នាយក​រដ្ឋមន្ត្រី បង្កើត​ការិយាល័យ​ទទួល​ពាក្យ​បណ្តឹង​ពលរដ្ឋ​តាម​មូលដ្ឋាន​

តាំង វីដា No Comments Share:

ភ្នំពេញ៖(ខ្មែរថាមស៍)ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិក្នុង​បំណង​ប្រមូល និង​ទទួល​ពាក្យ​បណ្តឹង​នានា ដែល​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស។​

តាមរយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ការិយាល័យ ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​សំដៅ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ ការ​ផ្តល់​សេវា​សាធារណៈនិង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន។ការិយាល័យ​នេះ មាន​តួនាទី ភារកិច្ច​ប្រមូល និង​ទទួល​ពាក្យ​បណ្តឹង​នានា នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​វាយ​តម្លៃ​ពាក្យ​បណ្តឹង​ដែល​ទទួល​បាន​នោះ ហើយ​បញ្ជូន​ពាក្យ​បណ្តឹង​ទាំង​ឡាយ​ណាដែល​មិន​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ចពាក់ព័ន្ធ​នឹង​តាមដាន​ការ​ដោះស្រាយ ដើម្បី​ជូន​ព័ត៌មាន​ទៅ​ម្ចាស់​ពាក្យ​បណ្តឹង​វិញ។​

​តាម​មាត្រា​៤ នៃ​អនុក្រឹត្យ​នេះ បណ្តឹង​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ សំដៅ​ដល់​ការ​តវ៉ា ឬ​ការ​ទាមទារ ឬ​ការ​មិន​ពេញចិត្ត ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​មន្ទីរ អង្គភាព​ជំនាញ ព្រម​ទាំង​ភ្នាក់ងារ​ទទួល​សមត្ថកិច្ច​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ។​

​អនុក្រឹត្យ​នេះ បាន​បង្គាប់​ឲ្យ​មន្ត្រី​នៃ​ការិយាល័យ​នេះ ត្រូវ​ផ្តល់​ព័ត៌មាន​អំពី​លទ្ធផល​ដោះស្រាយ​បណ្តឹង និង​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ អំពី​យន្តការ​សម្រុះសម្រួល​ដោះស្រាយ បណ្តឹង​រដ្ឋបាល​ត្រឡប់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​ជា​ប្រចាំ​ផង​ដែរ។ ការិយាល័យ ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ផ្នែក រួម​មាន ផ្នែក​ទទួល​ពាក្យ​បណ្តឹង និង​កិច្ចការ​រដ្ឋបាល ជាមួយ​នឹង​ផ្នែក​ច្បាប់ និង​ស៊ើបអង្កេត។​

លោក ផៃ ស៊ីផាន ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ដែរ​ថា ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គឺ​ជា​យន្តការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​នឹង​កន្លែង ដែល​នឹង​បង្ក​ភាព​ងាយ​ស្រួល ហើយ​ឆាប់​រហ័ស។ លោក​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ជឿ​ជាក់ និង​ផ្តល់​សេចក្តី​ទុក​ចិត្ត​ទៅ​លើ​យន្តការ​ដោះស្រាយ​ទំនាស់​ថ្មី​ផង​ដែរ។​

​លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា៖ «ក្រុម​ការងារ​ថ្នាក់​ជាតិ គឺ​ទៅ​ជួយ​សម្របសម្រួល​ដើម្បី​អនុវត្ត​ស្រប​តាម​គោលការណ៍​ចតុកោណ​របស់​រាជរដ្ឋាភិបាល… គោលការណ៍​នេះ ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​គាត់​សម្ដែង​ការ​មិន​ពេញ​ចិត្ត ឬ​ព្រួយ​បារម្ភ គាត់​មាន​សិទ្ធិ​ប្តឹង​នៅ​ហ្នឹង​កន្លែង ដើម្បី​ប្តឹង​តតាំង​ប្រឆាំង​ហ្នឹង​នរណា​មួយ… ពោល គឺ​ការ​ផ្តល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ​ជាប់​នៅ​មូលដ្ឋាន»។​

