ភ្នំពេញ៖ (ខ្មែរថាមស៍) ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងវាយប្រហារមកលើក្រសួងនេះរបស់នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោកPhil Robertson តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងវិទ្យុក្រៅស្រុកមួយ កាលពីថ្ងៃពុធ ទី២៩ ខែមីនានេះថាក្រសួងកំពុងយាយីមកលើគណបក្សសង្គ្រោះជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញផ្សាយកាលល្ងាចថ្ងៃពុធ បានឲ្យដឹងថា មន្ត្រីនៃអង្គការសិទ្ធិមនុស្សរូបនេះបានចោទប្រកាន់គ្មានមូលដ្ឋានច្បាប់ មកលើក្រសួងមហាផ្ទៃ ដោយចោទថា ក្រសួងមហាផ្ទៃកំពុងយាយីមកលើគណបក្សសង្គ្រោះជាតិ ជុំវិញលក្ខន្តិកៈរបស់គណបក្សប្រឆាំងមួយនេះ។
ទាក់ទងនឹងការចោទប្រកាន់នេះ ក្រសួងមហាផ្ទៃ បានចេញលិខិតបដិសេធយ៉ាងដាច់អហង្ការនូវរាល់អ្វីដែលលោក Phil Robertson បានប្រាប់វិទ្យុអាស៊ីសេរី។ ក្រសួងនេះបានលើកឡើងថា លោក Phil Robertsonជានិច្ចកាលតែងតែមួលបង្កាច់និងបង្កអរិយភាពមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលជារាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។
លិខិតនេះបានឲ្យដឹងថា៖ «ក្រសួងមហាផ្ទៃ ចាត់ទុកការលើកឡើងដ៏ឆ្កួតលីលានេះ មិនត្រឹមតែជាការបំផ្លើស មួលបង្កាច់ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា តែប៉ុណ្ណោះទេ ប៉ុន្តែការលើកឡើងនេះ គឺជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរមកលើកម្ពុជា ដែលជារដ្ឋមានអធិបតេយ្យភាព និងឯករាជ្យភាពយ៉ាងពេញលេញ»។
ក្រសួងដដែលនេះបន្ថែមថាការនិយាយរបស់លោកPhilRobertsonមានចេតនាញុះញង់ប៉ុនប៉ងយាយីដល់សន្តិភាពស្ថិរភាពនយោបាយ និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
តាមកិច្ចសម្ភាសន៍របស់វិទ្យុអាស៊ីសេរី ជាមួយនឹងលោក Phil Robertson នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ បាននិយាយថា ក្រសួងមហាផ្ទៃ ព្យាយាមបង្កើតគោលការណ៍មួយក្នុងការបង្កបញ្ហាធ្ងន់ធ្ងរដល់គណបក្សសង្គ្រោះជាតិ ដោយលោកចាត់ទុកថា ជាការរើសអើងគណបក្សនយោបាយ។
លោកPhilRobertបាននិយាយថា៖«គណបក្សសង្គ្រោះជាតិគួរត្រូវបានអនុញ្ញាតឲ្យមានការចូលរួមដំណើរការបោះឆ្នោតដោយពេញលេញ មិនត្រូវមានការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុង ហើយមានភាពស្មើគ្នាដូចគណបក្សផ្សេងទៀតដែរ»។
លិខិតរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កំពុងប្រព្រឹត្តទៅដោយរលូនស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់បោះឆ្នោត ព្រមទាំងប្រតិទិននៃការបោះឆ្នោតដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានគណបក្សនយោបាយចំនួន ១២ បានចុះបញ្ជីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ក្នុងនោះរួមទាំងគណបក្សសង្គ្រោះជាតិ ផងដែរ។
នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះផងដែរ ក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមីនា ដែលបានសម្រេចជ្រើសតាំងលោក កឹម សុខា ជាប្រធានថ្មីនៃគណបក្ស និងអនុប្រធានថ្មីចំនួន ៣រូប នៃគណបក្ស រួមមានលោកប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង គឺមិនត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់គណបក្សខ្លួន។
លោក ប៊ុន ហុន អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញនេះថា សមាជរបស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើនៅថ្ងៃទី២ ខែមីនា កន្លងមកនេះ បានធ្វើស្របទៅតាមលក្ខន្តិកៈរបស់គណបក្ស ប៉ុន្តែអ្វីដែលមិនត្រូវនោះ គឺគណបក្សនេះបានបំពាន គឺបានបំពានទៅនឹងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ត្រង់ការជ្រើសរើសប្រធាន និងអនុប្រធានគណបក្សមិនត្រូវតាមលក្ខន្តិកៈរបស់គណបក្សនេះ។
លោកបានបន្ថែមថា ក្រសួងមហាផ្ទៃ មិនអាចធ្វើការបញ្ជាទៅលើកិច្ចការរបស់គណបក្សថា ត្រូវធ្វើដូចនេះ ឬដូចនោះទេ ប៉ុន្តែក្រសួងណែនាំឲ្យធ្វើឲ្យត្រូវទៅតាមលក្ខន្តិកៈរបស់ខ្លួន។
លោក ប៊ុន ហុន បានថ្លែងបញ្ជាក់ថា៖ «ការធ្វើសមាជ គឺស្របតាមប្រការ៤៥ និង៤៧ នៃលក្ខន្តិកៈ គឺត្រឹមត្រូវ ប៉ុន្តែអ្វីដែលសមាជធ្វើខុសគឺ ការជ្រើសរើសប្រធាន និងអនុប្រធាន»។
លោកបានបន្ថែមថា ទាក់ទងនឹងវិធានការបន្ត គឺក្រសួងនឹងចាត់ការតាមផ្លូវច្បាប់ នៅក្នុងគណបក្សនយោបាយបានសរសេរច្បាស់ ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ថា តើក្រសួងនឹងមានវិធានការយ៉ាងណានោះនៅឡើយទេ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញក្នុងពិធីខួប ២០ឆ្នាំ ដល់អ្នកស្លាប់ដោយសារការវាយប្រហារដោយគ្រាប់បែកនៅខាងមុខអតីតរដ្ឋសភា ថា លោកនៅតែធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ដដែលបើទោះបីជាមានលក្ខន្តិកៈថ្មី ឬចាស់ក៏ដោយ។
ប្រមុខរាជរដ្ឋាភិបាលលោក ហ៊ុន សែននៅដើមសបា្តហ៍នេះបានថ្លែងថា គណបក្សនយោបាយទាំងអស់ត្រូវប្រកួតប្រជែងគ្នា តាមរយៈគោលនយោបាយរៀងខ្លួនៗ ជាជាងប្រើពាក្យជេរប្រមាថ ទៅលើគណបក្សដទៃ នាំឲ្យប្រឈមនឹងការចាត់វិធានការពីតុលាការ៕