ក្រសួងព័ត៌មានហាមទូរទស្សន៍បញ្ចាំងភាពយន្តបរទេសក្នុង«ម៉ោងមាស»ចាប់ពីខែវិច្ឆិកាតទៅ

ដោយ ជា វណ្ណៈ No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ក្រសួងព័ត៌មានចេញប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនហាមទូរទស្សន៍ ក្នុងស្រុកចាក់បញ្ជាំងភាពយន្តបរទេស ក្នុងគោលបំណងលើកកម្ពស់ផលិតកម្មភាព-យន្តក្នុងស្រុក និងកម្មវិធីដទៃទៀតដែលជាស្នាដៃរបស់ផលិករខ្មែរ។ 

លោក ខៀវ កាញារីទ្ធ ថ្លែងថា “មានការរិះគន់ចំពោះការចាក់បញ្ចាំងភាពយន្តបរទេសច្រើន ហួសហេតុនៅតាមបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុក ទើបក្រសួងចេញប្រកាសហាមចាក់ផ្សាយភាពយន្តបរទេស និងកម្មវិធីបរទេសផ្សេងៗ នៅតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួនពីម៉ោង៧ដល់ម៉ោង៩យប់។

 លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយ នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពី ថ្ងៃសុក្រថា ក្រសួងនឹងដកហូតអាជ្ញាបណ្ណពីស្ថានីយទូរទស្សន៍ណា ដែលនៅបន្តចាក់បញ្ចាំង ភាពយន្តបរទេសពីម៉ោង៧ដល់ម៉ោង៩យប់។ 

លោក កាញារីទ្ធ និយាយទៀតថា វិធានការថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដោយទុកពេលឲ្យស្ថានីយទូរទស្សន៍ទាំងនោះបញ្ចប់កិច្ចសន្យាពាណិជ្ជកម្មជាមួយដៃគូរបស់ខ្លួន។ ស្ថានីយទូរទស្សន៍ទាំងនោះអាចចាក់ផ្សាយកម្មវិធីកីឡា សិល្បៈ និងកម្មវិធីដទៃទៀត ដែលសម្តែងដោយសិល្បករ និងសិល្បការិនីរបស់យើង ជំនួសភាពយន្ត ឬកម្មវិធីរបស់បរទេសវិញ។ 

លោកបានរំឭកថា កាលពីឆ្នាំ១៩៩៣ នៅពេលលោកបានក្លាយជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកធ្លាប់ស្នើឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកចាក់បញ្ចាំងភាពយន្តបរទេសត្រឹម៤០ភាគរយប៉ុណ្ណោះ។ លោកថ្លែងថា “បច្ចុប្បន្ន យើងពុំបានកំណត់ភាគរយឡើយ ប៉ុន្តែយើងកំណត់ម៉ោងវិញ។ នៅពេលយើងអាចផលិតភាពយន្តក្នុងស្រុកបានកាន់តែច្រើនហើយ យើងនឹងចាប់ផ្តើមកំណត់ភាគរយ ដូចប្រទេសដទៃ។”

លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះវិធានការ របស់ក្រសួងព័ត៌មាន ដោយលោកគិតថា វានឹងជួយទប់ស្កាត់ការហូរចូលនៃភាពយន្តបរទេសក្នុងទីផ្សារកម្ពុជា។ 

លោកថ្លែងថា ក្រសួងកំពុងឆ្លើយតបតាមសំណូមពររបស់សាធារណជន ផលិតករភាពយន្ត និងសិល្បករក្នុងស្រុក ខណៈលោកទទួលស្គាល់ថា ភាពយន្តបរទេសទាំងនោះមានគុណភាព ខ្ពស់ជាងភាពយន្តក្នុងស្រុក ដែលជាហេតុធ្វើឲ្យវាអាចទាក់ទាញការចាប់អារម្មណ៍របស់យុវជន ខ្មែរច្រើនឡើងៗ។ 

លោក បូរ៉ា បានផ្តល់ដំបូន្មានថា ការពង្រឹងគុណភាពរបស់ភាពយន្តក្នុងស្រុក គឺជាវិធានការ មួយដ៏ប្រសើរបំផុត ក្នុងការទប់ស្កាត់មិនឲ្យវប្បធម៌ខ្មែរ ទទួលរងនូវឥទ្ធិពលពីវប្បធម៌បរទេស។

លោក សោម ឆៃយ៉ា អគ្គនាយករងនៃស្ថានីយទូរទស្សន៍ PNN ថ្លែងថា ការហាមប្រាមនេះ ពិតជា នឹងប៉ះពាល់ដល់កម្មវិធីរបស់ស្ថានីយទូរទស្សន៍ PNN ខណៈលោកស្វាគមន៍ចំពោះ ចំណាត់ការរបស់ក្រសួងព័ត៌មាន។  

