ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា Dr. Beat Richner កំពុង​ឈឺ​ជា​ទម្ងន់ និង​លាលែង​ពី​តំណែង

មុំ គន្ធា No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជា​ទីប្រឹក្សា​ក្រសួង​សុខាភិបាល លោក​ បេអាត រិចឆ្នឺរ (Dr. Beat Richner) បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់និង​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​ស្វីសហើយ​លោក​ក៏​បាន​សម្រេច​លាលែង​ពី​តំណែង​ជា​អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ​ផង​ដែរ ដោយ​បាន​ផ្ទេរ​តំណែង​ទៅ​កាន់​អនុ​ប្រធាន​របស់​លោក។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាភិបាល​របស់​មូលនិធិ​គន្ធបុប្ផា​នៅ​ហ្ស៊ូរិក ប្រទេស​ស្វីសកាល​ពី​រសៀល​ថ្ងៃ​អង្គារ​ បាន​ប្រកាស​ទាំង​ការ​សោកស្តាយ​ថា លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ កំពុង​មាន​ជំងឺ​ជា​ទម្ងន់ ហើយ​ដោយសារ​តែ​មូល​ហេតុ​នេះ​ហើយ ទើប​លោក​វេជ្ជបណ្ឌិត រូប​នេះ​លាលែង​ពី​តំណែង​ជា​អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា​ ចាប់​ពី​ពេល​នេះ​ទៅ។​

​សេចក្តី​ប្រកាស​នេះ​បាន​បន្ត​ថា លោក​វេជ្ជបណ្ឌិត ភីធឺរ ស្ទូដឺរ (Dr. Peter Studer) ដែល​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​មូលនិធិ​គន្ធបុប្ផា ​នឹង​ចូល​មក​ជំនួស​តំណែង​របស់​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ។​

​លិខិត​ដដែល​បាន​បញ្ជាក់​ទៀត​ថា៖ «លោក​វេជ្ជបណ្ឌិត បេ​អាត រិចឆ្នឺរ និង​សមាជិក​ក្រុមប្រឹក្សាភិបាល​ទាំង​អស់​បាន​បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​ធានា​ថា មន្ទីរពេទ្យ​នេះ​នឹង​បន្ត​ដំណើរការ​ទៅ​មុខ ជា​មន្ទីរពេទ្យ​ដែល​ផ្តល់​សេវាកម្ម​ថែ​ទាំង​សុខភាព​កុមារ និង​មាតា​ដោយ​មិន​គិត​ប្រាក់ និង​មាន​គុណភាព​ខ្ពស់»។​

យោង​​តាម​ការ​បញ្ជាក់​របស់​ក្រុមប្រឹក្សាភិបាល​របស់​មូលនិធិ​គន្ធបុប្ផា មន្ទីរពេទ្យ​នេះ​នឹង​នៅ​តែ​បន្ត​ដំណើរ​ការ​ដោយ​ឯករាជ្យ​ដូច​ពី​មុន​ដដែល។​

​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ​បាន​ប្រកាស​នៅ​ដើម​ឆ្នាំ​២០១៥​ ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ ជា​មន្ទីរពេទ្យ​គំរូ សម្រាប់​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា ហើយ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ លោក​វេជ្ជបណ្ឌិត​ បេអាត រិចឆ្នឺរ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ពិសេស​របស់​ក្រសួង​សុខាភិបាល ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខាធិការ។​

​លោក​វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ (Dr. Denis Laurent) ប្រធាន​មន្ទីរពិសោធន៍ និង​ភ័ស្ដុភារ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ​បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ នៅ​ថ្ងៃ​ពុធ​ ម្សិលមិញ​តាមរយៈ​អ្នក​បកប្រែ​ថា លោក​វេជ្ជបណ្ឌិត​ បេអាត រិចឆ្នឺរ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ស្វីស ដោយ​លោក​ថា លោក​មិន​ទាន់​ដឹង​ពី​ប្រភេទ​នៃ​ជំងឺ​របស់​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ពិត​ប្រាកដ​នៅ​ឡើយ​ទេ។​

​លោក​បាន​ថ្លែង​ថា៖ «គាត់​កំពុង​នៅ​ប្រទេស​ស្វីស ហើយ​យើង​សង្ឃឹម​ថា គាត់​អាច​នឹង​ត្រលប់​មក​ប្រទេស​កម្ពុជា​ វិញ ប៉ុន្តែ​ឥឡូវ​នេះ​លោក​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​យើង​នៅ​មាន​ក្តី​សង្ឃឹម​ថា លោក​វេជ្ជបណ្ឌិត​នឹង​ត្រលប់​មក​វិញ»។​

​លោក​វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ បាន​បញ្ជាក់​ទៀត​ថា ដំណើរការ​មន្ទីរពេទ្យ​ គឺ​នៅ​ធម្មតា បើ​ទោះ​បី​ជា​អវត្តមាន​របស់​លោក​វេជ្ជបណ្ឌិត​ បេអាត រិចឆ្នឺរ​ ក៏​ដោយ ដោយ​មាន​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ​ឲ្យ​ដំណើរការ​រហូត។​

​បើ​តាម​របាយការណ៍​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មន្ទីរពេទ្យ​មាន​បុគ្គលិក​ចំនួន​ ២៥០០​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ។ មន្ទីរពេទ្យ​គន្ធបុប្ផា​ ទី​១ ក្នុង​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ដោយ​ព្រះ​បរម​រតនកោដ្ឋ​សម្ដេចព្រះ​រាជបិតា នរោត្តម សីហនុ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩២ ហើយ​ស្ថាបនិក​ដ៏​អស្ចារ្យ​រូប​នេះ ក៏​បាន​បង្កើត​នូវ​មន្ទីរពេទ្យ​កុមារ​ចំនួន ​៥ និង​មន្ទីរ​សម្ភព​នៅ​ក្នុង​ខេត្ត​សៀមរាប អង្គរ ដែល​បាន​បញ្ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ (គន្ធបុប្ផា​ទី​៣)។​

​ក្នុង​រយៈពេល​ ២៤​ឆ្នាំ​មក​នេះ មាន​កុមារ​ឈឺ​ចំនួន ​១៤,៨៣៧, ៤៧១​នាក់ ដែល​បាន​ទទួល​ការ​ពិនិត្យ ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​ដែល​មាន​ជំងឺ និង​របួស​ធ្ងន់ៗ ចំនួន​ ១,៥១៦,៤៧១​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះនិង​បាន​ជា​សះស្បើយ​នៅ​មន្ទីរពេទ្យ​នេះ។​

​របាយការណ៍​នេះ​បាន​បញ្ជាក់​ថា៖ «៨០​ភាគរយ​នៃ​កុមារ​ទាំង​នោះនឹង​ពុំ​មាន​សំណាង​ល្អ​នោះ​ទេ បើ​ពុំ​មាន​ការ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ទេ​នោះ។ បុគ្គលិក​របស់​មន្ទីរ​ពេទ្យ បាន​បំពេញ​ការងារ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ទាំង​យប់​ទាំង​ថ្ងៃ ដែល​ក្នុង​ករណី​នៃ​ជំងឺ​ធ្ងន់ៗ​បំផុត​រហូត​ដល់​ ១៤០​នាក់ បាន​មក​ដល់​មន្ទីរពេទ្យ​នេះ​ជា​រៀងរាល់​យប់»។​

​ការ​ព្យាបាល​ទាំង​អស់​នៅ​គ្រប់​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​មិន​ត្រូវ​បាន​គិត​ថ្លៃ​នោះ​ឡើយ។​

​ថវិកា​ដែល​មន្ទីរពេទ្យ​គន្ធបុប្ផា​ បាន​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​កុមារ​កម្ពុជាក្នុង​រយៈពេល​២៤​ឆ្នាំមាន​ចំនួន​៥៦៣​លាន​ដុល្លារ​អាមេរិក ដោយ​៤,៧​ភាគរយ នៃ​ថវិកា​នេះ​បាន​មក​ពី​ការ​ចូលរួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ ៨,៩​ភាគរយ បាន​មក​ពី​វិភាគទាន​របស់​រដ្ឋាភិបាល​ស្វីស ចំណែក​៨៦,៦​ភាគរយគឺ​ជា​វិភាគទាន​សប្បុរស​ឯកជនដែល​ភាគ​ច្រើន​បាន​មក​ពី​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេស​ស្វីស តែ​ម្តង។

​ក្នុង​មួយ​ថ្ងៃ មន្ទីរពេទ្យ​គន្ធបុប្ផា​ ចំណាយ​ថវិកា​ចំនួន​ ១២​ម៉ឺន​ដុល្លារ​អាមេរិក ​ក្នុង​ការ​ព្យាបាល​កុមារ​កម្ពុជា។​

​ប្រជាពលរដ្ឋ​កម្ពុជា ​បាន​សម្ដែង​នូវ​ការ​អាណិត​ស្រលាញ់​យ៉ាង​ខ្លាំង​ចំពោះ​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ហើយ​ពួក​គាត់​បាន​បួងសួង និង​បន់ស្រន់ សូម​ឲ្យ​លោក​វេជ្ជបណ្ឌិត​រូប​នេះ​ដែល​ប្រជាជន​ខ្មែរ​ ចាត់​ទុក​ថា ​ជា​គ្រូពេទ្យ​ទេវតា បាន​ជា​ពី​ជំងឺ និង​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា ​វិញ។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ​ម៉ម ប៊ុនហេង បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន Fresh News នៅ​ថ្ងៃ​ពុធ​ ម្សិលមិញ​ថា ក្រសួង​សុខាភិបាល​នឹង​នៅ​តែ​បន្ត​ធ្វើ​ការងារ​យ៉ាង​ស្អិតល្មួត​ជាមួយ​នឹង​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ថ្មីដែល​ត្រូវ​បាន​ឡើង​ជំនួស​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ៕  

Previous Article

លោក សម រង្សុី សង្ឃឹម​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ផ្ទុះ​គ្រាប់បែក​

Next Article

រាជ​រដ្ឋាភិបាល​ ប្រកាស​ឲ្យ​បញ្ឈប់​ការ​នាំចេញ​ទឹកដោះ​ម្តាយ​ទៅ​សហរដ្ឋ​អាមេរិក​