ប៊ុត រស្មីគង្គា Friday, 17 February 2017 458 views

អតីត​ប្រធាន​សាលា​ដំបូង​ ត្រូវ​​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​

ភ្នំពេញ៖(ខ្មែរថាមស៍)អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លោកអាំង មាលតី ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្ដាល ​សម្រេច​​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​រូប​គាត់​បាន​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១​ឆ្នាំ​ ៦​ខែ នេះ​បើ​យោង​តាម​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល។​


​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្ដាល ​លោក លឹម សុគន្ថា បាន​ឲ្យ​ដឹង​ថា លោក អាំង មាលតី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ត្រូវ​បាន​កាត់​ទោស​ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ​៣​ឆ្នាំ តែ​អនុវត្ត​នៅ​ក្នុង​ពន្ធនាគារ​ ២​ឆ្នាំ ទោស​នៅ​សល់​ត្រូវ​បាន​អនុវត្ត​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ​ឆ្នាំ​២០១៦ គិត​ចាត់​ពី​ថ្ងៃ​ចាប់​ខ្លួន​របស់​គាត់​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​ ឆ្នាំ​២០១៥។​


​លោក​បាន​បន្ត​ឲ្យ​ដឹង​ថា ទាក់ទង​នឹង​ករណី​នេះ លោក អាំង មាលតី ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ពី​បទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់ តាម​មាត្រា​៣២ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាត្រា​៥៩៧ មាត្រា​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ។ លោក​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ បន្ទាប់​ពី​តំណែង​របស់​លោក​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​ដកហូត​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥។​


​លោក​​​ថា ​លោក អាំង មាលតី ទទួល​បាន​ប្រោស​ព្រះរាជទាន​ទោស​រយៈពេល ​៦​ខែ​ពី​ព្រះ មហាក្សត្រ​​​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦។


លោក​ថា៖ «ការ​ព្រះរាជទាន​ទោស​នោះ បាន​បញ្ជា​ឲ្យ​មាន​ការ​ដោះលែង លោក អាំង មាលតី ចេញ​ពី​ពន្ធនាគារ​ប្រសិន​បើ​គាត់​មិន​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​ផ្សេង​ទៀត​ទេ»។​


​លោក អាំង មាលតី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ។ លោក​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥។ ហើយ​លោក​ក៏​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដោយ​ឲ្យ​មក​បញ្ឈរជើង​នៅ​ក្រសួង​យុត្តិធម៌​ វិញ។ ការ​បញ្ឈប់​តំណែង​នេះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​ភ្លាមៗ​ទៅ​លើ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះ​លែង​ឪពុក​ម្តាយ​លោក ថោង សារ៉ាត់។


​យោង​តាម​ព្រះរាជក្រឹត្យ​របស់​​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ដែល​កាសែត​ខ្មែរ​ថាមស៍ ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ លោក អាំង មាលតី​ ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​រយៈពេល ​៦​ខែ ដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​គាត់​ និង​ការ​អនុវត្ត​ទោស​ដ៏​ល្អ​ក្នុង​អំឡុង​ពេល​ដែល​គាត់​បាន​ជាប់​ឃុំ​ឃាំង​ និង​ស្នាក់នៅ​ក្នុង​ពន្ធនាគារ។​


យ៉ាង​ណា​ក៏​ដោយ​មេធាវី​ការពារ​ក្តី​របស់​គាត់ លោក ទេព មុនីជាតិ បាន​អបអរ​សាទរ​ចំពោះ​ការ​ដោះលែង​លោក អាំង មាលតី និង​បាន​លើក​ឡើង​ថា ការ​ត្រាស់​បង្គាប់​ប្រោស​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​មាន​ភាព​សមស្រប​សម្រាប់​លោក អាំងមាលតី ដោយសារ​តែ​លោក​បាន​បាន​ខិតខំ​ធ្វើការ​យ៉ាង​ច្រើន​ដើម្បី​ផល​ប្រយោជន៍​ក្នុង​ប្រទេស​ និង​ធ្លាប់​បាន​បម្រើ​របស់​ប្រទេស​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​ហើយ។​


​លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ករណី​ខាង​លើ​នេះ លោក អាំង មាលតី មិន​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​នៅ​ក្នុង​តុលាការ​នោះ​ទេ។​


​លោក​បាន​បន្ត​ឲ្យ​ដឹង​ថា៖ «ក្នុង​នាម​ជា​មេធាវី ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​ខណៈ​ដែល​កូនក្ដី​របស់​ខ្ញុំ​ត្រូវ​បាន​ដោះលែង​ដោយ​តុលាការ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ពី​ពន្ធនាគារ​ ហើយ​បាន​វិល​ត្រឡប់​ដើម្បី​ជួប​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់»។​


​លោក​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ថ្លែង​អំណរគុណ​ថ្វាយ​ព្រះមហាក្សត្រ តុលាការ ​និង​មន្ត្រី​រាជ​រដ្ឋាភិបាល​ដទៃៗ​ទៀត​ដែល​បាន​លើក​លែង​ទោស​លើ​កូនក្ដី​របស់​ខ្ញុំ»។​


​មន្ត្រី​តុលាការ​មួយ​រូប​ធ្វើការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ ឲ្យ​ដឹង​ថា លោក អាំង មាលតី ជា​មិត្ត​ស្និទ្ធស្នាល របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក ឱម យ៉ិនទៀង។ លោក អាំង មាលតី ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយសារ​តែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ឱម យ៉ិនទៀង៕  

How do you feel about this story?
0%
Love It!
0%
Shocking
0%
Cool
0%
Worry
0%
Sad
0%
Angry
0%
Annoyed