សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង

ជា វណ្ណៈ No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ឆាប់ៗ​ខាង​មុខអ្នក​ដំណើរ​នឹង​មាន​ជម្រើស​ក្នុង​ការ​បង់ថ្លៃ​រថយន្ត​ក្រុង​តាមរយៈការ​ទូទាត់​តាម​អេឡិចត្រូនិក តាមរយៈ​ធនាគារ​វីងបន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញនិង​ក្រុមហ៊ុនWingបាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​បង្កើត​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក​រថយន្ត​ក្រុង​ដឹកជញ្ជូន។​

​ដោយ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ម្សិលមិញកិច្ច​សហ​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ការ​ដឹកជញ្ជូន​រថយន្ត​ក្រុង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​អាច​ទិញ​សំបុត្រ​រថយន្ត​ក្រុង​តាមរយៈ​គណនី​វីង។​

​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ថា កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ធនាគារ​វីង នឹង​ជួយ​សម្រួល​ដល់​អ្នក​ដំណើរ និង​មន្ត្រី​រថយន្ត​សាលា​ក្រុង​ក្នុង​ការ​ទិញ និង​ការ​លក់​សំបុត្រ។ លោក សុជាតិវង្ស បាន​និយាយ​ថា​ ការ​កើន​ឡើង​នៃ​ការ​គាំទ្រ​សេវា​រថយន្ត​ក្រុង​​ទទួល​បាន​ការ​កើន​ឡើង​ក្នុង​ការ​គាំទ្រ​ពី​អ្នក​ដំណើរ​ជា​បន្តបន្ទាប់។​

​លោក ប៉ា សុជាតិវង្ស​ បាន​ថ្លែង​ថា៖ «យើង​បាន​​សិក្សា​ជាមួយ​វីង ​ជិត​មួយ​ឆ្នាំ​ ដូច្នេះ​ថ្ងៃ​នេះ​ យើង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​អ្នក​ដំណើរ និង​មន្ត្រី​ក្នុង​ការ​ប្រើប្រាស់​រថយន្ត​ក្រុង​ក្នុង​ទីក្រុង​នេះ»។​

​លោក ប៉ា សុជាតិវង្ស បាន​ថ្លែង​ថា៖ «រហូត​មក​ដល់​ពេល​នេះ​ការ​ទូទាត់ នៃ​រថយន្ត​ក្រុង ​មាន​ការ​លំបាក​នៅ​ក្នុង​រយៈ​ពេល​លើ​ការ​គ្រប់គ្រងការ​ប្រើប្រាស់​ការ​លក់​សំបុត្រ​តាម​បែប​ប្រពៃណីប៉ុន្តែ​នៅ​ក្នុង​ពេល​អេឡិចត្រូនិក​កើន​ឡើងយើង​នៅ​តែ​ប្រើ​វិធីសាស្ត្រ​បែប​ប្រពៃណី វា​ដើរ​នៅ​ពី​ក្រោយ​ការ​បច្ចេកវិទ្យា មិន​ល្អ​ទេ» ។

​សេវា​បង់​តាម​អេឡិចត្រូនិក​នេះ​នឹង​អាច​ដាក់​ដំណើរការ​ក្នុង​រយៈពេល ៦​ខែ​បន្ទាប់​ពី​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ទៅ នេះ​ជា​ការ​បញ្ជាក់​របស់ លោក អ៊ានសុខឃីម អភិបាល​នៃ​អាជ្ញាធរ​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​រាជធានី​ភ្នំពេញ។ លោក​បាន​បន្ថែម​ថា ​ដោយសារ​ទាក់ទង​ទៅ​នឹង​សម្ភារ​បំពាក់​សម្រាប់​ទូទាត់​នៅ​ក្នុង​រថយន្ត​ក្រុង​នេះ ត្រូវ​ចំណាយ​ពេល​ប្រហែល ​៦​ខែ។​

​លោក ​សុខឃីម បាន​ថ្លែង​ថា៖ «យើង​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់ ៦​ខែ បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា MoU ដោយសារ​តែ​យើង​មាន​ការ​បញ្ជា​ទិញ និង​ការ​បំពាក់​សម្ភារ​​ទាំង​នោះ​នៅ​ក្នុង​រថយន្តក្រុង។ យើង​សង្ឃឹម​ថា ​សេវា​​ទូទាត់​តាម​អេឡិចត្រូនិក នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ»។​

​លោក​សុខឃីមបាន​ឲ្យដឹង​ថាការ​ប្រើប្រាស់ការ​ទូទាត់​តាម​បែប​អេឡិចត្រូនិក​សម្រាប់​អ្នក​ដំណើរ​រថយន្ត​ក្រុង​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សាលា​រាជធានី​ភ្នំពេញ​មាន​ផែនការ​ដើម្បី​បង្កើន​ខ្សែ​រថយន្ត​ក្រុង​រហូត​ដល់​១០​ខ្សែកើន​ឡើង​ពី៣​ខ្សែ​មាន​ក្នុង​ពេល​បច្ចុប្បន្ន។​

​លោក​ សុខឃីម បាន​និយាយ​ថា៖ «យើង​មាន​គម្រោង​នឹង​ពង្រីក​ខ្សែ រថយន្ត​ក្រុង​រហូត​ដល់ ១០​ខ្សែ​ក្នុង​ពេល​ខាង​មុខ ឥឡូវ​នេះ​យើង​មាន ៥៧​រថយន្ត​ក្រុង ចិន ​គ្រោង​ផ្តល់​ ១០០​រថយន្ត​ក្រុង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ នឹង​មក​ដល់​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ»។ លោក​បន្ថែម​ថា៖ «បូក​រួម​ទាំង​រថយន្ត​ក្រុង ពី​ប្រទេស​ជប៉ុន​ ជាង ៨០ នឹង​ត្រូវ​បាន​ប្រើ​សម្រាប់ ១០​ខ្សែ​នៅ​ក្នុង​ពេល​អនាគត​ឆាប់ៗ​នេះ»។​

​យោង​តាម​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​ សាលាក្រុង​មាន​គម្រោង​ពង្រីក​សេវា​ដឹកជញ្ជូន​សាធារណៈ ទៅ​តាម​បណ្តា​ខេត្ត​ក្នុង​គោល​បំណង​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​សេវា​ដឹកជញ្ជូន​សាធារណៈ។ ប៉ុន្តែ​លោកមិន​បាន​បញ្ជាក់​វេលា​ជាក់លាក់​នៃ​ការ​អនុវត្ត​ពង្រីក​ខ្សែ​រថយន្ត​ក្រុង​នៅ​ឡើយ​ទេ។​

​ថ្លៃ​សេវា​រថយន្ត​ក្រុង​ថ្លៃ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ មាន​តម្លៃ​ ១,៥០០​រៀល (ប្រហែល ០,៣៥​ដុល្លារ)៕  

Previous Article

លោក សម រង្សុី សង្ឃឹម​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ផ្ទុះ​គ្រាប់បែក​

Next Article

រាជ​រដ្ឋាភិបាល​ ប្រកាស​ឲ្យ​បញ្ឈប់​ការ​នាំចេញ​ទឹកដោះ​ម្តាយ​ទៅ​សហរដ្ឋ​អាមេរិក​