពលរដ្ឋ មិនត្រឹមតែនៅកម្ពុជានោះទេ ថែមទាំងពលរដ្ឋអាស៊ានទាំងមូល ឲ្យយល់ដឹងកាន់តែច្បាស់ពីគ្រោះធម្មជាតិ និងចូលរួមកាត់បន្ថយគ្រោះធម្មជាតិទាំងអស់គ្នា ព្រមទាំងបង្ការខ្លួនពីគ្រោះធម្មជាតិ។ 

Share and Like this post

Related Posts

Previous Article

គ្រូបង្រៀនត្រូវគេចោទថាបានសម្រាតសិស្សស្រីនៅក្នុងថ្នាក់រៀន

Next Article

ផៃ ស៊ីផាន ៖ សម រង្ស៊ី គឺជាមេភរ