ក្រសួង​ ​រក្សា​ជំហរ​ថា បក្ស​សង្គ្រោះ​ជាតិ ​ធ្វើ​សមាជ​ផ្ទុយ​លក្ខន្តិកៈ​បក្ស

ម៉ៃ​ ទិត្យថារ៉ា No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ក្រសួង​មហាផ្ទៃ​ នៅ​ប្រកាន់​ជំហរ​រក្សា​លិខិត​របស់​ខ្លួន​ថា សមាជ​វិសាមញ្ញ​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិបាន​អនុវត្ត​ផ្ទុយ​ពី​លក្ខន្តិកៈ​បក្សនិង​ទាមទារ​ឲ្យ​ដក​ចេញ​នូវ​ពាក្យស្លោក​ដែល​ជា​សារ​នយោបាយ «ដក​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ»​ ចេញ​ដដែលខណៈ​ដែល​គណបក្ស​ប្រឆាំង​អះអាង​ថា ​មិន​មាន​អ្វី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នោះ​ទេ។​

​លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា​ នេះ​ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា តំណាង​របស់​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថាដំណើរការ​សមាជ​វិសាមញ្ញ​កន្លង​មក ​គឺ​ស្រប​ច្បាប់ ហើយ​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​មិន​ទាស់​ទេ។

​លោក​បាន​ថ្លែង​ថា៖ «គឺ​ទាស់​រឿង​ការ​ជ្រើសតាំង​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹកនាំ​របស់​គណបក្សហើយ​នឹង​ពាក្យស្លោក​របស់​គណបក្សហើយ​នៅ​ក្នុង​ករណី​ហ្នឹង​ខាង​យើង​ខ្ញុំ​ក៏​បាន​ស្នើ​សុំ​ឲ្យ ក្រសួង​មហាផ្ទៃ ​ហ្នឹង​ចេញ​លិខិត​ឲ្យ​ច្បាស់​ថា សមាជ​ធ្វើ​ត្រូវ ហើយ​លក្ខន្តិកៈ​ធ្វើ​ត្រូវ​ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​ គេ​នៅ​តែ​អត់​ចេញ​ឲ្យ។ គេ​នៅ​រក្សា​ជំហរ​លិខិត​របស់​គេ​ដដែល។ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទៅ​ជជែក​ពិភាក្សា​គ្នា​អំពី​រឿង​នេះ។​

​លោក​បាន​លើក​ឡើង​ថា ទាក់ទង​ក្រសួង​មហាផ្ទៃ​ នៅ​ជំហរ​រក្សា​លិខិត​របស់​ខ្លួន​ថា សមាជ​វិសាមញ្ញ​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​ថ្មី របស់​គណបក្ស​សង្គ្រោះ​ជាតិបាន​អនុវត្ត​ផ្ទុយ​ពី​លក្ខន្តិកៈ​បក្ស គឺ​មិន​ន​ពាក់ព័ន្ធ​រឿង​បោះឆ្នោត​ឃុំ​សង្កាត់​ទេ ពី​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចុះ​បញ្ជី តាំង​ពី​ឆ្នាំ​២០១២ ហើយ​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​ ក្រោយ​ពី​សមាជ​លើក​ទី​១​ បាន​អនុម័ត​នោះ គឺ​នៅ​ជា​ធរមាន។

លោក​បាន​ថ្លែង​ថា៖«អុីចឹង​រឿង​ទាក់ទង​ចុង​ក្រោយ​នេះ​គឺ​ការ​ជ្រើស​តាំង​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹកនាំជាន់​ខ្ពស់​គណបក្ស​មិន​ស្រប​លក្ខន្តិកៈហើយ​នឹង​ពាក្យស្លោកវា​អត់​មានពាក់ព័ន្ធ​រឿង​បោះឆ្នោត​ឃុំ​សង្កាត់​ទេ។ នេះ​ជា​រឿង​ឯកជន​របស់​គណបក្ស​ទេ វា​អត់​មាន​រឿង​អី​ទេ។យើង​មិន​ព្រួយ​បារម្ភ​ពី​ការ​បិទ​គណបក្ស​សង្គ្រោះ​ជាតិ​ទាល់​តែ​សោះបើ​បិទ​គណបក្ស​សង្គ្រោះ​ជាតិ​ ចប់​ហើយ ​ការ​បោះឆ្នោត​ គឺ​មិន​ទៅ​ទៅ​ជា​ស្អី​ទេ»។

​លោក​បាន​ថ្លែង​ថា៖ «គណបក្ស​លោក​ចង់ ឲ្យ​ក្រសួង​មហាផ្ទៃ ប្រាប់​ត្រង់ៗ​ចំៗ តែ​ម្ដង​ថា គោល​នយោបាយ អាទិភាព​៥ ចំណុច​របស់​ខ្លួន​ខុស​ត្រង់​ណាត្រូវ​កែ​ត្រង់ចំណុច​ណាព្រោះ​ក្រសួង​មហាផ្ទៃជា​អាណាព្យាបាល​គណបក្ស​នយោបាយ​ទាំង​អស់តែ​តំណាង​ក្រសួង​មហាផ្ទៃ​ មិន​ប្រាប់ ដោយ​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ អាន​ខ្លឹមសារ​ហើយ​ត្រួត​ពិនិត្យ កែតម្រូវ​ខ្លួន​ឯង​វិញ តាម​ការ​គួរ»។​

​លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ ដែល​តំណាង​ឲ្យ លោក ស ខេង បាន​ប្រាប់​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​ជំនួប​នេះ​ថាក្រសួង​មហាផ្ទៃ​នៅ​តែ​រក្សា​គោល​ជំហរ​របស់​ខ្លួនមិន​ទទួល​ស្គាល់​ប្រធាន និង​អនុ​ប្រធាន​ថ្មី របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដដែល។

លោក​បាន​ថ្លែង​ថា៖ «យើង​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​ព្រម​ទាំង​ស្នើ​ឲ្យ​ផ្លាស់ប្ដូរ​ពាក្យស្លោក​នយោបាយ​របស់​ខ្លួន ប្រសិន​បើ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ អាច​នឹង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់ ស្ដីពី​គណបក្ស​នយោបាយ»។​

​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​លិខិត​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​បញ្ជាក់​ថា សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​បក្ស មាន​លោក កឹម សុខា ជា​ប្រធាន និង​អនុប្រធាន​ ៣​រូប​ទៀត គឺ​អនុវត្ត​ផ្ទុយ​នឹង​មាត្រា​៤៧ ចំណុច​ទី​២ នៃ​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​បើ​តាម​លក្ខន្តិកៈ​បក្ស​នេះ សមាជ​ដូច្នេះ អាច​ធ្វើ​ទៅ​បាន​ទាល់​តែ​ចាំ​ក្រោយ ១៨​ខែ គិត​ចាប់​ពី​ថ្ងៃ​ប្រធាន​គណបក្ស​លាលែង​សិន។ លោក កឹម សុខា ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក សម រង្សុី ដែល​លាលែង​ពី​គណបក្ស​កាល​ពី​ថ្ងៃ​១១ ខែ​កុម្ភៈ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គំរាម​កែ​ច្បាប់​ដើម្បី​រំលាយ​គណបក្ស​ណា​ដែល​មាន​ប្រធាន ឬ​អនុ​ប្រធាន​ជា​អ្នក​មាន​ទោស។​

ក្នុង​ពីធី​សម្ពោធ​សាលារៀននៅ​ខេត្តក្រចេះនា​ថ្ងៃ​ទី​២៧​ខែ​មីនា​នេះលោកហ៊ុនសែនថ្លែង​ថាដើម្បី​ធានា​ដល់​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​ប្រកួត​ប្រជែង​គ្នា តាម​រយៈ​គោល​នយោបាយ​តែ​រៀងខ្លួនៗ ជាង​ប្រើ​ពាក្យ​ជេរ​ប្រមាថ ទៅ​លើគណបក្ស​ដទៃ នាំ​ឲ្យ​ប្រឈម​នឹង​ការ​ចាត់​វិធានការ​ពី​តុលាការ។

លោកថា៖ «ធ្វើ​យ៉ាង​ណា​ឲ្យ​បរិយាកាស ទាំង​ការ​ចូល​ឆ្នាំ សប្បាយ​រីករាយ និង​ការ​បោះឆ្នោត ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព ​សន្តិសុខ ដោយ​សេរី និង​យុត្តិធម៌ គ្មាន​ការ​គំរាម​កំហែង»។

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធាបញ្ជាក់​ថាគ.ជ.ប.នៅ​តែ​រក្សាទុក​​​បញ្ជី​គណបក្សនិង​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិសម្រាប់​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់នៅ​ពេល​ខាង​មុខព្រោះ​គណបក្ស​នេះបាន​បំពេញ​បែបបទ​ត្រឹមត្រូវ​តាម​នីតិវិធី​របស់ គ.ជ.ប. ទោះ​បី​ក្រសួង​មហាផ្ទៃ លើក​ឡើង​ថាមាន​បញ្ហា​លក្ខន្តិកៈ​បក្ស​ប៉ុន្តែ ​គ.ជ.ប.​ មិន​បាន​យក​បញ្ហា​នេះ​មក​ពិភាក្សា​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «មាន​ករណី​តែ​មួយ​ដែល​ គ.ជ.ប.​ មិន​បន្ត​ឲ្យ​ចូលរួម​បោះឆ្នោត ក្នុង​ករណី​យ​ដែល​ក្រសួង​មហាផ្ទៃ​ រំលាយ​គណបក្ស ឬ​ក៏​មិន​បន្ត​សុពលភាព។ ហើយ​នេះ​យើង​ធ្វើ​ជា​ទូទៅ​មិន​មែន​សម្រាប់​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ ទេ ​គឺ​ធ្វើ​គ្រប់​គណបក្ស​ទាំង​អស់»។  

Previous Article

លោក សម រង្សុី សង្ឃឹម​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ផ្ទុះ​គ្រាប់បែក​

Next Article

រាជ​រដ្ឋាភិបាល​ ប្រកាស​ឲ្យ​បញ្ឈប់​ការ​នាំចេញ​ទឹកដោះ​ម្តាយ​ទៅ​សហរដ្ឋ​អាមេរិក​