កម្មករ​ជិត​១​ពាន់​នាក់ស្នើរ​អាជ្ញាធរ​អន្តរា​គមន៍​រឿង​រោងចក្រ​បិទ​ទ្វា​

Khmer Times No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)កម្មករ​និង​បុគ្គលិក​ប្រមាណ ​១​ពាន់​នាក់​មក​ពី​រោងចក្រ​​កាត់ដេរ​ (កាបូប) វីកកូ ហ៊ែន​ប៊ែក ខេមបូឌា អ៊ិន​ដាស​ស្រ្ទៀល (Victco Handbags Cambodia Industrial Co., Ltd) ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​ បាន​ហែ​ក្បួន​ទៅ​កាន់​សាលា​ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​ម្សិលមិញ​នេះ​ដើម្បី​ដាក់​ញត្តិ​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​ការ​លក់​សម្ភារៈ​ក្នុង​ក្រុមហ៊ុន​យក​ថវិកា​ទូទាត់​ជូន​ពួក​គេ បន្ទាប់​ពី​ថៅកែ​បិទទ្វារ​រោងចក្រ។

អ្នកស្រី កែវ សំអឿន តំណាង​កម្មករ​រោងចក្រ​វីកកូ​ បាន​និយាយ​ថា នាយក​ក្រុមហ៊ុន​វីកកូ​ បាន​រត់​ចោល​កម្មករ​ដោយ​មិន​បាន​ទូទាត់ ឬ​ផ្តល់​ជា​សំណង​ណា​មួយ​ដល់​កម្មករ​ដោយ​គ្មាន​មូលហេតុ​ និង​មិន​ដឹង​តាំង​ពី​ពេល​ណា ប៉ុន្តែ​កម្មករ​បាន​ផ្ទុះ​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ​នៅ​ពេល​ដែល​ពួក​គេ​ត្រលប់​ចូល​ធ្វើ​ការ​វិញ ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​ហាម​ចូល​ក្នុង​រោង​ចក្រ។

អ្នក​ស្រី​ថា៖ «ថៅកែ​រោងចក្រ​ជនជាតិ​ចិន បាន​ប្រកាស​ព្យួរ​ការងារ​ដល់​កម្មករ​ចំនួន​២​ខែ គឺ​ចាប់​ពី​ខែ​មីនា និង​ខែ​មេសា ដោយ​ផ្តល់​ឲ្យ​កម្មករ​ក្នុង​ម្នាក់​តែ​២៤​ដុល្លារ​តែ​ប៉ុណ្ណោះ​ ក្នុង​កំឡុង​ព្យួរ​ការងារ​២​ខែ​នេះ។ គាត់​បាន​សន្យា​ជាមួយ​កម្មករ​ឲ្យ​ត្រលប់​មក​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​យើ​ង​ត្រូវ​ធ្វើ​ការ ទើប​យើង​ដឹង​ថា រោងចក្រ​បិទទ្វារ ថៅ​កែ​រត់​ចោល​យើង​បាត់»។

. .

អ្នក​ស្រី​ កែវ សំអឿន បន្ត​ទៀត​ថា នៅ​ពេល​ដែល​កម្មករ​ចូល​ទៅ​ដល់​ក្នុង​រោងចក្រ បែរ​ជា​មិន​ឃើញ​មាន​ក្រណាត់​នៅ​ក្នុង​រោងចក្រ​ទៀត​ទេ គឺ​មាន​តែ​ម៉ាស៊ីន​នៅ​ទី​នោះ។ កម្មករ​បាន​សម្រេច​ចិត្ត​ដេក​យាម​នៅ​ខាង​មុខ​រោងចក្រ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ រហូត​មក​ដល់​ថ្ងៃ​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​ខាង​ថៅកែ​រោងចក្រ​លួច​​ដឹក​ម៉ាស៊ីន និង​សម្ភារៈ​ផ្សេងៗ​​ចេញ​ ។

អ្នក​ស្រី​ ​បន្ថែម​ថា៖ «មួយ​យប់​មាន​កម្មករ​ប្រមាណ ១៥​នាក់​ទៅ​៣០​នាក់ ដេក​យាម​ខាង​មុខ​រោងចក្រ»។

មន្ត្រី​នៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ និង​សម្ព័ន្ធ​សហជីព​ការងារ​ឯក​រាជ្យ ដែល​ជា​តំណាង​ឲ្យ​កម្មករ​រោងចក្រ​វីកកូ​ បាន​ដឹក​នាំ​កម្មករ​ដាក់​ញត្តិ​ទៅ​សាលា​ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ​ម្សិលមិញ​នេះ ដោយ​ស្នើ​ឲ្យ​លោក​អភិបាល​ខេត្ត​ វ៉ី សំណាង​ ជួយ​អន្តរាគមន៍ឲ្យ​លក់​សម្ភារៈ​នៅ​ក្រុមហ៊ុន​ដើម្បី​យក​ថវិកា​មក​ទូទាត់​ដល់​កម្មករ​ដែល​ថៅកែ​រត់​ចោល។

ក្នុង​លិខិត​ដដែល​នេះ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី១ ​ខែ​មីនា ក្រុម​ហ៊ុន​វីកកូ បាន​ព្យួរ​ការងារ​របស់​កម្មករ​និយោជិត​ចំនួន​២​ខែ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មីនា​ ដល់​ថ្ងៃ​ទី​១ ​ខែ​ឧសភា ហើយ​ក្រុមហ៊ុន​បាន​បិទ​ប្រកាស​ឲ្យ​កម្មករ​និយោជក​ចូល​ធ្វើ​ការងារ​វិញ នៅ​ថ្ងៃ​ទី​១ ​ខែ​ឧសភា។ ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា កម្មករ​និយោជិត បាន​នាំគ្នា​ត្រលប់​ចូល​ធ្វើ​ការងារ​វិញ ប៉ុន្តែ​ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​បិទ​ទ្វារ​មិន​ឲ្យ​កម្មករ​និយោជិត​ចូល​បម្រើ​ការងារ​នោះ​ទេ។

លិខិត​ដដែល​បាន​បន្ត​ទៀត​ថា សហជីព​ដែល​តំណាង​ឲ្យ​កម្មករ​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​មន្ទីរ​ការងារ​ខេត្ត​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ដំណោះ​ស្រាយ​ណា​មួយ​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​និយោជិត​ជួប​ប្រទះ​បញ្ហា​ខ្វះ​ខាត​ថវិកា​ក្នុង​ការ​ដោះ​ស្រាយ​ជីវភាព​គ្រួ​សារ​ប្រចាំ​ថ្ងៃ។

. .

លោក ​ទួន សារ៉ែន អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​ឲ្យ​ដឹង​​ថា កម្មករ​បាន​ហែក្បួន​ទៅ​សាលា​ខេត្ត​ដើម្បី​ដាក់​ញត្តិ​ដល់​អភិបាល​ខេត្ត​ឲ្យ​ជួយ​​អន្តរាគមន៍​លក់​អីវ៉ាន់​បើក​លុយ​ជូន​កម្មករ។ លោកថា៖ «ថ្ងៃនះ​យើង​យក​លិខិត​ទៅ​ដាក់​នៅ​សាលាខេត្ត​ដើម្បី​ឲ្យ​គាត់​ធ្វើ​ការ​ពន្លឿន​ក្នុង​ការ​ដោះ​ស្រាយ​ជូន​កម្មករ ដោយ​សារ​ពួក​គាត់​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ»។

លោក ​បន្ត​ទៀត​ថា កម្មករ​ទាម​ទារ​នូវ​ប្រាក់​សំណង​ទៅ​តាម​ច្បាប់​ការងារ។

នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ស្ពឺ លោក ​ងួន ឡាញ់​ បាន​ទទួល​យក​ញត្តិ​សុំ​អន្តរាគមន៍​ពី​កម្មករ​ដោយ​បាន​ប្រាប់​កម្មករ​ថា នឹង​ជួយ​ពន្លឿន​ក្នុង​ការ​ស្នើ​សុំ​ ប៉ុន្តែ​លោក​បាន​ប្រាប់​កម្មករ​កុំ​ឲ្យ​មាន​ការ​ហែ​ក្បួន​មក​កាន់​សាលាខេត្ត​ទៀត ដោយ​អាច​ធ្វើ​ការ​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​បាន។

អ្នកស្រី កែវ សំអឿន ​បាន​និយាយ​ថា ទោះ​បី​ជា​ខាង​សាលា​ខេត្ត​ទទួល​យក​សំណើ​អន្តរាគមន៍​ពី​ពួក​គាត់​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​បន្ត​ដេក​យាម​នៅ​ខាង​មុខ​រោងចក្រ​ដដែល លុះ​ត្រា​ដែល​មាន​ដំណោះ​ស្រាយ និង​ទទួល​បាន​ប្រាក់​ឈ្នួល​របស់​ពួក​គេ៕  

Share and Like this post

Related Posts

Previous Article

Boeung Kak Residents Testify on Assault

Next Article

A Low Key Black Monday