តម្រូវ​ការ​ផ្លែ​ចេក​​កើន តែ​បារម្ភ​ការ​ហូរ​ចូល​​ពី​ប្រទេស​ជិត​ខាង

ជា វណ្ណៈ No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ដំណាំ​ចេក​ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ប្រពៃណី​មួយ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ និយម​ដាំ​នៅ​ក្នុង​ភូមិ​ស្រុក សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួនហើយ​ក៏​មាន​កសិករ​មួយ​ចំនួន​ដាំ​ដុះ​សម្រាប់​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ។កសិករ​ដាំ​ចេកនិង​ឈ្មួញ​ផ្លែ​ចេក​ក្នុង​ស្រុកមើល​ឃើញ​តម្រូវការ​ផ្លែ​ចេក​កើន​ឡើងប៉ុន្តែ​ពួក​គេ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ការ​ហូរ​ចូល​ផ្លែ​ចេក​តម្លៃ​ទាប​ពី​ប្រទេស​ជិត​ខាង​ផង​ដែរ។​

​កសិករ​ដាំ​ចេក នៅ​ខេត្ត​កណ្តាល ដែល​ជា​ខេត្ត​មួយ សម្បូរ​ដំណាំ​ចេក បាន​ឲ្យ​ដឹង​ថា តម្រូវការ​ផ្លែ​ចេក​ក្នុង​ទីផ្សារ​កើន​ឡើង។ កើន​ឡើង​ដោយសារ​ជីវភាព​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​នៅ​ពេល​មាន​ពិធីបុណ្យ​សាសនា​ធំៗ​ម្តងៗ។​

​តម្រូវការ​កើន​ឡើង​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​ផ្លែ​ចេក ដែល​ជា​ប្រភេទ​ផ្លែ​ឈើ សម្រាប់​ពិធី​សាសនា​ផង និង​សម្រាប់​ប្រើប្រាស់​ទូទៅ លើ​ផ្នែក​ផ្លែឈើ​ហូប​ផ្លែ​ផង កើន​ឡើង​ជា​បន្តបន្ទាប់រហូត​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ក្នុង​ទីផ្សារ។នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី អ៊ុន សុខគា អាជីវករ​លក់​ចេក និង​ជា​ឈ្មួញ​ប្រមូល​ទិញ​ចេក។

​លោកស្រី សុខគា នៅ​ឃុំ​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ដែល​មាន​ចម្ការ​ដំណាំ​ចេក​ផ្ទាល់​ខ្លួន​ផង បាន​ឲ្យ​ដឹង​ថា តម្រូវការ​ផ្លែ​ចេក ច្រើន​បំផុត នៅ​ពេល​មាន​បុណ្យ​សាសនា​ធំៗ និង​ថ្ងៃសីល ដែល​តម្លៃ​ចេក​អាច​លក់​បាន​កើន​ទ្វេដង។
 
​លោកស្រី សុខគា ថ្លែង​ថា៖ «ពេល​មាន​បុណ្យ​ធំៗ ដូច​ជា​មាឃ​ចិន ចូល​ឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ លក់​ដាច់​ណាស់ ហើយ​បាន​ថ្លៃ​ទៀត បើ​លក់​ថ្ងៃ​ធម្មតា បាន​តែ ២០ ទៅ​ ៣០​ស្ទង ប៉ុន្តែ​បើ​ថ្ងៃ​មាឃ​ចិន និង​ភ្ជុំបិណ្ឌ​វិញ លក់​រហូត​បាន​ ៦០ ទៅ​ ៨០​ស្ទង»។​

​ចំណែក​កសិករ​ដាំ​ចេក​ពង​មាន់ នៅ​ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្ត​កណ្តាល យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ។ លោកស្រី ឈឿន វណ្ណា ដែល​ប្រកប​របរ​ដាំចេក និង​ផ្លែ​មៀន លើក​ឡើង​ថា របរ​ដាំ​ចេក បាន​ផ្តល់​ចំណូល​តាម​រដូវ​កាល ជាពិសេស​នៅ​ពេល​មាន​បុណ្យ​សាសនា​ធំៗ ដែល​កសិករ​អាច​រក​ចំណូល​បាន​ក្នុង​មួយ​រដូវ ក្នុង​ចន្លោះ ១០​លាន​រៀល ទៅ ១៥​លាន​រៀល ទៅ​តាម​ទំហំ​ចម្ការ។

​លោកស្រី វណ្ណា ថ្លែង​ថា៖ «យើង​សម្រុក​ដាំ​ចេញ​ចាប់​ពី​ខែ​មិថុនា ឬ​ខែ​កក្កដា ដើម្បី​ឲ្យ​ចំ​រដូវ​មាឃ​ចិន ដែល​មាន​តម្រូវការ​ខ្ពស់ និង​លក់​បាន​ថ្លៃ។ ក្នុង​មួយ​រដូវ​អាច​រក​ចំណូល​បាន ១០​លាន ឬ​ ១៥​លាន​រៀល។ ចំណែក​បុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ តម្រូវការ​ចេក មិន​សូវ​ច្រើន​ដូច​មាឃ​ចិន​ទេ»។​

​លោកស្រី វណ្ណា ដែល​ចម្ការ​របស់​គាត់​ដាំ​ចេក មាន​ចំនួន​ជាង មួយ​ពាន់​គុម្ព បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ធម្មតា និង​ថ្ងៃសីល លក់​ចេញ​ឲ្យ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ដល់​ចម្ការ ក្នុង​តម្លៃ ១២.០០០​រៀល ទៅ ១៥.០០០​រៀល ក្នុង​មួយ​ស្ទង ចំណែក​ក្នុង​អំឡុង​មាឃ​ចិន ឬ​បុណ្យ​ចូលឆ្នាំ​ខ្មែរ លក់​បាន​រហូត​ដល់ ៣០.០០០​រៀល​ក្នុង​មួយ​ស្ទង។

​ដំណាំ​ចេក​ជា​ដំណាំ​សំខាន់​មួយ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ក្រៅ​ពី​ដំណាំ​ផ្លែ​មៀន និង​ស្លឹក​គូឆាយ។ នេះ​បើ​តាម​ការ​អះអាង​របស់​មេឃុំ​កោះអន្លង់ចិន លោក ជា គឹមហួន។

​លោក គឹមហួន លើក​ឡើង​ថា ដំណាំ​ចេកជា​របរ​សំខាន់​មួយ​របស់​ប្រជាពលរដ្ឋ​នៅ​កោះអន្លង់ចិនរួម​ចំណែក​ជួយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ប្រមាណ ៨០​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ជាង​ ៧​ពាន់​នាក់​ប្រកប​របរ​ដាំ​ចេក។

​ប្រឈម​នឹង​តម្រូវការ​កើន​ឡើងទាំង​កសិករទាំង​អាជីវករ​លក់​ចេញបង្ហាញ​ការ​ព្រួយ​បារម្ភការ​ហូរ​ចូល​ផ្លែ​ចេក​តម្លៃ​ទាប​ពី​ប្រទេស​វៀតណាម។

លោកស្រី សុខគា ថ្លែង​ថា៖ «ពេល​ខ្លះ​ពិបាក​លក់​ណាស់ គេ​អោយ​តម្លៃ​ថោក​ពេក លក់​អត់​បាន​ដោយសារ មាន​ចេក​ពី​វៀតណាម ទាំង​ចេក​ពងមាន់ ចេក​ណាំវ៉ា គេ​លក់​ថោក​ជាង​ចេក​យើង​ដាំ​ក្នុង​ស្រុក»។​

​ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល លោក ប៊ុន ទួនស៊ីម៉ូណា ទទួល​ស្គាល់​ថា មាន​ការ​នាំចូល​ផ្លែ​ចេក​ពី​ប្រទេស​ជិត​ខាង ប៉ុន្តែ​ការ​នាំ​ចូល​មិន​មាន​បញ្ហា​ប្រឈម​ខ្លាំង​ដល់​អ្នក​ដាំ​ចេក​ក្នុង​ស្រុក​ឡើយ។

​លោក ទួនស៊ីម៉ូណា ថ្លែង​ថា៖ «ជុំវិញ​ការ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង យើង​មិន​មើល​ឃើញ​ថា វា​បញ្ហា​ប្រឈម​សម្រាប់​ការ​ដាំដុះ ផ្គត់ផ្គង់​ចេក​ក្នុង​ស្រុក​ឡើយ ដោយសារ​នាំចូល​តិច​តួច​ប៉ុណ្ណោះ»។
​លោក ទួន​ស៊ីម៉ូណា បញ្ជាក់​ថា ដំណាំ​ចេក​ក្នុង​ខេត្តកំពុង​ពង្រីក​ផ្ទៃ​ដីដុះ​បន្ថែម ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទីផ្សារ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ទំហំ​ផ្ទៃដី​ដាំ​ដំណាំ​ចេក​ក្នុង​ខេត្ត​ឡើយ។លោក​បន្ត​ថាក្នុង​ខេត្ត​នៅ​មិន​ទាន់​មាន​សិប្បកម្ម​កែច្នៃ​ផ្លែ​ចេក​នៅ​ឡើយ​ទេភាគ​ច្រើន​ គឺ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ភ្នំពេញ​ ប៉ុណ្ណោះ។

​ដំណាំ​ចេក ជា​ដំណាំ​សក្ដានុពល​មួយ​ក្នុង​ចំណោម​ដំណាំ​សក្ដានុពល​ផ្សេង​ទៀត រួម​មាន​ស្រូវ ដំឡូង​មី កៅស៊ូ ជា​ដើម។ ក្នុង​ការ​នាំចេញ​ចេក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជា កំពុង​ចរចា​ជាមួយ​ប្រទេស​ចិន​ ក្នុង​ការ​នាំចេញ​ផ្លែ​ចេក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ប្រទេស​ចិន។

កន្លង​មក​ក្រុមហ៊ុន​ជប៉ុន ​ក៏​ធ្លាប់​សិក្សា​ក្នុង​ការ​ដាំចេក​នៅ​កម្ពុជា ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន ​ផង​ដែរ៕  

Previous Article

ការ​ធ្វើ​ធុរកិច្ច​ដោយ​ទំនួល​ខុសត្រូវ ជា​គន្លឹះ​សំខាន់​សម្រាប់​អនាគត​កម្ពុជា

Next Article

សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង