ដោយ ប៉ិច សុធារី Friday, 17 February 2017 433 views

តុលាការ​បដិសេធ​ការ​ស្នើ​​សុំ​ពន្យារ​​ពេល ឡើង​បំភ្លឺ​​របស់​លោក កឹម សុខ​

ភ្នំពេញ៖(ខ្មែរថាមស៍)លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែនតាមរយៈ​មេធាវី​ជា​តំណាង បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ បន្ថែម​មួយ​ករណី​ទៀត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ដែល​ថា រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ដែល​មាន​ការ​សម្លាប់​មនុស្សហើយ​រក​មុខ​ឃាតករ​មិន​ឃើញខណៈ​ដែល​លោកគឹម សុខ បាន​ស្នើ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​លើ​បណ្តឹង​ទី​១ តែ​ត្រូវ​ចូលខ្លួន​នៅ​ថ្ងៃ​នេះ តែ​តំណាង​អយ្យការ​បដិសេធ។​


​ក្រោយ​ការ​ដាក់​ពាក្យ​បណ្តឹង​ទី​២​ ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ ​១១​ព្រឹក​ថ្ងៃ​ម្សិលមិញ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា អង្គ​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​បន្ថែម​ថ្មី​មួយ​ទៀត​នេះ គឺ​ដោយសារ​តែ លោក គឹម សុខ បាន​បន្ត​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ដោយ​និយាយ​ធ្វើ​ប៉ះពាល់​ដល់​កិត្តិយស​របស់​រាជ​រដ្ឋាភិបាល។


លោក​បាន​បញ្ជាក់​លម្អិត​ថា៖ «ដោយ​សារ​គាត់ ​[លោក​គឹម សុខ]​ ថា រដ្ឋាភិបាល​ហ្នឹង រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​មនុស្ស ហើយ​គាត់​រៀបរាប់​មាន ជា វិជ្ជា មាន សំ ប៊ុនធឿន ហើយ​មាន​ទៅ​ដល់ កែម ឡី ទៀត អុីចឹង​បាន​ន័យ​ថា គាត់​ចោទ​រាជ​រដ្ឋាភិបាល មាន​ការ​រៀបចំ​ប្រព័ន្ធ​ហ្នឹង​ដើម្បី​សម្លាប់​មនុស្ស អាហ្នឹង​វា​ប៉ះពាល់​ធ្ងន់ធ្ងរ»។​


​បើ​តាម​លោក​មេធាវី គី តិច ក្នុង​បណ្តឹង​ទី​២​ នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត ១០​លាន​រៀល និង​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ឈ្មោះ គឹម សុខ ទៅ​តាម​ច្បាប់។​


​សម្រាប់​បណ្តឹង​ទី​១​ ដែល​បាន​ដាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទាមទារ​សំណង ៥០​ម៉ឺន​ដុល្លារ ឬ​២០០០​លាន​រៀល ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថា លោក គឹម សុខ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ​ថា ​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ករណី​នេះ តំណាង​អយ្យការ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក គឹម សុខ ចូលខ្លួន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែ​កុម្ភៈ ​នេះ។​


​តែ​យ៉ាង​ណា នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ អ្នក​វិភាគ​នយោបាយ​ដែល​រង​បណ្តឹង លោក គឹម សុខ បាន​ទៅ​កាន់​តុលាការ ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ។


​លោក គឹម សុខ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​ស្នើសុំ​ពន្យារ​ពេល​នេះ​ថា ដោយសារ​តែ​លោក​នៅ​ពុំ​ទាន់​រក​មេធាវី​សម្រាប់​ការពារ​រឿងក្ដី​នេះ​បាន​នៅ​ឡើយ ហើយ​ណា ​មួយ​បណ្តឹង​នេះ​ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​នឹង​រក​មេធាវី​ការពារ។ 


លោក​បាន​បញ្ជាក់​ថា៖ «មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​បាន​ទទួល​ការ​យល់​ព្រម​ពី​លោក​មេធាវី​ទេ ដូច្នេះ​ខ្ញុំ​មក​ពន្យារ​ការ​ចូល ​បំភ្លឺ ហើយ​នៅ​តែ​មាន​ជំហរ​ដដែល ជំហរ​ទី​១ ខ្ញុំ​បញ្ជាក់​ច្បាស់ មិន​រត់​គេច​ទេ គឺ​នៅ​តតាំង​រឿងក្ដី​នេះ​ជាមួយ​​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ទី​២ នៅ​តែ​រក្សា​ជំហរ​ដដែល អំពី​ការ​អត្ថាធិប្បាយ​អំពី​រឿង​សង្គម និង​ប្រទេស​ជាតិ ទោះ​បី​មាន​បណ្តឹង​ឥឡូវ​នេះ​ពីរ​ហើយ កុំ​ថា​ឡើយ​ត្រឹម​២ ថែម​ ១០០​ទៀត ក៏​ខ្ញុំ​នៅ​មាន​ជំហរ​ពីរ​ហ្នឹង អត់​ដូរ​ដែរ»។​


