អគ្គមេបញ្ជាការ​យោធា ព្រមាន​អ្នក​ចង់​ធ្វើ​បដិវត្តន៍​ពណ៌

ខ្មែរថាមស័ No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)អគ្គ​មេបញ្ជាការ​យោធា​បាន​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ដល់​ក្រុម​ជន​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​បំផ្លាញ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​គឺ​កងទ័ព​ត្រូវ​តែ​ការពារ​ដាច់​ខាត។​

​នាយ​ឧត្តម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​ បាន​ថ្លែង​បែប​នេះ​នៅ​ពេល​ជួប​សំណេះសំណាល ​និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​វៀតណាម​លោក វ៉ មិញ លឿង(Vo Minh Luong)មេបញ្ជាការ​យោធភូមិភាគ​ទី​៧​នៃ​កងទ័ព​ប្រជាជន​វៀតណាមកាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ដោយ​លោក​បាន​លើក​ឡើង​ថា​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោកបាន​ធ្វើ​បដិវត្តន៍​ពណ៌ ជា​លទ្ធផល​ធ្វើ​ឲ្យ​​ប្រទេស​ទាំង នោះ​ទទួល​នូវ​ការ​បំផ្លិចបំផ្លាញ ខ្ទេចខ្ទាំ នាំ​មក​នូវ​បច្ច័យ​អាក្រក់​ដល់​ប្រទេស​ជាតិ។​

​លោក​បាន​និយាយ​ថា៖ «ដូច​នេះ​អ្នក​ដែល​ចង់​បំផ្លាញ​សន្តិភាព ចង់​ធ្វើ​បដិវត្តន៍​ពណ៌ បំផ្លាញ​រដ្ឋាភិបាល​ស្រប​ច្បាប់ យើង​ជា​កងទ័ព​ត្រូវ​ការពារ​ដាច់​ខាត ដើម្បី​សុខដុមរមនា ដល់​ប្រជាជាតិ​មាតុភូមិ​ទាំង​មូល»។

​ប្រមុខ​ដឹកនាំ​យោធា ​នៃ​ប្រទេស​ទាំង​ពីរ ​ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ​អំពី​កិច្ច​សហ​ប្រតិបត្តិការ ដែល​បាន​ធ្វើ​កន្លង​មក​ និង​បន្ត​តទៅ​អនាគត​ជា​អមតៈ​ ហើយ​កម្ពុជា​ អរគុណ​កងទ័ព​ និង​ប្រជាជន​វៀតណាម ​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​រំដោះប្រទេស​កម្ពុជា ពី​របប​ប្រល័យ​ពូជ សាសន៍​ ហើយ​បក្ស និង​រដ្ឋាភិបាល កងទ័ព​ប្រជាជន​វៀតណាម​ ក៏​នៅ​តែ​បន្ត​ជួយ​កម្ពុជា ពិសេស នា​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ កម្ពុជា និង​វៀតណាម ​កំពុង​ស្ថាបនា​ផ្លូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ដែល​មាន​ប្រវែង​ជាង ១​ពាន់​គីឡូម៉ែត្រ ដើម្បី​ទុក​ជា​មរតក​ខ្សែ​បន្ទាត់​ព្រំដែន​ទៅ​ថ្ងៃ​មុខ​កុំ​ឲ្យ​ មាន​ការ​វិវាទ​គ្នា​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។​

​មេបញ្ជាការ​យោធ​ភូម​ភាគ​ទី​៧ បាន​កោត​សរសើរ​ដល់​កម្ពុជា ដែល​មាន​ការ​អភិវឌ្ឍ​​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​លើ​គ្រប់​វិស័យ​ទាំង​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​អភិវឌ្ឍន៍​មួយ​ដែល​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​លូត​លាស់។​

​ក្នុង​ដំណើរ​​ទស្សនកិច្ច​នៅ​កម្ពុជា​ នេះ​ផង​ដែរ​ មេបញ្ជាការ​យោធ​ភូម​ភាគ​ទី​៧ ក៏​បាន​ជួប​សម្ដែង​ការ​គួរ​សម​ជា​មួយ លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា ​ផង​ដែរ​កាល​ពី​ម្សិលមិញ៕  

Previous Article

លោក សម រង្សុី សង្ឃឹម​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ផ្ទុះ​គ្រាប់បែក​

Next Article

រាជ​រដ្ឋាភិបាល​ ប្រកាស​ឲ្យ​បញ្ឈប់​ការ​នាំចេញ​ទឹកដោះ​ម្តាយ​ទៅ​សហរដ្ឋ​អាមេរិក​