សុខ ចាន់ Thursday, 23 March 2017 393 views

​​Hyatt Regency​ចំណាយ​ ១០០​លាន​ដុល្លារសង់​សណ្ឋាគារ​ទំនើប

ភ្នំពេញ៖(ខ្មែរថាមស៍)សណ្ឋាគារ​ផ្កាយ​ប្រាំ​លំដាប់​អន្តរជាតិហាយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency) ដែល​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​កាល​ពី​ម្សិលមិញ និង​រំពឹង​ថា​ បញ្ចប់​នៅ​ឆ្នាំ​២០២០​ ខាង​មុខ។


​សណ្ឋាគារ​ផ្កាយ​ប្រាំ​លំដាប់​អន្តរជាតិ​នេះ​ វិនិយោគ​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ រីស៊ីដេន ហូថេល អេន រីហ្សត (Royal Residence Hotels and Resorts) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ ៧.០៣២​ម៉ែត្រក្រឡា និង​មាន​កម្ពស់​ ១៤​ជាន់​ស្ថិត​នៅ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជិត​ព្រះបរមរាជវាំង។


​សណ្ឋាគារ​នេះ​នឹង​រួម​បញ្ចូល​អាគារ​ស្នាក់​នៅ សាលប្រជុំ​ធំៗ​លំដាប់​អន្តរជាតិ ហាង​ទំនិញ ភោជនីយដ្ឋាន អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ និង​អាគារ​ការិយាល័យដែល​វា​នឹង​ក្លាយ​ជា​បេះដូង​នៃ​រាជធានី​ភ្នំពេញដែល​ទីតាំង​ជាប់និង​តំបន់​វប្បធម៌ ពាណិជ្ជកម្ម​ចម្រុះ ផ្សារ​ទំនើប គេហដ្ឋាន ខុនដូ និង​ការិយាល័យ។


​លោក លាង ឃុន ប្រធាន​ក្រុមហ៊ុន ជីប ម៉ុង គ្រុប និង​ជា​ម្ចាស់​សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ បាន​ឲ្យ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ការ​សាងសង់​ថា ការ​រចនា និង​ការ​គ្រប់គ្រង​សណ្ឋាគារ នឹង​ធ្វើ​ឡើង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​របស់​សណ្ឋាគារ ហាយ៉ាត់។ លោក​ថា ​វា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​វិនិយោគិន​ធំៗ​ជា​ច្រើន​មក​ទីក្រុង​ភ្នំពេញ។


​លោក លាង ឃុន ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា​ សណ្ឋាគារហាយ៉ាត់ រីជិនស៊ី ភ្នំពេញពិត​ជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​ជំនួញ​ធំៗ​មក​កាន់​ទីក្រុង​ភ្នំពេញ​ កាត់​តែ​ច្រើន​ជាង​មុនដែល​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​លើក​មុខ​មាត់​ប្រទេស​កម្ពុជា ​មួយ​កម្រិត​ផង​ដែរ»។​

 


​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង ថ្លែង​ថា​ សំណង់​សណ្ឋាគារ​ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន ១០០​លាន​ដុល្លារ​អាមេរិក​ នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ជំនឿ​ទុក​ចិត្ត​របស់​វិនិយោគិន លើ​សក្ដានុពល​សេដ្ឋកិច្ច ទីផ្សារ​អចលនទ្រព្យ និង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។


​លោក​បន្ត​ថា​សណ្ឋាគារ​នេះ​នឹង​លើក​កម្ពស់​កិត្យានុភាព​នៃ​វិស័យ​សំណង់និង​ស្ថាបត្យកម្ម​នៃ​រាជធានី​ភ្នំពេញហើយ​វា​នឹង​ផ្តល់​នូវ​សមិទ្ធផល​ថ្មី​ពី​វិស័យ​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ដោយ​នាំមក​នូវ​ការងារ ចំណូល​ជូន​រដ្ឋ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។


​លោក​រដ្ឋមន្ត្រី​​ថា៖ «ខ្ញុំ​ជឿ​ជាក់ ក្រុមហ៊ុន Chip Mong Ritta Engineering and Construction ដែល​ជា​សមិទ្ធផល​នៃ​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Chip Mong Group និង Ritta company របស់​ថៃ ខាង​ផ្នែក​ម៉ៅការ​គូរ​ប្លង់ និង​សាងសង់ នឹង​នាំមក​នូវ​បច្ចេកទេស​ និង​បច្ចេកវិទ្យា​ទំនើប ជួយ​ឲ្យ​អ្នក​អភិវឌ្ឍ​អចលនវត្ថុ អ្នក​ចែកចាយ​សម្ភារៈ​សំណង់ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​កម្ពុជាទទួល​បាន​បទពិសោធន៍​ល្អៗ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​នេះ​តាម​ស្តង់ដារ​អន្តរជាតិ»។


លោក​បន្ត​ថា៖ «អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និង​សុវត្ថិភាពក្នុង​និង​ជុំវិញ​ការដ្ឋានធ្វើ​យ៉ាង​ណា​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរ ចៀសវាង​បង្ក​ការ​ភ័យខ្លាច​ដល់​អ្នក​ជិតខាង​ និង​អ្នក​ដំណើរ និង​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ឲ្យ​បាន​ត្រឹម​ត្រូវ»។


​បើ​តាម​លោក ជា សុផារ៉ា នៅ​ចុង​ឆ្នាំ​២០១៦ កម្ពុជា មាន​សណ្ឋាគារ​សរុប​ចំនួន ៦៤៧។ ក្នុង​នោះ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​មាន ​២១ សណ្ឋាគារ​លំដាប់​ផ្កាយ​៤ មាន​៣៦ សណ្ឋាគារ​លំដាប់​ផ្កាយ ៣​ ​មាន ​២២ សណ្ឋាគារ​លំដាប់​ផ្កាយ ​២​មាន ១០ ​និង​សណ្ឋាគារ​លំដាប់​ផ្កាយ​១ ​មាន ៧។ ដោយ​ឡែក​ផ្ទះសំណាក់​មាន ១៩៩៦ ភ្នាក់ងារ​ទេសចរណ៍​មាន ៥៨៨ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​មាន​ចំនួន ៥.០៨៨​នាក់។


​លោក ហូ វណ្ឌី អគ្គលេខាធិការ ​នៃ​សម្ព័ន្ធ​ជាតិ​ទេសចរណ៍​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ គឺ​បង្ហាញ​ពី​ស្ថិរភាព​នយោបាយ ទំនុក​ចិត្ត​ពី​វិនិយោគិន​បរទេស និង​ភ្ញៀវ​ទេសចរ​បរទេស​មក​លើ​កម្ពុជា។


​លោក​បញ្ជាក់​ថា៖«វា​គឺ​ជា​ឱកាស​ថ្មីៗ​បន្ថែម​ទៀតសម្រាប់​ពង្រឹង​នូវ​គុណភាព​លើ​ផលិតផល​និង​សេវា​ទេសចរណ៍​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ដូច្នេះ​ធនធាន​មនុស្ស​ត្រូវ​តែ​មាន​ច្រើន។ម្យ៉ាង​ទៀតវា​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេសនិង​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​កម្ពុជា ​ទៅ​កាន់​ពិភពលោក»។


​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ នៅ​ចុង​ឆ្នាំ​២០១៦ ភ្នំពេញ​ មាន​អាគារ​កម្ពស់​ ៥​ជាន់​ចំនួន ៨៧៦ អាគារ​កម្ពស់​ពី​៥ ​ទៅ ​៩​មាន ៥២៩ អាគារ​កម្ពស់​ពី ១០​ទៅ ១៩​មាន ២៦៧ អាគារ​កម្ពស់​ពី ២០​ទៅ ២៩ មាន​៥០ អាគារ​កម្ពស់​ពី ៣០​ ទៅ​៣៩​ជាន់​មាន ២១ និង​អាគារ​កម្ពស់​ពី​ ៤០​ជាន់​ឡើង​ទៅ​មាន ៩៕  

How do you feel about this story?
100%
Love It!
0%
Shocking
0%
Cool
0%
Worry
0%
Sad
0%
Angry
0%
Annoyed