ការបោសសម្អាតផ្លូវអយស្ម័យយាន

ដោយ នូ សុធាវី No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ក្មេងៗបានសើចយ៉ាងសប្បាយនៅតាមផ្លូវអយស្ម័យយាន កាលពីពីរសប្តាហ៍មុន ខណៈមានមនុស្សជាង១៥០នាក់បានចូលរួមសម្អាតកន្លែងមួយ ដែលកម្រឃើញ មានគេសម្អាតណាស់។ 

នៅទីនោះគេឃើញមានវត្តមានរបស់សប្បុរជនខ្មែរអាមេរិកាំងម្នាក់ឈ្មោះ រ៉ន អ៊ឹង ។ លោក និងសប្បុរសជនមួយក្រុមទៀតកំពុងបង្រៀនប្រជាជនខ្មែរជំនាន់ក្រោយឲ្យចេះស្រលាញ់ខ្លួន និងប្រទេសជាតិរបស់ខ្លួន។ 

មជ្ឈមណ្ឌលអប់រំសម្រាប់ក្មេងអនាថា YMCA ស្ថិតនៅក្បែរផ្សារដីហុយ និងអាកាសយានដ្ឋានពោធិចិនតុង។ ក្មេងៗនៅមជ្ឈមណ្ឌលនេះដើរតាមផ្លូវអយស្ម័យយានដោយទទូរក្រមា និងយួរស្បោងសំរាម។ ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះផ្លូវលំដែលនៅជាប់ផ្លូវអយស្ម័យយាន នោះក៏បានប្រែក្លាយពីគំនរសំរាមទៅជាផ្លូវលំដ៏ស្អាតមួយ។

ថ្វីត្បិត YMCA គឺជាអង្គការយុវជនមួយដែលល្បីនៅសហរដ្ឋអាមេរិកក៏ដោយ ក៏អង្គការនេះមិន ត្រូវបានគេស្គាល់ឡើយនៅកម្ពុជា។ ប៉ុន្តែតាមរយៈវីដេអូ រូបថត និងទំព័រហ្វេសប៊ុក លោក អឹុង និងសកម្មជនដទៃទៀត កំពុងជួយ YMCA ឲ្យទទួលបានការគាំទ្រ ក្នុងគោលបំណងដើម្បី អភិវឌ្ឍសហគមន៍ដែលស្ថិតនៅក្បែរផ្លូវអយស្ម័យយានមួយនេះ។ 

អ្វីដែលជំរុញទឹកចិត្តរបស់លោក អ៊ឹង គឺដោយសារលោកបានទទួលនូវដំបូន្មាន និងបានឃើញនូវគំរូល្អរបស់សប្បុរសជនម្នាក់ ដែលបានរៀបចំទិវាសម្អាតទីក្រុងមួយប្រកបដោយជោគជ័យ ជាមួយក្មេងៗនៅអង្គការ Little Angels ក្នុងខេត្តសៀមរាប។

តាមពិត អ្នកស្ម័គ្រចិត្តភាគច្រើនគឺជាប្រជាជនខ្មែរអាមេរិកាំង ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ឬយុវជន ដែលគិតថា ប្រជាជនសាមញ្ញអាចរួមចំណែកក្នុងការជួយសហគមន៍របស់ខ្លួនបាន។ 

លោក អឹុង បានលើកទឹកចិត្តក្មេងៗជាង៦០នាក់ ដែលមានអាយុពី៦ទៅ១៣ឆ្នាំ ឲ្យរើសសំរាមពេញមួយព្រឹក។ 

រឿងមួយដែលលោកនៅចាំបាន គឺលោកបានបង្រៀនក្មេងៗអំពីរបៀបលាងសម្អាតដៃរបស់ ពួកគេ។ លោកនិយាយថា ការលាងសម្អាតដៃតាមបែបបូរាណអាចធ្វើឲ្យក្មេងៗឆ្លងមេរោគ។ លោក អ៊ឹង បានពន្យល់ថា “ក្មេងៗអោនចុះ ហើយលាងសម្អាតដៃរបស់ពួកគេនៅក្នុងធុង។ ជួនកាលពួកគេប្រើប្រាស់ទឹកនេះម្តងទៀត ដែលធ្វើឲ្យវាមានភាពកខ្វក់។ ក្មេងៗមិនត្រឹមតែ ធ្វើឲ្យទឹកកំពប់លើដីទេ ប៉ុន្តែពួកគេបានកាន់របងដែកនៅពេលចុះកាំជណ្តើរ ដែលធ្វើឲ្យដៃ របស់ពួកគេកខ្វក់ម្តងទៀត។”

កម្មវិធីនេះ មានគោលដៅបង្រៀនអំពីបញ្ហាអនាម័យ និងផលអាក្រក់នៃសំរាមចំពោះសហ-គមន៍ ជំរុញឲ្យមានបរិស្ថានស្អាត ព្រមទាំងទីកន្លែងសមស្របសម្រាប់ចោលសំរាម  និងស្វែងរកដំណោះស្រាយ និងប្រព័ន្ធប្រកបដោយចីរភាពមួយ ចំពោះបញ្ហាសំរាមនៅក្នុង សហគមន៍ដែលងាយរងគ្រោះដូចនេះ។ 

ចំពោះបញ្ហាចោលសំរាម អ្នករស់នៅក្នុងតំបន់នេះពុំទទួលបានដំណោះស្រាយអ្វី ក្រៅពីមធ្យោបាយដែលខ្លួនមានឡើយ។ ពួកគេជាច្រើននិយាយថា ក្រុមហ៊ុន CINTRI កម្រមក ប្រមូលសំរាមនៅសហគមន៍របស់ពួកគេណាស់។ ប៉ុន្តែ តាមរយៈកិច្ចខិតខំរួមនៃកម្មវិធីបោស សម្អាតនេះ រថយន្តដឹកសំរាម និងបុគ្គលិកចំនួន៥នាក់ បានមកជួយប្រមូលសំរាមនៅទីនេះ។ ដោយមិនអាចយកសំរាមទាំងអស់ ចេញពីផ្លូវអយស្ម័យយានបាន លោក អឹុង និងក្រុមហ៊ុន CINTRI កំពុងសហកាគ្នាក្នុងការបង្កើតប្រព័ន្ធមួយកាន់តែប្រសើរ ដើម្បីធ្វើឲ្យទីកន្លែងនេះមានរបៀបរៀបរយ។ 

ដោយគិតថា ការការពារប្រសើរជាងការព្យាបាល លោក អឹុងមានបំណងផ្តល់ឱកាសសម្រាប់ក្មេងៗ ដើម្បីឲ្យពួកគេមានជីវិតកាន់តែប្រសើរឡើង។ តាមរយៈការផ្តល់ការអប់រំជាមូលដ្ឋាននៅក្នុងមជ្ឈមណ្ឌលនេះ និងការផ្តល់អាហារពីថ្ងៃចន្ទដល់ថ្ងៃសុក្រ លោកគិតថា YMCA នឹងសម្រេចបានគោលដៅរបស់ខ្លួនមួយផ្នែក។  

Share and Like this post

Related Posts

Previous Article

ក្រសួងបរិស្ថានបញ្ចប់ការវាយតម្លៃដីសម្បទានសេដ្ឋកិច្ច

Next Article

តើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថ្មីគឺជាបុគ្គលមិនលំអៀងឬយ៉ាងណា?