​ទោះ​យ៉ាង​ណា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​បដិសេធ​លើ​ការ​ស្នើសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​របស់​លោក គឹម សុខ។ តំណាង​អយ្យការ​រូប​នេះ បាន​ចារ​លើ​លិខិត​ស្នើ​សុំ​នោះ​ថា៖ «យើង សៀង សុខ មិន​អនុញ្ញាត​លើ​ការ​ស្នើសុំ​នេះ​ទេ សាមី​ខ្លួន​ត្រូវតែ​ចូល​មក​កាន់​អយ្យការ​តាម​ការ​កំណត់»។​


​លោក​ គឹម សុខ បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ចំណាត់ការ​របស់​តុលាការ ហើយ​ថា លោក​កំពុង​ពិចារណា​ថា ​ត្រូវ​ទៅ​ចូល​បំភ្លឺ ​ឬ​អត់? ខណៈ​ដែល​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ម្សិលមិញ លោក​នៅ​ពុំ​ទាន់​អា​ចរក​មេធាវី​បាន។​


​ស្រប​ពេល​ដែល​មាន​ការ​ទាមទារ​សំណង​ ៥០​ម៉ឺន​ដុល្លារ​លើ​បណ្តឹង​ទី​១ ​នោះ លោក គឹម សុខ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ ​ក្នុង និង​ក្រៅ​ប្រទេស​មួយ​ចំនួន បាន​ស្នើ​ឲ្យ​លោក​បង្កើត «មូលនិធិ​សង្គម គឹម សុខ»ដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​បង់​ថ្លៃ​ជំងឺ​ចិត្ត​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។


ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​ព្រម​បង្កើត​នេះ ប៉ុន្តែ​មិន​មែន​បង់ថ្លៃ​ជំងឺ​ចិត្ត​នាយក​រដ្ឋមន្ត្រី​ទេ គឺ​ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​រងគ្រោះ​ក្រីក្រ ក្រោម​ការ​ចាត់ចែង​របស់​គណៈកម្មាធិការ ដែល​មាន ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ និង​លោក ប៉ា ងួនទៀង។​


​សម្រាប់​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ហៅ​កាត់​ថា​ខុមហ្វ្រែល បាន​លើក​ឡើង​ក្នុង​បណ្ដាញ​សង្គម​ Facebook របស់​លោក​ថា នៅ​ប្រទេស​ប្រជាធិបតេយ្យ សេរី និង​នីតិរដ្ឋ អ្នក​នយោបាយ ជាពិសេស​អ្នក​ដឹកនាំ​អំណាច​នយោបាយ​របស់​រដ្ឋាភិបាល ឬ​ជា​គណបក្ស​នយោបាយ មិន​ប្តឹង​ប្រជាពលរដ្ឋ​អំពី​បទ​បរិហារកេរ្តិ៍ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់ ឬ​ទិតៀន​នយោបាយ​ជាមួយ​នឹង​ការ​ទារ​សំណង​ទឹក​លុយ​ដ៏​ច្រើន​ហួស​ហេតុ​នោះ​ទេ។


លោក​បន្ត​​ថា៖ «ការ​ខូចខាត​កេរ្តិ៍ឈ្មោះ​របស់​អ្នក​នយោបាយ ឬ​គណបក្ស គឺ​ត្រឹម​តម្លៃ​ប្រជាប្រិយ​ខាង​នយោបាយ ប៉ុន្តែ​មិន​មែន​លុយ​ទេ។ អ្នក​ដឹកនាំ​អំណាច​នយោបាយ​ជា​ដើម​បណ្តឹង ប្តឹង​ប្រជាពលរដ្ឋ ហើយ​ក៏​បញ្ជា​អាជ្ញាធរ​ដាក់​សម្ពាធ​ឃាត់​អ្នក​ចុង​ចោទ ដែល​នេះ​ជា​ទំនាស់​ផល​ប្រយោជន៍​នៃ​ការ​ប្រើ​អំណាច និង​ប៉ះពាល់​ឯករាជ្យ​របស់​ប្រព័ន្ធ​យុត្តិធម៌។ ករណី​បែប​នេះ គឺ​មិន​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ និង​ការ​ប្រើ​ប្រព័ន្ធ​យុត្តិធម៌​ទេ»៕  

How do you feel about this story?
0%
Love It!
0%
Shocking
0%
Cool
0%
Worry
0%
Sad
0%
Angry
0%
Annoyed