ម៉ៃ គុណមករា Friday, 17 February 2017 707 views

សណ្ឋាគារ​លំដាប់​អន្តរជាតិ Rosewood ដំណើរការ​ឆាប់ៗ​នេះ

ភ្នំពេញ៖(ខ្មែរថាមស៍)​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ​ប្រាំ Rosewoodគ្រោង​នឹង​បើក​ដំណើរការ​នៅ​ចុង​ត្រីមាស​ទី​២ ​នៃ​ឆ្នាំ​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ឧស្សាហកម្ម​ទេសចរណ៍​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​អាជីវកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ក៏​ដូច​ជា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ​បន្ថែម​ទៀត​ឲ្យ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ដូច​អ្វី​ដែល​ខ្លួន​មាន​រួច​ទៅ​ហើយ​នៅ​ទីក្រុង​ប៉េកាំង។​


​សណ្ឋាគារ​នេះ​មាន ១៤ ជាន់​គឺ​ពី​ជាន់​ទី​២៥ ដល់​ទី​៣៩ នៃ​អគារ Vattanac Capital Tower One ដែល​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្ថិត​នៅ​អគារ​ខ្ពស់​កប់​ពពក។​


​សណ្ឋាគារ Rosewood Hotels & Resorts ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Vattanac Properties ដើម្បី​គ្រប់គ្រង​សណ្ឋាគារ Rosewood ភ្នំពេញ។ វា​នឹង​ចូលរួម​ជាមួយ​នឹង​បណ្ដាញ​សណ្ឋាគារ​ប្រណីត Rosewood នា​ពេល​ខាង​មុខ​នៅ​ក្នុង​តំបន់​រួម​បញ្ចូល​ទាំង ខេត្ត​ភូកេត ទីក្រុង​សាន់យ៉ា ទីក្រុង​ហ្លួងព្រះបាង ហុងកុង កោះបាលី ទីក្រុង​ក្វាងចូវ​ និង​ទីក្រុង​ហ្សាការតា។​


​នាយក​គ្រប់គ្រង Rosewood Phnom Penh លោក Daniel Grau បាន​ឲ្យ​ដឹង​ក្នុង​អំឡុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ​ថា ​សណ្ឋាគារ Rosewood Phnom Penh ត្រូវ​បាន​មើល​ឃើញ​ថា ជា​ទីកន្លែង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​


​លោក Daniel បាន​ឲ្យ​ដឹង​ថា៖ «នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ឥឡូវ​នេះ វិស័យ​ទេសចរណ៍ ​និង​អាជីវកម្ម​មាន​ការ​រីក​លូតលាស់​ ហើយ​យើង​គ្រោង​នឹង​ចាប់​យក​ទាំង​វិស័យ​នោះ​ទាំង​អស់។ ជា​ការ​ពិតណាស់ នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​មក​ដល់​ប្រទេស​កម្ពុជា ពួក​គេ​នឹង​ទៅ​កាន់​សណ្ឋាគារ​ថ្មីៗ។ នៅ​ពេល​យើង​សម្លឹង​មើល​ទៅ​អាគារ​វឌ្ឍនៈ មាន​មនុស្ស​ជា​ច្រើន​មិន​បាន​ចូល​ទៅ​កាន់​កន្លែង​ដែល​ចង់​ស្នាក់នៅ​ពេល​ដែល​មក​ដល់​ប្រទេស​កម្ពុជា ​សម្រាប់​ការ​ធ្វើដំណើរ»។


​លោក​បាន​បន្ថែម​ឲ្យ​ដឹង​ថា៖ «អ្វី​ដែល​អ្នក​ឃើញ​នៅ​ខាង​ក្រៅ​មិន​បាន​តំណាង​ឲ្យ​អ្វី​ដែល​អ្នក​ចង់​ឃើញ​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ខាង​ក្នុង វា​គឺ​ជា​អាគារ​ដ៏​ស្រស់​ស្អាត។ ការ​តុបតែង​ផ្ទៃ​ខាង​ក្នុង​នៃ​សណ្ឋាគារ​នេះ​ នឹង​ក្លាយ​ជា​កន្លែង​ស្នាក់នៅ​ដ៏​ល្អ​ និង​មាន​ផាសុកភាព​ព្រោះ​អ្វី​ដែល​យើង​កំពុង​ជឿ​ជាក់​ គឺ​ថា​​យើង​គិត​ថា ​ភ្ញៀវ​ចង់​ស្នាក់នៅ​ដែល​ជា​អារម្មណ៍​នៃ​ការ​ស្នាក់នៅ ដូច​ផ្ទះ​របស់​ខ្លួន»។


