តើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថ្មីគឺជាបុគ្គលមិនលំអៀងឬយ៉ាងណា?

ដោយ T. Mohan No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ខណៈប្រទេសកម្ពុជាមានអ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស តើការរិះគន់មកលើកម្ពុជា អាចនឹងបន្តមានសារជាថ្មីទៀតដែរឬទេ? បន្ទាប់ពីបានស្តាប់ការលើកឡើង របស់អ្នករាយការណ៍ពិសេសរូបនេះ គេសង្ឃឹមថា លោកស្រីគឺជាអ្នករាយការណ៍ពិសេសម្នាក់ ដែលមិនដូចអ្នករាយការណ៍ពិសេសមុនៗប្រចាំកម្ពុជាឡើយ។ 

ពាក្យសម្តីរបស់អ្នករាយការណ៍ពិសេសថ្មីនេះ គឺពោរពេញទៅដោយភាពវិជ្ជមាន និងពាក្យពេចន៍លើកទឹកចិត្តដូចជាការគោរពអធិបតេយ្យភាពជាដើម ហើយជំនួបរបស់លោកស្រីជាមួយថ្នាក់ដឹកនាំកម្ពុជាក៏បានប្រព្រឹត្តទៅដោយរលូនផងដែរ។ ដូច្នេះ គេអាចធ្វើការសន្និដ្ឋានជាបឋមបានថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថ្មីនេះ គឺមិនដូចសហការីរបស់គាត់ឡើយ។

បច្ចុប្បន្ន  បញ្ហាសិទ្ធិមនុស្សបានក្លាយជាបញ្ហាមួយដែលកាន់តែពេញនិយម  ហើយជារឿយៗ វាហាក់បីដូចជាបញ្ហាមួយ ដែលសំខាន់ជាងបញ្ហាសីលធម៌ទៅទៀត។ 

នៅពេលមានបញ្ហាមួយកើតឡើងនៅក្នុងសង្គមរបស់យើង គេនិយមនិយាយថា វាគឺជាការ រំលោភបំពានសិទ្ធិមនុស្សជាជាងការប្រព្រឹត្តខុសសីលធម៌។ បច្ចុប្បន្ន គេមិនចូលចិត្តប្រើពាក្យ “សីលធម៌”ទេ ហើយជាការពិតណាស់ពាក្យនេះពុំសូវពេញនិយមទេ។ 

នៅពេលនរណាម្នាក់ប្រព្រឹត្តខុសសីលធម៌ ជាទូទៅគេច្រើនតែនិយាយថា “វាគឺជាការរំលោភ បំពានសិទ្ធិមនុស្ស”។ 

ជាមួយការលើកឡើងបែបនេះ សិទ្ធិមនុស្សកំពុងត្រូវបានគេប្រើក្នុងន័យសីលធម៌មួយដែលថា ទង្វើមួយត្រូវបានចាត់ទុកថាខុសសីលធម៌ដោយផ្អែកលើការវិនិច្ឆ័យ ដែលមានមូលដ្ឋានលើគោលគំនិតនៃសិទ្ធិមនុស្ស។ ដូច្នេះ សិទ្ធិមនុស្សត្រូវបានគេប្រើជំនួសឲ្យសីលធម៌ក្នុងកាលៈទេសៈជាច្រើន។

ខ្ញុំជឿជាក់ថា កម្ពុជាពុំមានការពេញចិត្តចំពោះការឲ្យដំបូន្មានរបស់អង្គការសហប្រជាជាតិ និងប្រទេសលោកខាងលិច ដែលកាន់លទ្ធិប្រជាធិបតេយ្យឡើយ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។

អង្គការសហប្រជាជាតិបានបន្តរិះគន់ប្រទេសកម្ពុជាពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស សូម្បី តែក្នុងករណី ដែលមានការបំពានយ៉ាងច្បាស់លើច្បាប់ និងសណ្តាប់ធ្នាប់ ហើយជារឿយៗរបាយការណ៍ទាំងនេះច្រើនតែជាការសរសេររិះគន់បែបនយោបាយ។ 

អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សគួរតែជាអ្នកជំនាញឯករាជ្យដែលត្រូវតែងតាំង ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដើម្បីតាមដាន និងរាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ 

អ្នករាយការណ៍ពិសេស មិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ  មិនទទួលប្រាក់ខែពីអង្គការសហប្រជាជាតិ និងមិនធ្វើការឲ្យរដ្ឋាភិបាល ឬក្រុមណាមួយឡើយ។ ការងាររបស់អ្នករាយការណ៍ពិសេស គឺត្រូវវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស រាយការណ៍ជាសាធារណៈអំពីបញ្ហានេះ និងសហការជាមួយរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យនេះ។ 

អ្នករាយការណ៍ពិសេសមុនៗ

អ្នករាយការណ៍ពិសេសបំពេញបេសកកម្មជាប្រចាំនៅកម្ពុជា និងរាយការណ៍ជូនក្រុមប្រឹក្សា សិទ្ធិមនុស្សជារៀងរាល់ឆ្នាំ។ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សផ្តល់ជំនួយសម្ភារៈ និង បច្ចេកទេសដល់គាត់។ អ្នករាយការណ៍ពិសេសនាពេលបច្ចុប្បន្ន គឺលោកស្រី Rhona Smith មកពីចក្រភពអង់គ្លេសដែលត្រូវបានតែងតាំងកាលពីខែមីនា ឆ្នាំ២០១៥។ 

អ្នករាយការណ៍ពិសេសមុនៗ មានដូចជាលោក Surya Prasad Subedi មកពីប្រទេសនេប៉ាល់ ដែលបម្រើការងារពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ និងលោក Yash Ghai មកពីប្រទេសកេនយ៉ា ដែលបម្រើការងារពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨។ ពួកគេបានចាត់ទុកកម្ពុជាជាប្រទេសបំពានសិទ្ធិមនុស្សដដែលជាដដែល និងបានធ្វើរបាយការណ៍ស្តីពីប្រទេសកម្ពុជា ដែលជារឿយៗ ហាក់បីដូចជាមានលក្ខណៈនយោបាយ ដោយលំអៀងទៅរកគណបក្សប្រឆាំង។   

ក្នុងស្ថានភាព ដែលមានរបាយការណ៍រិះគន់មិនចេះចប់បែបនេះ វត្តមានរបស់លោកស្រី Smith នៅកម្ពុជា បានជួយបង្កឲ្យមានបរិយា-កាសធូរស្រាលឡើងវិញ។ 

ជាបឋម លោកស្រីថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ ឱកាសឲ្យរូបខ្ញុំ បានមកបំពេញទស្សនកិច្ចនៅមុនពេលខ្ញុំរាយការណ៍ជូន ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ នៅក្នុងដំណើរបេសកកម្មនេះ ខ្ញុំមានក្តីរីករាយក្នុងការចូលរួម ពិភាក្សាជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ មនុស្សនៅកម្ពុជា។” ការលើកឡើងបែបនេះ គឺមានភាពខុសប្លែកពីអ្វីដែលធ្លាប់លើកឡើង ដោយអ្នករាយការណ៍ពិសេសមុនៗ ដោយសារពួកគេទាំងនោះសុទ្ធតែមានផ្នត់គំនិតជាក់លាក់មួយស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មុនពេលពួកគេបានឈានជើងចូលក្នុងប្រទេសនេះទៅទៀត។ 

លោកស្រី Smith នឹងរាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៅសប្តាហ៍ចុងក្រោយនៃខែកញ្ញា ។

