ហាម​នាំចូល​សារធាតុ Tricyclazole ប៉ះពាល់​​គុណភាព​អង្ករ​

Khmer Times No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​និង​នេសាទកាល​ពី​ថ្ងៃ​ចន្ទ​បាន​ចេញ​សេចក្តី​ប្រកាស​ស្ដីពីការ​បញ្ឈប់​ការ​នាំចូល ផ្គត់ផ្គង់​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​កសិកម្ម ដែល​មាន​សារធាតុ​សកម្ម ទ្រីសាយក្លាហ្សូល(Tricyclazole)នៅ​ក្នុង​ទីផ្សារ​កម្ពុជា ឆ្លើយ​តប​ទៅ​នឹង​ការ​រឹង​បន្តឹង​ថ្មី​ពី​សហភាព​អឺរ៉ុប​ចំពោះ​ការ​នាំ​ចូល​អង្ករ​មាន​ផ្ទុក​សារធាតុTricyclazoleដែល​បាន​កម្រិត​លើស​ពី០,០១​មិល្លីក្រាម ក្នុង​ ១​គីឡូ​ក្រោម​អង្ករ​ទៅ​សហភាព​អឺរ៉ុប។

​នេះ​ជា​ចំណាត់ការ​បន្ទាន់​ទី​២បន្ទាប់​ពី​ក្រសួង​កសិកម្ម​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​ដើម្បី​ត្រួត​ពិនិត្យ​លើ​សារធាតុ​សកម្ម Tricyclazone​ កាល​ពី​សបា្តហ៍​មុន ក្រោយ​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា​អង្ករ​កម្ពុជា​ ត្រូវ​តែ​លុប​បំបាត់​ជា​បន្ទាន់​នូវ​សារធាតុ Tricyclazole ដែល​អាច​បន្សល់​ទុក​នូវ​សំណល់​ថ្នាំ​កសិកម្ម​នៅ​ក្នុង​អង្ករត្រូវតែ​លុប​បំបាត់​នៅ​ក្នុង​ខែ​មិថុនាខាង​មុខបើ​មិន​ដូច្នោះ​ទេ វា​នឹង​ប្រឈម​នឹង​ការ​ហាមឃាត់​នាំ​ចូល​ទៅ​អឺរ៉ុប។

​សេចក្តី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ លោក វេង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា រាល់​អ្នក​ប្រើប្រាស់​ថ្នាំកសិកម្ម​ទាំង​អស់ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្មដែល​មាន​សារធាតុ​សកម្មTricylcazoleទៅ​លើ​ដំណាំ​ស្រូវ ដែល​អាច​បន្សល់​ទុក​នូវ​សំណល់​ថ្នាំ​កសិកម្ម​នៅ​ក្នុង​អង្ករ។ មិន​តែ​ប៉ុណ្ណោះ គ្រប់​ក្រុមហ៊ុន​ដែល​ធ្វើ​ពាណិជ្ជកម្ម​ថ្នាំ​កសិកម្ម​ទាំង​អស់ ត្រូវ​បញ្ឈប់​ការ​នាំចូល​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ​សកម្ម Tricyclazole។

​សេចក្តី​ជូន​ដំណឹង​បន្ត​ថា រាល់​អ្នក​ផ្គត់ផ្គង់​ចែកចាយ​ទាំង​អស់ ត្រូវ​បញ្ឈប់​ការ​ផ្គត់ផ្គង់​ចែកចាយ​ដល់​សាខា ឬ​ដេប៉ូ លក់​ដុំ លក់​រាយ ថ្នាំ​កសិកម្ម ដែល​មាន​សារធាតុ Tricyclazole ហើយ​មន្ទីរ​កសិកម្ម​ គ្រប់​ខេត្ត​ត្រូវ​ចុះ​ត្រួត​ពិនិត្យ ណែនាំ អប់រំ ផ្សព្វផ្សាយ​ដល់​ដេប៉ូ លក់ដុំ លក់​រាយនិង​អ្នក​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ឲ្យ​បាន​យល់​ដឹងដើម្បី​ទប់ស្កាត់​នូវ​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ​សកម្ម Tricyclazole និង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជា​កសិករ។

​បន្ថែម​លើ​នេះនាយកដ្ឋាន​នីតិកម្ម​កសិកម្មត្រូវ​បញ្ឈប់​ការ​ចុះបញ្ជី​ការនិង​ការ​អនុញ្ញាត​ឲ្យ​នាំចូល​ថ្នាំ​កសិកម្មដែល​មាន​សារធាតុ Tricycalzole​ នេះ​ចូល​មក​កម្ពុជា ហើយ​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវតែ​ស្វែងរក​ប្រភេទ​ថ្នាំ​កសិកម្ម​ថ្មី​ដែល​គ្មាន​សារធាតុ​ហាមឃាត់​មក​ជំនួស​វិញ​ និង​បន្ត​ពង្រឹង​ការ​ត្រួត​ពិនិត្យ​លើ​ផ្នែក​អនាម័យ​និង​ភូតគាម​អនាម័យ មុន​អនុញ្ញាត​ឲ្យ​នាំចេញ​អង្ករ ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ករណី​ចាំបាច់។​

​លោក ភុំ រ៉ា ប្រធាន​ស្តីទី​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​ បាន​ប្រាប់​ខ្មែរ​ថាមស៍ ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ Tricyclazoleនេះ​មិន​ត្រូវ​បាន​រឹត​បន្តឹង​ក្នុង​ការ​នាំចូល​នោះ​ទេវា​ត្រូវ​បាន​ក្រសួង​អនុញ្ញាត​ឲ្យ​ធ្វើការ​នាំចូល​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​កម្ចាត់​សត្វល្អិត​ចង្រៃ​ក្នុង​ពេល​កន្លង​ទៅ​នេះ។

លោក​បន្ថែម​ថា​ បន្ទាប់​ពី​មាន​សេចក្តី​ជូន​ដំណឹង​ពី​សហភាព​អឺរ៉ុបស្ដីពី​ការ​កម្រិត​លើ​សារធាតុ ០,០១​លើ ប្រភេទ​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ Tricyclazole ក្នុង​ចំនួន​អង្ករ ១​គីឡូក្រាម ដែល​អាច​នាំចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ បាន​នោះ ទើប​ក្រសួង​សម្រេច​ចិត្ត​បិទ​ការ​នាំ​ចូល​ និង​បញ្ឈប់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ប្រើប្រាស់​បន្ត​ទៀត និង​បញ្ឈប់​ការ​ចុះបញ្ជី​នាំចូល​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ​នេះ​ផង​ដែរ ព្រោះ​វា​អាច​ប្រឈម​នឹង​ការ​បិទ​ការ​នាំ​ចូល​របស់​សហភាព​អឺរ៉ុប។

​លោក រ៉ា​ បាន​និយាយ​ថា៖ «ថ្នាំ​កសិកម្ម​ប្រភេទ Tricyclazole​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ពី​សំណាក់​ប្រជាពលរដ្ឋ គឺ​ដើម្បី​ការពារ​ជំងឺ​ផ្សិត​នៅ​លើ​ស្រូវ​របស់​ពួក​គេ ហើយ​កម្រិត ០,០១​ភាគរយ​នេះ​ គឺ​ជា​ចំនួន​តិច​តួច​មែន​ទែន វា​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​នោះ​ទេ»។
លោក​បន្ថែម​ថា​ មាន​ក្រុមហ៊ុន​ប្រមាណ ២០​ ទៅ​៣០​បាន​ចុះបញ្ជី​នាំចូល​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ Tricyclazole​ ពី​នាយដ្ឋាន​នីតិកម្ម​នៃ​ក្រសួង​កសិកម្ម។

​គណៈកម្មការ​សហភាព​អឺរ៉ុប​ បាន​និយាយ​កាល​ពី​សបា្តហ៍​មុន​ថា កសិករ​កម្ពុជា ​ត្រូវតែ​បញ្ឈប់​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុ Tricylcazole​ នៅ​ខែ​មិថុនា​ ខាង​មុខ។ ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​រវាង​តំណាង​កសិកម្ម​ពី​សហភាព​អឺរ៉ុប​ និង​ភាគី​ពាក់ព័ន្ធ​របស់​កម្ពុជា​ពី​ឧស្សាហកម្ម​ស្រូវ​អង្ករដោយ​ប្រាប់​ពួក​គេ​អំពី​ការ​កាត់​បន្ថយ​កម្រិត​សារធាតុ​ថ្នាំ​កសិកម្ម Tricyclazole។

​លោក ហ៊ាន វណ្ណហន អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និយាយ​ថា ក្រុម​ការងារ​ពិសេស បាន​បង្កើត​ឡើង​ដោយ​ក្រសួង​កសិកម្ម ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​កាល​ពី​សបា្តហ៍​មុន ដោយ​បញ្ចូល​អ្នក​ជំនាញ​ពី​អង្គភាព​ និង​នាយកដ្ឋាន​ពី​គ្រប់​ផ្នែក​នៃ​ក្រសួង​កសិកម្ម។

​លោក​បាន​លើក​ឡើង​ថា៖«ពួក​គេ​ត្រូវ​តែ​ចូលរួម​ទាំង​អស់​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​លើ​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ដោយ​កសិករ​ និង​ធ្វើ​តេស្ដ​ទៅ​លើ​សំណាក់​អង្ករ​ ពី​លក់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ពី​សារធាតុ Tricyclazole»។

លោក​​ថា៖ «សភាព​អឺរ៉ុប​ គឺ​ជា​ទីផ្សារ​ដ៏​ធំ​ក្នុង​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ យើងហើយ​យើង​ត្រូវ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ចៀសវាង​ពី​បញ្ហា​នានា»។

​លោក វណ្ណហន ថា អ្នក​ជំនាញ​មក​ពី​ក្រសួង​នឹង​ចុះ​ទៅ​ផ្ទាល់ នៅ​លើ​ទីផ្សារ​ធំៗ​នៅ​ភ្នំពេញ ដើម្បី​ធ្វើ​តេស្ដ​អង្ករ​ដែល​លក់​ដោយ​ពាណិជ្ជករ​លើ​ការ​សារធាតុ Tricyclazole​ និង​ចុះ​ត្រួត​ពិនិត្យ​ទៅ​លើ​អាជ្ញាប័ណ្ណ​នាំចូល​ជី​កសិកម្ម និង​ថ្នាំ​កសិកម្ម ដើម្បី​ប្រាកដ​ថា ​ពួក​គេ​មិន​បាន​នាំចូល​ថ្នាំ​កសិកម្ម​សម្លាប់​សត្វល្អិត​ប្រភេទ​នេះ។

​ឆ្លើយ​តប​នឹង​ការ​រិះគន់​ពី​ប្រទេស​ផលិត​ស្រូវ​នៅ ឥណ្ឌា វៀតណាម និង​អឺរ៉ុប​ខាង​ត្បូង ថា ការ​ហាមឃាត់​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ដែល​មាន​សារធាតុTricyclazoleអាច​ប៉ះពាល់​ខ្លាំង​ដល់​ផលិតកម្ម​និង​ការ​នាំចេញគណៈកម្មការ​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា៖ «ចេតនា​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប មិន​បាន​បំផ្លាញ​វិស័យ​នេះ​ទេ ប៉ុន្តែ​គឺ​ធ្វើ​ឲ្យ​មាន​យុត្តិធម៌ និង​តម្លាភាព ផ្អែក​លើ​វិទ្យាសាស្ត្រ ចំពោះ​រាល់​សារធាតុ​ទាំង​អស់ ដើម្បី​ការពារ​សុខភាព​របស់​មនុស្សនិង​បរិស្ថានឲ្យ​ស្របតាម​និយាម​របស់​នីតិវិធី​ច្បាប់​របស់​សហភាព​អឺរ៉ុប៕  

Previous Article

សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ដកហូត​ដើម​កញ្ឆា និង​ឧបករណ៍​ជក់​មួយ​ចំនួន

Next Article

ក្រសួង​ នឹងដាក់​ពិន័យ​អ្នក​ឡើង​ថ្លៃ​សេវាកម្ម​​ហួស​ហេតុ​ពេល​បុណ្យ