លោក សម រង្សុី សង្ឃឹម​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ផ្ទុះ​គ្រាប់បែក​

ម៉ៃ​ ទិត្យថារ៉ា No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)លោកសមរង្សុីអតីត​ប្រធានគណបក្ស​សង្គ្រោះ​ជាតិបាន​លើក​ឡើង​ថាជន​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​ហេតុការណ៍​គប់​គ្រាប់បែក នៅ​មុខ​អតីត​រដ្ឋសភា កាល​ពី​ឆ្នាំ​១៩៩៧ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា នឹង​ទទួល​បាន​យុត្តិធម៌​បើ​ទោះ​បី​ជា​បាន​កន្លង​ផុត​អស់​រយៈពេល ​២០​ឆ្នាំ​ក៏​ដោយ។

​លោក សម រង្សុី ​ថ្លែង​តាមរយៈ​វីដេអូ conference ទៅ​អ្នក​គាំទ្រ​ប្រមាណ ​៣០០​នាក់​នៅ​ក្នុង​ពិធី​បង្សុកូល រំឭក​វិញ្ញាណក្ខន្ធ អ្នក​​​ស្លាប់​ដោយសារ​ហេតុការណ៍​គប់​គ្រាប់បែក នៅ​មុខ​អតីត​រដ្ឋសភា​ កាល​ពី​ឆ្នាំ​១៩៩៧ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ ថា អ្នក​ដែល​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​នោះ មាន​ចំនួន ​១៦​នាក់​  ហើយ​អ្នក​របួស​ធ្ងន់ ស្រាល​ជាង​ ១០០​នាក់។

​លោក​បាន​ថ្លែង​ថា៖ «អស់​រយៈពេល ​២០​ឆ្នាំ មក​ហើយ ខ្ញុំ​រង់ចាំ​យុត្តិធម៌​ចំពោះ​អ្នក​ដែល​បាន​ស្លាប់ ក្នុង​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ​ឆ្នាំ​១៩៩៧។ ការ​ប្ដេជ្ញា​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ គឺ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​ទាល់​តែ​បាន កុំ​គិត​ថា ​២០​ឆ្នាំ​យូរ ហើយ​ត្រូវ​តែ​បំភ្លេច​ចោល​ទៅមិន​អាច​រក​យុត្តិធម៌​ឃើញ​ទេ មិន​ទេ​បង​ប្អូន។ ខ្ញុំ​មាន​ជំនឿ​ដ៏​មោះមុត ថា​យុត្តិធម៌​នឹង​មក​ដល់​យើង​នឹង​ទទួល​បាន​យុត្តិធម៌​ជា​មិន​ខាន ពីព្រោះ​គ្មាន​អ្វី​ជា​អមតៈ​ទេ»។

​លោក​បាន​លើក​ឡើង​ទៀត​ថា សោកនាដកម្ម​ថ្ងៃ​ទី​៣០ ខែ​មិនា ឆ្នាំ​១៩៩៧ នេះ​ជា​សោកនាដកម្ម​ដែល​ត្រូវ​ចងចាំ​ទាំង​អស់​គ្នា បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃមាន​ការ​លួច​បាញ់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជា​ច្រើន​ជា​បន្តបន្ទាប់​ជាពិសេស​អ្នក​ស្នេហា​ជាតិអ្នក​ស្រលាញ់​យុត្តិធម៌​ដែល​ខិតខំ​ជួយ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។

លោក​បាន​ថ្លែង​ថា៖ «បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ ​គឺ​និទ្ទណ្ឌភាព ឃាតករ​មិន​ត្រូវ​បាន​រក​មុខ​ឃើញ​ទេនេះ​ជា​ទម្លាប់​អាក្រក់​ដែល​អ្នក​មាន​អំណាច មាន​លុយ​ធ្វើ​បាប​ប្រជារាស្ត្រ​រហូត​ទៅ​ដល់​បាញ់​សម្លាប់​គេ​តែ​មិន​ដែល​ទទួល​ទោសពៃរ៍​អ្វី​ទេគឺ​រួច​ទោស​រួច​ភ័យ​រហូត។ សូម​បងប្អូន​ជូត​ទឹក​ភ្នែក​ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ដើម្បី​រក​យុត្តិធម៌​ជន​បងប្អូន​រង​គ្រោះ​ទាំង​អស់​នោះ»។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ថា សោកនាដកម្ម​នៃ​ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ គេ​នៅ​ចាំ​មិន​ភ្លេច​ទេ លោក សម រង្សី បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​អនាធិបតេយ្យ​មួយ​នៅ​ខាង​មុខ​មន្ទីរ​រដ្ឋសភា​ចាស់។ ​ពេល​នោះ​មាន​បាតុភាព​ផ្ទុះ​គ្រាប់បែក​ចំនួន ៤​គ្រាប់​ នៅ​ក្នុង​ហ្វូង​បាតុករ បណ្តាល​ឲ្យ​មនុស្ស​ជាង ១០​នាក់​ស្លាប់ ហើយ​របួស​ជា​ច្រើន​សិប​នាក់​ទៀត។

លោក​បាន​លើក​ឡើង​ថា៖«បាតុកម្ម​នេះ​បាន​បន្សល់​ទុក​នូវ​សោកនាដកម្ម​យ៉ាង​ជូរចត់​សម្រាប់​ប្រជាជន​កម្ពុជាជាពិសេស​សម្រាប់​សាច់ញាតិ​នៃ​ជន​រង​គ្រោះ។ តាម​ការ​ជាក់ស្តែង មិន​គួរ​ទុក​ឲ្យ​មេដឹកនាំ​បាតុកម្ម​រួច​ខ្លួន​នោះ​ទេ ដោយសារ​មហិច្ឆតា​ផ្ទាល់​ខ្លួន​ឯង នាំ​គេ​ទៅ​ស្លាប់ និង​របួស។ ដោយសារ​អត់​ទោសពៃរ៍​នេះ​ហើយ បាន​ជា​ក្រោយៗ​មក​ទៀត ជន​ចិត្ត​ខ្មៅ​នេះ​នៅ​តែ​ហ៊ាន​ដឹកនាំ​ធ្វើ​បាតុកម្ម​តូច ធំ​តាម​អំពើ​ចិត្ត​ទោះ​បី​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់ របួស​ក៏​មិន​ឈឺ​ក្បាល វិល​មុខ​ដែរ»។​

​គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ មនុស្ស​មួយ​ហ្វូង​ដែល​មាន​ចំនួន​ប្រមាណ ២០០​នាក់​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ជាតិ​ខ្មែរ ដឹកនាំ​ដោយ​លោកសមរង្សុីដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុបាន​ប្រមូល​ផ្តុំគ្នា​នៅ​សួនច្បារ​ទល់​មុខ​មន្ទីរ​រដ្ឋសភា​ ក្នុង​រាជធានី​ភ្នំពេញ ប្រឆាំង​នឹង​កង្វះ​ឯករាជ​ភាព និង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​យុត្តិធម៌។ ក្នុង​គ្រា​នោះ​មាន​ជន​អនាមិក​បាន​គប់​គ្រាប់បែក​ចំនួន ៤​គ្រាប់​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស ដោយ​ប៉ុនប៉ង​សម្លាប់​លោក សម រង្សុី ប៉ុន្តែ​បាន​សម្លាប់​អ្នក​តវ៉ា និង​អ្នក​ដែល​ឈរ​ក្បែរ​នោះ ដោយ​រួម​ទាំង​កុមារ និង​បាន​ខ្ទាត​អំបែង​គ្រាប់​ទៅ​លើ​អ្នក​លក់ដូរ​នៅ​តាម​ផ្លូវ។ នៅ​ក្រោយ​គ្រាប់បែក​ទី​១ បាន​ផ្ទុះ​ឡើង កង​ការពារ​របស់​លោក សម រង្សុី ឈ្មោះ ហាន មុនី បាន​យក​ខ្លួន​ទៅ​ពាំង​ការពារ​លោក សម រង្សុី។ គាត់​រង​នូវ​គ្រាប់បែក​ដែល​ផ្ទុះ​ពេញ​ទំហឹង ហើយ​បាន​ស្លាប់​ភ្លាមៗ។ លោក សម រង្សុី បាន​គេច​ខ្លួន​រួច​ដោយ​របួស​ស្រាល​នៅ​ជើង។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរ Hunam Rights Watch បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៩ ខែ​មិនា ឆ្នាំ​២០១៧ មាន​ចំណង​ជើង​ថា ឧក្រិដ្ឋជន​ពី​ការ​វាយប្រហារ​គ្រាប់បែក​ដៃ​លើ​ក្រុម​បក្ស​ប្រឆាំង កាល​ពី​ឆ្នាំ​១៩៩៧ នៅ​មិន​ទាន់​ផ្ដន្ទាទោស បង្ហាញ​ថា នៅ​ថ្ងៃ​បោក​គ្រាប់បែក​នោះ​កម្លាំង​មក​ពី​កងពល «ង​៧០» ​ដែល​ជា​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ៕  

Previous Article

ការ​ធ្វើ​ធុរកិច្ច​ដោយ​ទំនួល​ខុសត្រូវ ជា​គន្លឹះ​សំខាន់​សម្រាប់​អនាគត​កម្ពុជា

Next Article

សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង