លោកនាយករដ្ឋមន្ត្រីមានផែនការចូលនិវត្តន៍

ដោយ Vincent Maclsaac No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – នៅក្នុងកិច្ចសម្ភាសន៍មួយនៅឯទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៤ ខែកញ្ញា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពីផែនការចូលនិវត្តន៍ និងអ្នកដែលត្រូវមកជំនួសតំណែងរបស់លោក។ លោកក៏បានថ្លែងទៀតថា លោកនឹងបន្តកាន់អំណាចរហូតដល់លោកមានអាយុ៩០ឆ្នាំ។ ប៉ុន្តែ លោករ៉ូបឺត លីបឺមែន ដែលជាផលិតករភាពយន្តសញ្ជាតិអាមេរិក នឹងមិនពិភាក្សាអំពីផែនការរបស់លោកហ៊ុន សែន ទេ រហូតដល់ភាពយន្តរបស់លោកចេញជាមុនសិន។ 

បន្ទាប់ពីកិច្ចសម្ភាសន៍អស់រយៈពេលពីរម៉ោងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកផលិករភាពយន្តសញ្ជាតិអាមេរិករូបនេះ គិតថា លោកនាយករដ្ឋមន្ត្រីនៅមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវនិយាយ។ 

កិច្ចសម្ភាសន៍លើកនេះ ខុសពីកិច្ចសម្ភាសន៍របស់លោកជាមួយលោកស្រី អ៊ុងសាន ស៊ូជី។ លោក លីបឺមែន បានថ្លែងថា “ខ្ញុំដឹងថា កិច្ចសម្ភាសន៍ជាមួយលោកស្រីស៊ូជី បានចប់សព្វ គ្រប់។” លោកបានសម្ភាសន៍ជាមួយលោកស្រី បន្ទាប់ពីគាត់ត្រូវបានដោះលែងពីផ្ទះឲ្យមានសេរីភាព ហើយកិច្ចសម្ភាសន៍នោះធ្វើឡើងដើម្បីផលិតភាពយន្តឯកសារឆ្នាំ២០១២ របស់លោកមួយ ដែលមានចំណងជើងថា “They Call it Myanmar”។ នៅពេលនោះ លោកស្រីត្រូវបានបស្ចិមប្រទេសចាត់ទុកថា ជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងភាពយន្តឯកសារនោះ លោកស្រីបានថ្លែងប្រាប់ប្រជាជនថា លោកស្រីគឺជាអ្នកនយោបាយម្នាក់ តែពុំមែនជានិមិត្តរូបអ្វីទេ។ 

ប៉ុន្តែ លោក លីបឺមែន ហាក់បីដូចជាមានការខកចិត្ត ដោយសារម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ ពុំបានអើពើចំពោះជនជាតិភាគតិចរ៉ូហ៊ីងយ៉ាក្នុងប្រទេសភូមា។ ដូច្នេះ ខ្ញុំមិនបានលើកឡើងអំពីជំរំនៅក្បែរ Sittwe ដែលជារដ្ឋធានីនៃរដ្ឋរ៉ាក់ឃីន ហើយជាទីកន្លែង ដែលជនជាតិរ៉ូហ៊ីងយ៉ាជាងមួយសែននាក់បានស្នាក់នៅក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។ 

បើប្រៀបធៀបជាមួយភូមាវិញ កម្ពុជាបានធ្វើឲ្យលោក លីបឺមែន មានការងឿងឆ្ងល់។ លោក ថ្លែងថា “អ្នកកាត់តភាពយន្តរបស់ខ្ញុំកំពុងជួបបញ្ហាស្មុគស្មាញ។ នេះគឺជាភាពយន្តដ៏ពិបាក បំផុតដែលខ្ញុំមិនធ្លាប់បានផលិត។”

រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា លោកត្រូវកែសម្រួលភាពយន្ត ដែលបានថតអស់រយៈពេលជាងបីឆ្នាំនេះ។ វាគឺជាកាលបរិច្ឆេទមួយសម្រាប់លោកយកភាពយន្តមួយនេះ ទៅចូលរួមការប្រកួតក្នុងពិធីបុណ្យភាពយន្ត នៅទីក្រុងប៊ែរឡាំង។ កាលពីពីរសប្តាហ៍មុន បន្ទាប់ពីបានសម្ភាសជាមួយលោក ហ៊ុន សែន មក លោក លីបឺមែននៅកំពុងស្វែងរកចំណងជើងថ្មីមួយ សម្រាប់ភាពយន្តរបស់លោកនៅឡើយ។ ប៉ុន្តែ កាលពីសប្តាហ៍មុន លោកក៏បានរកឃើញចំណងជើងរបស់វា។

កិច្ចសម្ភាសន៍បានប្រព្រឹត្តទៅ នៅក្នុងបន្ទប់សណ្ឋាគារមួយដែលលោក ហ៊ុន សែន បានស្នាក់នៅកាលពីថ្ងៃទី២៤ ខែកញ្ញា ខណៈលោកកំពុងចូលរួមកិច្ចប្រជុំកំពូលមួយរបស់អង្គការសហប្រជាជាតិ។ 

លោក លីបឺមែន និយាយថា “ខ្ញុំបានសម្លឹងមើលលោក ហ៊ុន សែន រយៈពេលពីរម៉ោង។  ខ្ញុំចូលចិត្តលោកត្រង់ចំណុចមួយចំនួន។ ខ្ញុំមានក្តីគោរពចំពោះលោក។”

លោក លីបឺមែន សម្តែងការគួរសមចំពោះលោកនាយករដ្ឋមន្ត្រីតាមរបៀបខ្មែរ ប៉ុន្តែលោក នាយករដ្ឋមន្ត្រីបានចាប់ដៃរបស់លោកជាការស្វាគមន៍។ សំណួរ និងចម្លើយត្រូវបានរៀបចំទុកជាមុន ។ លោក លីបឺមែន មិនចង់សម្ភាសតាមសំណួរទាំងនោះទេ ហើយលោកមានបំណងសន្ទនាជាមួយ លោកនាយករដ្ឋមន្ត្រី។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “ខ្ញុំមិនចាប់អារម្មណ៍រឿងនយោបាយទេ ខ្ញុំចាប់អារម្មណ៍លើលោក ក្នុងនាមលោកជាមនុស្សម្នាក់។”

បើយោងតាមការបកប្រែរបស់រដ្ឋលេខាធិកា លោក ប៊ុន សំបូរ លោក ហ៊ុន សែន ថ្លែងថា “ទុកសំណួរទាំងនោះចោលទៅ។ អ្វីក៏ខ្ញុំអាចឆ្លើយបានដែរ។”

លោក លីបឺមែន និយាយថា “លោកនាយករដ្ឋមន្ត្រី បានរៀបរាប់អំពីជីវិតផ្ទាល់ខ្លួនរបស់លោក។ លោកបាននិយាយអំពីការបាត់បង់កូនម្នាក់ក្នុងសម័យខ្មែរក្រហម។ លោកត្រូវបានគេបាញ់ត្រូវក្បាល។ លោកបានបង្ហាញខ្ញុំនូវស្នាមរបួសរបស់លោក។ លោកគិតថា លោកនឹងពិការភ្នែកអស់មួយជីវិត។ លោកគឺជាមនុស្សសាមញ្ញម្នាក់ជាជាងអ្នកនយោបាយ។”

លោក ហ៊ុន សែន បានដឹងថា មានមនុស្សមួយចំនួនត្រូវបានគេវាយ ហើយមួយចំនួនទៀតត្រូវបានគេសម្លាប់ នៅអំឡុងពេលមានការតវ៉ាក្នុងរាជធានីភ្នំពេញ ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ លោក លីបឺមែន ថ្លែងថា “លោកនាយករដ្ឋមន្ត្រី ពុំទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនៅពេលនោះទេ។”