​លោក ឌិន សុមេធារិទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា ​បាន​ស្វាគមន៍ ចំពោះ​វត្តមាន​ថ្មី​នៃ​សណ្ឋាគារ​ដែល​មាន​ភាព​ល្បីល្បាញ​ជា​សកលលោក​ដូច​ជា​សណ្ឋាគារ Rosewood នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​នេះ​មាន​ការ​ទាក់ទាញ​កាន់​តែ​ច្រើន​ទៅ​កាន់​ពិភពលោក។​


​លោក សុមេធារិទ្ធ បាន​និយាយ​ថា៖ «មាន​ឱកាស​ជា​អាជីវកម្ម​ដ៏​ច្រើន​សម្រាប់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ​ពួក​គេ​ធ្វើការ​សម្រេច​ចិត្ត​បាន​ល្អ​ដើម្បី​បើក​ដំណើរការ​នៅ​ទីនេះ។ ជាមួយ​នឹង​ភាព​ប្រណិត​ និង​ឈ្មោះ​ល្បីល្បាញ​ជា​សកល​នេះ​ នឹង​ជួយ​លើក​មុខ​មាត់​ដល់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​យើង»។


​លោក ហូ វណ្ឌី អគ្គលេខាធិការ ​នៃ​សហព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​វត្តមាន​នៃ​សណ្ឋាគារ Rosewood នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​​ត្រឹមតែ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជាប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​លើក​កម្ពស់​ប្រទេស​កម្ពុជា​ ទៅ​កាន់​ពិភពលោក​ថែម​ទៀត​ផង។​


​លោក​បាន​បន្ថែម​ឲ្យ​ដឹង​ថា៖ «សណ្ឋាគារ Rosewood មិន​មែន​គ្រាន់តែ​មក​ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​បង្ហាញ​ពី​ប្រពៃណី​ និង​វប្បធម៌​បុរាណ​របស់​យើង​ និង​លើក​កម្ពស់​ប្រទេស​របស់​យើង​ទាំង​មូល​ទៅ​កាន់​ពិភពលោក​ឲ្យ​បាន​ស្គាល់​កាន់​តែ​ច្បាស់។ លើស​ពី​នេះ​ទៀត ពួក​គេ​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​ហើយ​យើង​មាន​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ដូច្នេះ​ហើយ​វា​ពិត​ជា​ពិសេស​ណាស់​សម្រាប់​ពួក​យើង»។


លោក​បាន​បន្ត​ឲ្យ​ដឹង​ថា៖ «ការ​បើក​ដំណើរការ​នៃ​សណ្ឋាគារ Rosewood នេះ​ដែរ​នឹង​រួម​ចំណែក​ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​របស់​យើង​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចំនួន ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០»។


​គូរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​គោលដៅ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ​ចំនួន ២​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ ទាក់ទង​នឹង​ចំណុច​នេះ​ដែរ លោក Daniel បាន​ឲ្យ​ដឹង​ថា ​ទន្ទឹម​នឹង​នេះ​ដែរ សណ្ឋាគារ Rosewood មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង រួច​ទៅ​ហើយ​ដែល​នឹង​មាន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កាន់​កម្ពុជា​ ផង​ដែរ។​


​លោក Daniel បាន​ឲ្យ​ដឹង​ថា៖ «ទីផ្សារ​ប្រទេស​ចិន​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ទីនេះ។ ហើយ​យើង​គិត​ថា​ ទីផ្សារ​នៅ​ក្នុង​ប្រទេស​ចិន ​នឹង​ជួយ​ដើម្បី​ទទួល​បាន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ មក​កាន់​ទីនេះ»។


លោក​បញ្ជាក់​ទៀត​ថា៖ «យើង​គិត​ថា​ ទីផ្សារ​របស់​ចិន សម្រាប់​យើង និង​អតិថិជន​ដែល​មាន​ភាព​ជិតស្និទ្ធ​សម្រាប់​យើង។ យើង​មាន​គម្រោង​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ចិន​ ដូច​ដែល​យើង​បាន​ធ្វើ​រួច​ហើយ​នៅ​ទីក្រុង​ប៉េកាំង»៕ 

How do you feel about this story?
0%
Love It!
0%
Shocking
0%
Cool
0%
Worry
0%
Sad
0%
Angry
0%
Annoyed