កាត់​ទោស​លោក សម រង្សុី ២០ ខែ និង​ឲ្យ​សង​ជំងឺ​ចិត្ត​​លោក​នាយក​រដ្ឋមន្ត្រី​១០០រ

ម៉ៃ​ ទិត្យថារ៉ា No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ផ្ដន្ទាទោស​ឲ្យ​លោកសមរង្សុីអតីត​ប្រធាន​បក្ស​ប្រឆាំង ជាប់​ពន្ធនាគារ ២០​ខែ​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល នឹង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ​១០០​រៀល ទាក់ទិន​ទៅ​នឹង​បណ្តឹង​ដែល​លោក បាន​ចោទ​រដ្ឋាភិបាល​ថា នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។​

​នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​មិន​មាន​វត្តមាន​ភាគី​ដើម​បណ្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែននិង​ភាគី​ចុង​ចម្លើយ​លោកសមរង្សុី ដែល​មាន​តែ​វត្តមាន​មេធាវី​ការពារ​ក្ដី​របស់​ភាគី​ទាំង​ពីរ ចៅក្រម​ជំនុំជម្រះ លោក អុី ថាវរៈនិង​ព្រះរាជអាជ្ញារងលោក លី សុផាណា បាន​សួរ​ដេញដោល និង​បង្ហាញ​ភស្តុតាង​មាន​ដូច​ជា វីដេអូ និង​សំឡេង​របស់​លោក សម រង្សុី ដែល​បាន​ផ្ដល់​សម្ភាសន៍​មក​អាស៊ី​សេរី កាល​ពី​ឆ្នាំ​២០១៦។

​លោក លី សុផាណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ ឈ្មោះ​ សម រង្សុី ឲ្យ​ជាប់​ពន្ធនាគារ​ ២០​ខែ និង​ពិន័យ​ជា​ប្រាក់ ​១០​លាន​រៀល​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។​

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អុី ថាវរៈ បាន​សម្រេច​ឲ្យ​លោក សម រង្សុី ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​លោក ហ៊ុន សែន ១០០​រៀល ពីបទ​បរិហារកេរ្តិ៍​ និង​ញុះញង់​ឲ្យ​បង្ក​អសន្តិសុខ​ដល់​សង្គម។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​រឿង​ក្ដី​លោក សម រង្សុី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ករណី​ចោទ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម លើ​លោក​បណ្ឌិត​ កែម ឡី។ ប៉ុន្តែ​ក្រោយ​ការ​សួរ​ដេញដោល លោក​ចៅក្រម អុី ថាវរៈ បាន​លើក​ពេល​ប្រកាស​សាលក្រម ​ទៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា។

​លោក គី តិច មេធាវី​ការពារ​ក្ដី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាមរយៈ​វីដេអូ​លោក សម រង្សុី និយាយ​នៅ​ប្រទេស​បារាំង បញ្ជាក់​ថា ពាក្យ​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ជា​អំពើ​ភេរវកម្ម​មួយ​ទៀត​រៀបចំ​ឡើង​ដោយ​រដ្ឋ​អំណាច ដែល​លោក សម រង្សុី និយាយ​នោះ ​គឺ​សំដៅ​ទៅ​រដ្ឋាភិបាល។ 

លោក​បាន​ថ្លែង​ថា៖ «ការ​ធ្វើ​សវនាការ​មួយ​ព្រឹក​នេះ ខ្ញុំ​យល់​ថា សម រង្សុី ពិត​ជា​មាន​ចេតនា​ធ្វើ​អំពើ​បរិហារកេរ្តិ៍​ជា​សាធារណៈ ទម្លាក់​កំហុស បង្ក​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​ក្នុង​អំពើ​របស់​គាត់​ទាំង​ប៉ុន្មាន​កន្លែង​នេះ»។​

​មេធាវី​ការពារ​ក្តី​លោក សម រង្សុី គឺ​លោក សំ សុគង់ យល់​ថា​ ការ​សម្រេច​នេះ​មិន​មាន​យុត្តិធម៌​សម្រាប់​កូនក្ដី​លោក។ អយុត្តិធម៌​ព្រោះ​ថា ការ​សម្រេច​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ និង​មិន​មាន​អ្វី​ដែល​អាច​បញ្ជាក់​បាន​ថា ​កូនក្ដី​របស់​លោក​ប្រព្រឹត្ត​នូវ​បទ​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ពាក្យ​រដ្ឋអំណាច​ដែល​កូនក្ដី​ខ្ញុំ​និយាយ​មិន​សំដៅ​រដ្ឋាភិបាល​នោះ​ទេ។ ពាក្យ​ថា ​រដ្ឋ​អំណាច​នេះ គឺ​អាច​ក្រុម​មនុស្ស​មួយ​ក្រុម​តូច ឬ​មួយ​ក្រុម​ធំ ណា​មួយ​គាត់​តាំង​ខ្លួន​ជា​រដ្ឋ​អំណាច​អះអាង​ដោយ​ខ្លួន​ឯងមិន​មែន​រដ្ឋ​អំណាច​ថា​ជា​រដ្ឋ​អំណាច។ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​កូនក្ដី​របស់​ខ្ញុំ​ដើម្បី​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត»។​

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ពាក្យ​ប្ដឹង លោក សម រង្សុី ពីបទ​ញុះញង់ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ទារ​សំណង​ជា​ប្រាក់ ១០០​រៀល កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក សម រង្សុី បាន​ធ្វើ​អត្ថាធិប្បាយ និង​សរសេរ​នៅ​ Facebook របស់​លោក​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី ជា​អំពើ​ភេរវកម្ម​មួយ​ទៀត​រៀបចំ​ឡើង​ដោយ​រដ្ឋអំណាច។

​នៅ​ក្នុង​សំណុំរឿង​លោក​បណ្ឌិត ​កែម ឡី មនុស្ស ​៣​នាក់​រួច​មក​ហើយ​ដែល​ត្រូវ​រដ្ឋាភិបាល​ប្តឹង​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ពួក​គេ​ដែល​ចោទ​រដ្ឋាភិបាល​ថា​ នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក កែម ឡី។ លោក សម រង្សុី និង លោកស្រី​ ថាក់ ឡានី លោក ហ៊ុន សែន ​បាន​ទាមទារ​សំណង​ពី​ពួក​គេ​តែ ​១​រយ​រៀល ប៉ុណ្ណោះ​ចំណែក​ឯ​លោក គឹម សុខ ត្រូវ​បាន​លោក ហ៊ុន សែន ប្តឹង​ទាមទារ ៥០​ម៉ឺន​ដុល្លារ។
ចំណែក​ឯ​លោក ជួប សំលាប់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោសឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពីបទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត៕  

Previous Article

ការ​ធ្វើ​ធុរកិច្ច​ដោយ​ទំនួល​ខុសត្រូវ ជា​គន្លឹះ​សំខាន់​សម្រាប់​អនាគត​កម្ពុជា

Next Article

សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង