វិនិយោគិន​ហុងកុង​ ​បារម្ភ​តម្លៃ​ផលិតកម្ម​វាយនភណ្ឌ​នៅ​កម្ពុជា មាន​តម្លៃ​ថ្លៃ

សុខ ចាន់ No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)​វិនិយោគិន​ហុងកុង​ មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ទៅ​លើ​តម្លៃ​ផលិតកម្ម​នៃ​ផលិតផល​វាយនភណ្ឌ និង​ស្បែកជើង​នៅ​កម្ពុជាមាន​តម្លៃ​ថ្លៃបើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​កម្ពុជាខណៈ​ដែល​ស្ថានភាព​នយោបាយនិង​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ទៅ​ឲ្យ​កម្មករ​នៅ​កម្ពុជានិង​នីតិវិធី​នៃ​ការ​នាំចេញ​ទំនិញ​មាន​ការ​កែប្រែ​ជា​បន្តបន្ទាប់​ដែល​មិន​អាច​ប្រមើលមើល​ទៅ​មុខ​បានដែល​វា​ជា​កត្តា​បន្ទច់បង្អាក់​វិនិយោគិន​ហុងកុង​ ក្នុង​ការ​ពង្រីក ​ឬ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា។​
 
​លោកវ៉ាន់ស៊ូអៀងប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​សមាគម​កាត់ដេរ​កម្ពុជាក្រសួង​ពាណិជ្ជកម្ម​ និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) កាល​ពី​ថ្ងៃ​ពុធ​ ថា លោក​បាន​ជួប​វិនិយោគិន​ហុងកុង​ ដែល​ធ្លាប់​បាន​វិនិយោគ​ និង​កំពុង​វិនិយោគ​នៅ​កម្ពុជា នៅ​ទីក្រុង​ហុងកុង ​កាល​ពី​សបា្តហ៍​មុន ដែល​ភាគ​ច្រើន​វិនិយោគិន​ហុងកុង​ ទាំង​អស់​នោះ​បាន​លើក​ឡើង​ថា ពួក​គេ​មិន​អាច​ប្រមើលមើល​ពី​ស្ថានភាព​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​នោះ​ទេ​នៅ​កម្ពុជា ជាពិសេស​ទាក់ទង​ទៅ​នឹង​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​កម្មករ ស្ថានភាព​នយោបាយ និង​នីតិវិធី​នាំ​ទំនិញ​ចេញ ដែល​តែងតែ​មាន​ផ្លាស់ប្ដូរ​ជា​ញឹកញាប់។

​លោក​ ស៊ូអៀង​ ថ្លែង​ថា៖ «គេ​[វិនិយោគិន​ហុងកុង]​ បាន​រៀបចំ​គម្រោង​វិនិយោគ​ពី ​៣ ​ទៅ ​៥​ឆ្នាំ​សម្រាប់​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែ​ប្រាក់​ខែ តែងតែ​ឡើង​ជា​បន្តបន្ទាប់​មិន​ដឹង​ថា ​ដំឡើង​ប៉ុន្មាន ដូច្នេះ​ហើយ​គេ​ចេះ​តែ​ខ្លាច គេ​ចង់​ដឹង​ថា ​៥​ឆ្នាំ​ហ្នឹង​វា យ៉ាង​ម៉េច យើង​ចេះ​តែ​កែ​ឡើង​ចុះ គ្មាន​ការ​ប្រមើលមើល​ច្បាស់​លាស់ ហើយ​មួយ​ទៀត​តម្លៃ​ផលិតកម្ម​ខ្ពស់ ពីព្រោះ​កម្ពុជា​ គ្មាន​វត្ថុធាតុដើម​មាន​តែ​ការ​នាំ​ចូល ដូច្នេះ​នីតិវិធី​គយ​ ជា​ញឹកញាប់​តែងតែ​កែប្រែ​តម្លៃ​ដែល​ធ្វើ​ឲ្យ​តម្លៃ​តែងតែ​ប្រែប្រួល​ ហើយ​តម្លៃ​នៃ​ការ​នាំចេញ​ទំនិញ​ចេញ​ក៏​ប្រែប្រួល​ដែរ»។

