ការលក់ផ្ទះល្វែងដែលមានតម្លៃសមរម្យកំពុងដំណើរការទៅយ៉ាងលឿន

ដោយ ស៊ុម ម៉ាណែត No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – កាលពីសប្តាហ៍មុន បុរីវិមានភ្នំពេញបានដាក់ឲ្យដំណើរការនូវគម្រោងទីប្រាំរបស់ខ្លួន សម្រាប់បំពេញតម្រូវការរបស់អតិថិជនដែលមានកម្រិតជីវភាពមធ្យម។ 

លោក លីហួរ អគ្គនាយកក្រុមហ៊ុន Ly Hour Group ដែលជាម្ចាស់ក្រុមហ៊ុន និយាយថា ជោគជ័យរបស់គម្រោងមុនៗ បានជំរុញឲ្យលោកសាងសង់បុរីមួយទៀត ដែលលក់ផ្ទះក្នុងតម្លៃ៤ម៉ឺនដុល្លារក្នុងមួយល្វែង។ 

លោកនិយាយទៀតថា “ខ្ញុំសម្រេចចិត្តវិនិយោគលើគម្រោងនេះ ពីព្រោះខ្ញុំឃើញគ្រួសារដែល មានកម្រិតជីវភាពមធ្យមកំពុងកើនឡើង ហើយទីតាំងក៏មានអំណោយផលផងដែរ។  គម្រោង ទីមួយ ទីពីរ និងទីបី បានលក់អស់ហើយ ហើយយើងនៅមានផ្ទះតែពីរបីល្វែងប៉ុណ្ណោះ ដែល នៅសល់ក្នុងគម្រោងទីបួន។”

លោក ហួរ ថ្លែងថា ក្នុងគម្រោងថ្មីនេះ យើងបានលក់ផ្ទះចំនួន៤០០ល្វែង ក្នុងចំណោមផ្ទះចំនួន៥០០ល្វែង។ ពាក់ព័ន្ធនឹងជោគជ័យក្នុងការលក់របស់ក្រុមហ៊ុន លោកថ្លែងថា “យើងធ្វើអាជីវកម្មប្រកបដោយភាពស្មោះត្រង់ ដូច្នេះអតិថិជនមានការជឿជាក់មកលើយើង ហើយវាគឺជាមូលហេតុដែលធ្វើឲ្យយើងទទួលបានជោគជ័យ។”

គម្រោងថ្មីនេះមានទំហំ៧.៥ហិកតា នៅភូមិលូ ស្ថិតក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ។ 

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Realtor Century 21 Mekong និយាយថា ការលក់ផ្ទះ ក្នុងបុរីកើនឡើង ដោយសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពមធ្យមមានការកើនឡើងយ៉ាងឆាប់រហ័ស។ លោកលើកឡើងថា “អ្នកមានកម្រិតជីវភាពមធ្យមគឺជាទីផ្សារមួយដ៏ធំ ហើយបច្ចុប្បន្ន អ្នកអភិវឌ្ឍអចលនទ្រព្យកំពុងចាប់អារម្មណ៍ លើទីផ្សារនេះ។ អ្នកវិនិយោគបានចាប់យកទីផ្សារមួយនេះ ដោយសារពួកគេស្គាល់វាច្រើនជាងអ្នកវិនិយោគបរទេស។” 

លោក សុខនីម ថ្លែងថា “ខ្ញុំលើកទឹកចិត្តអ្នកអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកឲ្យអភិវឌ្ឍគម្រោង បុរីឲ្យបានកាន់តែច្រើន។ វាជួយលើកស្ទួយសេដ្ឋកិច្ចរបស់យើងហើយវាក៏ជាការវិនិយោគក្នុងរយៈពេលវែងផងដែរ។ នៅពេលអ្នកអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកទទួលបានជោគជ័យក្នុងគម្រោងមួយ ពួកគេនឹងវិនិយោគលើគម្រោងថ្មីមួយទៀត។ ដូច្នេះវានឹងជួយពង្រឹងសេដ្ឋកិច្ច ជាតិរបស់យើងឲ្យកាន់តែខ្លាំង។”

លោកនិយាយថា សព្វថ្ងៃ ផ្ទះល្វែងនៅក្នុងបុរី គឺមានតម្លៃសមរម្យសម្រាប់អតិថិជន ដែលមានកម្រិតជីវភាពមធ្យម ប៉ុន្តែវានៅមានតម្លៃខ្ពស់ជាងនៅក្នុងប្រទេសជិតខាង។

លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនប៊ុនណា រៀលធី ថ្លែងថាអចលនទ្រព្យដែលមានតម្លៃពី៤ ម៉ឺនទៅ៥ម៉ឺនដុល្លារនឹងមានការទាក់ទាញសម្រាប់អតិថិជនខ្មែរ។ លោកបន្ថែមទៀតថា នៅពេលតម្លៃផ្ទះមួយល្វែង ឡើងដល់មួយសែនដុល្លារ តម្រូវការក្នុងស្រុកនឹងថយចុះ។ 

លោក ប៊ុណ្ណា លើកឡើងថា “អ្វីដែលទីផ្សារត្រូវការ គឺផ្ទះសម្រាប់អ្នកមានកម្រិតជីវភាពមធ្យម ពីព្រោះចំនួនយុវជនដែលមានប្រាក់ចំណូលមធ្យមកំពុងកើនឡើង។ វិនិយោគិនគួរតែចាប់ យកទីផ្សារនេះ។” ប៉ុន្តែ លោកបានណែនាំថា ការវិនិយោគលើទីផ្សារនេះមិនគួរធ្វើឡើង ដោយឆាប់រហ័សពេកទេ ពីព្រោះប្រជាជនរស់នៅទីក្រុងនៅមានចំនួនតិចនៅឡើយ។ 

ប្រជាជនកម្ពុជាត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម ១,២២០ដុល្លារក្នុងឆ្នាំនេះ គឺមានកំណើនខ្ពស់ជាងឆ្នាំមុន ដែលមានប្រាក់ចំណូលជាមធ្យមត្រឹម១,១២៣ដុល្លារប៉ុណ្ណោះ ។ ដូច្នេះកម្ពុជាគឺជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ នេះបើផ្អែកតាមទិន្នន័យ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

ផ្អែកតាមទិន្នន័យថ្មីបំផុត របស់ធនាគារពិភពលោក ប្រជាពលរដ្ឋចំនួន១៧.៧ភាគរយគឺរស់នៅក្រោមបន្ទាត់ភាពក្រីក្រឆ្នាំ២០១២នៅឡើយ នោះគឺ១.២ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ។ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋា-ភិបាល បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើន៧ភាគរយក្នុងឆ្នាំនេះ។  

Share and Like this post

Related Posts

Previous Article

គ្រូបង្រៀនត្រូវគេចោទថាបានសម្រាតសិស្សស្រីនៅក្នុងថ្នាក់រៀន

Next Article

ផៃ ស៊ីផាន ៖ សម រង្ស៊ី គឺជាមេភរ