លោកនិយាយថា ការបញ្ចាំងភាពយន្តបរទេស ជាពិសេសភាពយន្តថៃ គឺជាការឆ្លើយតបតាម សំណូមពររបស់ទស្សនិកជនក្នុងស្រុក ដូច្នេះហើយបានជាស្ថានីយទូរទស្សន៍PNN បញ្ចាំង ភាពយន្តថៃនៅចន្លោះម៉ោងនោះ។ កបន្ថែមទៀតថា កិច្ចសន្យាទិញភាពយន្តថៃក្នុងទឹកប្រាក់៣លានដុល្លារ របស់ស្ថានីយទូរទស្សន៍PNN នឹងទទួលរងការប៉ះពាល់ ប៉ុន្តែលោកនិយាយថា ស្ថានីយទូរទស្សន៍ PNN នឹងអនុវត្តតាមការហាមប្រាមរបស់ក្រសួង។ លោក ឆៃយ៉ា ថ្លែងថា “យើងគ្មានជម្រើសទេ យើងត្រូវតែអនុវត្តតាម។”

ទោះបីជាយ៉ាងណាក៏ដោយ លោកបានស្នើសុំឲ្យមាន សមភាពរវាងស្ថានីយទូរទស្សន៍ទាំងអស់ ទាំងទូរទស្សន៍ពាណិជ្ជកម្ម និងឌីជីថល ខ្សែកាប  ដោយលោកបានពន្យល់ថា ទស្សនិកជន នឹងទស្សនាភាពយន្តបរទេសតាមរយៈទូរទស្សន៍ឌីជីថលនៅចន្លោះម៉ោងទាំងនេះ ហើយទស្សនិជន មួយចំនួន នឹងទិញឌីសភាពយន្តចម្លងពីទីផ្សារ។ 

សិល្បការិនីជើងចាស់ដ៏ល្បី លោកស្រី ឌី សាវ៉េត ថ្លែងថា សេចក្តីប្រកាសរបស់ក្រសួង នឹងលើកទឹកចិត្តផលិតករភាពយន្ត និងសិល្បករក្នុងស្រុក ឲ្យបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បី ទទួលបានការគាំទ្រពីសាធារណជន ជាពិ-សេសទស្សនិកជន ដែលចូលចិត្តភាពយន្តបរទេសជាងភាពយន្តក្នុងស្រុក។ 

លោកស្រីបានអំពាវនាវដល់សិល្បករ និងផលិតករភាពយន្ត ឲ្យផលិតភាពយន្តបែបខ្មែរ ហើយឈប់ចម្លងតាមប្រទេសដទៃ។ លោកស្រីថ្លែងថា “ពីព្រោះខ្មែរមានវប្បធម៌របស់ខ្លួន ខ្មែរមានប្រាសាទអង្គរវត្ត។ ដូច្នេះ យើងត្រូវតែពង្រឹងវប្បធម៌របស់យើង។”

ខណៈកំពុងស្វែងរកឌីសភាពយន្តថៃនៅក្នុងហាងមួយកន្លែងស្ថិតនៅតាមផ្លូវមួយ ក្បែរផ្សារអូឡាំពិក លោក មាសតារា ដែលជាអ្នករស់នៅទីក្រុងភ្នំពេញម្នាក់និយាយថា លោកស្វាគមន៍ ចំពោះ ការហាមប្រាមមិនឲ្យមានការចាក់បញ្ចាំងភាពយន្តបរទេស នៅតាមស្ថានីយទូរទស្សន៍ ក្នុងរយៈពេលពីរម៉ោងនោះ។  លោកថ្លែងថា “ភាពយន្តខ្មែរនឹងមានគេមើលច្រើន ដូច្នេះវប្បធម៌ខ្មែរនឹងមានការរីកចម្រើន។”

លោក តារា ដែលចូលចិត្តមើលភាពយន្តបរទេសម្នាក់ដែរនោះ និយាយថា ដោយសារភាពយន្តបរទេស មានបច្ចេកទេសថតខ្ពស់ គួបផ្សំនឹងការសម្តែងដ៏ប៉ិនប្រសប់របស់សិល្បករ និងសិល្បការិនី  ទើបទស្សនិកជនចូលចិត្តមើលភាពយន្តទាំងនោះជាងភាពយន្តក្នុងស្រុក។ 

Share and Like this post

Related Posts

Previous Article

ការបោសសម្អាតផ្លូវអយស្ម័យយាន

Next Article

យុវវ័យឆ្នើម៖ ពីអ្នករើសសំរាមក្លាយជាអ្នកអប់រំ