​លោក​ ស៊ូអៀង បាន​និយាយ​ថា​ ការ​នាំចេញ​សំលៀកបំពាក់ វាយនភណ្ឌ​របស់​កម្ពុជា ​ទៅ​ក្រៅ​ប្រទេស​មាន​ការ​ធ្លាក់ចុះ​តិច​តួច​កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​ប្រមាណ​ទាប​ជាង​ ១០​ភាគរយ។ លោក​បន្ត​ថា ​ការ​នាំចេញ​សំលៀកបំពាក់ ​និង​ស្បែកជើង​របស់​កម្ពុជា ភាគ​ច្រើន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប កាណាដា និង​ជប៉ុន ដោយ​ឡែក​ការ​ចេញ​សំលៀកបំពាក់ ស្បែកជើង​ទៅ​សហរដ្ឋ​អាមេរិក​ មាន​ការ​ធ្លាក់​ចុះ​ខ្លាំង។ លោក​ថា ទីផ្សារ​អាមេរិក​ ក៏​ជា​ទីផ្សារ​ធំ​មួយ​ដែរ​សម្រាប់​កម្ពុជា ដូច្នេះ​លោក​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ទៅ​លើ​ទីផ្សារ​អាមេរិក។

យ៉ាងណា​ ​បើ​យោង​តាម ស្ថិតិ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​ក្នុង​រយៈពេល​ ១​ឆ្នាំ​ពេញ ឆ្នាំ​២០១៦ប្រទេស​កម្ពុជា បាន​នាំចេញ​ផលិតផល​វាយនភ័ណ្ឌ និង​សំលៀកបំពាក់​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៧​ពាន់​ ១៦៦​លាន​ដុល្លារ​ធ្លាក់​ចុះ ០.១១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​ទំហំ​ទឹក​ប្រាក់​រហូត ៧​ពាន់​ ១៧៤​លាន​ដុល្លារ។​

​លោកស្រី ស៊ឹង សុផារី អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រាប់​ខ្មែរ​ថាមស៍ កាល​ពី​ម្សិលមិញ​ថា ការ​លើក​ឡើង​របស់​សមាគម​កាត់ដេរ​កម្ពុជា គឺ​ក្នុង​គោល​បំណង​សិក្សា​លើ​ប្រាក់​ចំណេញ​របស់​គាត់​[វិនិយោគិន]។ លោកស្រី​បាន​បញ្ជាក់​ថា ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ គឺ​ស្រប​នឹង​សមត្ថភាព​របស់​កម្មករ។ លោកស្រី​ថា​គ្រប់​ប្រទេស​ទាំង​អស់​តែងតែ​ធ្វើ​ដូច្នេះ​នៅ​ពេល​សមត្ថភាព​របស់​កម្មករ​និង​ផលិតភាព​ការងារ​ប្រសើរ​ជាង​មុន ដូច្នេះ​ប្រាក់​ខែ​អប្បបរមា​ក៏​មាន​ច្រើន​ជាង​មុន​ដែរ។ លោកស្រី​ថា​ ត្រង់​ចំណុច​នេះ អ្នក​វិនិយោគ​នឹង​ធ្វើ​ការ​ថ្លឹងថ្លែង​ថា​ តើ​ការ​វិនិយោគ​របស់​គេ​ចំណេញ​ក្នុង​កម្រិត​ណា បើ​ប្រាក់ខែ​អប្បបរមា​ និង​ថ្លៃ​ផលិតកម្ម​កម្រិត​ណា​មួយ​នោះ៕  

Previous Article

ការ​ធ្វើ​ធុរកិច្ច​ដោយ​ទំនួល​ខុសត្រូវ ជា​គន្លឹះ​សំខាន់​សម្រាប់​អនាគត​កម្ពុជា

Next Article

សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង