ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​អាមេរិក ៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦

ស៊ុំ ម៉ាណេត No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ប្រទេស​កម្ពុជានិង​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ពាណិជ្ជកម្ម​ដល់៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ខណៈ​អាមេរិក​ មាន​ភ្ញៀវ​ទេសចរ​បាន​មក​ទស្សនា​កម្ពុជា មាន​ចំនួន ២៤០,០០០​នាក់។​

​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​អ្នកកាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក មុំ រ៉ាឌី សមាជិក​សភា​ នៃ​រដ្ឋ​ម៉ាស្សាឈូសេត ​សហរដ្ឋ​អាមេរិក​ កាល​ពី​ម្សិលមិញ​ថា ភ្ញៀវ​ទេសចរ​អាមេរិក ​មាន​ចំនួន​ប្រមាណ ​២៤០,០០០​នាក់ ដែល​បាន​មក​ទស្សនា​កម្ពុជា ​នៅ​ឆ្នាំ​២០១៦។​

​លោក​បាន​បន្ថែម​ថា៖ «ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់ ៣​ពាន់​លាន​ដុល្លារ​ផង​ដែរ​សម្រាប់​ឆ្នាំ​២០១៦» ។​

​ដោយ​ឡែក លោក រ៉ាឌី បាន​ឲ្យ​ដឹង​ថាកម្ពុជាមាន​ការ​រីកចម្រើន​គួរ​ឲ្យ​​កត់​សម្គាល់ជាពិសេសសន្តិសុខនិង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ការ​រីក​លូត​លាស់​យ៉ាង​ខ្លាំង។​

​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហរដ្ឋ​អាមេរិក​ ដាក់​ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន ១២២​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​ទឹក​ប្រាក់​ចំនួន ៧.៥​ដុល្លារ​ប៉ុណ្ណោះ។​

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោកស្រីសឿងសុផារីឲ្យ​ដឹង​ថាការ​កើន​ឡើង​វិនិយោគ​ពី​អាមេរិក​នេះ ​គឺ​ដោយសារ​តែ​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​វិនិយោគិន​កាន់​តែ​ច្រើន និង​កសាង​ការ​ជឿ​ទុក​ចិត្ត​ជាមួយ​ពួក​គេ។​

​លោកស្រី បាន​បន្ថែម​ទៀត​ថា សហរដ្ឋ​អាមេរិក ​មាន​ការិយាល័យ​សភា​ពាណិជ្ជកម្ម(AmCham)នៅ​ក្នុង​ប្រទេស​កម្ពុជាហើយ​បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ​នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ។​

​លោកស្រី ឲ្យ​ដឹង​ទៀត​ថា៖ «ការ​វិនិយោគ​ពី​អាមេរិក ​ត្រូវ​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចាប់​តាំង​ពី​ពួក​គេ​បាន​ដឹង​ថា តម្រូវការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាននឹង​កើន​ឡើងនិង​តម្រូវការ​ការ​ផ្គត់ផ្គង់។ដូច្នេះ​វា​អាច​ជំរុញ​ការ​វិនិយោគ​ពី​ប្រទេស​ផ្សេង​ទៀតដូច​ជា​អាមេរិក វិនិយោគ​នៅ​កម្ពុជា»។​

​លោកស្រីសុផារីបាន​និយាយ​ថាការ​វិនិយោគ​មាន​សន្ធិសញ្ញា​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កសាង​ទំនុក​ចិត្ត​ដល់​វិនិយោគិន​អាមេរិក។​

​ប៉ុន្តែ​ការ​នាំចេញ​សរុប​របស់​កម្ពុជា ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​បាន​ធ្លាក់​ចុះ​បើ​ប្រៀបធៀប​ជាមួយ​នឹង​ឆ្នាំ​២០១៥ ដោយសារ​តែ​អ្វី​ដែល​រដ្ឋាភិបាល​និយាយ​ថា មិន​មាន​ច្បាស់លាស់​ទាក់ទង​ទៅ​នឹង​យុទ្ធនា​ការ​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក និង​ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​ពី​ប្រទេស​វៀតណាម និង​មីយ៉ាន់ម៉ា ​ផង​ដែរ។​

​យោង​តាម​តួលេខ​ពី​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ការ​នាំចេញ​សរុប​ពី​កម្ពុជា ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ គឺ​មាន​ជាង ២.៨​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០១៦ ធៀប​នឹង ៣​ពាន់​លាន​ដុល្លារ ​នៅ​ក្នុង​ឆ្នាំ​២០១៥ ដោយ​មាន​ការ​ធ្លាក់​ចុះ​ប្រហែល ៧​ភាគរយ៕  

Previous Article

លោក សម រង្សុី សង្ឃឹម​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ផ្ទុះ​គ្រាប់បែក​

Next Article

រាជ​រដ្ឋាភិបាល​ ប្រកាស​ឲ្យ​បញ្ឈប់​ការ​នាំចេញ​ទឹកដោះ​ម្តាយ​ទៅ​សហរដ្ឋ​អាមេរិក​