ក្រសួងមហាផ្ទៃ​ ប្រតិកម្ម​នឹង​លោក Phil Robertson ​ថា ​ក្រសួង​យាយី​បក្ស​ប្រឆាំង​

មុំ គន្ធា No Comments Share:

ភ្នំពេញ៖ (ខ្មែរថាមស៍) ក្រសួង​មហាផ្ទៃ ​បាន​​ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​លើក​ឡើង​វាយប្រហារ​មក​លើ​ក្រសួង​នេះ​របស់​នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក​Phil Robertson តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​វិទ្យុ​ក្រៅ​ស្រុក​មួយ កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​មីនា​នេះថា​ក្រសួង​កំពុង​យាយី​មកលើគណបក្សសង្គ្រោះ​ជាតិ​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ចេញ​ផ្សាយ​កាល​ល្ងាច​ថ្ងៃ​ពុធ​ បាន​ឲ្យ​ដឹង​ថា មន្ត្រី​នៃ​អង្គការ​សិទ្ធិមនុស្ស​រូប​នេះ​បាន​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាប់ មក​លើ​ក្រសួង​មហាផ្ទៃ ដោយ​ចោទ​ថា ក្រសួង​មហាផ្ទៃ​កំពុង​យាយី​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ។​

​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ ក្រសួង​មហាផ្ទៃ ​បាន​ចេញ​លិខិត​​បដិសេធ​យ៉ាង​ដាច់អហង្ការ​នូវ​រាល់​អ្វី​ដែល​លោក ​Phil Robertson បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី។ ក្រសួង​នេះ​បាន​លើក​ឡើង​ថា លោក Phil Robertsonជានិច្ចកាល​តែងតែ​មួលបង្កាច់និង​បង្ក​អរិយ​ភាព​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។​

​លិខិត​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ក្រសួង​មហាផ្ទៃ ចាត់​ទុក​ការ​លើក​ឡើង​ដ៏​ឆ្កួត​លីលា​នេះ មិន​ត្រឹមតែ​ជា​ការ​បំផ្លើស មួល​បង្កាច់ ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​លើក​ឡើង​នេះ គឺ​ជា​ការ​ប្រមាថ​មាក់ងាយ​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​កម្ពុជា​ ដែល​ជា​រដ្ឋ​មាន​អធិបតេយ្យ​ភាព និង​ឯករាជ្យ​ភាព​យ៉ាង​ពេញលេញ»។​

​ក្រសួង​ដដែល​នេះ​បន្ថែម​ថាការ​និយាយ​របស់​លោក​PhilRobertsonមាន​ចេតនា​ញុះញង់ប៉ុនប៉ងយាយី​ដល់​សន្តិភាពស្ថិរភាព​នយោបាយ និង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា។​

​តាម​កិច្ច​សម្ភាសន៍​របស់​វិទ្យុ​អាស៊ី​សេរី ជាមួយ​នឹង​លោក​ Phil Robertson នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី ​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​និយាយ​ថា ក្រសួង​មហាផ្ទៃ​ ព្យាយាម​បង្កើត​គោលការណ៍​មួយ​ក្នុង​ការ​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​ចាត់​ទុក​ថា ជា​ការ​រើសអើង​គណបក្ស​នយោបាយ។​

​លោក​PhilRobertបាន​និយាយ​ថា៖«គណបក្ស​សង្គ្រោះ​ជាតិគួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ដំណើរការ​បោះឆ្នោតដោយ​ពេញលេញ មិន​ត្រូវ​មាន​ការ​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង ហើយ​មាន​ភាព​ស្មើ​គ្នា​ដូច​គណបក្ស​ផ្សេង​ទៀត​ដែរ»។​

​លិខិត​របស់​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ស្រប​តាម​ច្បាប់​បោះឆ្នោត បទ​បញ្ជា និង​នីតិវិធី​សម្រាប់​បោះឆ្នោត ព្រម​ទាំង​ប្រតិទិន​នៃ​ការ​បោះឆ្នោត​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​ ១២ បាន​ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នេះ ក្នុង​នោះ​រួម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ ផង​ដែរ។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ម្សិលមិញ​នេះ​ផង​ដែរ ក្រសួង​មហាផ្ទៃ ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ដែល​បាន​សម្រេច​ជ្រើសតាំង​លោក ​កឹម សុខា ជា​ប្រធាន​ថ្មី​នៃ​គណបក្ស និង​អនុប្រធាន​ថ្មី​ចំនួន ​៣​រូប នៃ​គណបក្ស រួម​មាន​លោក​ប៉ុល ហំម លោកស្រី ​មូរ សុខ​ហួរ និង​លោក​ អេង ឆៃអ៊ាង គឺ​មិន​ត្រឹមត្រូវ​ទៅ​តាម​លក្ខន្តិកៈ​របស់​គណបក្ស​ខ្លួន។​

​លោក​ ប៊ុន ហុន អនុរដ្ឋលេខាធិការ​ នៃ​ក្រសួង​មហាផ្ទៃ ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ថា សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​២ ខែ​មីនា​ កន្លង​មក​នេះ បាន​ធ្វើ​ស្រប​ទៅ​តាម​លក្ខន្តិកៈ​របស់​គណបក្ស ប៉ុន្តែ​អ្វី​ដែល​មិន​ត្រូវ​នោះ គឺ​គណបក្ស​នេះ​បាន​បំពាន គឺ​បាន​បំពាន​ទៅ​នឹង​ប្រការ​៤៧ ​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រង់​ការ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណបក្ស​មិន​ត្រូវ​តាម​លក្ខន្តិកៈ​របស់​គណបក្ស​នេះ។​

​លោក​បាន​បន្ថែម​ថា ក្រសួង​មហាផ្ទៃ​ មិន​អាច​ធ្វើការ​បញ្ជា​ទៅ​លើ​កិច្ចការ​របស់​គណបក្ស​ថា​ ត្រូវ​ធ្វើ​ដូច​នេះ ឬ​ដូច​នោះ​ទេ ប៉ុន្តែ​ក្រសួង​ណែនាំ​ឲ្យ​ធ្វើ​ឲ្យ​ត្រូវ​ទៅ​តាម​លក្ខន្តិកៈ​របស់​ខ្លួន។​

​លោក​ ប៊ុន ហុន​ បាន​ថ្លែង​បញ្ជាក់​ថា៖ «ការ​ធ្វើ​សមាជ​ គឺ​ស្រប​តាម​ប្រការ​៤៥ និង​៤៧ ​នៃ​លក្ខន្តិកៈ ​គឺ​ត្រឹមត្រូវ ប៉ុន្តែ​អ្វី​ដែល​សមាជ​ធ្វើ​ខុស​គឺ ការ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន»។​

​លោក​បាន​បន្ថែម​ថា ទាក់ទង​នឹង​វិធានការ​បន្ត គឺ​ក្រសួង​នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់ នៅ​ក្នុង​គណបក្ស​នយោបាយ​បាន​សរសេរ​ច្បាស់ ប៉ុន្តែ​លោក​មិន​ទាន់​បាន​បញ្ជាក់​ថា ​តើ​ក្រសួង​នឹង​មាន​វិធានការ​យ៉ាង​ណា​នោះ​នៅ​ឡើយ​ទេ។​

​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្នុង​ពិធី​ខួប​ ២០​ឆ្នាំ​ ដល់​អ្នក​ស្លាប់​ដោយសារ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ខាងមុខ​អតីត​រដ្ឋសភា ថា លោក​នៅ​តែ​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដដែល​បើ​ទោះ​បី​ជា​មាន​លក្ខន្តិកៈ​ថ្មី ឬ​ចាស់​ក៏​ដោយ។​

​ប្រមុខ​រាជរដ្ឋាភិបាល​លោក ​ហ៊ុន សែននៅ​ដើម​សបា្តហ៍​នេះ​បាន​ថ្លែង​ថា គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​ប្រកួតប្រជែង​គ្នា តាមរយៈ​គោល​នយោបាយ​រៀង​ខ្លួនៗ ជាជាង​ប្រើពាក្យ​ជេរ​ប្រមាថ ទៅ​លើ​គណបក្ស​ដទៃ នាំ​ឲ្យ​ប្រឈម​នឹង​ការ​ចាត់​វិធានការ​ពី​តុលាការ៕  

Previous Article

ការ​ធ្វើ​ធុរកិច្ច​ដោយ​ទំនួល​ខុសត្រូវ ជា​គន្លឹះ​សំខាន់​សម្រាប់​អនាគត​កម្ពុជា

Next Article

សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង