យុវវ័យឆ្នើម៖ ភាពជឿជាក់គឺជាគន្លឹះឈានទៅរកជោគជ័យក្នុងការប្រលង

ដោយ​ វ៉ា សុនីកា No Comments Share:

ភ្នំពេញ (ខ្មែរថាមស៍) – ក្នុងវ័យ១៨ឆ្នាំ កញ្ញា សេង ហ្កិចលី ដែលទទួលបាននិទ្ទេស A នៅក្នុងការប្រលងបាក់ឌុបនាពេលថ្មីៗកន្លងទៅនេះ ជឿជាក់ថា សូម្បីតែសិស្សរៀនពូកែ ក៏មិនអាចទទួលបានជោគជ័យក្នុងការប្រលងបានដែរ ប្រសិនបើគ្មានភាពជឿជាក់លើខ្លួនឯងនោះទេ។ 

ហ្កិចលី គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សចំនួន៦នាក់ ដែលប្រលងបាននិន្ទេសA  ហើយនាងគឺជាសិស្សមកពីសាលាអន្តរជាតិប៊ែលធី។ នាងជឿជាក់ថា នាងនឹងទទួលបាននិន្ទេស A តាំងពីមុនការប្រលងមកម៉្លេះ។ នាងប្រលងបានពិន្ទុ៩៩.៩៩៩។ 

សិស្សថ្នាក់ទី១២ដែលទទួលបានលេខពីរក្នុងការប្រលងទូទាំងប្រទេសរូបនេះ ជឿជាក់ថា សិស្សដទៃ ក៏អាចទទួលបានជោគជ័យដូចគ្នានេះដែរ ប្រសិនបើពួកគេមានការជឿជាក់ខ្ពស់ដូចនាង។ 

ហ្កិចលី ថ្លែងថា “ពួកគេគួរតែមានភាពជឿជាក់លើខ្លួនឯង ហើយកុំមានការភ័យខ្លាច ជាពិសេសក្នុង ពេលប្រលង។ ខ្ញុំឃើញអ្នកខ្លះមានការបារម្ភខ្លាំងពេក រហូតធ្វើឲ្យពួកគេខាតពិន្ទុប្រលង។”

រំឭកដល់លទ្ធផលសិក្សារបស់ខ្លួន កញ្ញា ហ្កិចលី គិតថា ការសិក្សារួមផ្សំជាមួយភាពជឿជាក់ គឺជាគន្លឹះឈានទៅរកជោគជ័យ។ នាងនិយាយថា សិស្សជាច្រើនគិតតែពីការសិក្សា ហើយមិនបានគិតអំពីការបង្កើនភាពជឿជាក់របស់ពួកគេឡើយ។ 

កើតក្នុងគ្រួសារអ្នកធ្វើជំនួញមួយ កញ្ញា ហ្កិចលី មានមោទនភាពចំពោះឪពុកម្តាយរបស់នាង ដែល យល់ដឹងអំពីសារៈសំខាន់នៃការសិក្សា។អ្វីដែលធ្វើឲ្យនាងកាន់តែស្ញប់ស្ញែងទៅទៀតនោះគឺថាពួកគាត់ពុំមានឱកាសសិក្សាទេ ដោយសារ ពួកគាត់មានភាពមមាញឹកក្នុងមុខជំនួញរបស់ខ្លួន។ 

ដោយសង្កេតឃើញថា ឪពុកម្តាយរបស់ខ្លួនខិតខំរកប្រាក់ចំណូលសម្រាប់គ្រួសារ កញ្ញា ហ្កិចលី បានប្រឹងប្រែងធ្វើយ៉ាងណាឲ្យពួកគាត់មានមោទនភាព។ 

នៅមុនពេលប្រលង នាងខិតខំសិក្សាដោយខ្លួនឯងក្រោយពេលចេញពីសាលារៀន ដែលមិនធ្វើឲ្យឪពុកម្តាយរបស់នាងមានការព្រួយបារម្ភចំពោះសមត្ថភាពរបស់នាងឡើយ។ 

ប៉ុន្តែ កញ្ញា ហ្កិចលី និងគ្រួសាររបស់នាងមានការព្រួយបារម្ភចំពោះវិធានការតឹងរឹងរបស់ក្រសួង ក្នុងការទប់ស្កាត់ការលួចចម្លងក្នុងពេលប្រលង។ សិស្សវ័យក្មេងរូបនេះគិតថា គោលនយោបាយនេះ មានចំណុចវិជ្ជមាន និងអវិជ្ជមាន។ 

កញ្ញា ហ្កិចលី ថ្លែងថា “ការប្រលងតឹងតែងគឺជំរុញឲ្យសិស្សខិតខំរៀនសូត្រ។”

នាងខិតខំរៀនសូត្រ ដោយសារការប្រលងលើកទីមួយដែលគ្មានការលួចចម្លងបានធ្វើឲ្យសិស្សប្រលងធ្លាក់មានអត្រាខ្ពស់។ ហ្កិចលី ចាប់ផ្តើមរៀបចំផែនការរៀនសូត្ររបស់ខ្លួន តាំងពីដើមឆ្នាំនៃថ្នាក់ទី១២មកម៉្លេះ។

ហ្កិចលី ពូកែខាងមុខវិជ្ជាវិទ្យាសាស្ត្រ រួមមានរូបវិទ្យា និងជីវវិទ្យា ប៉ុន្តែដើម្បីទទួលបានពិន្ទុខ្ពស់ក្នុងការប្រលង នាងគិតថា នាងត្រូវខិតខំឲ្យកាន់តែខ្លាំងចំពោះមុខវិជ្ជាដែលនាងមិនសូវចូលចិត្ត។ 

នាងថ្លែងថា “បន្ទាប់ពីក្រសួងអប់រំប្រកាសថា មុខវិជ្ជាប្រវត្តិវិទ្យានឹងត្រូវចេញនៅពេលប្រលង ខ្ញុំក៏ចាប់ផ្តើមខិតខំរៀនមុខវិជ្ជានេះ។ ចំពោះខ្ញុំ ប្រវត្តិវិទ្យាគឺជាមុខវិជ្ជាដែលលំបាក ពីព្រោះខ្ញុំមិនអាចចាំ ឆ្នាំនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទេ។”

សិស្សនិទ្ទេសAរូបនេះនិយាយថា “គ្រូបង្រៀនរបស់ខ្ញុំម្នាក់ៗសុទ្ធតែល្អ ពីព្រោះពួកគាត់មានជំនាញបង្រៀនតាមបែបផ្សេងៗពីគ្នា ប៉ុន្តែដើម្បីយល់មេរៀនឲ្យបានច្បាស់ ខ្ញុំតែងតែរៀនបន្ថែមដោយខ្លួនឯងជារៀងរាល់ថ្ងៃ។ ខ្ញុំរៀនឆាប់ចេះនៅពេលយប់  ដូច្នេះខ្ញុំតែងតែរៀនរហូតដល់ពាក់កណ្តាលយប់។”

កញ្ញា ហ្កិចលី និយាយទៀតថា ការសម្រាកលម្ហែគឺមានសារៈសំខាន់ ដូច្នេះហើយបានជានាងបានចំណាយពេលមួយផ្នែក របស់ខ្លួនក្នុងការកម្សាន្ត ដោយការមើលទូរទស្សន៍ និងលេងហ្វេសប៊ុក។ 

Share and Like this post

Related Posts

Previous Article

ការបោសសម្អាតផ្លូវអយស្ម័យយាន

Next Article

យុវវ័យឆ្នើម៖ ពីអ្នករើសសំរាមក្លាយជាអ្នកអប់រំ