តំណាង​ពលរដ្ឋ​៦​សហគមន៍​សុំ​ការ​បញ្ជាក់​ពី​​សាលារាជធានី​​រឿង​អភិវឌ្ឍន៍​​ផ្លូវ​ដែក

ប៉ិច សុធារី No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ប្រជា​ពលរដ្ឋ និង​កុមារ​ជាង ១០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ៦​សហគមន៍ ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក បាន​ប្រមូល​ផ្តុំ​ជា​ថ្មី​នៅ​សាលា​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ម្សិលមិញដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ផ្តល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញខណៈ​ដែល​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លីនិង​ផ្ទះសម្បែងប៉ុន្តែ​ថ្នាក់​ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា គម្រោង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ។​

សហគមន៍​ទាំង​ ៦​នោះ រួម​មាន សហគមន៍​អភិវឌ្ឍន៍​ថ្មី រួម​ចិត្ត​តែ​មួយ ភូមិ​១៧ ភូមិ​១០៤ ភូមិ​១០៥ ខណ្ឌ​ទួលគោក និង​សហគមន៍​ភូមិ​២ ខណ្ឌ​ដូនពេញ ដែល​សហគមន៍​ទាំង​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ពី​ស្ថានីយ​រថភ្លើង ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។​

ប្រជាពលរដ្ឋ​នៅ​សហគមន៍​ភូមិ​១៧ លោក​ នូ សារិន បាន​លើក​ឡើង​ថា ការ​ប្រមូល​ផ្តុំ​ជា​ថ្មី​នេះ ដោយសារ​តែ​ពួក​គាត់​ពុំ​បាន​ទទួល​ការ​ឆ្លើយ​តប​ណា​មួយ​ពី​សាលា​រាជធានី​ភ្នំពេញ ក្រោយ​ពី​បាន​ដាក់​ញត្តិ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិនាស្នើសុំ​ឲ្យ​អភិបាល​សាលា​រាជធានី​ភ្នំពេញ ផ្តល់​ព័ត៌មាន​លម្អិត​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើងដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​លុប​ចោល​គម្រោង​នេះ​ម្តង​រួច​មក​ហើយ​នោះ។

លោក​​ថា៖«បើ​មាន​ការ​អភិវឌ្ឍ​ប្រទេសសូម​ឲ្យ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នាទាំង​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​អភិវឌ្ឍន៍​ហ្នឹង និង​អ្នក​ដែល​មក​អភិវឌ្ឍ​ ឲ្យ​បាន​ពិភាក្សា​គ្នា រក​ដំណោះស្រាយ​ជាមួយ​គ្នាដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​ហ្នឹង​ដំណើរការ​ទៅ​សប្បាយ​ចិត្ត​ទាំង​អស់​គ្នា កុំ​ឲ្យ​ភាគី​ណា​មួយ​រងគ្រោះ​ដោយសារ​ការ​អភិវឌ្ឍ​ហ្នឹង»។​

នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​នោះ អភិបាល​សាលា​រាជធានី​ភ្នំពេញ លោកប៉ាសុជាតិវង្សបាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះចូល​ជួប​ពិភាក្សា​គ្នា​ទៅ​តាម​សំណើ​លើ​បញ្ហា​នេះ។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ ថ្នាក់​ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ មាន​ការ​ស្ងប់​ចិត្ត កុំ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បណ្តេញ​ចេញ​តាម​ការ​ញុះញង់​របស់​បុគ្គល ​ឬ​ស្ថាប័ន​ណា​មួយ ខណៈ​ដែល​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ។

លោក​បាន​បន្ត​ដោយ​ស្រង់​ប្រសាសន៍​របស់​អភិបាល​រាជធានី​ភ្នំពេញ​ ថា សាលា​រាជធានី នឹង​រៀបចំ​វេទិកា​សាធារណៈ ដើម្បី​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋមុន​នឹង​គម្រោង​នោះ​ចាប់​ផ្តើមហើយ​ក៏​នឹង​ធ្វើ​ការ​អភិវឌ្ឍ​​នៅ​នឹង​កន្លែងដោយ​ពុំ​មាន​ការ​ជម្លៀស​ពលរដ្ឋ​ណា​មួយ​ដែល​រង​ផល​ប៉ះពាល់ ឬ​មិន​មាន​ការ​ផល​ប៉ះពាល់​ទាំង​ស្រុង​ដែរ។

​លោក​​បញ្ជាក់​​ថា៖ «ឯកឧត្តម​អភិបាល លោក​បាន​បញ្ជាក់​ហើយ ហើយ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ប្រជុំ​រាប់​សិប​នាក់ បាន​ឮ​ប្រសាសន៍​ថ្នាក់​ដឹកនាំ​សាលា​រាជធានី​ផ្ទាល់​នឹង​ត្រចៀក​ហើយ អ៊ីចឹង​ខ្ញុំ​ថា ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទៀត​ទេ​ពី​គម្រោង​អភិវឌ្ឍន៍​នេះ»។​

​បើ​តាម​តំណាង​ប្រជាពលរដ្ឋពួក​គាត់​នៅ​មិន​ទាន់​មាន​ជំនឿ​លើ​ការ​សន្យា​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញនេះ​ទេដោយសារ​ពុំ​មាន​ឯកសារ​បញ្ជាក់​ពី​ជំហរ​នោះ តែ​យ៉ាង​ណា ពួក​គាត់​នឹង​ផ្អាក​ការ​តវ៉ា និង​តាម​ដាន​ព័ត៌មាន​ពី​ការ​អភិវឌ្ឍ​គម្រោង​នេះ​បន្ត​ទៀត។

​កន្លង​មក ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​នេះ​ចំនួន ៨​សហគមន៍ ធ្លាប់​បាន​ប្រមូលផ្តុំ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​ច្រើន​ដង​មក​ហើយដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះបើក​វេទិកា​សាធារណៈ​បង្ហាញ​ពី​ទំហំ​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​ស្រប​តាម​ផ្លូវដែក​នេះ។ តែ​ក្រោយ​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​លុប​ចោល​គម្រោង​នោះ​វិញ ដើម្បី​បញ្ចប់​ការ​តវ៉ា និង​ក្តី​បារម្ភ​របស់​ប្រជាពលរដ្ឋ។

​ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​ថ្លែង​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ បាន​បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ​របស់​សាលា​រាជធានី​ភ្នំពេញក៏​ដូច​ជា​រដ្ឋាភិបាលដែល​ខកខាន​មិន​បាន​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ពិភាក្សា​គ្នា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។

លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ លើក​បញ្ហា​ដាក់​លើ​តុ​ពិភាក្សា​គ្នា ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​ទាំង​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព និង​ទទួល​យក​បាន​ទាំង​អស់​គ្នា​៕  

Previous Article

សមត្ថកិច្ច​ខេត្ត​ប៉ៃលិន ដកហូត​ដើម​កញ្ឆា និង​ឧបករណ៍​ជក់​មួយ​ចំនួន

Next Article

ក្រសួង​ នឹងដាក់​ពិន័យ​អ្នក​ឡើង​ថ្លៃ​សេវាកម្ម​​ហួស​ហេតុ​ពេល​បុណ្យ