ទិវាមនុស្សគថ្លង់ជំរុញការយល់ដឹងអំពីភាសាសញ្ញា

ដោយ នូ សុធាវី No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – សប្តាហ៍សម្រាប់មនុស្សគថ្លង់ បានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទពីរសប្តាហ៍ មុន ដោយមានការរៀបចំសិក្ខាសាលាជាច្រើនស្តីពីភាសាសញ្ញា ការនិទានរឿង ការភ្លក្សអាហារអន្តរជាតិ និងល្បែងផ្សេងៗ។ 

ប្រជាពលរដ្ឋកម្ពុជាគថ្លង់ជាច្រើននឹងចូលរួមប្រារព្ធទិវាស្តីពីអត្តសញ្ញាណ និងវប្បធម៌រួមរបស់ពួកគេពេញមួយសប្តាហ៍ ខណៈសហគមន៍នានាគ្រោងនឹងរៀបចំកម្មវិធី ដើម្បីជំរុញឲ្យមានការយល់ដឹងអំពីសិទ្ធិរបស់សហគមន៍គថ្លង់ ដោយផ្តោតលើភាសាសញ្ញា និងកុមារ។ 

កាលពីរសៀលមួយ  មានមនុស្សមួយក្រុមបានទស្សនាភាពយន្តមួយដែលត្រូវបានគេបញ្ចាំងនៅក្នុងបន្ទប់តូចមួយស្ថិតនៅតំបន់បឹងត្របែកក្បែរមហាវិថីព្រះមុន្នីវង្ស។ 

គេពុំមានឭសម្លេង ឬការជជែកគ្នាឡើយ។ ទស្សនិជនទាំងអស់ បានផ្តោតក្រសែភ្នែករបស់ពួកគេលើកញ្ញា Arlinda Boland សញ្ជាតិអាមេរិក ដែលកំពុងមានការមមាញឹកក្នុងការបកប្រែសាច់រឿងសម្រាប់ទស្សនិកជនជាភាសាសញ្ញា។

នៅក្នុងភាពយន្តនេះ គេបានសម្ភាសមនុស្សមកពីជុំវិញពិភពលោកដោយប្រើភាសាសញ្ញា។ ទោះបីជាភាសាសញ្ញារបស់អាមេរិក គឺជាភាសាកាយវិការដែលមានប្រជាប្រិយភាពជាងគេសម្រាប់មនុស្សគថ្លង់ក៏ដោយ ក៏ប្រជាជនគថ្លង់ខ្មែរជាច្រើនប្រើភាសាសញ្ញារបស់ខ្មែរតែប៉ុណ្ណោះ។ 

កញ្ញា Boland គឺមនុស្សគថ្លង់ម្នាក់។ ប៉ុន្តែបទពិសោធរបស់នាង រស់នៅក្នុងគ្រួសារគថ្លង់បានជំរុញឲ្យនាងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចែករំលែក នូវបទពិសោធរបស់ខ្លួន។ នាងបានចាប់ផ្តើមធ្វើការនៅកម្មវិធី អភិវឌ្ឍន៍សម្រាប់មនុស្សគថ្លង់ (DDP) កាលពីខែមីនា។ 

កញ្ញា Boland កត់សម្គាល់ឃើញថា “កម្ពុជាបន្តបោះជំហានទៅមុខ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងត្រូវមានអ្នកបកប្រែ និងការអប់រំសម្រាប់មនុស្សគថ្លង់។ យើងកំពុងស្ថិតក្នុងដំណាក់ កាលដំបូងនៅឡើយទេ។”

សហប្រធានរបស់ DDP លោក គាត សុខលី បានប៉ាន់ស្មានថា ប្រទេសកម្ពុជាមានមនុស្សគ ថ្លង់ជាង៥១,០០០នាក់។

ដោយបានធ្វើការនៅ DDP ចាប់តាំងពីឆ្នាំ២០០៨មក លោកបានពន្យល់ថា ទិវាមនុស្សគថ្លង់ ត្រូវបានគេប្រារព្ធនៅទូទាំងពិភពលោកដោយសហគមន៍គថ្លង់។ សប្តាហ៍សម្រាប់មនុស្សគថ្លង់ ដែលទើបតែត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ ជាទូទៅប្រព្រឹត្តទៅនៅសប្តាហ៍ចុងក្រោយនៃខែកញ្ញា។

លោក សុខលី ថ្លែងថា “គោលបំណងនៃសប្តាហ៍សម្រាប់មនុស្សគថ្លង់ គឺដើម្បីកៀងគរមនុស្សគថ្លង់ឲ្យមកជជែកគ្នា ក្នុងយុទ្ធនាការតស៊ូមតិដ៏ធំបំផុតមួយក្នុងពិភពលោក។”

ដោយមើលឃើញនូវចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះការសិក្សាភាសាសញ្ញា លោក សុខលី មានក្តីរីករាយដោយបានឃើញមនុស្សទូទៅកាន់តែច្រើនឡើងមានលទ្ធភាពប្រាស្រ័យ ទាក់ទងជាមួយមនុស្សគថ្លង់។ 

កញ្ញា យំ សេរីរ័ត្ន ចូលចិត្តសប្តាហ៍សម្រាប់មនុស្សគថ្លង់នេះ។ នាងក្លាយជាមនុស្សថ្លង់បន្ទាប់ពីនាងលង់ទឹកស្ទើរស្លាប់ កាលពីអាយុពីរឆ្នាំ។ ជាក្មេងឯកោម្នាក់ក្នុងខេត្តតាកែវ នាងបានរៀនវិធីសាស្ត្រមូលដ្ឋាន ក្នុងការប្រាស័្រយទាក់ទងគ្នា ដោយការសង្កេតមើលអ្នកដទៃ។ 

កញ្ញា សេរីរ័ត្ន បានធ្វើការនៅ DDP ចាប់តាំងពីខែមេសា ដែលនាងអាចរៀន និងជួយអ្នកដទៃ ក្នុងសហគមន៍គថ្លង់។ 

មានមូលដ្ឋាននៅទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តកំពង់ចាម DDPគ្រោងនឹងរៀបចំការប្រកួត បាល់ទាត់មួយរវាងមនុស្សគថ្លង់ មកពីខេត្តចំនួនបីក្នុងប្រទេសកម្ពុជានៅថ្ងៃសុក្រ ហើយថ្ងៃបន្ទាប់ គេនឹងប្រារព្ធពិធីមួយដ៏ធំនៅឯ See-dling of Hope ជាមួយនឹងការសម្តែងរបស់ Epic Arts ។

សិក្ខាសាលាស្តីពីជំនាញការងារ សម្រាប់មនុស្សគថ្លង់ គ្រោងនឹងរៀបចំនៅថ្ងៃសុក្រ នៅឯ ការិយាល័យរបស់ DDP ស្ថិតនៅផ្ទះលេខ៧ ផ្លូវ១០១ វេលាម៉ោង១០ព្រឹក ចំណែកឯកម្មវិធីកីឡាវិញ គ្រោងនឹងរៀបចំនៅឯ COOL sports club ។

ទិវាមនុស្សគថ្លង់នឹងត្រូវបានរៀបចំនៅឯ Seed-ling of Hope ស្ថិតនៅផ្ទះលេខ១១ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ នៅថ្ងៃសៅរ៍នេះ។ សិក្ខាសាលានឹងប្រព្រឹត្តទៅនៅពេលព្រឹក ហើយ Epic Arts នឹងធ្វើការសម្តែងនៅម៉ោង២កន្លះរសៀល។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០១២ ៤៧៨ ១០២។  

Share and Like this post

Related Posts

Previous Article

ការលក់ផ្ទះល្វែងដែលមានតម្លៃសមរម្យកំពុងដំណើរការទៅយ៉ាងលឿន

Next Article

យុវវ័យឆ្នើម៖ ពីអ្នករើសសំរាមក្លាយជាអ្នកអប់រំ