អតីត​សិស្សនិទ្ទេស​ A​ បញ្ចូល​ជំនាញ​IT និង​វេជ្ជសាស្រ្ត​ដើម្បី​បង្កើតកម្មវិធី​កំុព្យូទ័រ​សម្រាប់​វិស័

Khmer Times No Comments Share:

ការ​សិក្សាជំនាញពីរបច្ចេកវិទ្យា​និង​វេជ្ជសាស្រ្ត​ បាន​ជម្រុញ​ឲ្យ​ គង់​​ ឌីវីន​ ដែល​មាន​វ័យ​២២​ឆ្នាំ​សរសេរ​កម្មវិធី​កុំព្យូទ័រមួយ​​ដែល​លោក​អះអាង​ថា​នឹង​ជួយ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​កត់​ត្រា​ទិន្នន័យ​របស់​អ្នក​ជម្ងឺ។

បន្ទាប់​ពី​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​​កម្ម​វិធី​កុំព្យូទ័រ​នៃ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្រ្ត​ លោក​ឌីវីន​ត្រូវ​បន្ត​ការ​សិក្សា​៣​ឆ្នាំ​បន្ថែម​ទៀត​ដើម្បី​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជសាស្រ្ត​ នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល។ បច្ចុប្បន្ន​នេះ​ លោក​ឌីវីន​ កំពុង​ធ្វើ​តេស្ត​កម្មវិធី​កុំព្យូទ័រ​មួយ​ដែលលោក​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្រ្ត​ប្រើប្រាស់​សម្រាប់​​កត់ត្រា​ទិន្នន័យ​របស់​អ្នក​ជម្ងឺ​​។ 

ឌីវីន​និយាយ​ថា​ “ខ្ញុំ​កំពុង​តែ​បង្កើត​កម្មវិធី​កុំ​ព្យូទ័រ​មួយសម្រាប់​កត់​ត្រា​ទិន្នន័យ​របស់​អ្នក​ជម្ងឺហើយ​ដំណើរ​ការ​ក្នុង​ការ​បង្កើត​វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់។ខ្ញុំ​​​​គិត​ថា​នឹង​បង្កើត​កម្មវិធី​មួយ​​ដែល​អាច​ឲ្យ​វេជ្ជបណ្ឌិត​រក​មើល​ទិន្នន័យ​របស់​អ្នកជម្ងឺបាន​ទាំង​នៅ​លើ​​​ Online និង​ Offline ប៉ុន្តែ​​វា​ទាមទារឲ្យ​មាន​ការ​ស្រាវជ្រាវ​​ និង​ថវិកា​ជា​ច្រើន”។ 

. .

ឌីវីន​ចាប់​ផ្តើម​ធ្វើការ​​លើ​គម្រោង​នេះ​អស់​រយៈ​ពេល​១​ឆ្នាំ​មក​ហើយដោយ​​បាន​ចំណាយ​ពេល​៨​ខែ​លើ​ការ​ស្រាវជ្រាវប៉ុន្តែ​គម្រោង​នេះ​នៅ​មិន​ទាន់​ជោគជ័យ​នៅ​ឡើយ​។ កម្មវិធី​មួ​យ​នេះ​នឹង​ជួយ​ឲ្យ​វេជ្ជបណ្ឌិត​អាច​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​មួយ​បាន​ដោយ​ស្រួលបើ​ទោះ​បី​ជា​ពួក​គាត់​មិន​មែន​ជា​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​​ និង​ដើម្បី​កាត់​បន្ថយ​​កំហុស​​បច្ចេកទេស​នៅ​ពេល​កត់​ត្រា​ព័ត៌មាន​របស់​អ្នក​ជម្ងឺ។ កម្មវិធី​កុំព្យូទ័រ​​នេះ​នឹង​​ជួយ​​ឲ្យ​ភ្នាក់​ងារ​រដ្ឋាភិបាល ​និង​វិទ្យាស្ថាន​​ស្រាវជ្រាវ​នានា​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រមូល​ទិន្នន័យ​វេជ្ជសាស្រ្ត។

ឌីវីន​បាន​លើ​កឡើង​ថា “កាល​ពី​​ប៉ុន្មាន​ខែ​មុន​ ខ្ញុំ​បាន​សាក​ល្បង​​កម្មវិធី​កុំព្យូទ័រ​របស់​ខ្ញុំ​ជាមួយ​នឹង​ប៉ា​របស់​ខ្ញុំ​ ដែល​ជា​វេជ្ជបណ្ឌិត។ គាត់​បាន​ផ្តល់​យោបល់​ខ្លះៗ​មក​ហើយ​ខ្ញុំ​ក៏​កែ​ខ្លះៗ​តាម​គាត់។ ពេល​ខ្លះ​ខ្ញុំ​ថែម​ទាំង​ត្រូវ​​ធ្វើ​ឡើង​វិញ​ម្ដងហើយ​ម្ដង​ទៀត​​”។  

និស្សិត​រូប​នេះ​បន្ត​ទៀត​ថា​ ខ្លួន​មាន​ចំណូល​ចិត្ត​វិស័យ​​កម្ម​វិធី​កុំព្យូទ័រ​តាំង​ពី​ទទួល​បាន​និន្ទេស​ A លើ​ការ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​​មក​ម្លេះ​។ ​ក្រោយ​មក​លោក​ក៏​​​បាន​ទទួល​អាហារូបករណ៍​ផ្នែក​វេជ្ជសាស្រ្ត​ ប៉ុន្តែ​​ឌីវីន​​នៅ​តែ​មាន​អារម្មណ៍​ថា​ ការងារ​ជា​វេជ្ជបណ្ឌិត​ហាក់​ដូច​ជា​មិន​សាក​សម​សម្រាប់​ខ្លួន​ឡើយ។ 

ដោយ​សារ​មាន​បង​ប្រុស​ជា​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ ឌីវីន​តែង​យក​សៀវភៅ​បច្ចេកវិទ្យា​របស់​បង​ប្រុស​មក​អាន​លេង​ជា​រឿយៗ។ ក្រោយ​មក​ សិស្ស​និទ្ទេស​Aរូបនេះ​​ក៏​ស្វែង​យល់​់​ពី​ខ្លួន​ឯង​ថា​ មុខ​វិជ្ជា​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​​ទើប​ជា​មុខជំនាញ​ដែល​ខ្លួន​ស្រលាញ់​ពិតប្រាកដ។

ឌីវីន​និយាយ​ថា​ “មុខវិជ្ជា​វិទ្យាសាស្រ្ត​កុំព្យូទ័រ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ជាង​គេ​ ហើយ​ស្រលាញ់​ជាង​ការ​រៀន​ពេទ្យ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ វា​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ”។ អ្នក​ស្រាវជ្រាវ​កម្មវិធី​កុំព្យូទ័រ​រូប​នេះ​ក៏​បន្ថែម​ផង​ដែរ​ថា​ ក្រោយ​ពេល​ដែល​បញ្ចប់​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ​សម្រាប់​កត់​ត្រា​ទិន្នន័យ​អ្នក​ជម្ងឺរួច​ ឌីវីន​នឹង​ត្រលប់​ទៅ​ធ្វើ​ការ​លើ​កម្មវិធី​កុំព្យូទ័រ​ទូទៅ​បន្ថែម​ទៀត​។ 
\
នៅ​ក្នុង​ឆ្នាំ​២០១៥ ឌីវីន​​បាន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិចក្នុង​នាម​ជា​និស្សិត​តំណាងឲ្យ​កម្ពុជា​​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី Microsoft Office Specialist World Championship។ 
 
ឌីវីន​និយាយ​ថា​ “វា​ពិត​ជា​ពិបាក​មែន​ទែន។ ពេល​នោះ​គេ​ឲ្យ​ឯកសារ​និង​ការណែនាំ​ឲ្យ​យើង​ធ្វើ​ ហើយ​ទុក​ពេល​៥០​នាទី​ដើម្បី​បញ្ចប់​វិញ្ញាសារ​សរសេរ​”។ 

. .

ការ​ប្រកួត​ប្រជែង​នេះ​​ត្រូវ​បាន​ចូលរួម​ដោយ​សិស្ស​មក​ពី​ទូទាំង​​ពិភពលោក​ ដែល​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​កុំព្យូទ័រ​ចំនួន​ ៣ រួម​​មាន​  Microsoft Word, Excel and PowerPoint ។ ជា​លទ្ធផល​ក្រោយ​ពី​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​យុវជន​មក​ពី​៤៥​ប្រទេស​ ឌីវីន​បាន​ត្រលប់​មក​ផ្ទះ​វិញ​ជាមួយ​នឹង​ពាន​រង្វាន់​លេខ​២។ 

ឌីវីន​និយាយ​ថា​ សិស្ស​និស្សិត​ដែល​មាន​បំណង​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​គប្បី​​ខិតខំ​សិក្សា​ផ្នែក​​គណិតវិទ្យា​ និង​ពង្រឹង​​ជំនាញ​ក្នុង​ការ​គិត​បន្ថែម​ទៀត​ ខណៈ​ដែល​ឌីវីន​អះអាង​ថា​នេះ​គឺ​ជា​កត្តា​សំខាន់ៗ​ដែល​នាំ​លោក​ឲ្យ​ទៅ​ដល់​ជោគជ័យ​ដូច​បច្ចុប្បន្ន។ ​
 

. .
Share and Like this post

Related Posts

Previous Article

Emerging Talent

Next Article

Applying Makeup the Korean Way