ប្រធាន​ពន្ធនាគារ​បន្ទាយមានជ័យ បដិសេធ​ធ្វើ​ទារុណកម្ម​អ្នកទោស

មុំ គន្ធា No Comments Share:

ភ្នំពេញ៖ (ខ្មែរថាមស៍) ​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ ប្រើ​ទារុណកម្ម​ទៅ​លើ​អ្នកទោស​ដែល​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំងដោយ​មន្ត្រី​រូប​នេះ​អះអាង​ថាមិន​មាន​អ្នកទោស​ណា​ត្រូវបាន​វាយ​ធ្វើបាប​នោះទេ។​

​លោក អ៊ុងស៊ីផានប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យបាន​ឲ្យ​ដឹង​តាមរយៈ​លិខិត​បំភ្លឺ​ចេញ​កាល​ពី​ថ្ងៃ​ទី​២៧ខែ​មីនាដោយ​បដិសេធ​ទៅ​នឹង​ការ​ផ្សាយ​របស់​វិទ្យុ​ក្រៅ​ស្រុក​មួយ​ដែល​បាន​ផ្សាយ​ចោទ​ប្រកាន់​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ​បាន​វាយ​ធ្វើ​ទារុណកម្ម​ដល់​អ្នកទោស​បុរស ប៉ុន្តែ​ការ​ចោទ​នេះ​ត្រូវ​បាន​ប្រធាន​ពន្ធនាគារ​ឆ្លើយ​ថា ជា​ព័ត៌មាន​មិន​ពិត។​

​លោក​បាន​បញ្ជាក់​ថាអនុលោម​តាម​ច្បាប់​ស្ដីពី​ពន្ធនាគារនិង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌគឺ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យក៏​ដូច​ជា​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី-​ខេត្ត​ដទៃ​ទៀត​សុទ្ធតែ​ត្រូវ​បាន​ទទួល​ការ​ធ្វើ​អធិការកិច្ចពី​សំណាក់​ព្រះរាជអាជ្ញា ក៏​ដូច​ជា​អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​រួម​មាន​យន្តការ​ទប់ស្កាត់​ថ្នាក់​ជាតិ ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ទារុណកម្ម អំពើ​ឃោរឃៅ អំពើ​អមនុស្សធម៌ អំពើ​បន្ទាបបន្ថោក ឬ​ទណ្ឌកម្ម។​

​យោង​ទៅ​តាម​ក្រុម​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដែល​វិទ្យុ​អាស៊ី​សេរី បាន​សម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា បាន​ឲ្យ​ដឹង​ថា មន្ត្រី​ពន្ធនាគារ​នេះ​តែងតែ​ធ្វើ​ទារុណកម្ម​មក​លើ​អ្នក​ទោស​បុរស​ដូច​សត្វ​ធាតុ ដូច​ជា​វាយ​ក្បាល​នឹង​ស្បែកជើង ទាត់ ធាក់ និង​ទះកំផ្លៀង​ជា​ដើម ដែល​ករណី​នេះ​កើត​មាន​ឡើង​ស្ទើរ​រាល់​ថ្ងៃ។​

​អ្នកទោស​ដែល​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​បាន​និយាយ​ក្នុង​វិទ្យុ​នេះ​ទៀត​ថា៖ «នៅ​ពេល​ដែល​សួរ​ចម្លើយ គេ​យក​ខ្សែភ្លើង ដំបង​ឆក់ ឆក់​ខ្នង​អ្នកទោស​ឲ្យ​ឆ្លើយ​សារភាព ហើយ​នៅ​ពេល​ដែល​អ្នកទោស​មិន​ព្រម​ឆ្លើយ គេ​វាយ​សន្លប់​ ២​ ទៅ​ ៣​ដង ​ក្នុង​មួយ​ថ្ងៃ។ គេ​ក៏​រិតត្បិត​សិទ្ធិ​គ្រប់​យ៉ាង សូម្បី​តែ​ចេញ​ពី​ក្នុង​បន្ទប់​ឃុំ​មក​ខាង​ក្រៅ​ក្នុង​បរិវេណ​ពន្ធនាគារ ក៏​គេ​មិន​ងាយ​ឲ្យ​ចេញ​ដែរ»។​

​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ លោក​ អ៊ុង ស៊ីផាន បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​អះអាង​ចោទ​ថា​ ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ បាន​បិទ​សិទ្ធិ​សេរីភាព ជន​ជាប់​ឃុំ​នោះ ពិត​ជា​មិន​ត្រឹមត្រូវ​ឡើយ។​