លោក ហ៊ុន សែន បានសម្តែងនូវការខឹងសម្បា នៅពេលលោកត្រូវបានសួរអំពី ការទម្លាក់គ្រាប់បែកនៅកម្ពុជា។ លោកបានឆ្លើយថា “ការទម្លាក់គ្រាប់បែកនោះគឺធ្វើឡើងដោយសហរដ្ឋ អាមេរិក។” លោក លីបឺមែន នៅចាំបានថា “លោកនាយករដ្ឋមន្ត្រីបានចង្អុលមកខ្ញុំ ហាក់បីដូចជាខ្ញុំទទួលបន្ទុកលើ នយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។” បន្ទាប់មក លោក ហ៊ុន សែន បាននិយាយដល់ប្រទេសដទៃទៀត ដូចជាប្រទេសអីុរ៉ាក់ អាហ្វហ្កានីស្ថាន និងវៀតណាម។ ផ្អែកតាមការបកប្រែរបស់លោក សំបូរ លោក ហ៊ុន សែន ថ្លែងថា “អាមេរិកចូលមកប្រទេសមួយ រួចហើយក៏ចាកចេញទៅវិញ។” លោក លីបឺមែន មានការសង្ស័យចំពោះការបកប្រែរបស់ លោក សំបូរ ប៉ុន្តែលោកគ្រោងនឹងធ្វើការផ្ទៀងផ្ទាត់ លើការបកប្រែនោះ។ 

ក្រោយកិច្ចសម្ភាសន៍នោះ ចំណងជើងរបស់ភាពយន្តត្រូវបានប្តូរថ្មី គឺប្តូរពី “Cambodia: Rebirth of a People” ទៅជា “Beyond Baksbat” វិញ។

“Baksbat” គឺជាពាក្យខ្មែរមានន័យថា បាក់ស្បាត។ លោក ហ៊ុន សែន បានប្រាប់លោក លីបឺមែនថា បច្ចុប្បន្នការភ័យបាក់ស្បាតគឺលែងមានទៀតហើយនៅកម្ពុជា។ ប៉ុន្តែ លោក លីបឺមែន មិនឯកភាពចំពោះការលើកឡើងដូច្នោះរបស់លោក ហ៊ុន សែន ទេ។ លោកបាន លើកយកការស្រាវជ្រាវថ្មីមួយ ដែលនិយាយថា ការបាក់ស្បាតអាចដក់ជាប់ក្នុងចិត្តរបស់យើងជារៀងរហូត។

លោក លីបឺមែន មានគោលដៅចង់ស្វែងយល់អំពីប្រទេសកម្ពុជា។ លោកបានសម្ភាសជាមួយ មនុស្សជាច្រើន គឺមានអ្នកដែលនៅរស់រានមានជីវិតពីសម័យខ្មែរក្រហម និងក្មេងៗដែលពុំ បានដឹងអំពីបញ្ហានេះ។ លោកថ្លែងថា “លោក ហ៊ុន សែន គ្រាន់តែជាបុគ្គលម្នាក់នៅក្នុងភាពយន្តនេះប៉ុណ្ណោះ។” 

ប៉ុន្តែមានមនុស្សម្នាក់ទៀត ដែលលោក លីបឺមែន ចង់សម្ភាសនោះ គឺអតីតរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក ហិនរី ឃីស៊ីនជើ។ លោក ឃីស៊ីនជើ គឺជាអ្នកមើលការខុសត្រូវលើការទម្លាក់គ្រាប់បែកនៅកម្ពុជា។ លោក លីបឺមែន ថ្លែងថា លោក ឃីស៊ីនជើ ទំនងជាមិនអនុញ្ញាត ឲ្យលោកសម្ភាសឡើយ។ លោក លីបឺមែន ថ្លែងទៀតថា “បច្ចុប្បន្នលោកចាស់ទៅហើយ។” ប៉ុន្តែ លោកកំពុងព្យាយាមស្វែងយល់ថា តើជនជាតិជ្វីបម្នាក់អាចទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍មួយតាមរបៀបណា។ (សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងភាពយន្តនេះ សូមមើល www.CambodiaMovie.com) 

Share and Like this post

Related Posts

Previous Article

ក្រសួងបរិស្ថានបញ្ចប់ការវាយតម្លៃដីសម្បទានសេដ្ឋកិច្ច

Next Article

យុវវ័យឆ្នើម៖ ភាពជឿជាក់គឺជាគន្លឹះឈានទៅរកជោគជ័យក្នុងការប្រលង