មូលនិធិ​៥​លាន​ដុល្លារ ​បង្កើត​ឡើង​សម្រាប់​ជួយ​ជំរុញ​សហគ្រិន​ផ្នែក​ឌីជីថល

ជា វណ្ណៈ No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)មូលនិធិ​ចំនួន៥​លាន​ដុល្លារសម្រាប់​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​សេវាកម្ម​ឌីជីថល និង​ក្រុមហ៊ុន​បង្កើត​ថ្មី​ផ្នែក​ឌីជីថលនៅ​កម្ពុជាត្រូវ​បាន​ប្រកាស​ឡើង​កាល​ពី​ម្សិលមិញ​ដើម្បី​ផ្តល់​ដល់​សហគ្រិន​វ័យ​ក្មេង​ទាក់ទង​ទៅ​នឹង​ពាណិជ្ជកម្ម​ឌីជីថល ជំរុញ​ការ​អភិវឌ្ឍ នៃ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា។​

Smart AxiataDigitalInnovationជា​មូលនិធិ​នឹង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទាំង​ផ្នែក​ហិរញ្ញវត្ថុនិង​ផ្នែក​បច្ចេកទេស​នៅ​ក្នុង​ពាណិជ្ជកម្ម​ស្រប​ពេល​ដែល​ចំនួន​សហគ្រិន​ឌីជីថល​កម្ពុជាត្រូវ​បាន​គេ​មើល​ឃើញ​ថាមាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

​សហគ្រិន​នៃ​ក្រុមហ៊ុន​សេវាកម្ម​ឌីជីថល និង​ក្រុមហ៊ុន​បង្កើត​ថ្មី​អាច​ស្នើសុំ​មូលនិធិ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Smart Axiata ជា​ដៃគូ​វិនិយោគ និង​ប្រឹក្សា​ដោយ Mekong Strategic Partners ចាប់ពី ២​ម៉ឺន ៥​ពាន់​ដុល្លារ ដល់ ៥០​ម៉ឺន​ដុល្លារ ទៅ​តាម​ដំណាក់កាល​ឧស្សាហកម្ម និង​តម្រូវការ​ហិរញ្ញវត្ថុ នៃ​ពាណិជ្ជកម្ម​នីមួយៗ។​

​អគ្គនាយក​ក្រុមហ៊ុន Smart លោក Thomas Hundt មាន​ប្រសាសន៍​ថា ​មូលនិធិ​នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ជា​ដៃគូ​អភិវឌ្ឍន៍​សំខាន់​នៅ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា។ មូលនិធិ​នឹង​ជួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​បង្កើត​ថ្មី មិន​ត្រឹមតែ​ផ្នែក​ហិរញ្ញវត្ថុ​នោះ​ទេ ប៉ុន្តែ​ជួយ​ទៅ​លើក​ការ​ប្រឹក្សា ផ្តល់​ទីតាំង និង​វាយ​តម្លៃ ដើម្បី​ដំណើរការ​ក្រុមហ៊ុន​របស់​ពួក​គេ​នីមួយៗ។​

​លោក Thomas Hundt ថ្លែង​ថា៖ «មូលនិធិ​គឺ​ជា​ទំព័រ​ថ្មី​មួយ​នៅ​ក្នុង​ដំណើរ​ឌីជីថល​នៅ​កម្ពុជា ចាប់​ផ្តើម ព្រោះ​ថា​ យើង​បាន​ប្រមើល​មើល​ថា មូលនិធិ​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​ឌីជីថល​បន្តបន្ទាប់។ យើង​កំពុង​សម្លឹង​រក​ក្រុមហ៊ុន ឬ​សហគ្រិន​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ទាក់ទង​ទៅ​នឹង​វិស័យ​ដូច​ជា បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម​ឌីជីថល ការ​កម្សាន្ត បណ្ដាញ​សង្គម ការ​ផ្សព្វផ្សាយ អប់រំ និង​ថែរក្សា​សុខភាព»។​

​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អុីវតឹក ថ្លែង​នៅ​ក្នុង​សន្ទរកថា​ក្នុង​ពិធី​ថា មូលនិធិ​នេះ​ស្រប​ទៅ​នឹង​គោល​នយោបាយ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​ឆ្នាំ​២០២០របស់​ក្រសួង​ដែល​នឹង​បង្កើត​បន្ថែម​អ្នក​មាន​ទេពកោសល្យ​ផ្នែក​ឌីជីថល​ជាតិ និង​រួម​ចំណែក​ជំរុញ​នវានុវត្តន៍​ភាព និង​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស។​

​សហ​ស្ថាបនិក និង​នាយក​គ្រប់គ្រង WEDU ដែល​ជា​គេហទំព័រ​អនឡាញ ដំណើរការ​មាន​ជា​មជ្ឈមណ្ឌល​ព័ត៌មាន​សម្រាស់​សិស្ស ​និស្សិត ទាក់ទង​នឹង​ការ​អប់រំ អាហារូបករណ៍ និង​ហាត់​ការងារ ហើយ​ទើប​តែ​ដំណើរការ​បាន​រយៈពេល​ ១០​ខែ លោក ស្រ៊ាង បូរមី បាន​ឲ្យ​ដឹង​ថា មូលនិធិ​ដែល​បាន​ប្រកាស​ឡើង​ដោយ​ក្រុមហ៊ុន Smart នឹង​ជួយ​បង្កើន​ចំនួន​ក្រុមហ៊ុន​ថ្មីៗ កើន​ឡើង​នៅ​ក្នុង​ប្រទេស ព្រោះ​ថា បញ្ហា​ហិរញ្ញវត្ថុ គឺ​ជា​ឧបសគ្គ​មួយ​ចម្បង​ក្នុង​ការ​ពង្រីក​ខ្លួន។​

​លោក បូរមី ថ្លែង​ថា៖ «ការ​ទទួល​បាន​ហិរញ្ញវត្ថុ​ជា​បញ្ហា​សំខាន់​មួយ សម្រាប់​អ្នក​អភិវឌ្ឍ​ Startup ​ទាំង​អស់ ប្រសិន​យើង​មាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់យើង​អាច​ពន្លឿនStartupsរបស់​យើង​បាន​លឿនប៉ុន្តែ​បើ​សិន​មិន​មាន​គ្រប់គ្រាន់ យើង​អាច​ដំណើរការ​ទៅ​តាម​លទ្ធភាព»។​

​លោក​​បាន​បន្ថែម​ឲ្យ​ដឹង​ថា បើសិន​មាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ និង​ការ​គាំទ្រ​បច្ចេកទេស ក្រុមហ៊ុន​បង្កើត​ថ្មី​នឹង​មាន​ដំណើរការ​លឿន៕  

Previous Article

សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ដកហូត​ដើម​កញ្ឆា និង​ឧបករណ៍​ជក់​មួយ​ចំនួន

Next Article

ក្រសួង​ នឹងដាក់​ពិន័យ​អ្នក​ឡើង​ថ្លៃ​សេវាកម្ម​​ហួស​ហេតុ​ពេល​បុណ្យ