បទពិសោធស្តីពីប្រទេសកម្ពុជា

បទពិសោធ និងចំណេះដឹងពីមុនរបស់លោកស្រីស្តីពីប្រទេសកម្ពុជា ក្នុងនាមជាសាស្ត្រា-ចារ្យ នៅឯសាកលវិទ្យាល័យបញ្ញាសាស្ត្រក្នុងប្រទេសកម្ពុជា ដែលលោកស្រីបានជួយរៀបចំ កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនីតិសិទ្ធិមនុស្ស ពិតជានឹងមានឥទ្ធិពលចំពោះការវាយតម្លៃរបស់លោកស្រី ដោយសារលោកស្រីគឺជាបុគ្គលមួយរូប ដែលមានការយល់ដឹងអំពីប្រទេសកម្ពុជា។ 

ដំណើរទស្សនកិច្ចជាផ្លូវការ នៅកម្ពុជារបស់លោកស្រី បានប្រព្រឹត្តទៅដោយរលូន ជាពិសេស ការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងចូលរួមពិភាក្សាកែលម្អ ជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ គឺជាការវិវឌ្ឍមួយដែលគួរឲ្យស្វាគមន៍។ 

ការវិវឌ្ឍបែបនេះ គឺមិនធ្លាប់មានទេកាលពីអតីតកាល។ លោកស្រី Smith បានបង្ហាញតាមរយៈ ពាក្យសម្តីរបស់ខ្លួនថាលោកស្រីគឺជាមនុស្សមានយុត្តិធម៌ ហើយនឹងមិនប្រកាន់ផ្នត់គំនិតដូចអ្នករាយការណ៍មុនៗឡើយ។

ក្នុងករណីនេះ វាហាក់បីដូចជាបង្ហាញឲ្យឃើញថា ស្ថានភាពបច្ចុប្បន្នដែលមានលោកស្រីជាអ្នករាយការណ៍ពិសេស អាចជាចំណុចចាប់ផ្តើមសម្រាប់ការពិភាក្សា និងកិច្ចសហការកាន់តែប្រសើរជាងពេលមុន ដែលលោក Surya Subedi តែងតែត្រូវបានគេមើលឃើញថាមានភាពលំអៀងទៅរកគណបក្សប្រឆាំង។ 

លោក Subedi ពិតជាបានចាប់អារម្មណ៍ចំពោះការរំលោភបំពាន ដែលបានប្រព្រឹត្តដោយក្រុមប្រឆាំង ប៉ុន្តែវាគ្រាន់តែជាការយកចិត្តទុកដាក់ដ៏ស្តួចស្តើងមួយប៉ុណ្ណោះ បើប្រៀបធៀបជាមួយនឹងរឿងរ៉ាវសំខាន់ៗ និងរបាយការណ៍ ដែលអ្នករិះគន់ដទៃទៀត ដូចជាលោក Brad Adams បានចាប់អារម្មណ៍។ 

ចំពោះបញ្ហានេះ ខ្ញុំជឿជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺលោកស្រី Rhona Smith នឹងពិចារណាលើកំហុសឆ្គងរបស់ អ្នករាយការណ៍មុនៗ និងដកស្រង់មេរៀនដែលមានផលវិបាកអវិជ្ជមាន ពីពួកគេ ហើយក្នុងឋានៈរបស់លោកស្រីជាបេសកជនពិសេសថ្មីរបស់អង្គការសហប្រជាជាតិ លោកស្រីនឹងប្រកាន់នូវគោលការណ៍ថ្មីមួយ ដែលអាចជួយបង្ហាញឲ្យឃើញអំពីការពិតនៃស្ថានភាពសិទ្ធិមនុស្ស និងបញ្ហារើសអើងនានានៅកម្ពុជា។ 

Share and Like this post

Related Posts

Previous Article

ការបោសសម្អាតផ្លូវអយស្ម័យយាន

Next Article

ខណៈសំណង់ដែលជាកេរដំណែលទទួលការគំរាមកំហែង ច្បាប់ស្តីពីការអភិរក្សសំណង់ទាំងនេះនៅជាសេចក្តីព្រាងនៅឡើយ