សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ដកហូត​ដើម​កញ្ឆា និង​ឧបករណ៍​ជក់​មួយ​ចំនួន

មុំ គន្ធា No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ដើម​កញ្ឆា​ក្រៀមនិង​ស្រស់​ជិត​ ១០០​ដើមនិង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ​ចុះ​ធ្វើ​ការ​ដក និង​ប្រមូល​ទុក​ដោយ​បាន​​ឃាត់​ជន​សង្ស័យ​ដែល​ជា​ម្ចាស់​ដំណាំ​ផង​ដែរ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។​

​លោក ​រី ដារ៉ា អធិការ​រង​នគរបាល​ស្រុក​សាលាក្រៅ បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ នៅ​ថ្ងៃ​ម្សិលមិញ​ថា អធិការ​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ករណី​ដាំ​ដុះ​កញ្ឆា​ខុស​ច្បាប់​មួយ​កន្លែង កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុង​ភូមិ​អូរ​៧៥ ឃុំ​អូរអណ្ដូង ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។​

​លោក​ ដារ៉ា បាន​ថ្លែង​ថា នៅ​ក្នុង​ការ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ការ​ដាំ​កញ្ឆា​ខុស​ច្បាប់​នេះសមត្ថកិច្ច​បាន​​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ មៀល ប៉ុន អាយុ​៥៤​ឆ្នាំ ដែល​ជា​អ្នក​ដាំ​កញ្ឆា។​

​លោក​បាន​បន្ត​ទៀត​ថាក្រៅ​ពី​ការ​ឃាត់​ខ្លួនសមត្ថកិច្ច​ស្រុក​ក៏​បាន​​ដកហូត​នូវ​វត្ថុតាង​មួយ​ចំនួន​រួម​មាន​បំពង់​សម្រាប់​ជក់​កញ្ឆា​២​បំពង់ កាំបិត​ហាន់​កញ្ឆា​១ ជ្រញ់​ហាន់​កញ្ឆា​​១ រួម​នឹង​កញ្ឆា​ក្រៀម ​៣​ដើម និង​កញ្ឆា​ស្រស់​ចំនួន ​៨៦​ដើម​ផង​ដែរ។​

​លោក​ ដារ៉ា បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «យើង​បាន​ប្រមូល​យក​វត្ថុតាង និង​បាន​ដក​ដើម​កញ្ឆា​ទាំង​នោះ​ទុក​ធ្វើ​ជា​ភស្តុតាង។ យើង​មិន​បាន​ដឹង​ថា​ តើ​ជន​សង្ស័យ​ដាំ​កញ្ឆា​ដើម្បី​លក់​ ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​ជន​សង្ស័យ​រូប​នេះ​បាន​សារភាព​ប្រាប់​យើង​ថា គាត់​ដាំ​ដើម្បី​ជក់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ»។​

​លោក​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ជា​អំពើ​ខុស​ច្បាប់។​

​ស្នងការ​រង​នគរបាល​ខេត្ត​ប៉ៃលិន លោក​ សោម ប៉ុនបាន​ប្រាប់​ខ្មែរ​ថាមស៍នៅ​ថ្ងៃ​ម្សិលមិញ​ដែរ​ថាជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​រួច​ហើយហើយ​លោក​នឹង​ធ្វើ​ឯកសារ​ដើម្បី​បញ្ជូន​ជន​រូប​នេះ​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់។​

​កាល​ពី​ដើម​ខែ​កុម្ភៈសមត្ថកិច្ច​ស្រុក​គិរីវង្សខេត្ត​តាកែវ​ក៏​បាន​ដកនិង​ដុត​បំផ្លាញ​ចោល​ដើម​កញ្ឆាចំនួន២៥,៤០៩​ដើមដែល​ជន​សង្ស័យ​បាន​លួច​ដាំ ប៉ុន្តែ​មិន​មាន​អ្នក​ណាម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បាន​នោះ​ទេ៕  

Previous Article

លោក សម រង្សុី សង្ឃឹម​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ផ្ទុះ​គ្រាប់បែក​

Next Article

រាជ​រដ្ឋាភិបាល​ ប្រកាស​ឲ្យ​បញ្ឈប់​ការ​នាំចេញ​ទឹកដោះ​ម្តាយ​ទៅ​សហរដ្ឋ​អាមេរិក​