​បើ​តាម​លោក ផៃ ស៊ី​ផាន ក្រសួង​មហាផ្ទៃ ​កំពុង​ចាត់​ចែង​បង្កើត​ក្រុម​ការងារ​ថ្នាក់​ជាតិ​នេះ ដែល​នឹង​អាច​ចេញ​ជា​រូប​រាង ហើយ​ដំណើរការ​កិច្ច​ការងារ​ក្នុង​អំឡុង​ពេល ​២​សបា្តហ៍​នេះ។ យ៉ាង​នេះ​ក្តី លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ មិន​អាច​ទាក់ទង​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។​

លោក សន ជ័យ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុ​ជា ស្វាគមន៍​ទៅ​នឹង​យន្តការ​ថ្មី​នេះ ដែល​ជា​ការ​បើក​ទូលាយ និង​ការ​គិតគូរ​របស់​រដ្ឋាភិបាល ទៅ​នឹង​បញ្ហា​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក នៅ​តែ​ព្រួយ​បារម្ភ​ថា យន្តការ​នេះ អាច​នឹង​អូស​បន្លាយ​ពេល​កាន់​តែ​យូរ ធ្វើ​ឲ្យ​ពលរដ្ឋ ដែល​ជា​ដើម​បណ្តឹង ឬ​ពលរដ្ឋ​រង​គ្រោះ មិន​អាច​រង់ចាំ​ដំណោះស្រាយ​បាន។

​លោក​ថា៖ «យើង​ហាក់​មិន​ទាន់​មាន​ជំនឿ​ថា​មាន​ប្រសិទ្ធភាព​រយៈពេល​វែង​នោះ​ទេអាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ មាន​កម្រិត និង​ប្រតិបត្តិការ។ ម្យ៉ាង​ទៀត ការ​មិន​ដោះស្រាយ​ភ្លាមៗ ជា​ហេតុ​ផល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ប្រើ​សេវា​នេះ។ ករណី​ខ្លះ​ទៀត អាច​ទៅ​ដល់​តុលាការ តើ​ប្រជាជន​អ្នកក្រ ជឿ​តុលាការ​ទេ?»

​យ៉ាង​ណា​មិញ អនុក្រឹត្យ​នោះ បាន​ចែង​ដែរ​ថា ការ​ទទួល ការ​ស៊ើបអង្កេត និង​ការ​សម្រុះសម្រួល​ដោះស្រាយ​ពាក្យ​បណ្តឹង ត្រូវ​ធ្វើ​ឡើង​ដោយ​អព្យាក្រឹត តម្លាភាព យុត្តិធម៌ និង​រក្សា​ការ​សម្ងាត់។ ប្រជាពលរដ្ឋ​គ្រប់​រូប មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្តឹង ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​រដ្ឋបាល​រាជធានី ខេត្ត មក​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ខេត្ត ដោយ​ពុំ​មាន​បង់​ថ្លៃ​សេវា​ឡើយ។

​ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​គ្រប់​រូប ត្រូវ​បាន​លើក​ទឹក​ចិត្ត​ក្នុង​ការ​ផ្តល់​ព័ត៌មាន ភស្តុតាង​នានានិង​ការ​ធ្វើ​ជា​សាក្សី​ព្រម​ទាំង​ការ​ទទួល​បាន​នូវ​កិច្ច​ការពារ​ឲ្យ​ផុត​ពី​ការ​គំរាមកំហែង និង​ការ​សងសឹក​ណា​មួយ៕  

Previous Article

មេធាវី​ ជួប សំលាប់ គ្រោង​​ដាក់​ពាក្យ​ពន្យារ​ពេល​ចូល​សវនាការថ្ងៃ១មិនា

Next Article

រដ្ឋមន្ត្រី​ក្រសួង​ការងារ​នឹង​ធ្វើ​វិសោធនកម្ម​មាត្រា​​ច្បាប់​ការងារ​មួយ​ចំនួន​ដើម្បី​ប្រយោជន៍​កម្មករ