​លោក​បាន​បញ្ជាក់​ថា៖ «ជា​រៀង​រាល់​ថ្ងៃ ជន​ជាប់​ឃុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​យក​ខ្យល់​អាកាស ហាត់ប្រាណ លេង​កីឡា ចេញ​ធ្វើ​សិប្បកម្មអាន​សៀវភៅ​នៅ​បណ្ណាល័យសិក្សា​រៀន​ជំនាញ​នានានិង​ទទួល​ការ​អនុញ្ញាត​ឲ្យ​ជួប​សាច់ញាតិឬ​មិត្តភក្ដិ​ចំនួន ​៤​ថ្ងៃ​ក្នុង​មួយ​សបា្តហ៍ គឺ​ថ្ងៃ​ចន្ទ អង្គារ ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ»។​

​អ្នកទោស​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​​បន្ទាយមានជ័យ ​មាន​ចំនួន​ជាង​ ១៣០០​នាក់ ដែល​អ្នក​ជាប់ឃុំ​ជា​ស្ត្រី​មាន​ចំនួន​ជាង ​១០០​នាក់ រួម​មាន​ទាំង​អ្នក​ជាប់​ទោស​ជា​ជន​បរទេស​ផង​ដែរ។​

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ​លោក​ ស៊ុំ ច័ន្ទគា ​បាន​លើក​ឡើង​នៅ​ថ្ងៃ​អង្គារ​ ម្សិលមិញ​ដែរ​ថាលោក​មាន​ការ​ពិបាក​ក្នុង​ការ​ចុះ​ទៅ​ពិនិត្យ​មើល​អ្នកទោស​ក្នុង​ពន្ធនាគារ​ខេត្ត​មួយ​នេះដោយ​ហាក់​មាន​ការ​ពិបាក និង​ចំណាយ​ពេល​វេលា​យូរ​ក្នុង​ការ​ស្នើសុំហើយ​លោក​ថាការ​ស្នើសុំនិង​ការ​កំណត់​ថ្ងៃ​ចូល​មើល​អ្នកទោសគឺ​អ្វីៗ​ត្រូវ​បាន​គេ​រៀបចំ​រួច​ហើយ។​

​លោក​បាន​បន្ត​ទៀត​ថាលោក​ធ្លាប់​បាន​ទទួល​ការ​រាយការណ៍​ដោយ​ផ្ទាល់​ពី​អ្នកទោស​តាមរយៈ​ទូរស័ព្ទ​ចេញ​ពី​ក្នុង​ពន្ធនាគារ​តែ​ម្តង​កាល​ពី​កំឡុង​ឆ្នាំ​២០១៥ និង​២០១៦ ដែល​ប្រាប់​លោក​ពី​ការ​ធ្វើ​ទារុណកម្ម​មក​លើ​ពួក​គេ។​

​លោក​ ច័ន្ទគា បាន​ថ្លែង​ថា៖ «យើង​គិត​ថា បើ​មិន​មាន​ការ​ធ្វើ​បាប ឬ​ធ្វើ​ទារុណកម្ម​មក​លើ​ពួក​គេ​ទេ​នោះ ក៏​ពួក​គេ​មិន​និយាយ​ចេញ​មក​ដែរ។ ខ្ញុំ​យល់​ថា ទាក់ទង​នឹង​បញ្ហា​នេះ ព្រះរាជអាជ្ញា​គួរតែ​ចុះ​ធ្វើការ​ពិនិត្យ​មើល ធ្វើការ​ស៊ើបអង្កេត​លើ​មន្ត្រី​ពន្ធនាគារ លើ​ការ​ចោទ​ប្រកាន់​នេះ»។​

​លោក​​ថា អ្នកទោស​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​មិន​មែន​ជា​សត្វ​ធាតុ​ទេ ពួក​គេ​ គឺ​សុទ្ធតែ​ជា​មនុស្ស ដោយ​គ្រាន់តែ​ក្នុង​រយៈពេល​នៃ​ការ​ជាប់​ឃុំ​នេះ សិទ្ធិ​របស់​ពួក​គេ​ត្រូវ​បាន​បំបិទ មិន​ឲ្យ​ដើរ​ចេញ ប៉ុន្តែ​ពួក​គេ​អាច​និយាយ​ចេញ​បាន​នូវ​អ្វី​ដែល​កើត​មាន​ឡើង​ដោយ​អយុត្តិធម៌​លើ​ពួក​គេ។​

​ទាក់ទង​នឹង​ករណី​នេះ លោក​ ស៊ុំ ច័ន្ទគា មាន​ការ​ព្រួយ​បារម្ភ​ថា អ្នកទោស​ទាំង​នោះ​អាច​នឹង​ត្រូវ​បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​បន្ថែម​ទៀត៕  

Previous Article

សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ដកហូត​ដើម​កញ្ឆា និង​ឧបករណ៍​ជក់​មួយ​ចំនួន

Next Article

ក្រសួង​ នឹងដាក់​ពិន័យ​អ្នក​ឡើង​ថ្លៃ​សេវាកម្ម​​ហួស​ហេតុ​ពេល​បុណ្យ